តើអ្នកដឹងទេ! សុភាសិត “ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់” មានន័យដូចម្តេច?

អ្នកសិក្សារៀនសូត្រ អ្នកស្រាវជ្រាវ និង​អ្នកប្រកបការងារ​ផ្សេងៗគ្រប់រូប តែងតែចូលជួបនឹងគ្រូបាអាចារ្យ ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជា ឯការដាំរុក្ខជាតិទាំងឡាយក៏ដូច្នោះដែរ ដើម្បីទទួលបានផ្លែផ្កា កសិករ ឬអ្នកដាំដុះទាំងឡាយត្រូវមើលថែ ស្រោកទឹកដាក់ជី។ អាស្រ័យហេតុនេះហើយទើបមានសុភាសិតមួយឃ្លាពោលថា “ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់” ។ តើសុភាសិតខាងលើមានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេច?

ចង់ចេះឲ្យសម្លាប់អាចារ្យ

ពាក្យ “អាចារ្យ” មាន​ន័យ​ថា អ្នក​ដឹកនាំ ឬ​អ្នក​បង្ហាត់​បង្រៀន។ ធម្មតា​អ្នក​ដឹកនាំ​តែង​រមែង​មាន​ផ្លូវ​ពីរ​គឺ ផ្លូវ​ល្អ និង​ផ្លូវ​អាក្រក់។ អាចារ្យ​នៅ​ពេល​នេះ លោក​សំដៅ​យក​អាចារ្យ​ដឹកនាំ​ទៅ​រក​ផ្លូវ​អាក្រក់។

ចង់ចេះឲ្យសម្លាប់អាចារ្យ” គឺមិនមែនអោយើងសម្លាប់អាយុសង្ខាររបស់គ្រូអាចារ្យ ដែលជាអ្នកបង្ហាត់បង្រៀននោះទេ គឺឲ្យសម្លាប់ពេលវេលា ភាពខ្ជិលច្រអូស សេចក្តីល្ងង់ខ្លៅ និងការងឿងឆ្ងល់ផ្សេងៗ ដោយត្រូវសួរដេញដោលពីគ្រូបាអាចារ្យទាំងឡាយនោះឲ្យបានច្បាស់លាស់ ឲ្យអស់សេចក្តី ប៉ុន្តែបើយើងខ្ជិលច្រអូស មិនចូលចិត្តហ្វឹកហាត់ រៀនសូត្រស្តាប់គ្រូអាចារ្យ នោះយើងនឹងពុំមានចំណេះដឹងអ្វីបន្តិចបន្តួចឡើយ។

ទាក់ទង​នឹង​ពាក្យ​សុភាសិត​ខាងលើ​នេះ លោក​បាន​លើក​រឿង​មួយ​មក​និទាន​ដូច​ត​ទៅ៖

នៅ​ក្នុង​សម័យ​ពុទ្ធកាល មាន​មាណព​ម្នាក់​បាន​លា​ចាក​គ្រួសារ​ដើម្បី​ចេញ​ទៅ​ស្វែង​រក​វិជ្ជា ក៏​បាន​ជួប​នឹង​ថេរៈ​មួយ​អង្គ ។ ក្រោយ​ពី​បាន​ដឹង​នូវ​គោល​បំណង​របស់​ចៅ​មាណព​ហើយ ព្រះថេរៈ​ក៏​សួរ​ថា៖ “មុន​នឹង​ចៅ​មាណព​ឯង​មក​ស្វែង​រក​រៀន​វិជ្ជា​នេះ តើ​ឯង​បាន​សម្លាប់​អាចារ្យ​របស់​ឯង​រួច​ហើយ​ឬ​នៅ?”

ទោះ​បី​ព្រះថេរៈ​ដណ្ដឹង​សួរ​ពីរ​បី​ដង ក៏​ចៅ​មាណព​នៅ​តែ​មិន​យល់​ពី​សំណួរ​នេះ​ដដែល ទើប​ព្រះអង្គ​មាន​ព្រះថេរៈ​ដីកា​ថា៖ “ម្នាល​ចៅ​មាណព អាចារ្យ​របស់​ឯង​ គឺ​អ្នក​ដឹកនាំ​ដែល​មាន​ឈ្មោះ​ថា “កោសជ្ជៈ” គឺ​សេចក្ដី​ខ្ជិល​ច្រអូស​ដែល​តែង​តែ​ដឹក​នាំ​អ្នក​ឯង​ឲ្យ​ខ្ជិល ស្ពឹក​ស្រពន់ មិន​ចង់​រៀន​សូត្រ។”

មាណព​ឆ្លើយ​ថា៖ “នៅ​ទេ!”

