សារប្រយោជន៍របស់កសិកម្មចំពោះមនុស្សជាតិ

នៅ​ប្រមាណ​ជា ៨ពាន់​ឆ្នាំ​មុន​គ្រឹស្ត​សករាជ ពោលគឺ ប្រមាណ​ជា ១ម៉ឺន​ឆ្នាំមុន មនុស្ស​ក៏​ចាប់ផ្តើម​បែក​គំនិត​បង្កើត​​របៀបរស់​នៅ​ថ្មី​ស្រឡាង​មួយទៀត ដែល​ជា​បដិវត្តន៍​ដ៏​សំខាន់​បំផុត​របស់​មនុស្ស​ជាតិ ហើយ​ដែល​គេឲ្យឈ្មោះ​ថា​ជា​ “បដិវត្តន៍​នៃ​យុគថ្មរំលីង” (Néolitique) នោះ​ គឺ​ការ​បង្កើត​របរ​កសិកម្ម។

នៅ​ក្នុង​តំបន់​វាលទំនាប​តាម​ដងទន្លេ គេ​ឃើញ​មាន​ប្រភេទ​ធញ្ញជាតិ​ ដែល​ដុះ​តាម​​លក្ខណៈ​ជា​ស្មៅព្រៃ ហើយ​ដែល​មនុស្ស​យើង​ធ្លាប់​​តែ​​ទៅបេះបោច យក​​មក​ធ្វើ​ជា​អាហារ ទៅតាម​លក្ខណៈ​ធម្មជាតិ។ ក៏ប៉ុន្តែ ក្រោយ​មក​ មនុស្ស​បាន​បែក​គំនិត​ដ៏​អស្ចារ្យ​មួយ ដែល​មិន​ធ្លាប់មាន​ពីមុន គឺ​មនុស្ស​ទៅ​បេះ​សម្រាំង​គ្រាប់​ធញ្ញជាតិ​ដែល​ល្អៗ ហើយ​យក​វា​ទៅ​ដាំ​បន្ត ដើម្បី​រង់ចាំ​ប្រមូលផល​។ ក្នុងពេល​ជាមួយគ្នា មនុស្ស​ក៏​បាន​ចាប់ផ្តើម​បង្វែ​ពីការ​បរបាញ់ ទៅ​ជា​ការ​ចាប់សត្វព្រៃ​មក​ចិញ្ចឹម។

ការ​ដាំដុះ និង​ការ​ចិញ្ចឹមសត្វ​នេះ​ គឺ​ជា​ការ​វិវឌ្ឍ​ដ៏​សំខាន់​បំផុត​របស់​មនុស្សជាតិ ពីព្រោះ​ថា នៅ​ក្នុង​ផ្ទៃដី ដែល​មាន​ទំហំ​ដូចគ្នា ការប្រកប​របរ​កសិកម្ម​អាច​ចិញ្ចឹម​មនុស្ស​បាន​ច្រើន​ជាង​ការ​បរបាញ់ ​រហូតដល់​ទៅ ១រយដង មានន័យថា បើ​កាលពីមុន ដែល​មនុស្ស​ពឹងផ្អែក​លើ​ការបរបាញ់ ផ្ទៃដី​ដ៏តូចចង្អៀត​មួយ អាច​ចិញ្ចឹម​ជីវិត​បាន​ត្រឹមតែ ១ម៉ឺននាក់ ការ​បង្កើត​របរ​កសិកម្ម​អាចផ្តល់​ផល សម្រាប់​ចិញ្ចឹម​​មនុស្ស​រហូតដល់​ទៅ ១លាននាក់។

 

ដកស្រង់ចេញពី៖ RFI World History

Leave a Reply

Your email address will not be published. Required fields are marked *