អ្នកមាន គ្រូហុងស៊ុយ និងដើមគូលែន

អ្នកមានម្នាក់បានទិញដីមួយកន្លែង ហើយក៏បានសាងសងភូមិគ្រឹះដ៏ស្គឹមស្កៃសម្រាប់រស់នៅ ឯនៅក្រោយភូមិគ្រឹះវិញមានដើមគូលែនមួយដើម ដែលមានអាយុមិនតិចជាងរយឆ្នាំឡើយ។
.
តាមពិតទៅដំបូងឡើយដែលជម្រុញឲ្យគាត់ទិញដីនេះ ព្រោះតែដើមគូលែននៅទីនេះឯង ព្រោះតែប្រពន្ធគាត់ចូលចិត្តហូបផ្លែគូលែនជាពិសេស។ ភូមិគ្រឹះកំពុងសាងសង មិត្តរបស់គាត់ក៏បានណែនាំឲ្យគាត់ទៅអញ្ជើញលោកគ្រូព្រឹទ្ធិចារ្យមកជួយមើលហុងស៊ុយទីនេះ ដោយគាត់មិនសូវជាមានជំនឿទៅលើផ្លូវងងឹតអស់ទាំងនេះ តែក៏មិនអាចនឹងល្មើសបានផងនោះ គាត់ក៏យល់ស្របនឹងគំនិតរបស់មិត្តគាត់ ហើយគាត់ក៏បានបើកឡានដោយផ្ទាល់ទៅកាន់រត់ភ្លើងមួយខ្សែនៃប្រទេសហុងកុង ដើម្បីអញ្ជើញលោកព្រឹទ្ធិចារ្យដ៏ល្បីម្នាក់ត្រកូល តឺ ដែលព្រឹទ្ធិចារ្យបានមើលហុងស៊ុយនេះអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។
.
ក្រោយពីទទួលលោកព្រឹទ្ធិចារ្យឯរត់ភ្លើងមកពិសារអាហារថ្ងៃត្រង់រួចហើយនោះ លោកក៏បានបើកឡានជូនលោកព្រឹទ្ធិចារ្យតម្រង់ទៅភូមិគ្រឹះគាត់។
នៅតាមផ្លូវទៅភូមិគ្រឹះ មានឡានវ៉ាឡានលោក លោកក៏បានអែបទៅកៀនបន្តិចដើម្បីឲ្យឡានដទៃនោះទៅមុន។ លោកព្រឹទ្ធិចារ្យបានឃើញបែបនោះក៏សើចរួចពោលដោយសង្កេតមើលបានបន្តិច « បើកឡានប្រញាប់គួរសម» លោកអ្នកមានលឺដូចនោះក៏បានសើចហាហារួចពោលបន្ត « អ្នកវ៉ានោះប្រាកដជាមានរឿងអ្វីមួយបន្ទាន់ហើយ យើងកុំទៅយល់ច្រឡំលើពួកគាត់អី។»
.
បើកបររហូតដល់ផ្លូវផ្សារមួយកន្លែង លោកអ្នកមានយើងក៏បានបន្ថយល្បឿនឡានរបស់គាត់ ហើយនៅសុខៗក៏មានក្មេងតូចម្នាក់សើចសប្បាយរត់លេងចេញពីផ្លូវលំតូចមួយ លោកក៏បានចាប់ហ្រ្វាំងអែបឡានឲ្យកុមារនោះឆ្លងដោយសុវត្ថិភាព ក្រោយពីកុមារតូចនោះឆ្លងផុត លោកក៏មិនទាន់បានជាន់ហ្គែសទៅមុខឡើយ រឹតតែខំសម្លឹងទៅកាន់ផ្លូវលំនោះដូចកំពុងតែរង់ចាំអ្វីមួយ… រំពេចនោះ ក៏មានក្មេងតូចម្នាក់ទៀតរត់ចេញមក ដេញតាមកុមារតូចដែលរត់មុននេះ ដោយឃើញក្មេងៗរត់ឆ្ងាយហើយនោះ។
.