ព្រះថេរៈ​មាន​ដីកា​ថា៖ “មិន​កើត​ទេ ត្រូវ​តែ​សម្លាប់​អាចារ្យ​របស់​ឯង​ចោល​ជា​មុន​សិន​ទៅ កុំ​ឲ្យ​វា​មក​ដឹកនាំ​អ្នក​ឯង​ឲ្យ​ខ្ជិល​ច្រអូស ទើប​អ្នក​ឯង​រៀន​សូត្រ​បាន។”

ត្រង់​នេះ​ហើយ​ដែល​លោក​ពោល​ថា បើ​ចង់​ចេះ​ឲ្យ​សម្លាប់​អាចារ្យ កោសជ្ជៈ ឬ មានៈ នេះ​ជា​មុន​សិន។

បើចង់បានចំណេះដឹង​ សុភាសិតនេះក៏បាន​ប្រាប់​យើង​ពី​គំនិត​ និង​វិធី​ដែល​អាច​សម្លាប់​ចិត្ត​របស់​អាចារ្យ ឬ​គ្រូ​ដើម្បីឱ្យ​គាត់​សុខចិត្ត​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និង​ព្រម​បង្រៀន​អ្វីៗ​ទាំងអស់​ដែល​គាត់​ចេះ​មកដល់​យើង ព្រមទាំង​បង្ហាញ​ពី​វិធី​ដែលនាំឱ្យ​យើង​ទទួលបាន​ជោគជ័យ ផ្លែផ្កា ឬ​លទ្ធផល​ល្អ ជាពិសេសជួយ​ឱ្យ​យើង​គេច​ផុតពី​ឧបសគ្គ ហានិភ័យ និង​កម្លាំង​អូរ​ទាញ​បែប​អវិជ្ជមាន ដែល​អាច​នាំ​យើង​ឱ្យ​អន្តរាយ ខាង​បង់ ផលប្រយោជន៍ ឬ​បរាជ័យ​ជាយថាហេតុ​។

ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់

គល់” នៅ​ទីនេះ លោក​សំដៅ​យក​ភាវៈ​ដែល​នៅ​ក្រោម នៅ​ខ្ចី នៅ​តូច ឬ​អ្វី​ដែល​កើត​មុន​គេ។ កូន​ចៅ​ដែល​នៅ​តូចៗ​ក៏​លោក​ប្រៀប​ទុក​ដូច​ជា គល់ ដែរ។

“ចង់បានផ្លែផ្កាយកភ្លើងដុតគល់” គឺសំដៅលើរុក្ខជាតិមួយចំនួន ដូចជាដើមដូង ប្រសិនបើវាអន់ខ្សោយក្នុងការលូតលាស់ ឬគ្មានផ្លែផ្កានោះ គឺបណ្តាលមកពីវាឡើងគល់ និងខ្វះជីវជាតិផ្សេងៗ ដូចនេះយើងគប្បីប្រមូលសំរាម កំទេចស្លឹកឈើស្ថួតៗ មកដាក់ដុតជុំវិញគល់របស់វា តែមិនដុតច្រើន ឬយូពេកនោះទេ កាកសំណល់ពីការដុះ គឺជាផេះដែលជាជី សម្រាប់ដាក់គ្រប់រុក្ខជាតិ។ ក្រោយពេលដុះហើយត្រូវភ្លៀងធ្លាក់ ឬស្រោចទឹក ធ្វើឲ្យដើមដូងនោះមានផ្លែផ្កាវិញជាប្រក្រតី។

ឯដើមឬស្សីវិញ កាលណាវាស្មោគ ក្រិន មិនមានដើមធំ មានតែដើមតូចៗ ដែលជាហេតុបាត់បង់ប្រយោជន៍ និងតម្រូវការប្រើប្រាស់របស់មនុស្សនោះ ដើម្បីទទួលបានដើមឬស្សីធំៗ សម្រាប់បំពេញតម្រូវការជាប្រយោជន៍ យើងគប្បីយកភ្លើងដុតរហូតដល់ឆេះអស់ឬស្សីទាំងគុម្ព ហើយការដុះបែបនេះ មិនមែនជាការបំផ្លិចបំផ្លាញនោះទេ គល់ឬស្សីទាំងនោះនឹងដុះជាទំពាំងធំៗជាច្រើនមកវិញ ក្រោយពេលភ្លៀងធ្លាក់ក្នុងរដូវវស្សា ដូចនេះការដុតគល់ពិតជាបានទទួលផ្លែផ្កាពិតមែន។

