តើអ្នកដឹងទេ! ថាសុភាសិតខ្មែរ “ងើយស្កក ងោនដាក់គ្រាប់” មានន័យដូចម្តេច?
មនុស្សយើងម្នាក់ៗកើតមក គឺមានបុគ្គលិកលក្ខណៈសម្បត្តិខុសៗគ្នា ដូចជាចម្រុះទៅដោយពណ៌សម្បុរអាក្រក់ សុម្បុរល្អ ស ខ្មៅ ខ្ពស់ ទាប អត្ថចរិតក៏ផ្សេងៗពីគ្នា អ្នកខ្លះមានអត្ថចរិតល្អ ឯខ្លះទៅអាក្រក់ ខ្លះព្រហើនច្រងោងកោងកាចក្អេងក្អាង ហើយខ្លះទៀតទៅចេះសម្របខ្លួន ស្គាល់កាលៈទេសៈ ស្គាល់ខុសស្គាល់ត្រូវ ដាក់ខ្លួន ចេះគោរពរៀមច្បង ចាស់ទុំ គ្រូបាអាចារ្យ… ជាដើម។ ដោយសារតែលក្ខណៈខុសគ្នាបែបនេះហើយ ទើបចាស់បុរាណខ្មែរយើង បានបន្សល់នូវសុភាសិតដែលជាគោលគំនិត សម្រាប់ជាទស្សនពិចារណា និងអប់រំកូនចៅជំនាន់ក្រោយមួយឃ្លាថា “ងើយស្កក ឱនដាក់គ្រាប់” ។ ចុះតើសុភាសិតនេះមានន័យអប់រំយ៉ាងដូចម្តេច?
ងើយស្កក
ជាធម្មតា ស្រូវដែលមានដើមត្រង់ៗឡើងលើចង្អុលមេឃនោះ មកពីដើមវាស្រាល ព្រោះពុំមានគ្រាប់។ ស្រូវបែបនេះគេហៅថា ស្រូវស្កកគ្មានផលអ្វីទេ។
ឱនដាក់គ្រាប់
គេសម្គាល់ឃើញថា ស្រូវណាដែលឱន ឬក្រាបទៅលើដី គឺស្រូវនោះមានគ្រាប់ល្អ ធ្វើឲ្យដើមធ្ងន់ងើបពុំរួច។ ស្រូវបែបនេះ ហើយដែលលោកថា ឱនដាក់គ្រាប់ គឺស្រូវបានផលល្អ។
តើសុភាសិត “ងើយស្កក ឱនដាក់គ្រាប់” លោកចង់ប្រៀបធៀបទៅនឹងមនុស្សដូចម្តេច?
ពាក្យថា “ងើយស្កក” លោកចង់ប្រៀបប្រដូចទៅនឹងមនុស្សខ្លះដែលក្រអឺតក្រទមអើតស្ងើន គ្មានចេះឱនលំទោនចំណុះអ្នកណា គឺជាមនុស្សអាត្មានិយម។ គេតែងគិតថា គ្មានអ្នកណាប្រសើរជាងអញ។ មនុស្សប្រភេទនេះ បើមានការត្រូវពឹងពាក់គេដោយធុរៈអ្វីមួយក៏គ្មានអ្នកណាជួយយកអាសា ជួយឈឺឆ្អាលដែរ។ កាលណាគេខ្វះញាតិមិត្តនេះហើយ ធ្វើឲ្យគេខ្វះអ្វីៗទាំងអស់។
ឯពាក្យថា “ឱនដាក់គ្រាប់” គឺលោកចង់ប្រៀបប្រដូចទៅនឹងមនុស្សដែលមានឥរិយាបថសុភាពរាបសា ចេះឱនលំទោន គោរពចាស់ព្រឹទ្ធាចារ្យ ស្គាល់ញាតិមិត្តអ្នកភូមិផងទាំងពួង។ គេជាមនុស្សមានគុណធម៌ខ្ពស់ និងជាទីស្រលាញ់រាប់អានពីសំណាក់មហាជនទូទៅ។ កាលណាគេមានមនុស្សរាប់អានចូលចិត្តច្រើន គឺគេមានអ្វីៗទាំងអស់។
សុភាសិតមួយនេះ បានបង្ហាញពីតម្លៃអប់រំយ៉ាងខ្លាំងដល់ការបណ្ដុះឲ្យមនុស្សចេះរស់នៅក្នុងសង្គមដោយគ្មានការរើសអើង ចេះដាក់ខ្លួន ឱនលំទោន ចេះគោរពឲ្យតម្លៃមនុស្សដូចគ្នា មិនប្រើធម៌ប្រមាថ មិនប្រើធម៌អំនួត ត្រូវប្រើធម៌មេត្តា រមែងមានគេចូលចិត្ត គោរពស្រឡាញ់ និងឲ្យតម្លៃ។ លើសពីនេះ គឺត្រូវមានឥរិយាបថសមរម្យ សុភាពរាបសា ចេះគោរពចាស់ព្រឹទ្ធាចារ្យ ស្គាល់ញាតិមិត្ត អ្នកភូមិផងរបងជាមួយ។ ជាពិសេសក្នុងនាមជាអ្នកសិក្សា អ្នកធ្វើការ អ្នកធ្វើធុរកិច្ច អាជីវកម្ម អ្នកស្រាវជ្រាវគ្រប់កម្រិត គ្រប់លំដាប់ថ្នាក់ គួរគប្បីពិចារណាស្វែងយល់ឲ្យបានច្រើន រៀនបើកបេះដូងឲ្យទូលាយហើយមិនត្រូវប្រកាន់ខ្លួន ឬរើសអើងនរណាម្នាក់ឡើយចូរចងចាំថាអ្វីៗដែលនៅជុំវិញខ្លួនយើងគឺសុទ្ធតែជាគ្រូរបស់យើងទាំងអស់។ នៅពេលដែលបុគ្គលគ្រប់រូប អាចប្រតិបត្តិតាមមាគ៌ាទាំងនេះបាន បុរាណចារ្យខ្មែរចាត់ទុកថាជនទាំងនោះ ប្រៀបដូចជាគួស្រូវដែលឱនដាក់គ្រាប់ ហើយគេអាចយកមកប្រើជាប្រយោជន៍បានគ្រប់តម្រូវការ។ តែទោះជាយ៉ាងណា យើងក៏មិនអាចយកសុភាសិតមួយនេះ មកអប់រំខ្លួន ឬកូនចៅជំនាន់ក្រោយ ឲ្យក្លាយជាមនុស្សខ្លាចគេ មិនហ៊ាននិយាយការពិត សុខចិត្តនៅក្រោមគំនាបអ្នកដទៃដែលធ្វើអំពើអាក្រក់ មនុស្សទុច្ចរិត ហើយគិតថាការបិតភ្នែក បិតត្រចៀក បិតមាត់ ដើម្បីសន្សំសុខឡើយ។ ការធ្វើបែបនេះ គឺមិនត្រឹមត្រូវតាមទិសដៅនៃទស្សនអប់រំរបស់សុភាសិតថា “ងើយស្កក ឱនដាក់គ្រាប់” នោះឡើយ។
អត្ថបទទាក់ទង