តើអ្វីជាអនុត្តរិយទាំង ៦ប្រការ អ្នកដឹកនាំត្រូវអនុវត្តតាម?

អនុត្តរជន

អ្នកដឹកនាំ គឺត្រូវតែជាជនប្រសើរ​អច្ឆរិយៈ ឬខ្លាំងជាងមនុស្សដទៃ ទើបធ្វើឲ្យគេទុកចិត្តក្នុងការឲ្យធ្វើជាប្រមុខរបស់គេបាន។ អ្នកដឹកនាំត្រូវអនុវត្តតាមអនុត្តរិយទាំង ៦ប្រការ គឺ៖

១. ទស្សនានុត្តរិយ គឺការឃើញដ៍ប្រសើរ បានដល់ការឃើញសេចក្ដីទុក្ខ​ បញ្ហាក្នុងសង្គម ឬការឱស្សាហ៍ចុះមើល សាកសួរសុខទុក្ខអ្នកក្រោមបង្គាប់របស់ខ្លួន។

២. សវនានុត្តរិយ ការស្ដាប់ដ៍ប្រសើគឺជាអ្នកចេះស្ដាប់ ចូលចិត្តស្ដាប់ និងពូកែរស្ដាប់ ឬការស្ដាប់អាចឲ្យដឹងបញ្ហា ឬក៏ដឹងរឿពិតប្រាកដ។ ម៉្យាងទៀតការស្ដាប់អាចឲ្យអ្នកនិយាយសប្បាយចិត្ត ពេញចិត្តនិងប្រាប់ថែមទៀត។ ការស្ដាប់មិនចាំបាច់ជឿទេ ព្រោះអ្នកស្ដាប់អាចធ្វើការពិចារណារកហេតុផលបាន។

៣. លាភានុត្តរិយ គឺការបានលាភដ៍ប្រសើរ។ បញ្ហា សេចក្ដីត្រូវការ និងមធ្យោបាយសម្រាប់ដោះស្រាយផ្សេងៗ ដែលអ្នកដឹកនាំបានឃើញ បានដឹង បានស្គាល់ដំណឹងទាំងនេះ ត្រូវយកមកចាត់ចែងជាក្រុម ជាថ្នាក់ទៅតាមប្រភេទ តាមលំដាប់សំខាន់ ។ កន្លែងណាដែលព័ត៌មានមិនគ្រប់គ្រាន់ ក៏រកមកបំពេញបន្ថែម ។ កន្លែងដែលលើសហួសពីការពិត ក៏កាត់ចេញ ចម្រាញ់ទុកតែរបស់ណា ដែលមានប្រយោជន៍ពិតឲ្យសមនិងពាក្យថា បានទទូលលាភដែលជាការពិតជាទីបំផុត។

៤. សិក្ខានុត្តរិយ គឺការសិក្សាដ៍ប្រសើរ​។ តើអ្វីជាបញ្ហាចម្បងៗ? តើអ្វីជាប្រភេទនៃបញ្ហាទាំងនោះ? តើអ្វីជាសេចក្ដីត្រូវការដែលអ្នកក្រោមបង្គប់ចង់បានពិតប្រាកដ?

ការសិក្សាទាំងនេះ ត្រូវប្រកបដោយហេតុផល គតិយុត្តិធម៌ ប្រកបដោយធម៌ និងឈរនៅលើសប្បុរិសធម៌ ៧ខាងលើ ដើម្បីអាចកំចាត់នូវបញ្ហាទាំងឡាយនិងបំពេញនូវសេចក្ដីត្រូវការរបស់បុគ្គលិក ឬរាស្រ្តបាន។ កម្មវិធី ឬគម្រោងការណាដើម្បីដឹកនាំស្ថាប័ន ឬអង្គភាពមិនបានសិក្សាឲ្យបានច្បាស់លាស់ ប្រកបដោយគោលការណ៍វិទ្យាសាស្រ្ត គ្មានហេតុផល កម្មវិធី ឬគម្រោងការនោះគឺរឿងផ្សងព្រេងដែលផ្ទុយពីបែបពុទ្ធសាសនា និង គោលការណ៍វិទ្យាសាស្រ្ត នាពេលបច្ចុប្បន្ននេះ។

៥. បារិចរិយានុត្តរិយ គឺការបម្រើដ៍ប្រសើរ។ បន្ទាប់ពីបានសិក្សានូវបញ្ហា សេចក្ដីត្រូវការនិងវិធីសម្រាប់ដោះស្រាយហើយ គម្រោងការនោះត្រូវយកទៅអនុវត្តឲ្យទៅជាប្រយោជន៍ដល់ស្ថាប័ន អង្គភាព បុគ្គល ឬរាស្រ្ត។

៦. អនុស្សតានុត្តរិយ គឺការរលឹកដ៍ប្រសើរ។ កាលណាកិច្ចការចុះអនុវត្តហើយ អ្នកដឹកនាំត្រូវតាមដានមើលស្ដាប់ឲ្យបានជារឿយៗថាមានដំណើការដល់ណាហើយ មានបញ្ហាអ្វីមកជាឱបសគ្គថែមទៀតទេ។ អនុស្សតានុត្តរិយ​គឺជាការត្រួតពិនិត្យការងារ (Controlling)និងជាការវាស់ប្រមានផលក្នុងកំឡុងប្រតិបត្តិការ (During Work Evaluation) ដើម្បីជំរុញ ​និងកែខៃឲ្យការងារនោះទទូលបានជៅគជ័យ។

បើចែកជាលំដាប់ៗនៃវិធីកម្មវិញយើយអាចចែកជា ៦លំដាប់ដូចខាងក្រោម៖

១. ពិនិត្យមើលបញ្ហា និងសេចក្ដីត្រូវការ

២. ស្ដាប់ ប្រមូលបញ្ហា និងសេចក្ដីត្រូវការ

៣. វិភាគបញ្ហា និងសេចក្ដីត្រូវការ

៤. សិក្សាពីវិធីសម្រាប់ដោះស្រាយ

៥. អនុវត្តគម្រោងការ

៦. ត្រួតពិនិត្យ និងប្រមើលមើលគម្រោងការ

Leave a Reply