តើអ្នកដឹងទេ! សុភាសិត “ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់” មានន័យដូចម្តេច?
អ្នកសិក្សារៀនសូត្រ អ្នកស្រាវជ្រាវ និងអ្នកប្រកបការងារផ្សេងៗគ្រប់រូប តែងតែចូលជួបនឹងគ្រូបាអាចារ្យ ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជា ឯការដាំរុក្ខជាតិទាំងឡាយក៏ដូច្នោះដែរ ដើម្បីទទួលបានផ្លែផ្កា កសិករ ឬអ្នកដាំដុះទាំងឡាយត្រូវមើលថែ ស្រោកទឹកដាក់ជី។ អាស្រ័យហេតុនេះហើយទើបមានសុភាសិតមួយឃ្លាពោលថា “ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់” ។ តើសុភាសិតខាងលើមានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេច?
ចង់ចេះឲ្យសម្លាប់អាចារ្យ
ពាក្យ “អាចារ្យ” មានន័យថា អ្នកដឹកនាំ ឬអ្នកបង្ហាត់បង្រៀន។ ធម្មតាអ្នកដឹកនាំតែងរមែងមានផ្លូវពីរគឺ ផ្លូវល្អ និងផ្លូវអាក្រក់។ អាចារ្យនៅពេលនេះ លោកសំដៅយកអាចារ្យដឹកនាំទៅរកផ្លូវអាក្រក់។
“ចង់ចេះឲ្យសម្លាប់អាចារ្យ” គឺមិនមែនអោយើងសម្លាប់អាយុសង្ខាររបស់គ្រូអាចារ្យ ដែលជាអ្នកបង្ហាត់បង្រៀននោះទេ គឺឲ្យសម្លាប់ពេលវេលា ភាពខ្ជិលច្រអូស សេចក្តីល្ងង់ខ្លៅ និងការងឿងឆ្ងល់ផ្សេងៗ ដោយត្រូវសួរដេញដោលពីគ្រូបាអាចារ្យទាំងឡាយនោះឲ្យបានច្បាស់លាស់ ឲ្យអស់សេចក្តី ប៉ុន្តែបើយើងខ្ជិលច្រអូស មិនចូលចិត្តហ្វឹកហាត់ រៀនសូត្រស្តាប់គ្រូអាចារ្យ នោះយើងនឹងពុំមានចំណេះដឹងអ្វីបន្តិចបន្តួចឡើយ។
ទាក់ទងនឹងពាក្យសុភាសិតខាងលើនេះ លោកបានលើករឿងមួយមកនិទានដូចតទៅ៖
នៅក្នុងសម័យពុទ្ធកាល មានមាណពម្នាក់បានលាចាកគ្រួសារដើម្បីចេញទៅស្វែងរកវិជ្ជា ក៏បានជួបនឹងថេរៈមួយអង្គ ។ ក្រោយពីបានដឹងនូវគោលបំណងរបស់ចៅមាណពហើយ ព្រះថេរៈក៏សួរថា៖ “មុននឹងចៅមាណពឯងមកស្វែងរករៀនវិជ្ជានេះ តើឯងបានសម្លាប់អាចារ្យរបស់ឯងរួចហើយឬនៅ?”
ទោះបីព្រះថេរៈដណ្ដឹងសួរពីរបីដង ក៏ចៅមាណពនៅតែមិនយល់ពីសំណួរនេះដដែល ទើបព្រះអង្គមានព្រះថេរៈដីកាថា៖ “ម្នាលចៅមាណព អាចារ្យរបស់ឯង គឺអ្នកដឹកនាំដែលមានឈ្មោះថា “កោសជ្ជៈ” គឺសេចក្ដីខ្ជិលច្រអូសដែលតែងតែដឹកនាំអ្នកឯងឲ្យខ្ជិល ស្ពឹកស្រពន់ មិនចង់រៀនសូត្រ។”
មាណពឆ្លើយថា៖ “នៅទេ!”
