មនុស្សពងមាន់ មនុស្សការ៉ុត មនុស្សកាហ្វេ

ជីវិតកើតមកត្រូវពើបប្រទះនឹងគ្រប់រសជាតិផ្អែម ប្រៃ ល្វីង ជូរចត់ ដែលទាមទារនូវការអត់ធ្មត់ខ្ពស់ បត់បែនខ្លាំងទៅតាមកាលៈទេសៈដើម្បីរស់បន្ត ក៏ដូចជាសម្រេចកិច្ចការតូចធំផ្សេងៗ។ ជាមួយគ្នានោះយើងមិនអាចខ្វះបានឡើយនូវទស្សនវិជ្ជាមួយចំនួនដើម្បីតម្រែតម្រង់ទិសជីវិតឱ្យមានភាពនឹងនរច្បាស់លាស់។

១. មនុស្សពងមាន់

ពងមាន់បើកាលណានៅឆៅ វាមានសារជាតិទន់រាវកក្លាក់នៅខាងក្នុង តែបើកាលណាត្រូវភ្លើងមានកម្ដៅខ្លាំងហើយ នោះវានឹងប្រែទៅជាកករឹងបន្តិចម្ដងៗ។

មនុស្សពងមាន់ សម្ដៅទៅមនុស្សទាំងឡាយណាដែលនៅក្នុងស្ថានភាពធម្មតា គឺមានអត្តចរិតទន់ភ្លន់ដូចស្ថានភាពពងមាន់ឆៅ តែបើកាលណាជួបនឹងបញ្ហាធំណាមួយ ក៏ស្រាប់តែមិនអាចទប់អារម្មណ៍ខ្លួនឯងបាន បែរជាក្ដៅឆេវមួរម៉ៅបញ្ចេញកំហឹង ប្រៀបដូចជាពងមាន់ឡើងរឹងពេលត្រូវកម្ដៅដោយគ្មានអ្វីអាចទប់បាន។

២. មនុស្សការ៉ុត

ធម្មជាតិរបស់ការ៉ុត គឺមានសភាពរឹង តែបើកាលណៅត្រូវទឹកក្ដៅហើយ វាក៏ប្រែជាផុយរលួយមួយរំពេច និងអាចបំផ្លាញបានយ៉ាងងាយ។

មនុស្សការ៉ុត គឺមិនខុសអីពីសភាវៈការ៉ុតដែរ ពោលគឺជាមនុស្សដែលក្នុងស្ថានភាពធម្មតា គឺមានលក្ខណៈរឹងប៉ឹងក្លាហាន មិនចេះខ្លាចអ្វី តែដល់ពេលណាបញ្ហា ឬឧបសគ្គធំៗចូលមកដល់ភ្លាមក៏ប្រែជាទន់ជ្រាយ ទន់ខ្សោយ ចាញ់ច្រាប បាក់កម្លាំងកំហែង និងស្មារតីទាំងស្រុង មិនខុសអីពីការ៉ុតពេលត្រូវទឹកក្ដៅ។

៣. មនុស្សកាហ្វេ

សារជាតិរបស់កាហ្វេ គឺមានក្លិនឈ្ងុយតិចៗ តែបើកាលណាត្រូវទឹកក្ដៅពុះគគុកហើយ ក្លិនកាហ្វេនឹងរឹងរឹតតែឈ្ងុយឈ្ងប់ខ្លាំងជាងមុនរាប់សិបដង។

ហេតុនេះមនុស្សកាហ្វេ គឺជាប្រភេទមនុស្សដែលនៅពេលស្ថានភាពធម្មតា គឺមានលក្ខណៈល្អប្រសើរធម្មតា តែនៅពេលដែលជួបបញ្ហា ឬឧបសគ្គកាន់តែធំ នោះគេនឹងរឹងរឹតតែបង្ហាញភាពរឹងប៉ឹង និងអស្ចារ្យកាន់តែខ្លាំងដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះ។

ជារួមដើម្បីក្លាយជាមនុស្សប្រកបដោយគុណសម្បត្តិ យើងគួរមានភាពទន់ភ្លន់តែកុំទន់ដូចពងមាន់ដែលប្រែជារឹងឆេវឆាវពេលជួបបញ្ហា ហើយគួរមានភាពរឹងមាំតែកុំរឹងដូចការ៉ុតដែលប្រែជាទន់ជ្រាយពេលជួបបញ្ហា។ យើងគួរធ្វើខ្លួនដូចកាហ្វេដែលមានសភាពឈ្ងុយឈ្ងប់ទាក់ចិត្តគេឯង ហើយពេលជួបបញ្ហាកាន់តែធំកាន់តែបង្ហាញភាពខ្លាំងរបស់ខ្លួនប្រៀបដូចកាហ្វេត្រូវទឹកកាន់តែក្ដៅកាន់តែឈ្ងុយ។

 

Leave a Reply

Your email address will not be published. Required fields are marked *