ការហ្វឹកហាត់ដាស់មនោមយិទ្ធិឲ្យកើតឡើង
យោងតាមសៀវភៅមនោមយិទ្ធិ និពន្ធដោយ សាស្ត្រាចារ្យ ប៉ូល ហ្សារកូត៍ និងប្រែសម្រួលជាភាសាខ្មែរ ដោយ ស៊ា ប៊ុនភេង បោះពុម្ព នៅព.ស ២៥១៧ ត្រូវនឹង គ.ស ១៩៧៣ បានលើកឡើងថា មនោមយិទ្ធិ ប្រែថាអំណាចរបស់ចិត្ត ឬសម្រេចបានដោយអំណាចរបស់ចិត្ត។
សៀវភៅមនោមយិទ្ធិចែកចេញជា ៤ ផ្នែកសំខាន់ៗ គឺ ផ្នែកទី១ បកស្រាយអំពីរបៀបដាស់ឲ្យមនោមយិទ្ធិកើតឡើង ផ្នែកទី២ បកស្រាយអំពីមនោមយិទ្ធិបង្គាប់ខ្លួនឯង ផ្នែកទី៣ បកស្រាយអំពីមនោមយិទ្ធិបង្គាប់អ្នកដទៃ និងផ្នែកទី៤ បកស្រាយអំពីមនោមយិទ្ធិបង្គាប់គ្រោះកម្ម។ ក្នុងអត្ថបទនេះយើងសូមលើកយកតែ ផ្នែកទី១ របៀបដាស់ឲ្យមនោមយិទ្ធិកើតឡើង តែប៉ុណ្ណោះ។
មនោមយិទ្ធិតែងស្ថិតនៅក្នុងខ្លួនមនុស្សទូទៅរួចជាស្រេចហើយ បើមិនតិច ឬក៏ច្រើនដែរ។ មនោមយិទ្ធិជាវិជ្ជាដ៏មានតម្លៃ មិនចេះខូចខាត មិនចេះបាត់បង់ កាលណាគេដាស់ឲ្យកើតមានហើយ មនោមយិទ្ធិនឹងស្ថិតនៅក្នុងខ្លួនបុគ្គលនោះជាប់ជានិច្ច។ ប្រយោជន៍ដែលបានមកពីមនោមយិទ្ធិ មានតម្លៃធំឥតគណនា។ វិធីបណ្តុះមនោមយិទ្ធិឲ្យកើតឡើងមានជាថ្នាក់ៗដូចតទៅ៖
- រៀបការគិតឲ្យមានរបៀប
- ហាត់ចិត្តឲ្យក្លៀវក្លា
- បំរុងរាងកាយ
- បង្កើនការខ្លាំងក្លានៃខ្យល់ដកដង្ហើម
- បំរុងសសៃប្រសាទ
- ហាត់ចិត្តឲ្យជាសមាធិ
- ហាត់ប្រើការគិតប្រកបខ្សែភ្នែក
- រក្សាទុកមនោមយិទ្ធិដែលកើតមានហើយ
រៀបការគិតឲ្យមានរបៀប
មូលហេតុដែលគេត្រូវរៀបការគិតឲ្យមានរបៀបព្រោះថា មនោមយិទ្ធិកើតឡើងអាស្រ័យដោយចិត្តរឹងប៉ឹង មានរបៀបរៀបរយ។ ចិត្តរាយមាយ មានផលវិបាកច្រើន ចិត្តរៀបរយទើបអាចសាងមនោមយិទ្ធិបាន ប្រៀបដូចជាទាហានដែលមានវិន័យ ១០០ នាក់ អាចយកឈ្នះ ទាហានដែលគ្មានវិន័យ ១០០ នាក់ទៀតបានយ៉ាងប្រាកដ។ ទ្រព្យសម្បត្តិដែលគេទុកដាក់ដោយមានរបៀបរៀបរយតែងគង់នៅបានយូរ។ រៀបការគិតឲ្យមានរបៀបមានន័យថា