គុណសម្បត្តិរបស់អ្នកដឹកនាំ

ក្នុងភាសាខ្មែរយើង​ពាក្យថាអ្នកដឹកនាំសំដៅលើអ្នកទទួលខុសត្រូវក្នុងកិច្ចការអ្វីមួយដែលមានគេឯងចាំទទួលបញ្ជា ចាំធ្វើដើម្បីឆ្ពស់ទៅរកគោលដៅណាមួយ ឬដើម្បីសម្រេចកិច្ចការណាមួយឲ្យបានជោគជ័យ។ ម៉្យាងទៀតអ្នកដឹកនាំ តាមបរិបទនៃពាក្យបានដល់អ្នកដែលមានតួនាទីដឹកនាំអ្នកដែលមិនដឹងគោលដៅ និងនាំអ្នកមិនស្គាល់ផ្លូវឲ្យទៅដល់គោលដៅមួយដែលគេប្រាថ្នាទៅដល់ដោយសុវត្តិភាព។

គុណសម្បតិ្តរបស់អ្នកដឹកនាំ?

ពាក្យខ្មែរយើងតែងតែនិយាយថា “ឃ្វាលគោ១០០ក្បាលមិនលំបាកស្មើរនឹងមើលមនុស្ស១០នាក់ទេ។” ពាក្យនេះពិតណាស់ ព្រោះមនុស្សមានព្រឹត្តកម្មប្លែកៗពីគ្នា មានធម្មសញ្ញា មិនមែនដូចសត្វដែលមានតែមនោសញ្ចេតនាញ្ញាណនោះទេ។ ដូច្នេះទម្រាំនឹងដឹកនាំមនុស្សបានមួយរយ មួយពាន់ មួយលាន ឬដប់លាននាក់នោះរឹតតែពិបាក និងស្មុគស្មាញកាន់តែខ្លាំងឡើងជាមិនខាន។ ការណ៍នេះ គឺទាមទារតម្រូវឲ្យអ្នកដឹកនាំណាដែលមានគុណសម្បត្តិគ្រប់គា្រន់តែប៉ុណ្ណោះ ទើបអាចដឹកនាំទៅរកភាពជោគជ័យបាន។

គុណសម្បត្តិល្អរបស់មេដឹកនាំតាមទស្សនៈព្រះពុទ្ធសាសនា គឺដឹកនាំណាដែលមានលក្ខណៈសម្បតិ្ត ៣យ៉ាង គឺ សុខភាព សមត្ថភាព និងគុណធម៌។

ក. គុណសម្បត្តិទិ១ គឺ សុខភាព

អ្នកដឹកនាំ មិនគួរគប្បីមើលរំលងនូវសុខភាពរបស់ខ្លួនឲ្យសោះ ក៏ដូចជាប្រជារាស្រ្តដែលមិនគួររើសមនុស្សដែលមានរោគ ឬសុខភាពមិនល្អយកមកដឹកនាំខ្លួនឡើយ។

លក្ខណៈរបស់ការមានសុខភាពល្អដូចជា៖

  • ជាបុរស ឬ ស្រ្តីពេញលក្ខណៈ
  • រាងកាយមិនពិកលពិការ មិនដាច់ដៃមិនដាច់ជើង វិញ្ញាណទាំងប្រាំគឺ ភ្នែក ត្រចៀក ច្រមុះ មាត់ រាងកាយ ប្រើការបានល្អ
  • ជាមនុស្សមិនជរាពេក
  • ជាមនុស្សមិនវិកលចរឹត មិនខូចសរសៃរប្រសាទ
  • ធននិងជម្ងឺ គឺមិនងាយឈឺផ្ដេសផ្ដាស
  • មិនមានរោគធ្ងន់ធ្ងរ ឬសាហាវណាមួយបៀតបៀន
  • ជាមនុស្សមានអនាម័យ មិនស្មោកគ្រោក ចំអេះចំអះ។

