ប្រាក់ថ្លៃជាងជីវិត

មានរឿងមួយតំណាលថា អ្នកស្រុក យ៉ុងចូវ ទាំងអស់សុទ្ឋតែជាអ្នកពូកែហែលទឹក។ ថ្ងៃមួយ មានបុរសយ៉ុងចូវ ៦ នាក់បាននាំគ្នាចែវទូកឆ្លងទន្លេ ចំពេលទឹកទន្លេកំពុងតែឡើង និងហូរជាខ្លាំង។ ពេលទៅពាក់កណ្ដាលទន្លេ ទូករបស់គេត្រូវបានរលកបោកក្រឡាប់លិចស្រឹមទៅក្នុងទន្លេទៅ។ ពួកគេម្នាក់ៗខំប្រឹងហែលមកកាន់ច្រាំងរៀងៗខ្លួន។

ក្នុងបណ្តាពួកគេទាំងអស់នោះ មានបុរសម្នាក់ខំប្រឹងហែលយ៉ាងអស់ពីសមត្ថភាពតែនៅតែហែលមិនបានដូចគេ។ មិត្តភក្តិឃើញស្ថានភាពមិនល្អ ក៏សួរទៅគេថា៖
– តាមធម្មតាឯងពូកែហែលទឹកណាស់ ចុះហេតុអ្វីថ្ងៃនេះម្ដេចក៏ឯងហែលមិនទាន់គេអីចឹង?
បុរសនោះឆ្លើយទាំងសម្លេងដង្ហក់ថា៖
– មកពីធ្ងន់នឹងប្រាក់ ១០០០ តម្លឹងដែលចងជាប់នឹងចង្កេះនឹងណា៎!
មិត្តភក្តិក៏ស្រែកបន្ត៖
– ម្ដេចក៏ឯងមិនព្រមស្រាយទម្លាក់ប្រាក់ចោលទៅ!
បុរសនោះគ្រវីក្បាលមិនព្រមឆ្លើយ មួយសន្ទុះមកមិត្តភក្ដិទាំងអស់ក្រឡេកឃើញគេអស់ដៃអស់ជើង កំពុងតែលិចស្រឹមទៅក្នុងទឹក។ អ្នកដែលមកដល់គោកមុនគេស្រែកប្រាប់គេថា៖
– ឯងនៅល្ងើដល់ណា៎ទៀត! ឯងនៅឆ្កួតនឹងប្រាក់លែងដឹងក្បាលកន្ទុយអីអស់ហើយឬ!!! ជិតងាប់ប៉ុណ្ណឹងហើយ តើប្រាក់នឹងវាមានប្រយោជន៍អី?!?!?
គេនៅតែគ្រវីក្បាលដដែល ទីបំផុតទឹកទន្លេក៏ហូរនាំទាំងគេ ទាំងប្រាក់លិចបាត់ទៅជាមួយតែម្ដងទៅ។

និទាននេះចង់អប់រំដល់មនុស្សដែលយកលុយជាម្ចាស់ ព្រមទាំងផ្ដល់មេរៀនដល់យើងថា អ្នកដែលជាប់ជំពាក់នឹងអ្វីម្យ៉ាងៗ ទាំងបិទភ្នែក បិទត្រចៀក ទាំងខ្វះសតិសម្បជញ្ញៈពិចារណាឲ្យដឹងពីអ្វីដែលគួរឬពុំគួរ មិនដឹងទាំងកាលៈទេសៈថាអ្វីជារឿងសំខាន់ឬមិនសំខាន់ សូម្បីតែជីវិតរបស់ខ្លួនក៏មិនចេះបែងចែក ឬជ្រើសរើសនោះឯង។

ការហ៊ានពលីជីវិតវាមានទាំងផ្នែកល្អ និងមិនល្អ ការពុះពារ ពលីដើម្បីភាពយុត្តិធម៌ ឬដើម្បីប្រទេសជាតិ ទោះបីយ៉ាងណាវាជាការពលីប្រកបដោយកិត្តិយស តែការពលីជីវិតដើម្បីលុយដោយក្ដីទុច្ចរិត អាត្មានិយម តើវាពិតជាមានតម្លៃមែនឬ?

Leave a Reply