បង្គាប់ចិត្តឲ្យគិតក្នុងរឿងដែលត្រូវគិត ត្រូវការស្រាយបញ្ហាត្រូវការផលសម្រេច កាលណាចិត្តហោះហើរទៅរឿងដទៃត្រូវទាញត្រឡប់មកវិញ។ កាលបើធ្វើបានដូច្នេះចិត្តនឹងស្រស់បស់ រឹងប៉ឹងមានទម្ងន់ នេះជាគុណសម្បត្តិជាន់ដំបូងនាំទៅកាន់មនោមយិទ្ធិ ហើយជាប្រការសំខាន់មុនគេដែលត្រូវហ្វឹកហាត់ក្នុងការស្វែងរកអំណាចឲ្យដល់ដួងចិត្ត។
ហាត់ចិត្តឲ្យខ្លាំងក្លា
យើងត្រូវគិតជាប់ជានិច្ចដូចខាងក្រោម
- យើងត្រូវធ្វើចិត្តឲ្យស្ងប់ មិនថាពេលណា ហេតុការណ៍ណាក៏ដោយ យើងនឹងទុកចិត្តខ្លួនឯងជានិច្ច
- យើងត្រូវសង្កត់ការតក់ស្លុត ការភ្ញាក់ផ្អើល និងសង្កត់មិនឲ្យភ័យរំភើបចំពោះខ្លួនឯង
- យើងត្រូវការធ្វើឲ្យដួងចិត្តរបស់យើងស្រស់ថ្លា មិនល្អក់កករ និងជានាយលើខ្លួនឯងមិនថាចំពោះនរណាៗ
- យើងត្រូវការបណ្តុះនិស្ស័យរបស់យើង ឲ្យឡើងកាន់ថ្នាក់ខ្ពស់បំផុត ត្រឹមស្មើជនដទៃដែលមាននិស្ស័យល្អបំផុត
- យើងនឹងបង្គាប់ខ្លួន និងបង្គាប់ចិត្តរបស់យើង មិនព្រមឲ្យប្រព្រឹត្តទៅក្នុងផ្លូវដែលនឹងនាំឲ្យយើងដើរចេញទៅក្រៅផ្លូវដែលយើងប៉ង
- យើងត្រូវពិចារណាឲ្យល្អិតល្អន់ មុននឹងផ្ចង់ចិត្តយល់ព្រមតាមការគិត ការយល់ឃើញណាមួយ ឬមាននរណាម្នាក់ប្រាប់យើង ឬដែលយើងបានអានពីសៀវភៅ
- យើងមានសេចក្តីមានះ មានមនោមយិទ្ធិ ដែលអាចបង្គាប់បុគ្គល ឬហេតុការណ៍ទាំងឡាយបាន
លោកអ្នកប្រាជ្ញខ្លះប្រដៅថាឲ្យយើងសរសេរចំនុចដែលយើងត្រូវការផ្លាស់និស្ស័យរបស់យើង ទុកក្នុងទីណាមួយឲ្យយើងមើលឃើញច្បាស់។ ការហាត់មនោមយិទ្ធិ ទាមទារនូវសេចក្តីស្មោះត្រង់ ពោលគឺទាំងសម្តីនិងការគិត ត្រូវធ្វើឡើងដោយសុទ្ធចិត្ត ដោយស្មោះត្រង់បំផុត មិនមែនធ្វើជានាមៗឲ្យតែបាននោះទេ។ គេមិនអាចសាងគុណសម្បត្តិដល់ដួងចិត្តបានទេ ប្រសិនបើគេក្បត់សូម្បីតែខ្លួនឯង។ នេះជាលំដាប់ប្រតិបត្តិថា្នក់ទី២ នាំទៅរកមនោមយិទ្ធិ។
បម្រុងរាងកាយ
