តើអ្នកនឹងធ្វើដូចម្ដេចដើម្បីលក់ក្រាសសិតសក់ឱ្យព្រះសង្ឃ?

រឿងនេះត្រូវបានប្រែសម្រួលបន្តពីគេហទំព័របរទេសដូចតទៅ៖ មានបុគ្គលិក​ផ្នែកទីផ្សារ​​ ៣នាក់​បាន​ដាក់​ពាក្យ​សុំ​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​មួយ​។ ក្រោយការសម្ភាសន៍អ្នកទាំង៣ ត្រូវឆ្លងកាត់វិញ្ញា​សារ​ដ៏លំបាកមួយ គឺ​ “លក់​ក្រាស់​សិត​សក់​​ឲ្យ​ព្រះសង្ឃ” ហើយពួកគេ​មាន​រយៈពេល​តែបី​ថ្ងៃគត់​។ អ្នក​ដែល​លក់​បាន​ច្រើន​ជាង​គេ នឹង​ត្រូវជ្រើស​រើសធ្វើ​ជា​បុគ្គលិក​របស់​ក្រុម​ហ៊ុន​។

បន្ទាប់​ពី​ ៣ថ្ងៃ កន្លងផុតទៅ អ្នក​ទាំង​បី​បាន​ត្រលប់​មក​វិញ​ជាមួយ​លទ្ធផលប្លែកៗគ្នា​ដូច​ខាង​ក្រោម​៖

បេក្ខជនទី១ បាននិយាយថា “ខ្ញុំបានប្រកាសលក់ក្រាសសិតសក់តែ ព្រះសង្ឃ​មិន​សប្បាយ​ចិត្ត និង​​បាន​ស្តី​បន្ទោសឲ្យ​​​ខ្ញុំថា​​ខ្ញុំចំអកឱ្យពួកគាត់​។ ឃើញ​ស្ថាន​ភាព​បែប​នេះ ខ្ញុំ​ក៏​ឈប់​លក់​ ហើយ​ដើ​រ​ចេញ​ពី​ព្រះសង្ឃ​នោះ​ទៅ​។ ប៉ុន្តែ​នៅ​តាម​ផ្លូវ​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ឃើញ​នេន​តូច​ដែល​កំពុង​​​អេះ​​រមាស់​​​ស្បែក​ព្រះកេស ខ្ញុំ​ក៏​បាន​ណែនាំ​ឲ្យ​កូន​នេន​ទិញ​ក្រាស់​ទៅ ព្រោះ​អាច​ជួយ​​អេះ​រមាស់​គាត់​បាន ហើយ​លោកនេនក៏បាន​ទិញ​ក្រាស់​មួយ​។”

បេក្ខជនទី ២ បាននិយាយថា “ខ្ញុំធ្វើល្អប្រសើរជាង​អ្នក​​។ ខ្ញុំបានលក់ក្រាស់​ចំនួន ១០។” អ្នក​សម្ភាសន៍​ក៏សួរ​ទាំង​ភ្ញាក់​ផ្អើល​ថា “តើអ្នក​លក់​ដោយ​របៀប​ណា​?” បេក្ខជនទី២ តបថា “ខ្ញុំសង្កេតឃើញថា​អ្នក​ដែល​មក​កាន់​ព្រះ​វិហារ សក់​រញ៉េរញៃ​​គ្មាន​សណ្តាប់​ធ្នាប់​ ដោយសារតែខ្យល់ខ្លាំង​ពេល​ដែលពួកគេបានដើរមក​​ព្រះវិហារ។ ខ្ញុំក៏​បាន​បញ្ចុះ​បញ្ចូល​​ព្រះសង្ឃ​ឲ្យ​ទិញ​ក្រាស់​ទុក​ឱ្យភ្ញៀវ​ទុក​សិត​សក់​​ឲ្យ​មាន​របៀប​​ ដើម្បី​បង្ហាញ​ពី​ការ​គោរព​​ពេល​ថ្វើការ​បួង​សួង​។”

បេក្ខជនទី​៣ ឆ្លើយ​ថា “ខ្ញុំបានលក់ច្រើនជាងពួកគេទាំងពីរ។” អ្នក​សម្ភាសន៍​ក៏​សួរថា “តើអ្នក​លក់​បាន​ប៉ុន្មាន?​”

“លក់​បាន​​១០០០​ក្រាស់” បេក្ខជន​ទី​៣ តប។ “អូ! តើអ្នកបានធ្វើ​ដូចម្តេច?” អ្នក​​សំភាសន៍​សួរដោយចង់ដឹងខ្លាំង!​

