អ្នក​ប្រកាន់​ទស្សនៈ​អញនិយម​ អាន​អត្ថបទ​នេះ​ហើយនឹង​ភ្លឺភ្នែក​ច្បាស់​

មានមនុស្ស​ខ្វាក់៦នាក់​មិនដែល​ស្គាល់​ដំរី​សោះ​ ហើយ​បាន​បបួលគ្នា​ទៅ​ស្ទាបអង្អែល​ឱ្យ​បាន​ស្គាល់​នឹងគេ​បាន​ម្តង​។ ពេលនោះ​ហ្មដំរី​បាន​សួរ​ទៅ​អ្នក​ទាំងនោះ​ថា​ “តើ​សត្វ​ដំរី​មាន​រូបរាង​យ៉ាងដូចម្ដេច​?” ជន​ខ្វាក់​ដែល​ស្ទាប​ជើងដំរី​ស្រែក​ឡើង​ថា​ “អញ​ស្មានថា​សត្វ​ដំរី​អស្ចារ្យ​ប៉ុនណា​ តាមការពិត​វា​គ្រាន់តែ​ដូច​សសរ​មួយ​ដើម​ហ្នឹង​!”

មនុស្ស​ខ្វាក់​ដែល​កំពុង​ស្ទាប​កន្ទុយដំរី​ស្រែក​ប្រឆាំង​ថា​ “នរណា​ថា​? តាមពិត​ដំរី​ដូច​ខ្សែពួរ​ទេតើ​!” ជន​ខ្វាក់​ម្នាក់ទៀត​ដែល​ស្ទាប​ចំ​ប្រមោយ​តប​វិញ​ភ្លាម​ថា​ “កុហក​! សត្វ​ដំរី​មាន​រាង​ឱ្យ​ទ្រលូ​ដូច​បំពង់​ឫស្សី​ទេ​។” អ្នក​ខ្វាក់​នៅ​ខាង​ត្រចៀកដំរី​ស្រែក​ឡើង​ថា​៖ “អញ​ថា​សត្វ​ដំរី​មាន​រាង​ដូច​ផ្លិត​!” មនុស្ស​ខ្វាក់​ទី៥យកដៃ​ស្ទាប​ពោះ​ដំរី​បណ្ដើរ​ អស់សំណើច​បណ្ដើរ​ ដោយ​និយាយ​ថា​ “ខុស​! ខុស​ទាំងអស់​! ការពិត​សត្វ​ដំរី​មាន​រាង​ដូច​ជញ្ជាំង​ព្រះវិហារ​។” មនុស្ស​ខ្វាក់​ទី៦​ ស្រែក​ជំទាស់​ទាំង​ដៃ​កំពុង​ស្ទាបអង្អែល​ភ្លុក​ដំរី​ចុះឡើង​ថា​៖ “បើ​មិនដឹងខ្យល់​អី​ទេ​ កុំ​ចេះតែ​និយាយ​ផ្ដេសផ្ដាស​! សត្វ​ដំរី​មាន​រាង​ដូច​ជា​ខ្សៀ​រ គ្រាន់តែ​វា​ធំជាង​ខ្សៀ​រប​ន្តិ​ចតែ​ប៉ុណ្ណោះ​។”

ពេលនោះ​មនុស្ស​ខ្វាក់​ទាំងនោះ​បាន​ប្រកែកគ្នា​ឡើង​តឹងសរសៃក​ ទោះជា​នរណា​ឃាត់​ក៏​មិន​ស្ដាប់​ដែរ​។ ពួកគេ​សុទ្ធតែ​និយាយ​ពី​ការពិត​អំពី​សត្វ​ដំរី​ ហេតុ​ម្តេច​ក៏​អ្នកដទៃ​និយាយ​ថា​មិនមែន​ជា​ការពិត​ទៅវិញ​?

គំនិត​ពិចារណា​៖

១. កាលណា​ខ្វះ​ហេតុផល​នៃ​ជ្រុង​ណាមួយ​ធ្វើ​ឱ្យ​ការវិនិច្ឆ័យ​ប្រាសចាក​ពី​ការពិត​។ បើ​ចំលើ​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​វិញ​នោះ​ គឺជា​ខុស​ធ្ងន់​ណាស់​។

២. ខ្វះ​អា​វយ​វៈ​ណាមួយ​នៃ​ផ្នែក​ខាងក្រៅ​ វា​គ្រាន់តែ​បង្ក​ភាព​លំបាក​ ឬការ​រំ​ខាន់​ក្នុង​ការរស់នៅ​ប៉ុណ្ណោះ​ តែបើ​ពិការ​ចិត្តគំនិត​ នោះ​ទើប​ជា​បញ្ហា​ និង​មានឈ្មោះ​ថា​ ពិការ​ពិតប្រាកដ​។

៣. អ្វី​ដែល​អ្នកចេះ​ អ្នកដឹង​ អ្នក​ផ្សេង​អាច​មិនដឹង​ ប៉ុន្តែ​អ្វី​ដែល​អ្នកដទៃ​ដឹង​ មិន​ប្រាកដ​ថា​អ្នក​អាច​យល់​ដូច​គេ​ដែរ​នោះ​ទេ​។ ក្នុង​មួយ​ជីវិត​មនុស្ស​គ្មាន​នរណា​ម្នាក់​ចេះ​ដឹង​សព្វ​នោះ​ទេ​។ អ្នកដឹង​ អ្នកចេះ​ អ្នក​យល់​ ក៏​ព្រោះតែ​គេ​បាន​ឆ្លងកាត់​ការ​ពិសោធ​ ឆ្លងកាត់​ការរៀនសូត្រ​ច្រើន​ក្នុង​ជីវិត​របស់​គេ​ ហើយក៏​នៅ​មិនទាន់​ចេះ​គ្រប់​ជ្រុង​ជ្រោយ​បាន​ដែរ​។

៤. ទោះ​អ្នកចេះដឹង​ប៉ុនណា​ក៏ដោយ​ ក៏​មិន​អាច​ដឹងសព្វ​គ្រប់​បញ្ហា​ដែរ​ ព្រោះ​ខួរក្បាល​ខ្លួន​យើង​ម្នាក់ឯង​ មិន​អាច​គិត​បាន​ស៊ីជម្រៅ​ស្មើនឹង​ខួរក្បាល​ច្រើន​គ្នា​នោះ​ឡើយ​។ ដូច្នេះ​មនុស្ស​ឆ្លាត​ គឺជា​បុគ្គល​ច្រានចោល​គំនិត​អវិជ្ជមាន​ ហើយ​ទទួលយក​គំនិត​វិជ្ជមាន​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​។

៥. ការ​ប្រកែកគ្នា​ដោយ​ប្រកាន់​ខ្ជាប់​ទស្សនៈ​ “អញនិយម​” មិនល្អ​គាប់ប្រសើរ​ឡើយ​ ក្នុង​ការរស់នៅ​។

​សៀវភៅ​ព្រះ​ត្រៃបិដក​ ភាគ៥២​ ចេញផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​ នៅត្រង់​ទំព័រ២៨៥​

Leave a Reply

Your email address will not be published. Required fields are marked *