សម្រង់ទស្សនៈចំនួន១១ឃ្លា របស់ នីកូឡាស ម៉ាគីយ៉ាវែល

នីកូឡា ម៉ាគីយ៉ាវែល (Nicolas Machiavel) កើត​នៅ​ថ្ងៃទី៣ ខែឧសភា ឆ្នាំ​១៤៦៩ នៅ​ហ្វ្លូរ៉ង់ (Florence) ប្រទេស​អ៊ីតាលី។ នៅ​ពេល​ដែល​ម៉ាគីយ៉ាវែល​ចាប់កំណើតឡើង អ៊ីតាលី​មិនទាន់​រួមគ្នា​​ជាប្រជាជាតិតែ​​មួយ​នៅឡើយទេ ដោយ​ត្រូវ​បែងចែក​ជា​បុរីរដ្ឋ​តូចៗ​ជាច្រើន (ហ្វ្លូរ៉ង់ វេនីស មីឡង់ ស៊ីស៊ីល…) ហើយ​បុរីរដ្ឋ​នីមួយៗ គឺ​ជា​គូប្រជែងនឹងគ្នា រហូត​ត្រូវ​ផ្ទុះជាសង្រ្គាម​ដ៏ធំ ដែល​គេ​ឲ្យឈ្មោះ​ថា “សង្រ្គាមអ៊ីតាលី” អូសបន្លាយ​ពេល​រហូតដល់​ទៅ​ជាង ៦០ឆ្នាំ (១៤៩៤-១៥៥៩) ហើយ​ដែល​ធ្វើ​ឲ្យ​អ៊ីតាលី​ត្រូវ​ក្លាយ​ជា​ទីតាំង​នៃ​ការ​ប្រជែង​អំណាច រវាង​មហាអំណាច​ក្បែរខាង គឺ​បារាំង អាល្លឺម៉ង់ និង​អេស្ប៉ាញ។

លោក បាននិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា « សម្ដេច  (The Prince ) » ដែលល្បីសុះសាយទូទាំងពិភពលោក។ លោក នីកូឡា ម៉ាគីយ៉ាវែល ត្រូវបានគេចាត់ទុកថាជាបិតាវិទ្យាសាស្ត្រនយោបាយសម័យទំនើប ហើយទស្សនៈរបស់លោកត្រូវបានគេយកទៅអនុវត្តយ៉ាងទូលំទូលាយទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្ន។

ម៉ាគីយ៉ាវែល​បាន​ធ្វើការ​ពន្យល់​ជាមុន​ថា អ្វី​ដែល​លោកសរសេរ​នៅ​ក្នុង​សៀវភៅ « Le Prince » នេះ គឺ​ផ្អែក​ទៅលើ​ទស្សនវិជ្ជា​របស់​អ្នក​ប្រាជ្ញ​​សម័យកាល​មុនៗ​ផង ព្រមទាំង​បូករួម​ជាមួយ​នឹង​បទពិសោធន៍​ជាក់ស្តែង​ដែល​លោក​បាន​ឆ្លងកាត់ និង​សង្កេតឃើញ នៅ​ក្នុង​អាជីព​ជា​អ្នក​នយោបាយ និង​ការទូត​នៅ​ហ្វ្លូរ៉ង់។ ក៏ប៉ុន្តែ ខុស​ពី​សំណេរ​ទស្សវិជ្ជា​មុនៗ​ដែល​ច្រើន​សរសេរ​ជា​លក្ខណៈ​អក្សរសាស្រ្ត វែងអន្លាយ​ ហើយ​ពោរពេញ​ទៅដោយ​ទស្សនាទាន​អរូបិយ សៀវភៅ « Le Prince » ត្រូវ​បាន​ម៉ាគីយ៉ាវែល​សរសេរ​​ដោយ​សាមញ្ញ​ ខ្លីៗ ក្នុងទម្រង់​ជា​ការ​ផ្តល់​គំនិត​សម្រាប់​យក​ទៅ​អនុវត្ត​ជាក់ស្តែង។

ខាងក្រោមនេះ គឺជាសម្រង់សម្តីដ៏មានអត្ថន័យសម្រាប់ពិចារណា៖

សត្វតោមិនអាចការពារខ្លួនវាពីអន្ទាក់នោះទេ ហើយសត្វកញ្ច្រៀងមិនអាចការពារខ្លួនវាពីការវាយប្រហារពីសត្វឆ្កែចចកបានដែរ។ ដូចនេះ ញ្ច្រោងត្រូវតាមដានអន្ទាក់ ហើយសត្វតោត្រូវបន្លាចសត្វឆ្កែចចក។

សុខចិត្តឲ្យគេខ្លាច ជាងឲ្យគេស្រលាញ់ ប្រសិនបើអ្នកមិនអាចធ្វើបានទាំងពីរ។

សញ្ញាណនៃភាពឆ្លាតវៃ គឺជាការដឹងខ្លួនពីភាពល្ងង់ខ្លៅរបស់ខ្លួនសិន។

វិធីសាស្រតែមួយគត់ដើម្បីដឹងពីភាពឆ្លាតវៃរបស់ចៅហ្វាយ អ្នកត្រូវសម្លឹងមើលកូនចៅជុំវិញសិន។

នៅទីណាដែលមានចំណង់ធំអស្ចារ្យហើយ ភាពលំបាកប៉ុណ្ណាក៏មិនអស្ចារ្យដែរ។

ជាទូទៅមនុស្សវាយតម្លៃរូបរាងខាងក្រៅជាជាងការពិត។

មនុស្សទាំងអស់សុទ្ធតែមានភ្នែក ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះចេះមើលឲ្យស៊ីជម្រៅ។

បើគ្មានទឹកឃ្មុំ ក៏គ្មានឃ្មុំនោះដែរ។

មនុស្សដែលចង់ឲ្យអ្នកដទៃគោរព ត្រូវតែដឹងពីរបៀបបញ្ជាគេសិន។

កុំចង់ឈ្នះដោយប្រើកម្លាំងបាយ នូវរឿងណាដែលអាចយកឈ្នះដោយប្រើល្បិចកល។

មិនមែនឋានៈទេដែលគោរពមនុស្ស ប៉ុន្តែមនុស្សនោះទេដែលឲ្យតម្លៃលើឋានៈ។

នីកូឡា ម៉ាគីយ៉ាវែល បាន​លាចាកលោក​នេះ​ទៅ ដោយ​បាន​បន្សល់ទុក​នូវ​កេរឈ្មោះ និង​ស្នាដៃ​​ដ៏​សំខាន់​ខាង​ផ្នែក​ទស្សនវិជ្ជា​នយោបាយ។ ទស្សនវិជ្ជា​នយោបាយ​ដែល​ពោរពេញ​ទៅដោយ​ភាព​ចម្រូងចម្រាស តែ​ជា​ទស្សនវិជ្ជា​ ដែល​មាន​ឥទ្ធិពល​ដ៏ខ្លាំង និង​យូរអង្វែង​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។


អត្ថបទទាក់ទង

គតិ៥ឃ្លា ពី ចន ឡក (John Locke) ទស្សនវិទូអង់គ្លេស ប្រកបដោយអត្ថន័យជ្រាលជ្រៅ

 

2 thoughts on “សម្រង់ទស្សនៈចំនួន១១ឃ្លា របស់ នីកូឡាស ម៉ាគីយ៉ាវែល

Leave a Reply