តើអ្វីទៅជា “ទស្សនវិជ្ជានៃភាពឥតន័យ” របស់ អាល់ប៊ែរ កាមុស (Albert Camus)?
អាល់ប៊ែរ កាមុស (Albert Camus) គឺជាទស្សនវិទូបារាំង ប៉ុន្តែមានដើមកំណើតនៅប្រទេសអាល់ហ្សេរី ព្រោះឪពុកម្តាយជាប់បំពេញបេសកកម្មនៅប្រទេសអាល់ហ្សេរី។ កាមុស គឺជាកូនអ្នកក្រមួយរូប ដែលអាចសិក្សារៀនសូត្របានដោយសាររដ្ឋឲ្យអាហារូបករណ៍។ កំពុងរៀបចំប្រលងបរិញ្ញាបត្រផ្នែកទស្សនវិជ្ជា ស្រាប់តែលោកកើតជម្ងឺរបេង ហើយលោកក៏ប្រកបរបររកស៊ីជាអ្នកសរសេរកាសែតមួយឈ្មោះប្រយុទ្ឋ។
បន្ទាប់មកលោកក៏ចាប់ផ្តើមបញ្ចេញស្នាដៃរបស់លោកជាច្រើនដូចជា៖
- l’étranger (ជនចម្លែក ឬជនមិនចុះសម្រុងនឹងជីវិត)
- le mythe de sisyphe
- la peste
- l’homme révolté
- le malentendu
- les justes
ស្នាដៃទាំងនេះភាគច្រើននិយាយអំពីជីវិតឥតន័យ ហើយក៏បង្កើតបានជាទស្សនវិជ្ជាមួយឈ្មោះថា “ឥតន័យនិយម” ឬ “ទស្សនវិជ្ជានៃភាពឥតន័យ” ។ ដោយសារស្នាដៃទាំងអស់នេះហើយ លោកក៏ត្រូវបានគេជ្រើសរើសជា ជ័យលាភីរង្វាន់ណូបែលអក្សរសិល្ប៍ មួយរូបផងដែរនៅក្នុងឆ្នាំ១៩៥៧ (The Nobel Prize in Literature 1957) ។
យោងតាម កាមុស អ្វីៗទាំងអស់សុទ្ធតែគ្មានន័យ ព្រោះមនុស្សចាញ់បោកសង្គមមនុស្ស បើបុគ្គលម្នាក់មិនឆ្លាតខំកសាងជីវភាពរបស់ខ្លួនទេ បុគ្គលនោះនឹងត្រូវចាញ់បោកគេមិនខាន។ មនុស្សចិត្តអាក្រក់ណាស់ គ្មានមនុស្សណាធ្វើល្អ ដោយសុទ្ធចិត្តចំពោះអ្នកដទៃទេ។ អំពើល្អក្ដី អំពើអាក្រក់ក្ដី សុទ្ធសឹងជាមធ្យោបាយរបស់មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដើម្បីកិបកេងចម្រាញ់យកផលប្រយោជន៍ ដោយគ្មានសីលធម៌ គ្មានការរាប់អានគ្នា ហើយគេឃើញតែម្នាក់ដើរខ្សែលើម្នាក់។ គំនិតនេះកើតមានឡើងក្រោយសង្គ្រាមលោកលើកទីពីរ ក្នុងបរិយាកាសមួយដែលសង្គមមនុស្សកំពុងកើតវិបត្តិដណ្ដើមគ្នារស់ រហូតចាប់ឆ្កែចាប់កណ្ដុរជាអាហារ។ នេះហើយជាទស្សនវិជ្ជារបស់ អាល់ប៊ែរ កាមុស គឺ ទស្សនវិជ្ជានៃភាពឥតន័យ ដែលជាប្រព័ន្ធទស្សនវិជ្ជាមួយបែបដែលអធិប្បាយអំពីជីវិតឥតន័យ។
