តើអ្វីទៅជាការគិតវិភាគ?

ការវិភាគ (Analysis) មានន័យថា ជាការបែងចែកបំបែកធាតុផ្សំនៃវត្ថុមួយ ឲ្យចេញជាផ្នែកៗ ដើម្បីសិក្សាស្វែងរកថាធ្វើមកពីអ្វីមានធាតុផ្សំអ្វី កើតឡើងមកបានយ៉ាងដូចម្តេចនិងជាប់ទាក់ទងបានយ៉ាងដូចម្តេច។ “Analysis” (ការវិភាគ) ជាពាក្យដើមមកពីភាសាក្រិកគឺ “Analuein”។ ពាក្យនេះមានន័យថា “បន្លាយ” ឬ “បំបែកចេញជាធាតុផ្សំផ្សេងៗ”។ នៅពេលយើងយកពាក្យថា “ការវិភាគ” មកផ្សំគ្នាជាមួយនឹង “ការគិត” នោះនឹងបានពាក្យថា “ការគិតវិភាគ”។ ដូចនេះមានអ្នកឯកទេស និងចិត្តវិទូជាច្រើនបានឲ្យនិយមន័យទៅលើពាក្យនេះខុសៗគ្នា ហើយខ្ញុំបានរួបរួមមកមានដូចខាងក្រោម៖

ភិនស្រ៊ី ច័ន្ទដួង (2002) ថា ការគិតវិភាគ ជាវិធីគិតបំបែកធាតុផ្សំ ឬលក្ខណៈវត្ថុផ្សេងៗ រឿងរ៉ាវ ឬហេតុការណ៍។ ការគិតនៅកម្រិតនេះត្រូវពឹងផ្នែកលើពុទ្ធិពាក់ព័ន្ធនឹងតថភាព ឬទិន្នន័យផ្នែកទ្រឹស្តី មកជាឧបករណ៍ក្នុងការវិភាគ។ ហេតុនេះទើបយើងអាចបកស្រាយថារឿងរ៉ាវ ឬហេតុការណ៍ផ្សេងៗ ទាំងនោះស្ថិតក្នុងស្ថានភាពណាហើយអាចប្រាប់បានថាមានទំនោរទៅក្នុងផ្លូវណា។

ក្រៀងសាក់ ចារើនវង្សសាក់ (2003) លើកឡើងថាការគិតវិភាគ គឺការបំបែកធាតុផ្សំនៃវត្ថុណាមួយ ចេញជាចំណែកៗ ដើម្បីស្វែងរកថា តើធ្វើមកពីអ្វីមានធាតុផ្សំអ្វីខ្លះកើតឡើងមកបានយ៉ាងដូចម្តេច និងជាប់ទាក់ទងគ្នាយ៉ាងណា។ ក្រោយពីនេះនៅមានលើកឡើងនូវយោបល់ពាក់ព័ន្ធនឹងអត្ថន័យ នៃការគិតវិភាគជាច្រើននិយមន័យទៀតដូចជា៖

1. ការគិតវិភាគ សំដៅការគិតដើម្បីរកហេតុផលនិងរកផលនៃវត្ថុដែលនៅមិនទាន់ប្រាកដជាក់លាក់ជាបញ្ហានិងជាចំណុចគួរឲ្យសង្ស័យ។ លំនាំការគិតវិភាគ បានរួមផ្សំការគិតបែបផ្សេងៗរួមគ្នាដូចជាការគិតបែបវិនិច្ឆ័យ ជាការគិតដែលមានរបៀបរបប និងមានដំណាក់កាលដែលនិងជួយឲ្យការស្វែងរកទិន្នន័យរួមនឹងការវិនិច្ឆ័យ ហើយនាំមកវិភាគជាបន្ត។

2. ការគិតវិភាគ ប្រៀបដូចជាការឃើញលទ្ធផលនៃវត្ថុមួយចំនួន តែមិនទាន់សន្និដ្ឋានភ្លាមៗថា កើតពីមូលហេតុអ្វី មានធាតុផ្សំណាមានប្រភពយ៉ាងដូចម្តេច។ ប៉ុន្តែត្រូវព្យាយាមរកការពិតដែលត្រឹមត្រូវជាមុនសិនថា លទ្ធផលលេចដែលយើងឃើញនោះកើតពីមូលហេតុពិតគឺអ្វី។ ដោយមកពីសម្មតិកម្មដែលថាគ្រប់យ៉ាងដែលកើតឡើងមកនោះតែងមានដើម មានហេតុមានផលនិងមានធាតុផ្សំតូចៗបង្កប់នៅខាងក្នុង ដែលអាចស៊ីចង្វាក់ ឬត្រូវគ្នានឹងអ្វីដែលស្តែងនៅខាងក្នុង។ ដូច្នេះការចង់យល់ពីស្ថានភាពពិត គឺចាំបាច់ត្រូវតែមានការវិភាគ ដើម្បីឆ្លើយតបសំណួរដែលថារបស់នេះជាអ្វីព្រោះហេតុអ្វីទើបបានជាដូច្នេះ មុននឹងសរុបសេចក្តីមួយចំនួនដែលពាក់ព័ន្ធនឹងរឿងនោះ។

3. ការគិតវិភាគ សំដៅទៅដល់ការបំបែកធាតុផ្សំផ្សេងៗនៃវត្ថុណាមួយ ឬរឿងណាមួយ ហើយរកសម្ពន្ធភាពលើហេតុផលរវាងធាតុផ្សំទាំងនោះដែលកើតឡើង។

