ទស្សនៈ ១២ របស់អារីស្តូតអ្នកប្រាជ្ញក្រិចបុរាណ ផ្តល់តម្លៃពិចារណាក្នុងជីវិតប្រចាំថ្ងៃ
អារីស្តូត (Aristotle, ៣៨៤-៣២២ មុនគ្រឹះសករាជ) គឺទស្សនវិទូក្រិចបុរាណ និងជាកូនសិស្សដែលបានសិក្សារៀនសូត្រពីគ្រូរបស់លោកឈ្មោះ ប្លាតុង (Plato) ដែលជាទស្សនវិទូដ៏ល្បី។ លើសពីនេះ លោកក៏ជាគ្រូរបស់ព្រះចៅអធិរាជអាឡិចសង់ដឺ (Alexander) ផងដែរ។ លោកតែងមានចំណង់ចំណូលចិត្តសរសេរ និងស្រាវជ្រាវ និងសរសេរបន្សល់ទុកជាស្នាដៃសៀវភៅជាច្រើន ព្រមទាំងមានទេពកោសល្យជាច្រើនរួមទាំងតក្កវិទ្យា និងវិទ្យាសាស្រ្តនយោបាយផងដែរ។
ជាមួយគ្នានេះ ទស្សនៈរបស់លោកខាងក្រោម ក៏ត្រូវបានគេផ្សព្វផ្សាយអប់រំតាំងពីសម័យក្រិចបុរាណ រហូតដល់សម័យទំនើបបច្ចុប្បន្ន ដែលយើងអាចយកមកពិចារណាបាន៖
១. មនុស្សមានលក្ខណៈល្អប្រពៃជាងសត្វណាៗទាំងអស់ ប៉ុន្តែបើមិនមានច្បាប់ និងយុត្តិធម៌ទេ នោះមនុស្សគឺមានភាពអាក្រក់ឃោឃៅជាងសត្វណាៗទាំងអស់។
២. ឬសគល់នៃការអប់រំ គឺល្វីងជូរចត់ ប៉ុន្តែផ្លែរបស់វាគឺផ្អែមឆ្ងាញ់។
៣. អំណាចនៃខួរក្បាល គឺជាភាពចាំបាច់សម្រាប់ជីវិត។
៤. មនុស្សម្នាក់ៗអាចខឹងក្រោធបាន វាជារឿងងាយស្រួលនោះទេ។ ប៉ុន្តែការខឹងជាមួយមនុស្សត្រឹមត្រូវ នៅពេលត្រឹមត្រូវ ក្នុងគោលបំណងត្រឹមត្រូវ និងក្នុងវិធីត្រឹមត្រូវ មិនងាយស្រួលនោះឡើយ។
៥. អ្នកដែលដឹងធ្វើ ចំណែកអ្នកដែលយល់បង្រៀន។
៦. ភាពរីករាយ គឺស្ថិតនៅលើអ្នក។
៧. សេចក្តីស្រលាញ់ កើតចេញពីដួងព្រលឹងតែមួយដែលសន្ធិតក្នុងរូបកាយពីរ។
៨. អ្នកគឺជាអ្វីដែលអ្នកធ្វើជាប្រចាំថ្ងៃ។ ភាពល្អឥតខ្ចោះ មិនមែនជាសកម្មភាពទេតែវាជាទម្លាប់។
៩. នៅពេលអ្នកកាន់តែចេះ នោះអ្នកនឹងកាន់តែដឹងថាអ្នកមិនចេះ។
១០. ការអប់រំតែខួរក្បាលដោយមិនអប់រំបេះដូង គឺមិនមែនជាការអប់រំឡើយ។
១១. ការស្គាល់ខ្លួនឯង គឺជាពន្លកនៃគតិបណ្ឌិត។
១២. តាមធម្មជាតិ មនុស្សគ្រប់រូប សុទ្ធតែចង់បានចំណេះដឹង។
អត្ថបទទាក់ទង
មេរៀនភាពជាអ្នកដឹកនាំចំនួន ៤ ពីទស្សនវិទូ ហ្សេនូហ្វុន (Xenophon) ឧត្តមសេនីយក្រិកដែលបានប្រយុទ្ធនៅពែរ្ស