សុភាសិតខ្មែរចំនួន ២២ឃ្លា ដែលផ្តើមដោយអក្សរ “ឃ”

សុភាសិតមានន័យថា ជាពាក្យដែលគេបានសរសេរ ឬនិយាយជាឃ្លា ឬជាល្បះខ្លីៗអំពីចរិយារបស់មនុស្ស សភាវៈរបស់សត្វ និងសភាពពិតរបស់ធម្មជាតិប្រកបដោយវាចារពីរោះជាប់ចិត្ត និងបង្កប់អត្ថន័យខ្លឹមសារដ៏ជ្រាលជ្រៅ ខាងការអប់រំដល់មហាជនឲ្យលោកអនុវត្តតាម ឬជៀសវាងឲ្យឆ្ងាយ ឬក៏បានជាការពិចារណា។ ខាងក្រោមនេះ គឺជាសុភាសិតខ្មែរចំនួន ២២ឃ្លា ដែលផ្តើមដោយអក្សរ “” ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្តេច​ ជួន ណាត

១. ឃាត់​កំហឹង​ដោយ​ប្រឹង​អត់​អោន​បាន​ ឃាត់​ពាល​សាមាន្យ​ដោយ​អាជ្ញា​បុគ្គល​ ឃាត់​ចិត្ត​ចាក​ទោសា ប្រសើរ​ថ្លៃ​ថ្លា​ក្នុង​លោកិយ

២. ឃាត់​ចិត្ត​ចាក​ក្ដី​ស្នេហា ក្នុង​កាមតណ្ហា​នា​លោកិយ ដូច​យក​អំបោះ​ចង​ដំរី​ ពិបាក​ពេក​ក្រៃ​គួរ​វៀរ​មុន

៣. ឃ្លាត​កាយ ណាយចិត្ត

៤. ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ

៥. ឃុបឃិត​ជន​ពាល ​រាល​ទុក្ខ​ដល់​ខ្លួន

៦. ឃុបឃិត​បណ្ឌិត​ សុខ​មួយ​ជីវិត​ឥត​ទុក្ខា​

៧. ឃើញ​ខ្លា​ដេក​ថា​ខ្លា​ស្លាប់ ឃើញ​ខ្លា​ក្រាប​ថា​ខ្លា​សំពះ

៨. ឃើញ​គេ​ទៅ​កុំ​ឲ្យ​ខាន ឃើញ​គេ​បាន​កុំ​ឲ្យ​ទៅ

៩. ឃើញ​ឈើ​ពុក​ កុំ​អាល​ដាក់​គូទ​អង្គុយ (ឬ កុំ​អាល​ដាក់​គូទ​លើ)

១០. ឃើញ​ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី (ឬ ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី)

១១. ឃើញ​ថ្លុក​ថា​ជា​ថ្នល់ ក្រែង​កំហល់​កំហុស​មាន

១២. ឃើញ​ពី​នាយ​កុំ​អាល​ទាយ​អាក្រក់​ល្អ លុះ​ឃើញ​ជាក់ជា​ខ្មៅ​ស​ទើប​ថា​បាន​ បើ​បណ្ដោយ​តាម​គំនិត​ដែល​គិត​ស្មាន​ នឹង​រំខាន​ព្រោះ​ការ​ខុស​កំហុស​ខ្លួន

១៣. ឃើញ​សម្បក​ថា​ខ្លឹម​រុក្ខា​ យល់​ពួក​បច្ចា​ថា​ជា​មិត្រ​ ពាល​ប្រឡំ​ថា​បណ្ឌិត​ ច្រឡំ​លាមក​ពិត​ថា​បុប្ផា

១៤. ឃ្លាន​កុំអាល​ស៊ី ងងុយ​កុំ​អាល​ដេក​ យប់​កុំអាល​និយាយ​ជាមួយ​ស្រី​

១៥. ឃ្លាន​ក្រៃ​ណា​ឆ្ងាញ់​ ស្រឡាញ់​ក្រៃ​ណា​ល្អ (ឬ ពិសា​ក្រៃ​ណា​នឹង​ឃ្លាន អាក្រក់​ប៉ុន្មាន​ក្រៃ​ណា​នឹង​ចិត្ត)

១៦. ឃ្លេ​មិន​ខ្លាច​ ទៅ​ខ្លាច​ខ្លា។ (រឿង​អា​ខ្វាក់​អា​ខ្វិន)

១៧. ឃ្លោក​លិច​ អំបែង​អណ្ដែត

១៨. ឃ្វាល​ក្របី​ជិះ​ក្របី ឃ្វាលគោ​ជិះ​គោ

១៩. ឃ្វាល​ចិត្ត​លំបាក​ពេក​ពិត​ ដូច​ឃ្វាល​ពពក

២០. ឃ្វាលគោ​ក្របី​ដោយ​អាជ្ញា ឃ្វាល​ចិត្តល្អ​ជា​ដោយ​អំណត់

២១. ឃ្វាល​ចិត្ត​ឥត​កំណាញ់​ ដោយ​លះ​បង់​កុំ​ប្រណី

២២. ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុស​ស្រី រួម​សាមគ្គី​តាម​រដ្ឋ​បុរស​ជាតិ


អត្ថបទទាក់ទង

សុភាសិតខ្មែរ ចំនួន៨ ផ្តើមដោយអក្សរ “គ”

Leave a Reply