តើអ្នកដឹងទេ! ថាសុភាសិតខ្មែរ “ងើយស្កក ងោនដាក់គ្រាប់” មានន័យដូចម្តេច?

មនុស្ស​យើងម្នាក់ៗកើតមក​ គឺមាន​បុគ្គលិកលក្ខណៈសម្បត្តិ​ខុសៗ​គ្នា ដូចជាចម្រុះទៅដោយពណ៌សម្បុរអាក្រក់ សុម្បុរល្អ ស ខ្មៅ ខ្ពស់ ទាប អត្ថចរិតក៏ផ្សេងៗពីគ្នា អ្នកខ្លះ​មាន​អត្ថ​ចរិតល្អ ឯខ្លះ​ទៅអាក្រក់ ខ្លះ​ព្រហើនច្រងោងកោងកាច​ក្អេងក្អាង ហើយខ្លះទៀត​ទៅចេះ​សម្រប​ខ្លួន ស្គាល់​កាលៈទេសៈ ស្គាល់ខុសស្គាល់ត្រូវ ដាក់ខ្លួន ចេះ​គោរពរៀមច្បង ​ចាស់ទុំ គ្រូបាអាចារ្យ… ជាដើម​។ ដោយសារតែលក្ខណៈខុសគ្នា​បែបនេះហើយ ​ទើប​ចាស់​បុរាណ​ខ្មែរយើង ​​បានបន្សល់នូវ​សុភាសិតដែលជាគោល​គំនិត ​សម្រាប់ជាទស្សនពិចារណា និង​អប់រំ​កូនចៅ​ជំនាន់​ក្រោយមួយឃ្លា​ថា “ងើយ​ស្កក ឱនដាក់គ្រាប់​” ​។ ចុះតើសុភាសិតនេះមានន័យអប់រំយ៉ាងដូចម្តេច?

ងើយស្កក

ជាធម្មតា ស្រូវ​ដែល​មាន​ដើម​ត្រង់ៗ​ឡើង​លើ​ចង្អុល​មេឃ​នោះ មក​ពី​ដើម​វា​ស្រាល ព្រោះ​ពុំ​មាន​គ្រាប់។ ស្រូវ​បែប​នេះ​គេ​ហៅ​ថា ស្រូវ​ស្កក​គ្មាន​ផល​អ្វី​ទេ។

ឱន​ដាក់គ្រាប់

គេ​សម្គាល់​ឃើញ​ថា ស្រូវ​ណា​ដែល​ឱន ឬ​ក្រាប​ទៅ​លើ​ដី គឺ​ស្រូវ​នោះ​មាន​គ្រាប់​ល្អ ធ្វើ​ឲ្យ​ដើម​ធ្ងន់​ងើប​ពុំ​រួច។ ស្រូវ​បែប​នេះ ហើយ​ដែល​លោក​ថា ឱន​ដាក់​គ្រាប់ គឺ​ស្រូវ​បាន​ផល​ល្អ។

តើសុភាសិត “ងើយស្កក ឱន​ដាក់​គ្រាប់” លោកចង់ប្រៀបធៀបទៅនឹងមនុស្សដូចម្តេច?

ពាក្យ​ថា “ងើយ​ស្កក” លោក​ចង់​ប្រៀប​ប្រដូច​ទៅ​នឹង​មនុស្ស​ខ្លះ​ដែល​ក្រអឺត​ក្រទម​អើត​ស្ងើន គ្មាន​ចេះ​ឱន​លំទោន​ចំណុះ​អ្នកណា គឺ​ជា​មនុស្ស​អាត្មា​និយម។ គេ​តែង​គិត​ថា គ្មាន​អ្នក​ណា​ប្រសើ​រជាង​អញ។ មនុស្ស​ប្រភេទ​នេះ បើ​មាន​ការ​ត្រូវ​ពឹង​ពាក់​គេ​ដោយ​ធុរៈ​អ្វី​មួយ​ក៏​គ្មាន​អ្នក​ណា​ជួយ​យក​អាសា ជួយ​ឈឺ​ឆ្អាល​ដែរ។ កាល​ណា​គេ​ខ្វះ​ញាតិមិត្ត​នេះ​ហើយ ធ្វើ​ឲ្យ​គេ​ខ្វះ​អ្វីៗ​ទាំង​អស់។