ព្រះថេរៈមានដីកាថា៖ “មិនកើតទេ ត្រូវតែសម្លាប់អាចារ្យរបស់ឯងចោលជាមុនសិនទៅ កុំឲ្យវាមកដឹកនាំអ្នកឯងឲ្យខ្ជិលច្រអូស ទើបអ្នកឯងរៀនសូត្របាន។”
ត្រង់នេះហើយដែលលោកពោលថា បើចង់ចេះឲ្យសម្លាប់អាចារ្យ កោសជ្ជៈ ឬ មានៈ នេះជាមុនសិន។
បើចង់បានចំណេះដឹង សុភាសិតនេះក៏បានប្រាប់យើងពីគំនិត និងវិធីដែលអាចសម្លាប់ចិត្តរបស់អាចារ្យ ឬគ្រូដើម្បីឱ្យគាត់សុខចិត្តលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងព្រមបង្រៀនអ្វីៗទាំងអស់ដែលគាត់ចេះមកដល់យើង ព្រមទាំងបង្ហាញពីវិធីដែលនាំឱ្យយើងទទួលបានជោគជ័យ ផ្លែផ្កា ឬលទ្ធផលល្អ ជាពិសេសជួយឱ្យយើងគេចផុតពីឧបសគ្គ ហានិភ័យ និងកម្លាំងអូរទាញបែបអវិជ្ជមាន ដែលអាចនាំយើងឱ្យអន្តរាយ ខាងបង់ ផលប្រយោជន៍ ឬបរាជ័យជាយថាហេតុ។
ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់
“គល់” នៅទីនេះ លោកសំដៅយកភាវៈដែលនៅក្រោម នៅខ្ចី នៅតូច ឬអ្វីដែលកើតមុនគេ។ កូនចៅដែលនៅតូចៗក៏លោកប្រៀបទុកដូចជា គល់ ដែរ។
“ចង់បានផ្លែផ្កាយកភ្លើងដុតគល់” គឺសំដៅលើរុក្ខជាតិមួយចំនួន ដូចជាដើមដូង ប្រសិនបើវាអន់ខ្សោយក្នុងការលូតលាស់ ឬគ្មានផ្លែផ្កានោះ គឺបណ្តាលមកពីវាឡើងគល់ និងខ្វះជីវជាតិផ្សេងៗ ដូចនេះយើងគប្បីប្រមូលសំរាម កំទេចស្លឹកឈើស្ថួតៗ មកដាក់ដុតជុំវិញគល់របស់វា តែមិនដុតច្រើន ឬយូពេកនោះទេ កាកសំណល់ពីការដុះ គឺជាផេះដែលជាជី សម្រាប់ដាក់គ្រប់រុក្ខជាតិ។ ក្រោយពេលដុះហើយត្រូវភ្លៀងធ្លាក់ ឬស្រោចទឹក ធ្វើឲ្យដើមដូងនោះមានផ្លែផ្កាវិញជាប្រក្រតី។
ឯដើមឬស្សីវិញ កាលណាវាស្មោគ ក្រិន មិនមានដើមធំ មានតែដើមតូចៗ ដែលជាហេតុបាត់បង់ប្រយោជន៍ និងតម្រូវការប្រើប្រាស់របស់មនុស្សនោះ ដើម្បីទទួលបានដើមឬស្សីធំៗ សម្រាប់បំពេញតម្រូវការជាប្រយោជន៍ យើងគប្បីយកភ្លើងដុតរហូតដល់ឆេះអស់ឬស្សីទាំងគុម្ព ហើយការដុះបែបនេះ មិនមែនជាការបំផ្លិចបំផ្លាញនោះទេ គល់ឬស្សីទាំងនោះនឹងដុះជាទំពាំងធំៗជាច្រើនមកវិញ ក្រោយពេលភ្លៀងធ្លាក់ក្នុងរដូវវស្សា ដូចនេះការដុតគល់ពិតជាបានទទួលផ្លែផ្កាពិតមែន។
