មេរោគ Covid19 បង្រៀនយើងឲ្យស្គាល់ពីទំនួលខុសត្រូវផ្ទាល់ខ្លួន

យុវវ័យជាច្រើនគិតថា ការគ្មានទំនួលខុសត្រូវ ជារឿងល្អ ព្រោះពួកគេអាចធ្វើអ្វីក៏បានតាមចិត្ត។​ អ្វីដែលពួកគេមិនបានគិតដល់នោះ គឺទំនួលខុសត្រូវដែលពួកគេមាន ក៏ជាឥទ្ធិពលដែលពួកគេមានដែរ។

ស្ថានភាព Covid19 បានបង្រៀនឲ្យយុវវ័យទាំងអស់មើលឃើញថា ទំនួលខុសត្រូវផ្ទាល់ខ្លួនអាចជួយទប់ស្កាត់មេរោគដ៏កាចសាហាវមួយបាន។ ទំនួលខុសត្រូវងាយៗ ដោយគ្រាន់តែលាងដៃ និងរក្សាចម្ងាយរវាងគ្នានិងគ្នា អាចជួយបញ្ចៀសការរាលដាលរបស់ Covid19 បាន។

បើយុវវ័យទាំងអស់ គិតថា ពួកគេនៅក្មេង មិនគួរទទួលខុសត្រូវក្នុងរឿងបែបនេះទេ នោះពិភពលោកទាំងមូលនឹងធ្លាក់ក្នុងកណ្តាប់ដៃរបស់ Covid19 បាត់ទៅហើយ។ ទំនួលខុសត្រូវរបស់មនុស្សម្នាក់ ផ្តល់ផលប្រយោជន៍ឲ្យម្ចាស់ខ្លួនផង និង​អ្នកនៅជុំវិញខ្លួនផង។

ទំនួលខុសត្រូវរបស់យើង ធ្វើឲ្យយើងមើលឃើញថា យើងជាផ្នែកមួយរបស់ពិភពលោកដ៏ធំនេះ។ មិនថាយើងធ្វើការអ្វីទេ ពិភពលោកនេះនៅតែទទួលឥទ្ធិពលពីយើងដដែល។

ខ្ញុំសាកលើកជាឧទាហរណ៍មួយនៅក្នុងសង្គមរបស់យើង។ មនុស្សម្នាក់ដែលបានចែករំលែកគន្លឹះក្នុងការរៀនសូត្ររបស់គាត់ អាចធ្វើឲ្យសិស្សជាច្រើននាក់ទទួលបានលទ្ធផលល្អក្នុងការសិក្សាបាន។ ការចែករំលែកចំណេះដឹង ក៏ជាទំនួលខុសត្រូវរបស់មនុស្សដែរ។

ខ្ញុំសង្ឃឹមថា បញ្ហាជម្ងឺនេះ អាចជួយឲ្យយើងមើលឃើញពីសារៈសំខាន់របស់ទំនួលខុសត្រូវផ្ទាល់ខ្លួន។ យើងមិនអាចរស់នៅដោយគ្មានទំនួលខុសត្រូវបានទេ ហេតុនេះ គួរតែរៀនទទួលយកវាម្តងបន្តិចៗ ដោយខ្លួនឯង។ សូមកុំភ្លេចថា ទំនួលខុសត្រូវខ្លះ អាចជួយជីវិតអ្នកដទៃបាន។

Leave a Reply