មនុស្សមួយចំនួនយល់ច្រឡំថា មនោមយិទ្ធិ ទាក់ទងតែនឹងចិត្តតែប៉ុណ្ណោះ មិនពាក់ព័ន្ធជាមួយរាងកាយទេ។ នេះជាការយល់ឃើញខុសឆ្គង។ មនោមយិទ្ធិ កើតឡើងអាស្រ័យដោយធាតុផ្សំ ២ យ៉ាង គឺ ដួងចិត្តល្អ និងរាងកាយមាំទាំ។ វិធីប្រតិបត្តិដើម្បីឲ្យរាងកាយមានភាពបរិបូណ៍មាន ៣ ប្រការ៖
- រឿងអាហារ៖ ជាការចាំបាច់ត្រូវទទួលទានតែរបស់ដែលងាយរលាយមិនឲ្យទោសដល់រាងកាយ វៀរចាសុរាមេរ័យដែលនាំឲ្យអន្តរាយដល់រាងកាយ សសៃប្រសាទនិងបេះដូង។
- រឿងដំណេក៖ ជាការចាំបាច់ដែលមនុស្សយើងត្រូវការដេកលក់មួយថ្ងៃ ៨ ម៉ោងយ៉ាងតិច ដំណេកលក់ជាការដែលរាងកាយនិងចិត្តរបស់មនុស្សបានទទួលការសម្រាកយ៉ាងប្រសើរ ដើម្បីឲ្យមានកម្លាំងធ្វើការនៅថ្ងៃបន្ទាប់ទៀត។ ៨ ម៉ោងនេះ មានន័យថា ៨ម៉ោងជាប់ៗគ្នា មិនមែនយប់៤ម៉ោង ព្រឹក២ម៉ោង និងរសៀល២ម៉ោងទេ។ ដំណេកគួរតែឲ្យទៀងពេលជានិច្ច ដែលល្អបំផុតនោះគឺពីម៉ោង ២២ រហូតដល់ភ្លឺ។
- ការបញ្ចេញកម្លាំង៖ ត្រូវបញ្ចេញកម្លាំងតាមការគួរ មិនច្រើនពេក មិនតិចពេក។ ការដើរលេងៗក្រោយពេលបរិភោគអាហារ និងមុនចូលដំណេកជាការប្រសើរ សម្រាប់ជួយឲ្យអាហាររលាយនិងយឺតសសៃ។
បង្កើនការខ្លាំងក្លានៃខ្យល់ដកដង្ហើម
នេះគឺជាប្រការដ៏សំខាន់មួយនៃការហ្វឹកហាត់មនោមយិទ្ធិ។ ខ្យល់ដង្ហើមមិនមែនមានប្រយោជន៍ត្រឹមតែទ្រទ្រង់ជីវិតនោះទេ។ ខ្យល់ដង្ហើមជាអ្នកជួយបង្កើនថាមពលដួងចិត្ត និងសសៃប្រសាទ។ អ្នកប្រាជ្ញមួយចំនួនអះអាងថា “នាពិភពលោកយើងនេះ មានថាមពលនៅគ្រប់ទីកន្លែង ថាមពលនេះកើតពីធាតុផ្សេងៗពីរុក្ខជាតិ និងដួងតារាទាំងឡាយក្នុងចក្រវាឡ។ ហេតុដូច្នេះហើយកាលណាយើងដកដង្ហើមធំៗ យើងស្រូបយកកម្លាំងទាំងនោះចូលក្នុងខ្លួនយើង ” ។ យើងតែងសង្កេតឃើញថា កាលណាមនុស្សពិបាកចិត្តស្មុគស្មាញ មនុស្សយើងតែងដកដង្ហើមធំជានិច្ច ដើម្បីឲ្យយើងមានកម្លាំងតទល់នឹងបញ្ហា។ ដូច្នេះការដកដង្ហើមធំៗ ខ្លាំងៗ គឺជាវិធីមួយសម្រាប់បណ្តុះមនោមយិទ្ធិឲ្យកើតឡើងបាន ចំណែកវិធីហ្វឹកហាត់បង្កើនកម្លាំងខ្លាំងក្លានៃខ្យល់ដង្ហើមមានដូចតទៅ៖
