ចៅកណ្ដូប រឿងខ្លីនិយាយអំពីសមត្ថភាព និងភាពភ័យខ្លាច
មាននេនមួយអង្គនាមថា “ចៅកណ្ដូប”។ ថ្ងៃមួយលោកគ្រូនាំចៅកណ្តូប ចូលក្នុងបន្ទប់មួយដែលតែងតែចាក់សោរជាប់។ ក្នុងបន្ទប់នោះមានអាងទឹកមួយទំហំប្រហែល ៦ម៉ែត្រ និងក្តារឈើជាស្ពានឆ្លងពីម្ខាងទៅម្ខាង។ លោកគ្រូបានហាមចៅកណ្តូបកុំឱ្យនៅជិតមាត់អាង ព្រោះជាអាងអាស៊ីត រួចក៏បានប្រាប់ទៅចៅកណ្តូបថា៖
៧ថ្ងៃទៀត នេនត្រូវសាកល្បងដើរកាត់អាងអាស៊ីតនេះ ដោយព្យាយាមដើរឱ្យត្រង់លើក្តារឈើ តែត្រូវប្រយ័ត្ន! នេនមើលមើល៍? តើឃើញឆ្អឹងនៅបាតអាងទេ? ឆ្អឹងទាំងនេះជាឆ្អឹងរបស់លោកនេនមុនៗ។
លោកគ្រូក៏នាំចៅកណ្តូបចេញពីបន្ទប់ដ៏គួរឱ្យខ្លាចនោះមកខាងក្រៅវិញ។ រួចក៏រៀបចំបន្ទះឈើមួយមានទំហំដូចបន្ទះឈើដែលនៅលើអាងអាស៊ីតអ៊ីចឹង តែដាក់បន្តុបលើដុំឥដ្ឋ២ដុំ ដើម្បីឱ្យចៅកណ្ដូបហ្វឹកហាត់ដើរលើក្តារបន្ទះឈើនោះ។ ការដើរលើបន្ទះក្តារនោះមានភាពងាយស្រួល។ ពោលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ចៅកណ្តូបអាចដើរបានឥតខ្ចោះ ថែមទាំងអាចបិទភ្នែកដើរបានយ៉ាងងាយថែមទៀត។
ថ្ងៃប្រឡងមកដល់ លោកគ្រូបាននាំចៅកណ្តូបចូលទៅក្នុងបន្ទប់នៃអាងអាស៊ីតនោះ។ ចៅកណ្តូប ឡើងទៅចុងម្ខាងនៃក្តារ ហើយសម្លឹងលោកគ្រូ។ ឆ្អឹងដែលនៅបាតអាងនោះចាំងព្រាកៗ។
ដើរទៅ…! លោកគ្រូបញ្ជា។
ដ្បិតថាបន្ទះក្តារលើអាងអាស៊ីត មានទំហំប៉ុនបន្ទះក្ដារហ្វឹកហាត់ក្ដី តែចៅកណ្ដូប បែរជាគិតថាបន្ទះក្ដារលើអាងអាស៊ីតតូចជាងទៅវិញ។ ចៅកណ្តូបចាប់ផ្តើមដើរ តែជំហានមិនត្រង់ផ្លូវទេ ក៏ចាប់ផ្តើមផ្អៀង។ ដើរមិនទាន់ទាំងបានពាក់កណ្តាលផ្លូវផង ក៏ទ្រេតទ្រោតជាងមុន មើលទៅប្រហែលជាអាចធ្លាក់ចូលក្នុងអាងអាស៊ីត…!
ចៅកណ្តូបដ៏គួរឱ្យអាណិតនោះអាចរក្សាជីវិតបានដែរឬទេ?
ចៅកណ្ដូប ចាប់ផ្តើមគ្មានជំនឿជឿជាក់លើខ្លួន ឈានជើងយ៉ាងទ្រេតទ្រោត បន្ទាប់មកក៏ធ្លាក់ចូលក្នុងអាងនោះ…
ទេ…!
លោកគ្រូផ្ទុះសំណើច ពេលឮសំឡេងចៅកណ្តូបធ្លាក់ក្នុងអាងអាស៊ីតនោះ។ ធាតុពិតទឹកនោះពុំមែនជាអាស៊ីតទេ វាគ្រាន់តែជាទឹកធម្មតាសោះ។ ឆ្អឹងនៅក្នុងអាងនោះគឺជារបស់សិប្បនិម្មិត។ លោកគ្រូបានបោកប្រាស់ចៅកណ្តូប ហើយក៏បានបោកអ្នកកំពុងអានដែរ។
លោកគ្រូសួរទៅចៅកណ្តូបតូចយ៉ាងម៉ឺងម៉ាត់៖
អ្វីទៅដែលធ្វើឱ្យនេនធ្លាក់ទឹក?
នោះគឺភាពភ័យខ្លាច ពុំមែនសមត្ថភាពនោះទេ… ព្រោះពេលហ្វឹកហាត់ ចៅកណ្ដូប អាចដើរលើបន្ទះក្ដារនោះដោយល្អ ស្ទាត់ជំនាញ និងថែមទាំងអាចដើរដោយបិទភ្នែកបាន។
ភាពភ័យខ្លាច បានលេបត្របាក់សក្ដានុពលដ៏មហស្ចារ្យដែលអ្នកមាន…
ចូរកុំបណ្ដោយឱ្យសេចក្ដីភ័យខ្លាចឃុំគ្រងចិត្តវិញ្ញាណយើងឱ្យសោះ… ផ្ទុយទៅវិញ សូមផ្ដល់សេរីភាពចំពោះសេចក្ដីក្លាហាន ដោយកុំរស់ស្ថិតក្នុងគុកនៃសេចក្ដីភាពខ្លាច។
ចូរចាំថា លោកនេះពោរពេញដោយរូបភាពបោកបញ្ឆោតដ៏ចាក់ស្រែះ និងសម្បូរបែបបំផុត…