ក្នុងន័យនេះ កាលណាគេចង់បានអនាគតភ្លឺស្វាង មានតម្លាភាព មានរស្មីត្រចះត្រចង់សម្រាប់កូនចៅប្រុសស្រីដែលលោកទុកជាផ្លែផ្កានោះ លោកឲ្យពត់លត់ដំតម្រង់ទិសតាំងពីវានៅខ្ចីតូចៗ ឲ្យវាមានអត្តចរិត គំនិតមារយាទប្រកបដោយគន្លងធម៌។ លោកប្រៀបប្រដូចជាតួយ៉ាងដូចតទៅ៖
ការពត់ដើមឈើឲ្យទៅជារូបសត្វ ឬជារាងផ្សេងៗទៅតាមបច្ចេកទេសរបស់ខ្លួន គេត្រូវពត់នៅពេលដើមឈើនោះនៅតូចនៅខ្ចី។
ជាងដែក ត្រូវដុតដែកឲ្យក្ដៅឡើងក្រហមងៅ ដើម្បីឲ្យដែកទន់ទើបដំច្នៃដែកនោះឲ្យទៅជាសម្ភារៈប្រើប្រាស់មានតម្លៃ ដូចជា កាំបិត ពូថៅ ជាដើម។ ដូច្នេះការអប់រំកូនចៅប្រុសស្រីឲ្យបានល្អ តែងតែមានការលត់ដំខ្លះជាមិនខាន។ ត្រង់នេះហើយដែលលោកពោលថា ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់។
ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់
ជាក់ស្តែងក្នុងប្រវត្តិសាស្រ្តខ្មែរបានបញ្ជាក់ប្រាប់ថា ព្រះនាងឥន្រ្ទទេវី និងសម្តេចព្រះសង្ឃរាជជូនណាត ដោយការចូលចិត្តសិក្សារៀនសូត្រពីគ្រូអាចារ្យ ធ្វើឲ្យព្រះអង្គទាំងពីរអង្គ ទទួលបានចំណេះដឹងយ៉ាងខ្ពង់ខ្ពស់ជាទីបំផុត។ រីឯប្រជាកសិករទាំងអស់ ដោយការឧស្សាហ៍ព្យាយាមដាំដុះ និងធ្វើស្រែចំការ ហើយថែមទាំងការព្យាយាមមើលថែទាំដំណាំទាំងឡាយនោះ ធ្វើឲ្យពួកគាត់ទទួលបាននូវភោគផលយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅក្នុងជីវភាពគ្រួសារ។
សរុបសេចក្តីមក ដើម្បីទទួលបានចំណេះដឹង គ្រប់អ្នកសិក្សាទាំងអស់គប្បីលុបបំបាត់នូវសេចក្តីមានះ សេចក្ដីខ្ជិលច្រអូស ស្ពឹកស្រពន់ មិនចង់រៀនសូត្រ ក៏ដូចជាចូលជិតគ្រូបាអាចារ្យ ដើម្បីសាកសួរ សិក្សារៀនសូត្រ ឲ្យបានច្បាស់លាស់ ហើយកសិករ ឬអ្នកដាំដុះវិញគប្បីថែរក្សាគល់ដំណាំទាំងនោះឲ្យបានល្អទើបទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ។
ការរៀនសូត្រពីគ្រូអាចារ្យ ធ្វើឲ្យយើងមានចំណេះដឹង ហើយការចេះដាំ និងចេះថែរក្សាដំណាំធ្វើឲ្យយើងទទួលបានផលជាផ្លែផ្កា។
អត្ថបទទាក់ទង
តើអ្នកដឹងទេ! ថាសុភាសិតខ្មែរ “ងើយស្កក ងោនដាក់គ្រាប់” មានន័យដូចម្តេច?