សព្វថ្ងៃនេះ គេបានបញ្ចូលប្រព័ន្ធទស្សនវិជ្ជាឥតន័យនិយម ចូលក្នុង ចលនារស់និយម (L’existentialisme) របស់លោក ហ្សង់ ប៉ូលសាត្រ (Jean-Pual Sartre) ដោយហេតុតែចលនាគំនិតទាំងពីរនេះប្រឆាំងនឹងការស់នៅរបស់សង្គមពុំប្រកបដោយសីលធម៌ ដែលមនុស្សម្នាក់ៗខំរកមធ្យោបាយបង្កើនទ្រព្យសម្បត្តិ ដោយកសាងសេចក្ដីសុខលើគំនរទុក្ខអ្នកដទៃ។ ហ្សង់ ប៉ូលសាត្រ ប្រឆាំងនឹងសង្គមតាមទ្រឹស្ដី “L’existence précède l”essence” មានន័យថា “ការរស់នៅប្រសើរជាងអ្វីៗដែលខ្ពង់ខ្ពស់” ។
មនុស្សមិនត្រូវប្រាថ្នាអ្វីដែលខ្ពង់ខ្ពស់ពេកទេ ត្រូវគិតត្រឹមតែការរស់នៅរបស់ខ្លួនបានហើយ ព្រោះមហិច្ឆិតាអាចធ្វើឱ្យមនុស្សកសាងសេចក្ដីសុខលើគំនរទុក្ខអ្នកដទៃ។
អាស្រ័យហេតុនេះហើយបានជា ហ្សង់ ប៉ូលសាត្រ ពុំព្រមទៅទទួលរង្វាន់ណូបែល (Nobel Prize)។ ទំនាស់រវាង ហ្សង់ ប៉ូលសាត្រ និង អាល់ប៊ែរ កាមុស ឋិតនៅត្រង់ ហ្សង់ ប៉ូលសាត្រ ចោទប្រកាន់ថា កាមុស ហាក់ដូចជាយល់បញ្ហាសង្គមតាមបែបចលនាទស្សនវិជ្ជារស់និយមដែរ ប៉ុន្តែ កាមុស បែរជាសរសេររឿងបុគ្គល ដោយយកបុគ្គលម្នាក់តំណាងសង្គម ហើយពុំហ៊ានលើកយកសង្គមតែម្ដងមកបង្ហាញទេ ដូចជាករណីរឿង L’étranger ឬ ជនចម្លែកពុំចុះសម្រុងនឹងជីវិត ព្រោះតែមិនបានយំសោកនៅពេលគេបញ្ចុះសពម្ដាយ។ នេះជារឿងបុគ្គលម្នាក់។ ហ្សង់ ប៉ូលសាត្រ ចង់ឱ្យ អាល់ប៊ែរ កាមុស និយាយពីសង្គមឲ្យចំៗ ដូចជារឿងរបស់លោកមានឈ្មោះថា “La Nausée” មានន័យជាភាសាខ្មែរថា “កំអួតសង្គម” ។
ទោះបីមានទស្សនៈប្លែកគ្នាខ្លះរវាងទស្សនវិជ្ជាឥតន័យនិយម និងទស្សនវិជ្ជារស់និយម ក៏ចលនាទស្សនវិជ្ជាទាំងពីរនេះចោទ និងដោះស្រាយអំពីការរស់នៅដូចគ្នា ពោលគឺការរស់នៅសំខាន់ជាងអ្វីៗទាំងអស់។ កាលណា គេចង់ពន្យល់ពីបញ្ហាជាតិមាតុភូមិ ឧត្តមគតិ គោលគំនិតអ្វីៗទាំងអស់ គេត្រូវគិតពីការរស់នៅច្បងគេ គឺបញ្ហាក្រពះ ឯការដោះស្រាយប្លែកគ្នាឋិតនៅត្រង់ហ្សង់ ប៉ូលសាត្រ អប់រំមនុស្សឱ្យប្រយុទ្ធតទៅទៀត ចំណែកឯ អាល់ប៊ែរ កាមុស អប់រំមនុស្សឱ្យធ្វើអត្តឃាតកម្ម។ អត្តឃាតកម្មនេះ ត្រូវមានឈ្មោះថា អត្តឃាតកម្មបែបទស្សនវិជ្ជា (Le suicide philosophique)។
មិនចុះសម្រុងនឹងជីវិត គឺជាអ្វី?