ប្រសិនបើមានជម្ងឺមកបៀតបៀនត្រូវប្រញាប់ព្យាបាលខ្លួនឲ្យបានឆាប់រួសរាន់ ព្រោះថាការដែលបណ្ដែតបណ្ដោយជម្ងឺតិចតួចថ្ងៃនេះ​ អាចនឹងឲ្យឈឺធ្ងន់នៅថ្ងៃស្អែកដែលរឹតឲ្យខូចការកាន់តែច្រើន។ នៅសហរដ្ឋអាមេរិកកាលពីប្រធានាធិបតី រ៉ូណាល់រេហ្គិន មានជម្ងឺធ្ងន់ ឃើញថាលុយដុល្លារដែលជារូបីយ៍ប័ណ្ណគោលនៃសេដ្ឋកិច្ចពិភពលោក ចុះថោកភ្លាមៗមួយរំពេច ឬក៏ដូចជាករណីប្រទេសថៃកាលណាព្រះមហាក្សត្រទ្រង់ប្រឈួន ប្រជាជនថៃមានការព្រួយបារម្មណ៏យ៉ាងខ្លាំង ព្រោះខ្លាចកើតមានភាពវឹកវនៅក្នុងប្រទេសជាដើម ។

សុខភាពរបស់មនុស្សមានពីរយ៉ាងគឺ ៖ សុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្ត ។ សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តនេះមានទំនាក់ទំនងគ្នា និងមានផលប៉ះទង្គិចដល់គ្នានិងគ្នាណាស់។ កាលណាកាយមានជម្ងឺក៏នឹងធ្វើ​ឲ្យចិត្តតប់ប្រម៉ល់ឈឺទៅផងដែរ ហើយបើចិត្តតប់ប្រម៉ល់យូរពេកក៏នឹងនាំឲ្យរាងកាយឈឺទៅជាមួយផងដែរ។ អ្នកដឹកនាំត្រូវប្រុងប្រយ័ត្នពីរឿងសុខភាពឲ្យបានល្អជានិច្ច។ ពាក្យចាស់ពោលថា “ក្រៗចុះកុំឲ្យតែឈឺ” ព្រោះថាកាលបើមិនឈឺ យើងអាចធ្វើការរកលុយបាន ថ្ងៃណាមួយនឹងឈប់ក្រមិនខាន តែកាលណាបើឈឺ យើងនឹងមិនអាចទៅធ្វើការបានឡើយ ។

សមដូចពុទ្ធភាសិតមួយរបស់ព្រះបរមគ្រូនៃយើង ដែលទ្រង់បានសម្ដែងសរសើរអំពីការមានសុខភាពល្អ ឬការមិនមានរោគថា “អារោក្យា បរមា លាភា ប្រែរថា ការមិនមានរោគ គឺជាលាភដ៏ប្រសើរ ឬធំបំផុត។”

  • វិធីថែរក្សាសុខភាព ឬថ្នាំអាយុវឌ្ឍនៈ៧យ៉ាង

អាយុវឌ្ឍនធម៌ គឺជាវិធីចម្រើនអាយុឲ្យវែង ថែរក្សាសុខភាពឲ្យបានមាំមួនដែលព្រះសម្មាសម្ពុទ្ធ លោកប្រើដើម្បីរក្សាសុខភាពព្រះអង្គសម្រាប់ព្រះភារកិច្ចដ៏ធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ អស់រយៈពេល ៤៥ព្រះវស្សា។ ដោយសារអាយុវឌ្ឍនធម៌នេះឯង ទើបព្រះអង្គអាចតម្រង់ព្រះជន្មបានរហូតដល់ ៨០ព្រះវស្សា ទើបចូលបរិនិព្វាន។​

