រឿងខ្លី៖ ឆ្កែរកសុីតាមផ្សារ

យោងតាមសៀវភៅរឿង​ព្រេង​ខ្មែរ​លើ ដោយ កែវ ណារុំ ទំព័រ​១៥-១៦ បោះពុម្ភ ឆ្នាំ២០១១ មានរឿងមួយតំណាលថា៖

ជារៀង​រាល់ ថ្ងៃ​មាន​ឆ្កែ១​ក្បាល​តែង​ដើរ​រក​ស៊ី​តាម​ផ្សារ​ជាប្រក្រតី។ ចៃដន្យ ថ្ងៃ​មួយ​វា​ដើរ​កាត់​តាម​ភូមិ ក៏​ប្រទះ​ឃើញ​សាច់​មួយ​ដុំ​ធំ​ដែល​គេ​ចង​ព្យួរ​នៅ​នឹង​ជញ្ជាំង​ផ្ទះ។ ពេល​នោះ​វា​លួច​ត្របាក់​ទាញ​សាច់ ហើយ​រត់​យ៉ាង​លឿនគេចពីម្ចាស់​ផ្ទះ។ ដោយ​ភ័យ​ខ្លាច​គេ​ឃើញ​ដេញវា​ទាន់ វា​ក៏​រត់​តាម​ស្ពាន​មួយ​​ដើម្បី​យក​ទៅ​ឆី​នៅ​ឯ​ព្រៃ​ត្រើយម្ខាង។

កំពុង​តែ​រត់​ឆ្លង​ស្ពាន ស្រាប់តែ​វា​ឃើញ​ស្រមោល​ខ្លួន​ឯង​ឆ្លុះចាំងពី​ផ្ទៃ​ទឹក​នោះ វាយ​ល់ថា ឆ្កែ​ដែល​នៅ​ក្នុង​ទឹក​នោះ​ពាំ​សាច់​ធំ​ជាង​សាច់​របស់​ខ្លួន វា​ក៏​ខ្ជាក់​សាច់​ពាំ​ចោល ហើយ​លោត​ទៅ​តាម​ស្រមោល​ដើម្បី​ដណ្ដើម​យក​សាច់​ដែល​ធំ​ជាង។ ពេល​លោត​ទៅ​ដល់​ទឹក វាខំ​ប្រឹង​រាវរក​មិន​ឃើញ​សោះ ហើយ​ថែម​ទាំង​ឈ្លក់​ទឹក​ស្ទើរផុតដង្ហើម​ទៀត។ ទន្ទឹម​នោះ​វា​ក៏​ងាករក​សាច់​ដែល​បាន​ទម្លាក់​ចោល​នោះ​ក៏​មិន​ឃើញ តែបែរជាឮ​សំឡេង​ក្អែកស្រែក​ដណ្ដើម​​គ្នា​ស៊ី​សាច់​របស់​វា​ទៅ​វិញ។

ឆ្កែ​នោះ​ក៏​ត្រដរ​ដោយ​ដង្ហក់​ឡើង​មកលើ​គោក រួ​ចក្រាប​ចុះ​នាមាត់​ទឹក​ដោយ​ក្ដីហេវហត់​អស់​កម្លាំង និង​យ៉ាង​អស់​សង្ឃឹម​សម្លឹង​ទៅ​រកហ្វូងក្អែក ហើយ​ស្រក់​ទឹក​មាត់​ដោយ​សេចក្ដី​ស្រេកឃ្លាន។

Leave a Reply