សម្តីដ៏មានន័យ១៥ឃ្លារបស់លោក បេនចាមីន ហ្វ្រេនឃ្លីន (Benjamin Franklin)

បេនយ៉ាមីន ហ្វ្រែងឃ្លីន (Benjamin Franklin) កើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៧០៦ នៅ​ក្នុង​ទីក្រុង​បូស្តុន សហរដ្ឋ​អាមេរិក ដែល​​ពេលនោះ នៅ​ជា​ដែនដី​អាណានិគម​មួយ​របស់​អង់គ្លេស ហើយ​​មិនទាន់​ចាប់កំណើត​ជា​រដ្ឋឯករាជ​មួយ​នៅឡើយ​នោះទេ។ លោកបានទទួលមរភាពនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៧៩០ នៅទីក្រុងហ្វីឡាដាព្យែរ រដ្ឋផេនសីលវ៉ានៀរ សហរដ្ឋអាមេរិក។

ថ្វីដ្បិត​តែ​មិនធ្លាប់​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក ក៏ប៉ុន្តែលោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ពីព្រោះ​លោក​ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​ទាំង ៧រូប ដែល​ជា​បិតា​ស្ថាបនិក​សហរដ្ឋ​អាមេរិក ព្រមទាំង​ជា​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​តាក់តែង​សេចក្តីប្រកាស​ឯករាជ្យ​របស់​អាមេរិក។

លើសពីនេះ​ទៅទៀត លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ក៏​ជា​អ្នក​វិទ្យាសាស្រ្ត​ដ៏​ល្បីល្បាញ​មួយរូបផងដែរ ដោយលោក​ត្រូវ​បាន​គេ​ចាត់បញ្ចូល​ទៅ​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត​​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅ​ក្នុងប្រវត្តិនៃ​ការ​រកឃើញ​ថាមពល​អគ្គិសនី ដែល​មនុស្ស​ជាតិ​យើង​​ប្រើប្រាស់​យ៉ាងទូលំទូលាយ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ខាងក្រោមនេះជាសម្តីដ៏មានខ្លឹមសារចំនួន១៥ឃ្លារបស់ បេនចាមីន ហ្វ្រែនឃ្លីន៖

១. អ្វីដែលចាប់ផ្តើមដោយអស្មិមានះ តែងតែបញ្ចប់វិញដោយភាពខ្មាស់អៀន។

២. បើអ្នកចង់ដឹងពីតម្លៃរបស់លុយ សាកល្បងទៅខ្ចីលុយគេសាកមើល ពីព្រោះថាអ្នកដែលទៅខ្ចីលុយគេទើបយល់ពីភាពជូរចត់។

៣. ធ្វើល្អប្រសើរជាងនិយាយល្អ។

៤. ធ្វើអ្វី ធ្វើឲ្យហើយ។ កុំទុកកិច្ចការដែលអាចធ្វើថ្ងៃនេះ ចាំធ្វើថ្ងៃស្អែក។

៥. ចូរគេងឲ្យបានលឿន ហើយក្រោកពីដេកឲ្យបានលឿន វានឹងធ្វើឲ្យយើងមានសុខភាពល្អ។

៦. អ្នកដែលពូកែខាងរកលេស គឺជាអ្នកដែលមិនពូកែខាងអ្វីៗផ្សេងទៀតនោះឡើយ។

៧. ភាពក្រីក្រមិនមានអ្វីគួរឲ្យខ្មាស់អៀននោះទេ ប៉ុន្តែអ្វីដែលគួរឲ្យខ្មាស់អៀននោះ គឺការខ្មាស់អៀនដោយគ្រាន់តែខ្លួនឯងជាអ្នកក្រ។

៨. តើអ្នកណាជាមនុស្សដែលមានសុភវិនិច្ឆ័យល្អ? គឺអ្នកដែលសិក្សាពីអ្នកនៅជុំវិញ។

៩. អ្នកដែលអត់ធ្មត់ ជាអ្នកដែលអាចសំរេចអ្វីៗដែលគេចង់បាន។

១០. អ្នកដែលចាត់ទុកថាលុយអាចធ្វើអ្វីៗបានទាំងអស់ គឺជាមនុស្សដែលអាចនឹងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីលុយ។

១១. ថាមពល និងភាពមិនរាថយ អាចគ្រប់គ្រងអ្វីទាំងអស់។

១២. អ្នកអាចនឹងពន្យាពេលធ្វើអ្វីមួយ ប៉ុន្តែពេលវេលានឹងមិនរង់ចាំអ្នកទេ។

១៣. ចូរកុំលាក់ចំនេះរបស់អ្នកធ្វើអ្វី ព្រោះវាគួត្រូវបានបង្កើតឡើងដើម្បីឲ្យយកទៅប្រើប្រាស់ និងចែករំលែកដល់អ្នកដ៏ទៃ។

១៤. ចូរកុំព្រួយបារម្ភពីអ្វីដែលប្រហែលជាមិនអាចនឹងកើតឡើង។

១៥. តើអ្នកស្រលាញ់ជីវិតទេ? បើសិនជាអ្នកស្រលាញ់ ចូរកុំចំណាយពេលវេលាឥតប្រយោជន៍ ព្រោះថាពេលវេលាជារាល់អ្វីៗ ដែលជីវិតរបស់យើងមាន។

 

មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ភោគ​សម្បត្តិ​ ដោយ Benjamin Franklin

 

Leave a Reply