១. សប្បាយការី ៖ ចេះធ្វើសេចក្ដីសប្បាយឲ្យមានដល់ខ្លួនឯង គឺអនុវត្តទៅតាមគ្បួនអានាម័យ និងគ្បួនសុខភាព ។ ដូចជាឥរិយាបទទាំង៤គឺ ដេក ដើរ ឈរ អង្គុយ ត្រូវប្លាស់ប្ដូរឲ្យបានសមរម្យមានការហាត់ប្រាណបញ្ចេញកម្លាំង សំអាតខ្លួនប្រាណជាដើម​។

២.សប្បាយេ មតញ្ញូ ៖ មានប្រមាណ​ ស្គាល់ល្មម ស្គាល់ប្រមាណនៅក្នុងរបស់សប្បាយទាំងឡាយ ដូចជាមិនបរិភោគរហូតដល់ទៅហល់ មើលសម្លឹងទូរទស្សន៍រហូតដល់ទៅព្រឹលភ្នែកហៀរទឹកភ្នែក។ ម៉្យាងទៀត គឺចេះជ្រើសរើសរបស់ណាដែលមិនហុចទោសយកមកបម្រើការសប្បាយរបស់ខ្លួនដូចជាស្រា បារី កញ្ឆា ជាដើមនេះ សុទ្ធតែជារបស់ដែលនាំទោសមកឲ្យខ្លួន ។

៣. បរិណតភោជី ៖ បរិភោគតែអាហារណាដែលរលាយងាយក្រពះស្រួលកិន មិននាំឲ្យខូចក្រពះ និងទំពាឲ្យបានម៉ដ្ឋល្អ។

៤. កាលការី ៖ ស្គាល់ពេលវេលាឲ្យបានច្បាស់ថាត្រូវធ្វើការប៉ុន្មានម៉ោង សម្រាកប៉ុន្មានម៉ោង​ រៀន​សូត្រប៉ុន្មានម៉ោង ជាដើម។

៥. ព្រហ្មចារី ៖ ប្រព្រឹត្តព្រហ្មចរិយធម៌ អ្នកជាគ្រហ្ថត្រូវចេះកំណត់កាមារម្មណ៍របស់ខ្លូន ព្រោះថាអ្នកល្មោភក្នុងកាមគុណពេក និងនាំឲ្យខ្លួនបាក់កម្លាំង។

៦. សីលវា ៖ មានសីល ប្រព្រឹត្តល្អ មិនធ្វើអ្វីដែលខុស។

៧. កល្យាណមិត្ត ៖ មានមិត្តល្អ មិត្តដែលមិនបបួលទៅរកអបាយមុខទាំង៤គឺ៖ ស្រី ស្រា ល្បែង និងអំពើពាលា។

ក្រៅពីអាយុវឌ្ឍនធម៌នេះ ត្រូវប្រើថ្នាំផ្សេងៗតាមបែបវិទ្យាសាស្រ្តក្នុងគោលបំណងគឺដើម្បីឲ្យមានសុខភាពល្អតែប៉ុណ្ណោះ ។

ខ. គុណសម្បត្តិទី២ គីសមត្ថភាព

សមត្ថភាព គីភាពដែលអាចបំពេញកិច្ចការណាមួយឲ្យសម្រេចទៅបានដោយការប្រើមធ្យោបាយគ្រប់បែបយ៉ាងទាំងផ្លូវកាយ ផ្លូវចិត្ត​ និងផ្លូវបញ្ញា។​ សមត្ថភាពរបស់បុគ្គលម្នាក់ជារបស់បុគ្គលនោះដោយផ្ទាល់។ សមត្ថភាពជារបស់ដែលអាចបណ្ដុះបានបើគេធ្វើការហ្វឹកហាត់អប់រំឲ្យបានត្រឹមត្រូវ។ ជាទូទៅសមត្ថភាពអាចកើតមានពី៖