ក្នុងន័យនេះ កាល​ណា​គេ​ចង់​បាន​អនាគត​ភ្លឺស្វាង មាន​តម្លាភាព មាន​រស្មី​ត្រចះត្រចង់​សម្រាប់​កូន​ចៅ​ប្រុសស្រី​ដែល​លោក​ទុក​ជា​ផ្លែផ្កា​នោះ លោក​ឲ្យ​ពត់​លត់​ដំ​តម្រង់​ទិស​តាំង​ពី​វា​នៅ​ខ្ចី​តូចៗ ឲ្យ​វា​មាន​អត្តចរិត គំនិត​មារយាទ​ប្រកប​ដោយ​គន្លង​ធម៌។ លោក​ប្រៀប​ប្រដូច​ជា​តួយ៉ាង​ដូច​ត​ទៅ៖

ការ​ពត់​ដើម​ឈើ​ឲ្យ​ទៅ​ជា​រូបសត្វ ឬ​ជា​រាង​ផ្សេងៗ​ទៅ​តាម​បច្ចេកទេស​របស់​ខ្លួន គេ​ត្រូវ​ពត់​នៅ​ពេល​ដើម​ឈើ​នោះ​នៅ​តូច​នៅ​ខ្ចី។
ជាង​ដែក ត្រូវ​ដុត​ដែក​ឲ្យ​ក្ដៅ​ឡើង​ក្រហម​ងៅ ដើម្បី​ឲ្យ​ដែក​ទន់​ទើប​ដំ​ច្នៃ​ដែក​នោះ​ឲ្យ​ទៅ​ជា​សម្ភារៈ​ប្រើប្រាស់​មាន​តម្លៃ ដូចជា កាំបិត ពូថៅ ជាដើម។​ ដូច្នេះ​ការ​អប់រំ​កូនចៅ​ប្រុសស្រី​ឲ្យ​បាន​ល្អ តែងតែ​មាន​ការ​លត់​ដំ​ខ្លះ​ជា​មិន​ខាន។ ត្រង់​នេះ​ហើយ​ដែល​លោក​ពោល​ថា ចង់​បាន​ផ្លែផ្កាឲ្យ​យក​ភ្លើង​ដុត​គល់។

ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់

ជាក់ស្តែងក្នុងប្រវត្តិសាស្រ្តខ្មែរបានបញ្ជាក់ប្រាប់ថា ព្រះនាងឥន្រ្ទទេវី និងសម្តេចព្រះសង្ឃរាជជូនណាត ដោយការចូលចិត្តសិក្សារៀនសូត្រពីគ្រូអាចារ្យ ធ្វើឲ្យព្រះអង្គទាំងពីរអង្គ ទទួលបានចំណេះដឹងយ៉ាងខ្ពង់ខ្ពស់ជាទីបំផុត។ រីឯប្រជាកសិករទាំងអស់ ដោយការឧស្សាហ៍ព្យាយាមដាំដុះ និងធ្វើស្រែចំការ ហើយថែមទាំងការព្យាយាមមើលថែទាំដំណាំទាំងឡាយនោះ ធ្វើឲ្យពួកគាត់ទទួលបាននូវភោគផលយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅក្នុងជីវភាពគ្រួសារ។

សរុបសេចក្តីមក ដើម្បីទទួលបានចំណេះដឹង គ្រប់អ្នកសិក្សាទាំងអស់គប្បីលុបបំបាត់នូវសេចក្តីមានះ សេចក្ដី​ខ្ជិល​ច្រអូស​ ស្ពឹក​ស្រពន់ មិន​ចង់​រៀន​សូត្រ ក៏ដូចជាចូលជិតគ្រូបាអាចារ្យ ដើម្បីសាកសួរ សិក្សារៀនសូត្រ ឲ្យបានច្បាស់លាស់ ហើយកសិករ ឬអ្នកដាំដុះវិញគប្បីថែរក្សាគល់ដំណាំទាំងនោះឲ្យបានល្អទើបទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ។

ការរៀនសូត្រពីគ្រូអាចារ្យ ធ្វើឲ្យយើងមានចំណេះដឹង ហើយការចេះដាំ និងចេះថែរក្សាដំណាំធ្វើឲ្យយើងទទួលបានផលជាផ្លែផ្កា។


អត្ថបទទាក់ទង

តើអ្នកដឹងទេ! ថាសុភាសិតខ្មែរ “ងើយស្កក ងោនដាក់គ្រាប់” មានន័យដូចម្តេច?

Leave a Reply