ចាយលុយមិនចេះគិត ជាធាតុពិតរបស់អ្នកក្រ

ទម្លាប់ចាយវាយ ជាអ្នកកំណត់ថា អ្នកណាជាអ្នកមាន ហើយអ្នកណាជាអ្នកក្រ។ អ្នកមាន និង​អ្នកក្រ ឲ្យតម្លៃលុយខុសគ្នា។ របៀបដែលពួកគេចាយលុយ ក៏ខុសគ្នាដែរ។

អ្នកមាន ចាយលុយដើម្បីបានអ្វីមួយមកវិញ។ អ្នកមានគិតពីប្រយោជន៍ជាមុន ហើយគ្រប់យ៉ាងដែលពួកគេធ្វើ ច្រើនតែជាផ្នែកមួយនៃផែនការជីវិត ឬផែនការអាជីវកម្មរបស់ពួកគេ។

អ្នកក្រ ចាយលុយដើម្បីបំពេញចំណង់មួយឆាវរបស់ខ្លួនឯង។ អ្នកក្រ ចាយលុយទាល់តែអស់ ទើបចាប់ផ្តើមរៀបចំផែនការ។ ពេលខ្លះ អ្នកក្រ ទាល់តែជាប់បំណុលសិន ទើបនឹកឃើញភ្ញាក់ខ្លួន។

ខ្ញុំដឹងថា លុយដែលយើងរកបាន ត្រូវតែចាយ ព្រោះបើរកមកមិនបានចាយ តើយើងរកមកធ្វើអ្វី? ប៉ុន្តែ យើងត្រូវដឹងពីមូលហេតុនៃការចាយរបស់យើងដែរ។​ យើងមិនអាចនឹកឃើញចាយក៏ចាយនោះទេ។

ខាងក្រោមនេះ ជា​ទម្លាប់ចាយលុយដែលជួយអ្នកទាំងអស់គ្នា​កុំឲ្យធ្លាក់ក្នុងបំណុលបាន
១ ចាយដោយមានហេតុផល
២ ចាយតាមអ្វីដែលបានគ្រោងទុក
៣ ចាយដើម្បីផលប្រយោជន៍អនាគត
៤ ចាយដើម្បីចំណេញពេលវេលា
៥ ចាយដើម្បីសម្រេចគោលដៅ។

ក្រៅពីនេះ យើងគួរតែដកឃ្លាមកគិតសិន។ ឧទាហរណ៍ ការចាយដើម្បីអួតគេ ឬការចាយព្រោះតែធុញមិនដឹងធ្វើអី ជាមូលហេតុដែលនាំឲ្យយើងបាត់លុយដោយមិនដឹងខ្លួន។​

ពេលខ្លះ យើងអាចមើលឃើញថា អ្នកមានចំណាយលុយទៅលើវត្ថុប្រើប្រាស់ថ្លៃ ឬចូលហាងទំនើបៗ ប៉ុន្តែខ្ញុំហ៊ានធានាថា រាល់ពេលដែលពួកគេចាយ ពួកគេសុទ្ធតែបានគិតរួចហើយ។ វាអាចជាផ្នែកមួយនៃផែនការរបស់គេក៏ថាបាន។

Leave a Reply