  • អំណាចធម្មជាតិ គីពីកំណើត
  • ការរៀនសូត្រ ត្រិះរិះ សាកសួរ ចងចាំច្រើន
  • ការហ្វឹកហាត់អប់រំ
  • ការពីសោធន៏ក្នុងកិច្ចការ
  • កម្លាំងចិត្ត
  • កល្យាណមិត្ត
  • នៅក្នុងបរិយាកាសដែលអំណោយផលល្អ។

ក្នុងចំណោមប្រភពទាំង៧នេះ មានតែសមត្ថភាពដែលកើតពីធម្មជាតិផ្ដល់ឲ្យទេ ដែលលំបាកក្នុងការស្វែងរក ក្រៅពីនេះសុទ្ឋតែជារឿងដែលអាចហ្វឹកហាត់ និងរកបានទាំងអស់។

  • គ្រឹះសមត្ថភាព

សប្បុរសធម៌មាន៧យ៉ាង គឺស្ថាបត្យកម្មទាំងឡាយ ដែលនឹងអាចឈរនៅតាំងមាំបាន ព្រោះអាស្រ័យគ្រឹះជាមូលដ្ឋានទ្រយ៉ាងណា អ្នកដឹកនាំត្រូវចាក់គ្រឹះសមត្ថភាពជាតួទ្រទ្រង់សម្រាប់បំពេញភារកិច្ចនាទីខ្លួនដូចគ្នាដែរ។ ជាពិសេសការងារកាន់តែធំ និងលំបាក គ្រឹះសមត្ថភាពក៍រឹតតែត្រូវមាំទាំថែមទៀតដែរ។

គ្រឹះសមត្ថភាពរបស់អ្នកដឹកនាំហៅថា «សប្បុរសធម៌» មាន៧យ៉ាងគឺ៖

១. ធម្មញ្ញុតា គឺការស្គាល់ ការដឹងហេតុការណ៍ ស្គាល់វិធីដែលនិងនាំឲ្យទៅដល់គោលដៅថាមានអ្វីខ្លះ និងមានលក្ខណៈដូចម្ដេច? បើតាមគោលអរិយសច្ចៈបានដល់ការដឹងហេតុដែលនាំឲ្យកើតទុក្ខ បញ្ហា និងវិបត្តិផ្សេងៗ និងដឹងហេតុវិធីដែលសម្រាប់ដោះស្រាយវា ។

២. អត្ថញ្ញុតា គឺការដឹងផល ដឹងគោលបំណង ស្គាល់ប្រយោជន៍ ដែលចង់បានថាមានលក្ខណៈយ៉ាងណា ផលហ្នឹង គោលបំណងហ្នឹងកើតឡើងបាន ព្រោះអាស្រ័យគោលការណ៍យ៉ាងដូច្នេះ ដូច្នោះជាដើម។

៣. អត្តញ្ញុតា គឺការស្គាល់ខ្លួនឯងថា​មានឋានៈ ភេទ កម្លាំងចំណេះដឹង សមត្ថភាព ការស្ទាត់ជំនាញជាដើម។ ថាតើវាមានប៉ុណ្ណា គ្រប់គា្រន់ និងសមរម្យសម្រាប់ក្នុងការដឹកនាំហើយឬនៅ ។ ដោយមិនត្រូវគិតតែពីប្រយោជន៍ផ្ទាល់ខ្លួ​ន ឬខ្លាចគេថាខ្លួនមិនមានសមត្ថភាពនោះទេ។

៤. មត្តញ្ញុតា គឺភាពជាអ្នកស្គាល់ប្រមាណក្នុងការស្វែងរក គ្រឿងចិញ្ចឹមជីវិតដោយផ្លូវប្រពៃ ព្រទាំងការស្គាល់ប្រមាណក្នុងការបិភោគជាដើម។