- គ្រប់ពេលត្រូវដកដង្ហើមវែងនិងជ្រៅជានិច្ច
- រាល់ព្រឹកពេលក្រោកពីដំណេក ចូរហ្វឹកហាត់តាមចលនាខាងក្រោម៖
- ចលនាទី១ សម្របជើងនិងដៃឲ្យត្រង់ បិតមាត់ឲ្យជិត ហើយដកដង្ហើមឲ្យវែងបំផុតតាមតែអាចធ្វើទៅបាន ឲ្យបានច្រើនៗគ្រា។
- ចលនាទី២ យកដៃទាំងពីរអោបពោះដកដង្ហើមឲ្យវែងទាល់តែខ្យល់ចូលពេញពោះ ខណៈដែលដកដង្ហើមចូល ព្យាយាមធ្វើពោះឲ្យប៉ោងឡើង ហើយវេលាដកដង្ហើមចេញព្យាយាមធ្វើពោះឲ្យផតចុះ ដោយយកដៃជួយសង្កត់ផងក៏បាន។
- ចលនាទី៣ ជាចលនាលំបាកបំផុត និងជាប្រយោជន៍ដល់សួតនិងទ្រូង។ គឺយកដៃអោបពោះនិងដកដង្ហើមចូលទាល់តែប៉ោងពោះ ដូចក្នុងចលនាទី២តែមិនដកដង្ហើមចេញទេ ទុកខ្យល់ក្នុងពោះ អោបឲ្យបានយូរ តាមដែលអាចធ្វើទៅបាន។ ខ្យល់ដែលទុកក្នុងពោះនោះ មិនមែនទុកចោលទទេៗ ទេ គឺត្រូវផតពោះបញ្ជូនខ្យល់ឡើងទៅទ្រូងរហូតពេញណែនទើបលែងមកវិញ។ វិធីនេះក៏មានប្រយោជន៍នាំខ្យល់បរិសុទ្ធចូលទៅជម្រះសួតផងដែរ។
បម្រុងសសៃប្រសាទ
ការហ្វឹកហាត់ដែលបានរៀបរាប់ខាងលើ ធ្វើឡើងដើម្បីដាស់មនោមយិទ្ធិឲ្យកើតមានក្នុងខ្លួនយើង។ នៅពេលដែលមនោមយិទ្ធិកើតមានហើយ តើមនោមយិទ្ធិនោះត្រូវរក្សាទុកនៅកន្លែងណា? អ្នកប្រាជ្ញចិត្តសាស្ត្រអះអាងថា មនុស្សយើងមានកន្លែងទុកថាមពលទាំងនេះ។ កន្លែងនោះហៅថា សូលែរ៍ ប្លេចស៊ុល គឺស្ថិតនៅត្រង់ម្តុំចង្កេះដែលជាបណ្តុំសសៃប្រសាទតូចៗចាក់ស្រេះគ្នាដូចសំណាញ់។ សូលែរ៍ប្លេចស៊ុល នេះគឺជាប្រជុំនៃថាមពល និងជាអ្នកបែងចែកកម្លាំងទៅគ្រប់ទីកន្លែងនៃរាងកាយ។ ហេតុនេះហើយទើបពេលធ្វើការហត់អស់កម្លាំង យើងតែងមានអារម្មណ៍ចុកបរិវេណចង្កេះឡើងមកលើ។ សូលែរ៍ប្លេចស៊ុល គឺជា (១) គ្រឿងរក្សាថាមពលទុកជាមនោមយិទ្ធិ និង(២)គ្រឿងប្លែងក្រសែចេញទៅតាមតម្រូវការរបស់មនុស្សក្នុងកាលប្រើមនោមយិទ្ធិ។ ហេតុនេះសសៃប្រសាទទើបជារបស់ត្រូវបំរុងមួយផ្នែកទៀត។
