រឿងខ្លីនៃប្រជុំនិទានជាតក៖ ភេពីររកសុីចូលគ្នា

យោងតាមសៀវភៅ​ប្រជុំ​និទាន​ជាតក ដែល​រៀប​រៀង​ដោយ​សិទ្ធត្ថបណ្ឌិត សុង ស៊ីវ ជាមួយ​នឹង​ព្រះមហា សំ សុខ សាស្រ្តាចារ្យ​សាលា​បាលី​វត្ត​លង្កា​ ទំព័រ​៨៥៩ មានរឿងមួយតំណាលថា៖

កាល​ពី​អតីត​កាល មាន​សត្វ​ភេ​ពីរ​ក្បាល​រក​ស៊ី​ចូល​គ្នា ភេ​មួយ​រក​ចាប់​ត្រី​តាម​មាត់​ច្រាំង ហើយ​ភេ​មួយ​មុជ​ចាប់​ត្រី​ក្នុង​ទឹក​ជ្រៅ​ ចាប់​បាន​ត្រី​ឆ្ពិន​ដ៏​ធំ​មួយ​បម្រុង​នឹង​ចែក​គ្នា ភេ​មួយ​ថា​អញ​មុជ​ទឹក​ជ្រៅ​ត្រូវ​បាន​ចំណែក​ខាង​ក្បាល ឯង​ត្រូវ​បាន​ខាង​កន្ទុយ។ ភេ​មួយ​ពុំ​យល់​ព្រម​កំពុង​តែ​អង្គុយ​ជជែក​គ្នា​ ភេ​ទាំង​ពីរ​បាន​ឃើញ​ចចក​ដើរ​តម្រង់​មក ក៏​និយាយ​អង្វរ​ថា​បពិត្រ​លោក​ធំ សូម​លោក​មេត្តា​ចែក​ត្រី​នេះ​ដល់​យើង​ខ្ញុំ​ផង​មើល៍…!

ចចក​និយាយ​ថា បើ​អ្នក​ទាំង​ពីរ​ឱ្យ​ខ្ញុំ​ធ្វើ​ជា​មេ​ចំណែក​ត្រូវ​តែ​ស្តាប់​បង្គាប់​ខ្ញុំ…។ ភេ​ទាំង​ពីរ​ក៏​យល់​ព្រម ហើយ​ប្រគល់​ត្រី​ឱ្យ​ទៅ​ចចក។​ ចចក​ទទួល​យក​ត្រី​មក​វាស់​កាត់​ជា​បី​កំណាត់ ហើយ​វាយ​ចំណែក​ដោយ​ពាក្យ​ថា អ្នក​ដើរ​តាម​មាត់​ច្រាំង​ត្រូវ​បាន​កន្ទុយ អ្នក​លុយ​ទឹក​ជ្រៅ​ត្រូវ​បាន​ក្បាល​ ឯ​សាច់​កណ្តាល​ត្រូវ​បាន​មក​ខ្ញុំ​ ជា​មេ​ចំណែក​។​ ចចក​កាត់​ក្ដី​រួច​ក៏​យក​ចំណែក​សាច់​កណ្តាល​ដើរ​ចេញ​ទៅ។ ភេ​ទាំង​ពីរ​ស្តាយ​ជា​ពន់​ពេក​បាន​ត្រឹម​តែ​ឈរ​មើល​មុខ​គ្នា​មិន​ដឹង​គិត​ធ្វើ​យ៉ាង​ណា។

តាម​រយៈសាច់​រឿង​នេះ អ្នកនិពន្ឋចង់​បង្ហាញ​ឱ្យ​ឃើញ​​ថា សង្គម​មនុស្ស​មិន​ខុស​ពី​សង្គម​សត្វ​ឡើយ តែង​តែ​ប្រខាំ​គ្នា​ដើម្បី​រស់ ឬ​ដើម្បី​ដណ្ដើម​ផល​ចំណេញ​គ្នា​។ ក៏​ប៉ុន្តែ​ប្រហែលជា​គេ​​មិន​ដឹង​ទេថា​ ផល​ចំណេញ​ពិត​ប្រាកដ​បាន​ទៅ​លើ​សត្វ​ចចក​ដែល​ដើរ​តួជា​អាជ្ញា​កណ្តាល​បាន​កេង​ផល​ប្រយោជន៍​ពី​លើ​ភេ​ទាំង​សង​ខាង​មិន​តិច​នោះ​ទេ។ ក្នុង​វេលា​ដែល​អ្នក​ប្រខាំ​គ្នា ដើម្បី​ផល​ប្រយោជន៍ ផល​ចំណេញ… អ្នក​ឈ្នះ​មិន​មែន​ជា​រូប​អ្នក​ទេ។ អ្នក​ឈ្នះ​ដែល​​ទទួល​បាន​ផល​ចំណេញ​ពិត​ប្រាកដ​បាន​ទៅ​លើ​បុគ្គល​ទី៣។

បើ​មនុស្ស​ពីរ​នាក់​គ្មាន​សេចក្តី​ទៀង​ត្រង់ កេង​ចំណេញ​ផល​ប្រយោជន៍ ដណ្ដើម​លាភ​គ្នា មិន​ថា​មិត្តភាព ​ទំនាក់ទំនង សូម្បី​​សុភមង្គល​​​ក៏​ត្រូវ​បាត់​បង់​ដែរ​។ ព្រោះ​​ពេល​វេលា​នៃ​ទំនាស់​ផល​ប្រយោជន៍​នោះ​​គ្មាន​​អ្នក​ឈ្នះ ហើយ​ក៏​គ្មាន​អ្នក​ចាញ់​ដែរ។ ដូច្នេះ​លទ្ធផល​ចុង​ក្រោយ​នៃ​ទំនាស់​មាន​តែ​ខាត​និង​ខាត​ ទ្រាំ​ដឹង​ហួស​ពេល​ទៅ​ហើយ​ ព្រោះ​ប្រយោជន៍​​នោះ​បាន​​ធ្លាក់​ទៅ​លើ​បុគ្គល​ចាំ​ទទួល​ផល។

អត្ថបទខាងក្រោមនេះ គឺជាវិធីសាស្រ្តចរចាប្រកបដោយប្រសិទ្ឋភាព ដែលអ្នកបន្តស្វែងយល់ ជាពិសេស យុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ៖ ភាគីទាំង២ ឬភាគីពាក់ព័ន្ធទទួលបានដំណោះស្រាយដែលពេញចិត្តទាំងអស់គ្នា។

ជំនាញចរចា៖ វិធីសាស្រ្តអភិវឌ្ឈន៏ជំនាញចរចាប្រកបដោយប្រសិទ្ឋភាព

 

Leave a Reply