ឯ​ពាក្យ​ថា “ឱន​ដាក់​គ្រាប់” គឺ​លោក​ចង់​ប្រៀប​ប្រដូច​ទៅ​នឹង​មនុស្ស​ដែល​មាន​ឥរិយាបថ​សុភាព​រាបសា ចេះ​ឱន​លំទោន គោរព​ចាស់​ព្រឹទ្ធាចារ្យ ស្គាល់​ញាតិ​មិត្ត​អ្នក​ភូមិ​ផង​ទាំង​ពួង។ គេ​ជា​មនុស្ស​មាន​គុណធម៌​ខ្ពស់ និង​ជា​ទីស្រលាញ់​រាប់​អាន​ពី​សំណាក់​មហាជន​ទូទៅ។ កាល​ណា​គេ​មាន​មនុស្ស​រាប់​អាន​ចូល​ចិត្ត​ច្រើន គឺ​គេ​មាន​អ្វីៗ​ទាំង​អស់។

សុភាសិត​មួយ​នេះ បានបង្ហាញ​ពី​តម្លៃ​អប់រំ​យ៉ាងខ្លាំងដល់​ការបណ្ដុះ​ឲ្យ​មនុស្សចេះ​រស់នៅក្នុង​សង្គម​ដោយ​គ្មាន​ការរើសអើង ចេះ​ដាក់ខ្លួន ឱនលំទោន ចេះ​គោរពឲ្យ​តម្លៃ​មនុស្ស​ដូចគ្នា មិន​ប្រើ​ធម៌​ប្រមាថ មិន​ប្រើ​ធម៌​អំនួត ត្រូវ​ប្រើ​ធម៌​មេត្តា រមែង​មាន​គេ​ចូលចិត្ត គោរព​ស្រឡាញ់ និង​ឲ្យ​តម្លៃ​។ លើសពីនេះ គឺ​ត្រូវមាន​ឥរិយាបថ​សមរម្យ សុភាពរាបសា ចេះ​គោរព​ចាស់ព្រឹទ្ធាចារ្យ ស្គាល់​ញាតិមិត្ត អ្នកភូមិផង​របង​ជាមួយ​។ ជាពិសេសក្នុងនាមជាអ្នកសិក្សា អ្នកធ្វើការ អ្នកធ្វើធុរកិច្ច អាជីវកម្ម អ្នកស្រាវជ្រាវគ្រប់កម្រិត គ្រប់លំដាប់ថ្នាក់ គួរគប្បីពិចារណាស្វែងយល់ឲ្យបានច្រើន រៀនបើកបេះដូងឲ្យទូលាយហើយមិនត្រូវប្រកាន់ខ្លួន ឬរើសអើងនរណាម្នាក់ឡើយចូរចងចាំថាអ្វីៗដែលនៅជុំវិញខ្លួនយើងគឺសុទ្ធតែជាគ្រូរបស់យើងទាំងអស់។ នៅពេលដែល​បុគ្គល​គ្រប់រូប អាច​ប្រតិបត្តិតាមមាគ៌ា​ទាំងនេះ​បាន បុរាណ​ចា​រ្យ​ខ្មែរចាត់ទុកថា​ជន​ទាំងនោះ ប្រៀបដូចជា​គួ​ស្រូវ​ដែល​ឱនដាក់គ្រាប់ ហើយ​គេ​អាច​យកមកប្រើ​ជា​ប្រយោជន៍​បាន​គ្រប់​តម្រូវការ​។ តែ​ទោះជា​យ៉ាងណា យើង​ក៏​មិនអាច​យក​សុភាសិត​មួយ​នេះ មក​អប់រំ​ខ្លួន ឬកូនចៅ​ជំនាន់​ក្រោយ ឲ្យ​ក្លាយជា​មនុស្ស​ខ្លាច​គេ មិន​ហ៊ាន​និយាយ​ការពិត សុខចិត្ត​នៅក្រោម​គំនាបអ្នកដទៃដែលធ្វើ​អំពើអាក្រក់ មនុស្ស​ទុច្ចរិត ហើយ​គិតថា​ការបិត​ភ្នែក បិត​ត្រចៀក បិតមាត់ ដើម្បី​សន្សំ​សុខ​ឡើយ​។ ការធ្វើ​បែបនេះ គឺ​មិន​ត្រឹមត្រូវ​តាម​ទិសដៅ​នៃ​ទស្សនអប់រំ​របស់​សុភាសិត​ថា “ងើយ​ស្កក ឱនដាក់គ្រាប់​” នោះឡើយ។


អត្ថបទទាក់ទង

ស្រីហិតោបទេស ប្រែសម្រួលដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតតោ បង្កប់នូវគតិបណ្ឌិត និងទស្សនៈដ៏មានអត្ថន័យ សម្រាប់ជនប្រុសស្រីពិចារណា

Leave a Reply