វិធីបំរុងសសៃប្រសាទមាន ២ វិធី គឺ
- វិធីទី១ បំរុងសៃប្រសាទភាគធំៗឲ្យទន់ល្វន់ជានិច្ច
- វិធីទី២ ដាស់សសៃប្រសាទភាគតូចៗសព្វសាព៌ាង្គកាយឲ្យភ្ញាក់ឡើងសម្រាប់ទទួលបំរើប្រតិបត្តិការតាមបញ្ជារបស់ដួងចិត្ត។
(សូមស្វែងយល់បន្ថែមអំពីរបៀបហាត់បំរុងសសៃប្រសាទក្នុងសៀវភៅ មនោមយិទ្ធិ)
ហាត់ចិត្តឲ្យជាសមាធិ
ការធ្វើចិត្តឲ្យជាសមាធិនោះ ជាការចាំបាច់សម្រាប់កិច្ចការគ្រប់យ៉ាងក្នុងរឿងមនោមយិទ្ធិ។ (សូមស្វែងយល់បន្ថែមអំពីរបៀបហាត់ចិត្តឲ្យជាសមាធិក្នុងសៀវភៅ មនោមយិទ្ធិ)
ហាត់ប្រើការគិតប្រកបខ្សែភ្នែក
មនោមយិទ្ធិដែលកើតមានក្នុងខ្លួនហើយ កាលបើត្រូវប្រើនឹងផ្សាយចេញច្រើនបំផុតតាម២កន្លែង គឺទី១តាមកែវភ្នែក និងទី២តាមចង្អុលដៃ។ ការប្រើចង្អុលដៃទៅចង្អុលអ្នកដទៃពុំមែនជាកិរិយាគួរធ្វើទេ ហើយក៏អាចនឹងបង្កឲ្យខាតប្រយជន៍។ ហេតុនេះការប្រើខ្សែភ្នែក គឺជារឿងសមស្របបំផុត។ គេត្រូវហាត់គិតប្រកបនឹងខ្សែភ្នែកជាដរាប។ មិនថាវេលាណាទេពេលជួបប្រាស្រ័យទាក់ទងនឹងជនណាម្នាក់ គេត្រូវសំលឹងឲ្យចំភ្នែករបស់ជននោះជានិច្ច។ កែវភ្នែកជាកញ្ចក់ឆ្លុះបេះដូង កែវភ្នែកសំលឹងដោយក្តីស្រឡាញ់ ខុសគ្នាពីកែវភ្នែកដែលសំលឹងដោយកំហឹង។ ចូរសាកល្បងមើលខ្លួនឯងក្នុងកញ្ចក់ ហើយផ្លាស់ការគិត ដោយនឹកដល់មនុស្សជាទីគោរព មនុស្សជាទីស្រឡាញ់ មនុស្សដែលយើងស្អប់ ឬមនុស្សដែលយើងត្រូវបង្គាប់។ នោះយើងនឹងឃើញកែវភ្នែករបស់យើងផ្លាស់ប្តូរតាមការគិតនីមួយៗ។ យើងត្រូវហាត់ការគិតឲ្យប្រកបនឹងខ្សែភ្នែកគ្រប់ពេល។
ការរក្សាទុកមនោមយិទ្ធិដែលកើតមានហើយ
ការហ្វឹកហាត់តាំងពីថ្នាក់ទី១រហូតដល់ថ្នាក់ទី៧ ដូចដែលបានរៀបរាប់ខាងលើ បង្កើតឲ្យមានមនោមយិទ្ធិរក្សាទុកក្នុងខ្លួនសម្រាប់ប្រើពេលចាំបាច់។ មនោមយិទ្ធិ ប្រៀបបានដូចជាទ្រព្យសម្បត្តិទូទៅដែរ ពោលគឺគេរកមកសម្រាប់ចាយវាយនៅពេលណាមួយ ហើយគេក៏ត្រូវតែមានវិធីរក្សាវាទុកឲ្យបានគង់វង្សដែរ។