៥. កាលញ្ញុតា គឺស្គាល់កាលវេលា បានដល់ការស្គាល់ឱកាសឲ្យសមរម្យនឹងស្ថានភាព។

៦.បរិសញ្ញុតា គឺស្គាល់ពីមនុស្សម្នាក់ៗថាមានអធ្យាស្រ័យ សមត្ថភាព ជំនាញ គុណធម៌ និងចំណេះដឹងប៉ុណ្ណោះ ដើម្បីដាក់ការងារឲ្យសមស្រ​បនឹងបុគ្គលនោះ ។ ក្នុងព្រះពុទ្ធសាសនាបានចែកមនុស្សជា៦ប្រភេទ ក្នុងការស្គាល់ទៅតាមចរិតរបស់បុគ្គលម្នាក់ៗគឺ៖

១. រាគចរិត ចរិតស្រលាញ់ស្អាតល្អ

២.ទោសចរិត ចរិតប្រញាប់ប្រញាល់ ក្ដៅក្រហាយ

៣. មោហចរិត ចរិតទើកមើក ល្ងង់ល្ងីល្ងើ

៤. សទ្ធាចរិត ចរិតដែលចូលចិត្តជឿ រហ័សជឿ

៥. វិតក្កចរិត ចរិតចូលចិត្តខ្វល់ខ្វាយ

៦.ពុទ្ធិចរិត្ត ចរិត្តចូលចិត្តត្រិះរិះច្រើន និងឆ្លាត ។

  • អ្នកជឿមានហេតុផល

ធ្វើមេគេហើយនៅតែត្រចៀកស្រាលទៀត។

នេះជាពាក្យដែលខ្មែរយើងតែងតែចំណាំ និយាយរិះគន់ចំពោះមេដឹកនាំណា ដែលនិយាយអ្វីបន្តិចក៏ជឿ អ្វីបន្តិចក៏ខឹង ព្រោះដាក់ចិត្តថារឿងនឹងជារឿងពិត​ដោយប្រកាន់ថា​ «អ្នកណាទៅដល់មុន អ្នកហ្នឹងឈ្នះហើយ» ដោយមិនបានទាំងពីចារណាឲ្យបានច្បាស់លាស់ផងនោះ ។

នៅក្នុងកាលាមសូត្រដែលព្រះសម្ពុទ្ធបានសម្ដែងអំពីវិធីបដិបត្តិក្នុងការដែលគួរឲ្យសង្ស័យ ឬគោលការណ៍នៃការជឿចំនួន១០យ៉ាងសម្រាប់ជាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិចារណា  ពិសោធន៍មុននឹងជឿរឿងនោះថាពិតឬមិនពិត ។ មានដូចខាងក្រោមនេះ៖

១. មា​ អនុស្សវេន កុំទាន់ជឿព្រោះគ្រាន់តែជាការបានស្ដាប់តៗគ្នាមក។

២. មា រម្បរាយ កុំដាក់ចិត្តជឿ ព្រោះដោយការកាន់តៗគ្នាជាប្រពៃណីពីបុរាណមក។

៣. មា ឥតិករាយ កុំដាក់ចិត្តជឿ ព្រោះដោយការនិទានតៗគ្នាមក។

៤. មា បិដកសម្បទានេន កុំដាក់ចិត្តជឿ ព្រោះដោយអាងតម្រា ឬគម្ពីរ។

៥. មា តក្កហេតុ កុំដាក់ចិត្តជឿ ព្រោះដោយការគិតបែបតក្កវិទ្យា។

៦. មា នយហេតុ កុំដាក់ចិត្តជឿ ព្រោះដោយការអនុមាន។

៧. មា​ អាការបរិវិតក្កេន កុំដាក់ចិត្តជឿ​ដោយការគិតពិចារណាតាមបែបហេតុផល។

៨. មា​ ទិ៦ដ្ឋិជ្ឈានក្ខន្តិយា កុំដាក់ចិត្តជឿ ព្រោះត្រូវនឹងទ្រឹស្ដីដែលពិនិត្យហើយ។

៩. មា ភព្វរូបកាយ កុំដាក់ចិត្តជឿ ព្រោះមើលទៅលើរូបលក្ខណៈហាក់ដូចជាអញ្ចឹងមែន។

១០. មា​ សមណោ កុំដាក់ចិត្តជឿ ព្រោះលោករូ​បនេះជាគ្រូរបស់យើង។

បើដូច្នេះតើយើងគូរជឿដូចម្ដេច?

