រឿងខ្លីនៃល្បើកឡាហ្វុងតែន៖ ព្រះពាយ និងព្រះអាទិត្យ

រឿងព្រះពាយ និងព្រះអាទិត្យ ជារឿងមួយនៃល្បើកឡាហ្វុងតែន ដែលប្រែសម្រួល និងរៀបរៀងដោយលោក ផេង ជ្រីវ ដោយរឿងនេះតំណាលថា៖

កាលណោះ ព្រះពាយ និងព្រះអាទិត្យបានភ្នាល់គ្នាដោយដាក់លក្ខខណ្ឌថា បើនរណាធ្វើឱ្យមនុស្សដែលកំពុងដើរទៀបជើងភ្នំដោះអាវ អ្នកនោះជាអ្នកឈ្នះ និយាយហើយ ព្រះពាយបានបក់បោកទៅលើខ្លួនបុរសនោះភ្លាម តែមិនឃើញបុរសនោះដោះអាវចេញពីខ្លួនឡើយ ខ្យល់បក់កាន់តែខ្លាំងឡើងដូចព្យុះ គឺហាក់ធ្វើឱ្យមនុស្សកាន់តែក្ដោបអាវយ៉ាងដូច្នោះដែរ ទោះខ្យល់បក់ប៉ើងទាំងខ្លួនក៏ដោយ

ចំណែក ព្រះអាទិត្យបានចេញភ្លែតពីពពក ហើយបញ្ចេញរស្មីចាំងទៅលើអ្នកដើរនោះសន្សឹម ម្តងបន្តិចៗ រហូតទាល់តែស្អាប់ស្អុះបរិយាកាស ដោយទ្រាំនឹងម្ដៅស្អុះស្អាប់មិនបាន បុរសនោះក៏ដោះអាវចេញពីខ្លួន បន្ទាប់ពីធ្វើឱ្យបុរសនោះដោះអាវចេញពីខ្លួនហើយ ព្រះអាទិត្យបន្លឺឡើងថា ព្រះពាយឯងឃើញទេ យើងមិនបានប្រើឫទ្ធិខ្លាំងក្លាម្លុគំរាមដូចជាព្រះពាយឯងនោះឡើយ យើងគ្រាន់តែនៅស្ងៀម បុរសនោះចុះចាញ់យើងដោយងាយ

តាមរយៈសាច់រឿងនេះ យើងអាចវិភាគបានថា ទោះក្នុងករណីណាក៏ដោយ ការអប់រំមនុស្សពុំគួរប្រើអំណាចគំរាមកំហែងឡើយ ព្រោះការអប់រំបែបនេះ អាចធ្វើឱ្យគេខឹង គុំគួនក្នុងចិត្ត ហើយជាលទ្ធផលអាចធ្វើឱ្យខកបំណង ដូច្នេះចូរបុគ្គលទាំងឡាយ ពុំគួរទម្លាប់ធ្វើការដោយប្រើកំហឹងទល់នឹងកំហល់ឱ្យសោះឡើយ តែផ្ទុយមកវិញ គេគួរធ្វើសន្សឹមដោយក្ដីអំណត់ព្យាយាម ហើយបើមិនចេះសូមកុំអួតអាងថា ខ្លួនចេះ ព្រោះអាចនាំមកនូវសេចក្ដីខ្មាសអៀនដល់ខ្លួនគ្រប់បែបយ៉ាង

Leave a Reply