វិធីស្ងួនរក្សាមនោមយិទ្ធិមាន៤ប្រការ
- ព្យាយាមសង្កត់សេចក្តីក្រោធ៖ សេចក្តីក្រោធធ្វើឲ្យមនុស្សបង្ខាតថាមពលឥតប្រយោជន៍ និងជួនកាលបង្កជាទោសដល់ខ្លួនឯង។ សេចក្តីក្រោធធ្វើឲ្យថាមពលផ្សាយចេញច្រើនហួសប្រមាណ។ យើងតែងសង្កេតឃើញថាពេលមនុស្សខឹងមិនដឹងជាថាមពលមកពីណាទេ លុះពេលអស់កំហឹងទៅវិញក៏អស់កម្លាំងទន់ដៃទន់ជើង។
- និយាយឲ្យតិច វៀរចាកនិយាយច្រើន៖ ការនិយាយតាមបែបធម្មតាមិនសូវធ្វើឲ្យអស់កម្លាំងពីក្នុងខ្លួនប៉ុន្មានទេ។ ការនិយាយ២ប្រភេទដែលធ្វើឲ្យអស់កម្លាំងគឺ (១) ការនិយាយរឿងអាថ៌កំបាំង និង (២) ការនិយាយជជែកយកឈ្នះចាញ់។ ទោះបីជាយ៉ាងណាក៏ដោយ ការនិយាយទាំងអស់សុទ្ធតែធ្វើឲ្យខាតកម្លាំងមនោមយិទ្ធិ ហេតុនេះទើបអ្នកនិយាយច្រើនមានអ្នកកោតក្រែងតិច ចំណែកឯអ្នកនិយាយតិចត្រឡប់ជាមានអ្នកកោតក្រែងច្រើន។
- ព្យាយាមរក្សាការស្ងប់កាយ៖ អាការៈច្រលេមច្រលឹម បង្ខាតថាមពលឥតប្រយោជន៍។
- ធ្វើការវិវេគ៖ ទស្សនវិទូពោលថា ក្នុងពេលដែលយើងធ្វើការច្រើននោះ ខ្លួនរបស់យើងចេញពីខ្លួនយើង ហើយចាំបាច់ត្រូវហៅត្រឡប់ចូលមកក្នុងខ្លួនយើងវិញ ការហៅខ្លួនរបស់យើងចូលមកក្នុងខ្លួនយើងជាថ្មីនេះហៅថា “ធ្វើការវិវេគ” ។ ចូរដេកសណ្តូកឲ្យរាងកាយគ្រប់ផ្នែកបានសម្រាក ហើយបើកភ្នែកព្រឹមៗមើលទៅចុងជើងរបស់ខ្លួន ព្យាយាមបណ្តុះមនោគតិហាក់ដូចជាយើងហៅខ្លួនយើងដែលចេញទៅពីខ្លួនយើងនោះ ត្រឡប់ចូលក្នុងខ្លួនជាថ្មី។ ធ្វើដូច្នេះរហូតដល់យើងគិតថាខ្លួនយើងចូលវិញល្មមគ្រប់គ្រាន់ហើយ ចូរបិទភ្នែកព្យាយាមធ្វើចិត្តឲ្យបរិសុទ្ធ មិនគិតដល់អ្វីទាំងអស់ គ្មានអ្វីជាអារម្មណ៍ទាំងអស់។ ការធ្វើដូច្នេះត្រឹម៥នាទី នឹងមានផលប្រហែលគ្នានឹងដេកលក់៥ម៉ោង ព្រោះដល់បានធ្វើស្រេចបាច់ យើងនឹងមានកម្លាំង បាត់នឿយហត់ វិធីនេះហៅថា ធ្វើការវិវេគ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!