មិនចុះសម្រុងនឹងជីវិត គឺជាជម្ងឺរ៉ាំរ៉ៃក្នុងជីវិត។ ជីវិតដែលមិនចុះសម្រុង គឺជាជីវិតដែលមិនឱ្យតម្លៃខ្លួនឯង ឬឱ្យតម្លៃខ្លួនទាបពេក ដោយគិតថាអ្វីដែលខ្លួនមាន គឺសុទ្ធតែអន់ សុទ្ឋតែមិនល្អ រូបរាងមិនស្អាត រៀនក៏មិនឆ្លាត ទ្រព្យសម្បត្ដិក៏មិនមាន ឈ្មោះក៏មិនពិរោះ… ហេតុនេះហើយ បានជាធ្វើឱ្យមានការខ្មាសអៀន មុខក៏មិនហ៊ានចេញ ទប់មាត់ខាំធ្មេញក៏មិនសើច ចូលក្នុងសង្គមមិនចុះ នាំឱ្យសុញគំនិត គិតមិនជ្រៅ ទៅមិនដល់ ឆ្ងល់មិនបានឆ្ងាយ។
ប្រសិនបើមនុស្សខ្មាស់គេ ពេលដើរចេញពីគេនោះ បាត់ខ្មាស់ហើយ ប៉ុន្ដែបើមនុស្សខ្មាស់ខ្លួនឯងវិញ តើគេចទៅណារួច? មនុស្សដែលជួបនូវវិបត្ដិជាច្រើនក្នុងជីវិត នាំឲ្យគំនិតរឹតតែសុញ ខ្មាសគេមិនហ៊ានធ្វើអ្វីជាចំហរឡើយ ហើយយូរៗទៅក៏គិតថាជីវិតនេះឥតន័យ ផ្ដេកផ្តួលទៅលើអារម្មណ៍ខ្លួនដែលមិនពិត រស់ឥតតម្លៃ ជីវិតនេះចង្រៃ ចូលក្នុងចំណោមគេមិនចុះ ឆ្លុះឃើញតែរឿងឥតបានការ ក៏មានគំនិតចង់សម្លាប់ខ្លួនចោលឥតប្រយោជន៏។
ខាងក្រោមនេះជាឯកសារដែលអ្នកអាចសិក្សាស្វែងយល់លម្អិតបន្ថែមបាន៖
- សៀវភៅ អាល់បែរត៍ កាមុស ទស្សនវិទូនៃការឥតន័យ ដោយលោក វ៉ាន់ឌី កាអុន
- សៀវភៅ L’etranger ប្រែសម្រួលជាខេមរភាសាដោយលោក យី ឈាងអេង សាស្ត្រាចារ្យទស្សនវិជ្ជា នៅរវាងទសវត្សទី៦០
- វេទិការអក្សរសិល្ប៍៖ លោកអាល់បែរ កាមូស និងទស្សនវិជ្ជានៃភាពមិនចុះសម្រុង
- (សរ សារុន, អត្ថាធិប្បាយទស្សនវិជ្ជា, ១៩៧៤, ទំព័រ១៥៦-១៥៨)
អ្នកក៏អាចធ្វើការជាវសៀវភៅ “មិនចុះសម្រុងនឹងជីវិត” របស់ អាល់ប៊ែរ កាមុយ ដែលស្នាដៃនេះត្រូវបានកែសម្រួលឡើងវិញដោយអ្នកបកប្រែអក្សរសិល្ប៍ បេ ពុច និង គ្រីស្តូហ្វ ម៉ាកេ (Christophe Macquet)
ទំនាក់ទំនងលេខ៖ ០៩៦ ២៧០ ៦៥៦៥ / ០៩៦ ៨០៩ ៤០៦៨
សូមបញ្ជាក់ថា លោកសាស្រ្តាចារ្យទស្សនវិជ្ជា យី ឈាងអេង បានបកប្រែស្នាដៃនេះម្តងកាលពីឆ្នាំ ១៩៧៣។