បណ្តាំខុងជឺ៖ ឧស្សាហ៍ខុសរឿង ៥ប្រការនេះ ទោះប្រឹងប្រែងយ៉ាងណាក៏ឆ្លងមិនផុតពីក្រ និងបរាជ័យ

ទស្សនវិទូចិនដ៏ល្បីល្បាញ​ ខុងជឺ បាន​ពោល​កាល​ពី​ជាង​ពីរ​ពាន់​ឆ្នាំ​មុន​ថា៖

  • មនុស្ស​ឆ្លាត​និង​ឧស្សាហ៍ គួរ​តែ​លើក​តម្កើង​ឲ្យ​ក្លាយ​ជា​មេទ័ព
  • មនុស្ស​ឆ្លាត​និង​ខ្ជិល គួរ​ចិញ្ចឹម​ទុក​ធ្វើ​ទាហាន​​ចាំ​រៀប​គម្រោង​ការ​នៅ​​សមរភូមិ​ក្រោយ
  • មនុស្ស​ល្ងង់ ហើយ​ខ្ជិល​​គួរ​ទុក​ប្រើ​ការ​តាម​ប្រើ​បាន
  • តែ​បើ​មនុស្ស​ល្ងង់ ហើយ​ឧស្សាហ៍ គឺ​ត្រូវ​យក​ទៅ​កាត់​ក្បាល​សម្លាប់​ចោល​ភ្លាម ព្រោះ​អាច​នឹង​ធ្វើ​ឲ្យ​ខូច​ការ និង​បង្ក​ភាព​ក្ដៅ​ក្រហាយ​​មិន​ចេះ​ចប់។

លើសពីនេះ ខុងជឺ ក៏បានបន្សល់ទុកនូវបណ្ដាំ ៥ប្រការ ទាក់ទងនឹងឧស្សាហ៍ខុសរឿង ដែលនាំឱ្យយើងនៅតែក្រ (ទ្រព្យសម្បត្តិ និងសេចក្ដីសុខ)៖

ប្រការ​១៖ ការប្រឹងប្រែងដោយគ្មានគម្រោង ឬផែនការច្បាស់លាស់

ការប្រឹងប្រែងធ្វើការតែគ្មានផែនការច្បាស់លាស់ ដូចជាគម្រោងវែង និងខ្លី ហាក់ដូចជាទូកដែលរសាត់ទៅមុខគ្មានគោលដៅអញ្ជឹង។​ ចុងក្រោយគឺមិនដឹងលទ្ធផលនៅឯណា ទេបានត្រឹមតែហត់អត់អំពើ។

ហេតុនេះគួរចេះរៀបចំបែងចែកលំដាប់ថ្នាក់ ឬភាពសំខាន់នៃការងារ និងរៀបចំផែនការទៅតាមសភាពជាក់ស្ដែង។

ប្រការ​២៖ ធ្វើការឥតពេលសម្រាក

មនុស្សជាច្រើនក្នុងយុគសម័យទំនើបនេះ ព្យាយាមប្រណាំងប្រជែងគ្នាការ​ធ្វើ​ការរំលង​អាធ្រាត្រ ចូល​គេងយឺតដល់​យប់​ជ្រៅ តែបែរជា​​ប្រញាប់​ក្រោក។ ការខិតខំហួសប្រមាណនេះ តាមពិតមិនសូវមានគុណភាពទេ គឺមានតែបរិមាណ។ នោះព្រោះតែ ការបង្ខំខួរក្បាលសម្រាកមិនគ្រប់គ្រាន់ នឹង​បំផ្លាញសមត្ថភាព​​ច្នៃ​ប្រឌិត​ថ្មី​ៗ ហើយក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។

ប្រការ​​៣៖ ការខិតខំប្រឹងប្រែង តែខុសពេលខុសវេលា

ការខំប្រឹងធ្វើការក៏មិនមែនចេះតែធ្វើទៅខុសពេលវេលាដែរ គឺត្រូវយល់ដឹងពីកាលៈទេសៈឱ្យច្បាស់លាស់ ព្រោះពេលខ្លះការងារល្អតែពេលវេលាមិនអំណោយផលក៏លទ្ធផលមិនល្អទៅតាមនោះដែរ។

ប្រការ៤៖ ខំប្រឹងទាំងមិនមានឆន្ទៈ

ការខំប្រឹងប្រែងធ្វើការដោយមិនមានឆន្ទៈ ដោយសារយើងគ្មានចំណង់ ឬគ្មានការចូលចិត្តនឹងការងារក៏មិនអាចទទួលបានលទ្ធផលល្អដែរ។ ហេតុនេះដំបូងបំផុតត្រូវដឹងថាការងារដែលយើងធ្វើជាការងារដែលយើងចង់ និងមានប្រយោជន៍ចំពោះខ្លួន អ្នកដទៃ និងសង្គម។

ប្រការ​៥៖ ធ្វើការលែងស្គាល់គ្រួសារ បងប្អូនមិត្តភក្ដិ

ធ្វើការជារឿងចាំបាច់ តែបើឧស្សាហ៍ដល់ថ្នាក់ភ្លេចប្រពន្ធកូន គ្រួសារ សាច់ញាតិ មិត្តភក្ដិហើយនោះ គឺកំពុងតែនាំខ្លួនទៅផ្លូវខុសហើយ ព្រោះជោគជ័យនៃការងារត្រូវផ្សារភ្ជាប់នឹងសេចក្ដីសុខជាមួយមនុស្សដែលយើងស្រឡាញ់។ ពេលយើងឈឺ អ្នកដែលមកថែទាំយើងទេ គឺមានតែគ្រួសារ និងមិត្តភក្ដិនេះហើយ។


អត្ថបទទាក់ទង

រឿងខ្លី៖ “បាយថ្ងៃត្រង់របស់ខុងជឺ” ផ្តល់មេរៀនកុំឲ្យយើងសន្និដ្ឋាននូវអ្វីដែលយើងគ្រាន់តែឃើញ តែមិនទាន់បានស្វែងយល់

Leave a Reply