4. ការគិតវិភាគ ជាការគិតដែលនាំទៅដល់ការសម្រេចចិត្ត ហើយការស្ទង់មើលរឿងណាក៏ដោយចាំបាច់ត្រូវមានការគិតវិភាគចូលមកជួយ។ ការគិតវិភាគគ្របដណ្តប់គ្រប់រឿងដែលចូលមកប្រសព្វជីវិតប្រចាំថ្ងៃ។ មុននឹងសម្រេចចិត្តចំពោះរឿងណាមួយយើងចាំបាច់ត្រូវយល់ពីរឿងនោះ និងត្រូវដឹងពីដើមហេតុ និងដឹងពីផលល្អផលអាក្រក់ជានិច្ច។ បញ្ហាទាំងនេះតែងជួយយើងឲ្យសម្រេចចិត្តបានកាន់តែត្រឹមត្រូវនិងសមស្រប។ ការគិតវិភាគចំពោះរឿងនីមួយៗ គឺខុសប្លែកពីគ្នាអាស្រ័យទៅតាមគោលបំណងនៃរឿងដែលវិភាគ។ លំដាប់ថ្នាក់ការគិតវិភាគមានភាពខុសប្លែកគ្នាក្នុងលក្ខណៈលម្អិតទៅតាមគោលការណ៍ការវិភាគ ហើយមានរបស់ដែលដូចគ្នានោះ គឺការបំបែកទិន្នន័យនោះចេញជាចំណែកៗ និងការរកសម្ពន្ធភាពផ្នែកហេតុផលឲ្យដល់បញ្ហាដែលកើតឡើង។

ឌឺវេយ៍ (Dewy. 1933) បានផ្តល់និយមន័យនៃការគិតវិភាគថា ជាការសំដៅទៅដល់ការគិត ប្រកបដោយការពិចារណាត្រិះរិះ។ គាត់បានរៀបរាប់បីព្រំដែននៃការគិតវិភាគថា ជាការគិតដែលផ្តើមពីស្ថានការណ៍ដែលមានភាពលំបាកហើយបាត់បង់ទៅវិញដោយស្ថានការណ៍ដែលមានភាពជាក់ច្បាស់។

ប្លូម (Bloom. 1956) បានផ្តល់និយមន័យការគិតវិភាគថា ជាសមត្ថភាពក្នុងការបំបែក ដើម្បីរកចំនែកតូចៗនៃហេតុការណ៍ រឿងរ៉ាវ ឬខ្លឹមសារផ្សេងៗថា រួមទៅដោយអ្វី មានភាពសំខាន់យ៉ាងដូចម្តេច អ្វីជាហេតុ អ្វីជាផលហើយដែលក្លាយជាបែបនេះ គឺអាស្រ័យទៅលើគោលការណ៍អ្វី។

រ៉ូសសែល (Russel. 1956) បានផ្តល់និយមន័យនៃការគិតវិភាគថា ជាការគិតដើម្បីដោះស្រាយបញ្ហាមួយប្រភេទ ដោយអ្នកគិតត្រូវប្រើការពិចារណាសម្រេចចិត្តចំពោះរឿងរ៉ាវផ្សេងៗថា យល់ស្រប ឬមិនយល់ស្រប។ ហេតុនេះទើបការគិតវិភាគ ជាលំនាំវាស់ស្ទង់ ឬការចាត់ក្រុម ដោយអាស្រ័យលើលក្ខខណ្ឌដែលធ្លាប់ទទួលស្គាល់រួមគ្នាមកតាំងពីមុន រួចហើយសរុបឬពិចារណាសម្រេចចិត្ត។

ហ្គូត (Good. 1956) បានផ្តល់និយមន័យការគិតវិភាគថា ជាការគិតយ៉ាងហ្មត់ចត់ទៅតាមគោលការណ៍នៃការវាយតម្លៃនិងមានមូលដ្ឋានអំណះអំណាង ដើម្បីរកសេចក្តីសន្និដ្ឋានដែលអាចទៅរួចរហូតទៅដល់ការពិចារណាពីធាតុផ្សំដែលពាក់ព័ន្ធទាំងអស់ ហើយប្រើវិធីសាស្រ្តតក្កវិជ្ជាបានយ៉ាងត្រឹមត្រូវនិងសមហេតុសមផល។

ហានណា និង ម៉ៃឃើលីស (Hannah and Michaelis. 1977) ផ្តល់និយមន័យនៃការគិតវិភាគថា ជាសមត្ថភាពក្នុងការបំបែកផ្នែកតូចៗនៃវត្ថុនានា ដើម្បីមើលនូវភាពសំខាន់ សម្ពន្ធភាព និងគោលការណ៍នៃភាពអាចទៅរួច។

ផ្តើមចេញពីអ្វីបានលើកឡើងខាងលើ យើងអាចសរុបនិយមន័យនៃការគិតវិភាគបានថា ជាសមត្ថភាពបំបែកផ្នែកតូចៗនៃហេតុការណ៍ រឿងរ៉ាវ ឬខ្លឹមសារផ្សេងៗថា រួមផ្សំដោយអ្វី មានគោលដៅ និងគោលបំណងបែបណា ហើយផ្នែកតូចៗដែលសំខាន់នោះហេតុការណ៍នីមួយៗពាក់ព័ន្ធគ្នាយ៉ាងដូចម្តេចខ្លះ ព្រមទាំងពាក់ព័ន្ធគ្នាដោយអាស្រ័យលើគោលការណ៍ណា។ លំនាំនេះគឺដើម្បីឲ្យមានភាពជាក់ច្បាស់និងភាពយល់ច្បាស់ រហូតអាចនាំទៅដល់ការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ និងសមស្រប។

ប្រភព៖ Mindbook


ភាពឆ្លាតវៃ ទាំង៨ ដោយ ហ្គាដណ័រ ឬ Gardner’s Theory of Multiple Intelligences

 

One thought on “តើអ្វីទៅជាការគិតវិភាគ?

Leave a Reply