“ខ្ញុំបានទៅប្រាសាទធំបំផុតមួយ ដែលលោក​ចៅ​អធិការនៅទីនេះ មាន​ការ​សន្ដោសខ្លាំង។ ខ្ញុំបានស្នើលោក​ចៅ​អធិការ​គួរ​តែ​ផ្តល់ជូន​បរិស័ទ​ទាំង​នោះ​នូវ​វត្ថុ​សក្តិសិទ្ធិ ឬ ពាក្យ​ជូន​ពរ​សម្រាប់​ពួកគេ​។ ខ្ញុំបានបង្ហាញគាត់​ថា ខ្ញុំមានក្រាស់​​ឈើដែលខ្ញុំបានឆ្លាក់ពាក្យជូន​ពរ និង ប្រាប់គាត់ថា បើប្រគេនក្រាសនេះទៅ ពួកបរិស័ទ​នឹងប្រើក្រាស់​នេះ​​រាល់ថ្ងៃ ដើម្បី​រំលឹក ឬ​បួង​សួង​សុំ​សេចក្តី​សុខ​​។ លោក​ចៅ​អធិការពេញ​ចិត្ត​​នឹង​គំនិតនេះ និងបាន​កម្ម៉ង់​ក្រាស់​ចំនួន ១០០០ ក្រាស់​។”

“អ្នកពិត​ជា​​សំណាងមែន​” បេក្ខជន​ម្នាក់បាន​និយាយ​!​

អ្នក​សម្ភាសសន៍​​តប​វិញ​ថា “មិនមែន​អញ្ចឹង​ទេ​។ គាត់មានផែន​ជាមុន​រួច​ស្រេច​ហើយ ដែល​គាត់​ឆ្លាក់​នៅ​លើ​ក្រាស់​មុន​នឹង​ទៅ​ជួប​ចៅ​អធិការ​។ បើ​ទោះជា​​ព្រះ​សង្ឃនៅវត្តនោះ​មិន​ត្រូវ​ការ​ក្រាស់ វត្តដទៃ​ប្រាកដ​ជា​ត្រូវ​ការ​។”

“មានជាច្រើនទៀត” បេក្ខជនទីបីបន្ត។ “ខ្ញុំបានត្រឡប់ទៅព្រះវិហារកាលពីម្សិលមិញ ជួប​ជា​មួយ​ចៅ​អធិការ​​​ ហើយលោកបាននិយាយថា ភ្ញៀវជាច្រើនបានប្រាប់មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេអំពី​ក្រាស់សិតសក់​ដែល​មាន​ពាក្យ​ជូន​ពរ​នោះទៀតផង។”

ឥឡូវនេះមនុស្សកាន់តែច្រើនមក​កាន់​វិហារ​​ជារៀងរាល់ថ្ងៃ ហើយអ្នក​ទាំង​នោះ​បានមកសុំទិញក្រាស់​​សិតសក់ និងបរិច្ចាគ​ដល់​វិហារ​វិញ​ផងដែរ។

ព្រះ​វិហារ​នេះ​មានការពេញនិយមច្រើនជាងមុន ហើយ​ចៅអធិការ​បាននិយាយថាក្រាស់​ដែល​កម្ម៉ុង់​លើក​មុន​ជិត​អស់​ហើយ ហើយ​នឹង​ត្រូវ​ការ​​កម្ម៉ុង់​បន្ថែម​ច្រើន​ទៀត​។

តម្លៃអប់រំ៖ បញ្ហាឬក៏កិច្ចការខ្លះ គ្រាន់តែឮភ្លាមក៏គួរឱ្យខ្លាចបាត់ទៅហើយ និងហាក់គ្មានសង្ឃឹមសូម្បីបន្តិច។ តួយ៉ាង មុនពេលយើងអានរឿងនេះ យើងប្រាកដជាសួរទៅវិញថា តើការលក់ក្រាសសិតសក់ឱ្យព្រះសង្ឃនេះជាការធ្វើតេស្ដចិត្តសាស្ដ្រឬយ៉ាងណា? តែតាមពិតវាជាបេសកកម្មជំនួញមួយដែលអាចទៅរួច។

បើអ្នកគិតឱ្យយូរបន្តិច អ្នកនឹងអាចគិតដូចបេក្ខជនទី១ ដែលអាចលក់ក្រាសឱ្យលោកនេនយកអេះក្បាល។ តែបើគិតឱ្យជ្រៅបន្តិចអ្នកអាចនឹកឃើញដូចបេក្ខជនទី ២ ដោយអាចលក់ក្រាសឱ្យព្រះសង្ឃដើម្បីប្រគេនបន្តដល់ពុទ្ធបរិស័ទសិតសក់សម្ដែងការគោរព។ ហើយបើអ្នកគិតកាន់តែជ្រៅទៀត អ្នកនឹងអាចនឹកគិតដល់វិធីដ៏អស្ចារ្យរបស់បេក្ខជនទី ៣ ដែលអាចបង្កើតជាទីផ្សារដ៏ធំនិងយូរអង្វែងមួយនៅក្នុងវត្តនោះ ដែលចំណេញដល់អ្នកដែលពាក់ព័ន្ធទាំងឡាយ។

នេះបង្ហាញថារាល់បញ្ហា បើទោះបីជាលំបាក​និងមើលទៅគួរឱ្យខ្លាចយ៉ាងណា ក៏មានច្រកចេញរបស់វាដែរ។ អ្វីដែលសំខាន់ស្ថិតត្រង់ថាយើងព្យាយាមរកច្រកចេញទេ? ព្យាយាមខ្លាំង និងដោយភាពវ័យឆ្លាតប៉ុណ្ណា? ប្រើពេលលើវាច្រើនប៉ុណ្ណា? និងមានភាពអត់ធ្មត់បត់បែនខ្លាំងប៉ុណ្ណា។

 

Leave a Reply