រឿងខ្លីនៃល្បើកឡាហ្វុងតែន៖ អវយវៈ និងក្រពះ

មានរឿងជាច្រើនក្នុង ល្បើកឡាហ្វុងតែន (Les Fables Jean de La Fontaine) អានហើយគួរឲ្យជក់ចិត្ត ដែលប្រែសម្រួល រៀបរៀងដោយលោក ផេង ជ្រីវ ឆ្នាំ១៩៦២។ ក្នុងនោះមានរឿងមួយនិយាយពី “អវយវៈ និងក្រពះ” ដោយតំណាលថា៖

ពួកអវយវៈដៃជើង ទាំងប៉ុន្មាន សឹងអស់កម្លាំងតែរៀងខ្លួន ព្រោះធ្វើការផ្ដល់ប្រយោជន៍សម្រាប់តែក្រពះមួយប៉ុណ្ណោះ។ អវយវៈគិតសាមគ្គីគ្នា ចង់ធ្វើបែបអ្នកមានទ្រព្យម្ដង គឺកុំធ្វើអ្វីឲ្យសោះ យកតម្រាប់តាមក្រពះវិញ ។អវយវៈជំនុំគ្នាថា៖ “តែអត់ពីយើងកាលណា អាឯងមុខជាស៊ីខ្យល់ហើយ យើងធ្វើការបែកញើសហូរញើស ខំប្រឹងដូចជាសត្វពាហនៈ តើសម្រាប់អ្នកណា? មិនគឺសម្រាប់តែក្រពះម្នាក់ឯង យើងឈប់រវល់ឲ្យសោះការនឿយហត់របស់យើង បើសរុបសេចក្ដីទៅនៅត្រង់រកសម្រាប់តែវាម្នាក់ បើដូច្នេះ ចូរយើងរាល់គ្នាឈប់។”

ថាហើយ ឈប់ភ្លាម! ដៃលែងកាន់ការអ្វី ជើងឈប់ដើរទៅណាមកណា។

អវយវៈប្រាប់ក្រពះថា៖ “ចូរឯងរកស៊ីដោយខ្លួនឯងចុះ។”

រឿងនេះ គឺជាការភាន់ច្រឡំយ៉ាងធំ ដែលអវយវៈត្រូវតែមានសេចក្ដីក្ដៅក្រហាយស្ដាយក្រោយ។ មិនយូរប៉ុន្មាន ដៃជើងដួលស្តឹក រកកម្លាំងកំរើកគ្មាន ព្រោះពុំបានបង្កើតឈាមនៅបេះដូង ដើម្បីយកមកចិញ្ចឹមជើងដៃឲ្យមានកម្លាំង។ គ្រប់អវយវៈសិងកើតទុក្ខ ដ្បិតកម្លាំងទៅណាបាត់អស់ រកកំរើកមិនរួច។

ហេតុនេះហើយ ទើបពួកខ្លះ ដែលឃើញមនុស្សម្នាក់ដែលគេស្មានថាខ្ជិល ថាមិនជួយធ្វើការអ្វី ដើម្បីប្រយោជន៍ដល់មនុស្សទាំងឡាយ មនុស្សនោះតែងសំខាន់ជាងគេឯងទាំងអស់ទៅវិញក៏មាន។

Leave a Reply