ព្រះបរមគ្រូបានត្រាស់ថា លុះត្រាតែកាលណាដឹងច្បាស់ដោយចិត្តរបស់ខ្លួនថាធម៌ទាំងអស់នោះជាអកុសល ជាកុសលជាដើមហើយទើបគួរជឿ។

ដូច្នេះអ្នកដឹកនាំ មុននឹងជឿត្រូវពិចារណាលើគោលការណ៍ ទាំង១០ នេះជាមុនសិនដូចជាសុភាសិតខ្មែរថា «ស្ដាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម»។ ព្រោះថាអ្នកដឹកនាំ គឺជាអ្នកទទួលខុសត្រូវលើវាសនារបស់អ្នកដទៃទៀតជាច្រើននាក់។

គ. គុណ​សម្បត្តិ​ទី​៣ គុណធម៌
គុណធម៌​ធំៗ​របស់​អ្នក​ដឹកនាំ​មាន ទសពិធរាជធម៌​ ១០​ចំណុច និង​ ព្រហ្មវិហារ​ធម៌ ៤​ចំណុច។

  • ទសពិធរាជធម៌

១. ទាន ៖ បាន​ដល់​ការ​ឲ្យ​៣​ប្រការ​ធំៗ គឺ ឲ្យ​វត្ថុ ឲ្យ​ចំណេះ​ដឹង និង​ឲ្យ​ការ​អភ័យ​ទោស។
២. សីល​ ឬ​ការ​ប្រព្រឹត្ត​ល្អ ៖ ធ្វើ​ខ្លួន​ស្ថិត​ក្នុង​ប្រក្រតីភាព​ មិន​បង្ក​សេចក្តី​ក្តៅ​ក្រហាយ​ដល់​អ្ន​ក​ដទៃ គោរព​ច្បាប់​វិន័យ​ ចិញ្ចឹម​ជី​វិត​ក្នុង​ផ្លូវ​សុចរិត និង​ប្រើ​របស់​ទ្រព្យ​ប្រកប​ដោយ​ការ​ពិចារណា។
៣. បរិច្ចាគ​ ឬការ​បរិច្ចាគ ៖ លះ​បង់​ដោយ​ពុំ​គិត​ចង់​បាន​អ្វី​មក​វិញ ដែល​ជា​បច្ច័យ​ឲ្យ​គេ​គោរព សរសើរ ជា​គម្រូ។ លះ​បង់​ទ្រព្យ​ដើម្បី​អវៈយវៈ លះ​បង់​អវៈយវៈ​ដើម្បីជីវិត លះ​បង់​ជីវិត​ដើម្បី​ភាព​ត្រឹម​ត្រូវ។
៤. អាជ្ជវៈ​ ឬការស្មោះត្រង់ ៖ ត្រង់​ក្នុង​តួនាទី ត្រង់​ក្នុង​ការងារ ត្រង់​ចំពោះ​វាចា ត្រង់​ចំពោះបុគ្គល ត្រង់​ចំពោះ​ប្រជា​រាស្ត្រ និង​​ត្រង់​ចំពោះ​សេចក្តី​ល្អ។
៥. មទ្ទវៈ​ ឬ​ការ​ទន់​ភ្លន់ ៖ មិន​រឹង​រូស មិន​ចចេស គោរព​ទៅតាម​មតិ​របស់​រាស្ត្រ​ បត់​បែន​ទៅតាម​ស្ថានការណ៍​ ធ្វើ​ឲ្យ​សង្គម​ កើត​សាមគ្គីភាព​។
