បុរសម្នាក់ និងថូប្រេះស្រាំ

បុរសចំណាស់ជនជាតិចិនម្នាក់មានថូពីរធ្វើពីដីឥដ្ឋដែលគាត់ប្រើសម្រាប់រែកទឹកជារៀងរាល់ថ្ងៃ។ ថូមួយមានសភាពប្រេះស្រាំ ហើយថូមួយទៀតមានលក្ខណៈល្អដែលអាចផ្ទុកទឹកបានពេញ។ ក្នុងពេលរែកទឹកចម្ងាយឆ្ងាយពីអូរមកដល់ផ្ទះវិញ ថូដែលប្រេះស្រាំអាចនៅសេសសល់ទឹកតែពាក់កណ្តាលប៉ុណ្ណោះ។
.
បុរសចំណាស់រែកទឹកបែបនេះជារៀងរាល់ថ្ងៃរយៈពេល២ឆ្នាំ ដោយយកទឹកមកដល់ផ្ទះតែមួយថូកន្លះប៉ុណ្ណោះ។ ជាការពិត ថូល្អមានមោទនភាពចំពោះសមិទ្ធផលរបស់ខ្លួន។ ប៉ុន្តែ ថូប្រេះស្រាំមានការអៀនខ្មាស់ចំពោះភាពមិនល្អឥតខ្ចោះរបស់ខ្លួន ហើយមានអារម្មណ៍អាណិតអាសូរខ្លួនឯង ដែលអាចយកទឹកបានតែពាក់កណ្តាល។
បន្ទាប់ពីរយៈពេល២ឆ្នាំនេះ ថូប្រេះស្រាំចាត់ទុកថាជាការបរាជ័យដ៏ជូរចត់របស់ខ្លួន ហើយបាននិយាយទៅកាន់បុរសចំណាស់ថា «ខ្ញុំមានការអៀនខ្មាស់ ដោយហេតុថាស្នាមប្រេះផ្នែកខាងខ្ញុំធ្វើឱ្យទឹក ជ្រាបចេញ នៅពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ។»
.
បុរសចំណាស់ញញឹមរួចនិយាយថា «តើឯងបានសង្កេត ឃើញទេថា មានផ្កានៅតាមដងផ្លូវផ្នែកខាងឯង ប៉ុន្តែគ្មានផ្កាទេ នៅតាមដងផ្លូវផ្នែកខាងថូមួយទៀត?»។ «នេះក៏ព្រោះតែខ្ញុំ ដឹងថាថូឯងមានស្នាមប្រេះ ដូច្នេះខ្ញុំព្រួសពូជផ្កានៅតាមដងផ្លូវ ផ្នែកខាងថូឯង ហើយជារៀងរាល់ថ្ងៃនៅពេលខ្ញុំរែកទឹកត្រឡប់មកផ្ទះវិញ ថូឯងបានស្រោចលើផ្កាទាំងនោះជារៀងរាល់ថ្ងៃ»។ «រយៈពេល២ឆ្នាំនេះ ខ្ញុំបានបេះផ្កាដ៏ស្រស់ស្អាតទាំងនោះមកតែងលម្អលើតុ។ បើគ្មានថូប្រេះស្រាំដូចជាឯងទេ ក៏គ្មានភាពស្រស់ស្អាត ដើម្បីលម្អផ្ទះនោះទេ។»
.
យើងម្នាក់ៗមានចំណុចខ្វះខាតដោយឡែកពីគ្នារៀងៗខ្លួន។ ប៉ុន្តែ គឺចំណុចខ្វះខាតទាំងអស់ដែលយើងរាល់គ្នាមាននោះ ហើយដែលធ្វើឱ្យជីវិតយើងទាំងអស់គ្នារស់នៅជុំគ្នា គួរឱ្យចាប់អារម្មណ៍ និងរីកចម្រើនបែបនេះ។ អ្នកត្រូវតែទទួលយក មនុស្សម្នាក់ ក្នុងនាមគេជាខ្លួនគេ ហើយស្វែងរកចំណុចល្អ ដែលគេទាំងនោះមាន។
.
Osho៖ «ភ្លក់​រសជាតិ​បទពិសោធន៍​ជីវិត​នៅ​ក្នុង​របៀប​ទាំងអស់​ដែល​អាច​ទៅ​រួច មិន​ថា​ជា​ល្អ​អាក្រក់ ល្វីង​ផ្អែម ងងឹត​ភ្លឺ រដូវ​ក្ដៅ​រដូវ​រងា។ ឆ្លងកាត់​នូវ​រាល់ភាពអាប់អួរ​ទាំងអស់។ កុំ​ភ័យខ្លាច​នឹង​បទពិសោធន៍ ពី​ព្រោះ​បើ​អ្នក​មាន​បទពិសោធន៍​កាន់តែ​ច្រើន អ្នក​នឹង​កាន់តែ​ចាស់ទុំ។»
.
សូមជូនចំពោះមិត្តភក្តិបងប្អូនជាថូប្រេះស្រាំទាំងឡាយសំណាងល្អ! ហើយកុំភ្លេចស្រង់ក្លិនផ្កានៅតាមដងផ្លូវដែលអ្នកធ្វើដំណើរផង…

Leave a Reply