លោកព្រឹទ្ធិចារ្យមានការភ្ញាក់ផ្អើលក៏បានសួរនាំ៖ «ម៉េចក៏លោកដឹងថានៅក្នុងផ្លូវលំនោះនៅមានកុមារទៀតនោះ?» លោកក៏បានលើកស្មាឡើងបន្តិច រួចពោលទាំងគួរសមថា៖ «ក្មេងតែងតែរត់ទៅរត់មក ដេញចាប់គ្នាបែបនេះឯង តែសំខាន់បើរត់តែម្នាក់ឯងនោះក្មេងតូចនោះពិតជាមិនអាចសើចដោយសប្បាយរីករាយបែបនោះទេ។» លោកព្រឹទ្ធិចារ្យក៏បានលើកមេដៃឡើង រួចពោលលាយសើច៖ «ពិតជាមានទឹកចិត្តមែន »។
.
មកដល់ភូមិគ្រឹះ ទើបតែចុះពីឡាន រួចទាញសោរប្រុងបើកទ្វារចូល ក៏មានចាបមួយហ្វូងប្រម៉ាន់ ៧ ទៅ ៨ក្បាលបានផ្អើលហោះចេញពីក្រោយភូមិគ្រឹះ រំពេចនោះលោកអ្នកមានក៏បានផ្អាកដំណើរឯមាត់ទ្វារ រួចក៏បានសុំការអភ័យទោសពីលោកព្រឹទ្ធិចារ្យដោយមានប្រសាន៍៖ «សុំរំខានលោកព្រឹទ្ធិចារ្យរង់ចាំបន្តិចសិន»។ លោកព្រឹទ្ធិចារ្យក៏បានសួរទាំងភ្ញាក់ផ្អើលម្តងទៀតថា៖ «តើមានបញ្ហាអ្វីឬ?» លោកក៏បានពោលតបដោយញញឹម៖ «នៅឯក្រោយភូមិគ្រឹះប្រាកដជាមានក្មេងកំពុងតែលួចបេះផ្លែគូលែនខ្ញុំហើយ បើពួកយើងសម្រុកចូលទៅបែបនេះ ក្មេងៗប្រាកដជាភ័យស្លន់ស្លោរ មិនប្រាកដអាចបណ្តាលឲ្យធ្លាក់ពីដើមឈើនោះពិតមិនល្អឡើយ ឲ្យពួកគាត់នៅបេះបន្តិចតិចសិនចុះ ពួកយើងដើរមើលខាងក្រៅសិនទៅ។»
.
ភ្លាមនោះលោកព្រឹទ្ធិចារ្យក៏បានពោលឡើង៖ «លោកឯងជូនខ្ញុំទៅចំណតរត់ភ្លើងវិញចុះ ឯហុងស៊ុយនៃភូមិគ្រឹះនេះមិនចាំបាច់មើលទេ។ » ម្តងនេះដល់វេនលោកអ្នកមានយើងមានការភ្ញាក់ផ្អើលវិញហើយ៖ « អត់ទោសលោកព្រឹទ្ធិចារ្យ??? »
.
«ពិតណាស់លោក មិនថាទីណាឡើយឲ្យតែមានលោកនៅ គឺសុទ្ធតែជាហុងស៊ុយប្រពៃទាំងអស់… »
.
រឿងមួយនេះគឺជារឿងនិទានមួយដ៏ពិតប្រាកដ ដែលចង់បញ្ជាក់ហុងស៊ុយរបស់មនុស្សម្នាក់ៗគឺស្តែងចេញពីទង្វើខ្លួនយើង ហើយក៏ជាវាសនាមួយ ដែលមិនប្រកាន់ពីវណ្ណៈ ចេះគោរពផ្តល់តម្លៃឲ្យអ្នកដទៃ និងការខិតខំដោយខ្លួនឯង ទើបអាចទទួលបាននូវផលល្អបែបនេះ។

Leave a Reply