៦. តបៈ​ ឬការ​ដុត​កិលេស ៖ ការ​ដុត​កំដៅ​អំពើ​អាក្រក់​ ដុត​កម្លោច​ជន​អាក្រក់​កុំ​ឲ្យ​មាន​ក្នុង​សង្គម ធ្វើ​ឲ្យ​ជន​អាក្រក់​មិន​ហ៊ាន​ធ្វើ​បាប​តទៅ​ទៀត ធ្វើ​ឲ្យ​ជន​ល្អ​មាន​ចិត្ត​ធ្វើ​ល្អ​ជា​ប្រយោជន៍​រួម។
៧.​ អក្កោធៈ​ ឬ​ការ​មិន​ក្រោធ ៖ មិន​ក្រោធ​ មិន​ខឹង ព្រោះ​សេចដ្ឋកិច្ច​ក្តី នយោបាយ​ក្តី ទាហាន​ក្តី​ មិន​អាច​ប្រើ​ខឹង​បាន​ទេ ព្រោះខឹង​នាំ​ឲ្យ​ខុស។
៨. អវិហឹង្សា​ ឬ​ការ​មិន​បៀត​បៀន ៖ គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​កុមារ សិទ្ធិ​ស្ត្រី និង​សិទ្ធិ​សត្វ​តិរច្ឆាន។
៩. ខន្តី​​ ឬ​ការ​អត់​ធន់ ៖ ទាល់​តែ​ អត់​ធន់ អត់​ទ្រាំ អត់​ធ្មត់ ទើប​សម​គួរ​ធ្វើ​ជា​អ្នក​ដឹកនាំ។ អត់​ធន់​ចំពោះ​កិលេស​ខ្លួន អត់​ធន់​ចំពោះភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន អត់​ធន់​ចំពោះ​អ្នក​តូច​ អត់​ធន់​ចំពោះ​ការងារ​របស់​ខ្លួន អត់​ធន់​ចំពោះ​ពាក្យ​ណែនាំ ពាក្យ​ប្រឹក្សា អត់​ធន់​ចំពោះ​សេចក្តី​ប្រមាទ​ធ្វេស​ប្រហែល អត់​ធន់​ចំពោះ​មនុស្ស​ល្ងង់ អត់ធន់​ចំពោះ​កូន​ក្មេង អត់​ធន់​ចំពោះ​អ្នក​ប្រឆាំង អត់​ធន់​ចំពោះ​ពាក្យ​ត្មះ​តិះដៀល អត់​ធន់​ចំពោះ​សង្គម អត់​ធន់​ចំពោះ​ពេលវេលា អត់​ធន់​ចំពោះ​ការ​ប្រែប្រួល​នៃ​ធម្មជាតិ អត់​ធន់​ចំពោះ​បដិបត្តិ​ធម៌ ។ល។
១០. អវិរោធនៈ ឬ​ការ​មិន​ធ្វើ​ខុស ៖ ភាវនា​ជាប់​ជា​ប្រចាំថា អញ​នឹង​មិនធ្វើ​ខុស អញ​នឹង​មិន​ធ្វើ​ខុស។

  • ព្រហ្មវិហារ​ធម៌

១. មេត្តា ៖ អាណិត​ស្រឡាញ់​ចង់​ឲ្យ​គេ​បាន​សុខ។
២. ករុណា ៖ ជួយ​សង្គ្រោះ​ឲ្យ​គេ​រួច​ពី​ទុក្ខ។
៣. មុទិតា ៖ ត្រេក​អរ​ដែល​គេ​បាន​សុខ។
៤. ឧបេក្ខា ៖ ដាក់​ចិត្ត​ជា​កណ្តាល។

One thought on “គុណសម្បត្តិរបស់អ្នកដឹកនាំ

Leave a Reply

Your email address will not be published. Required fields are marked *