Photo by Mark Morok via https://www.proxyclick.com

តើអ្វីជាវប្បធម៌ស្ថាប័ន ហើយហេតុអ្វីបានជាត្រូវខ្វល់ពីវា?

បើសិនអ្នកមើលទៅស្ថាប័នធំៗ អ្នកនឹងអាចបែងចែកស្ថាប័នមួយ ពីស្ថាប័នមួយទៀត ដោយមើលលើវប្បធម៌ដែលមានក្នុងនោះ។ ស្ថាប័នគ្មានវប្បធម៌ផ្ទាល់ខ្លួនទេ ហេតុនេះពួកគេចម្លងតាមកន្លែងនេះបន្តិច កន្លែងនោះបន្តិច ហើយផ្លាស់ប្តូរមិនចេះចប់។

និយមន័យ

វប្បធម៌ស្ថាប័ន ជាចរិតរបស់ស្ថាប័ន។ វាអាចប្រាប់អ្នកខាងក្រៅឲ្យដឹងពីរបៀបធ្វើការ និង​មជ្ឈដ្ឋានការងារក្នុងស្ថាប័នបាន។ ស្ថាប័នខ្លះ មានការលេងសើចច្រើន ខណៈដែលស្ថាប័នមួយចំនួន មានភាពតឹងរឹង និងរក្សាភាពជាអ្នកជំនាញរបស់ពួកគេ។

ខ្ញុំធ្លាប់លឺអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ខ្ញុំ និយាយពីគោលបំណងរបស់គាត់ក្នុងការបង្កើតវប្បធម៌របស់ស្ថាប័ន។ គាត់ថា នៅក្រុមហ៊ុន​ Google មានវប្បធម៌មួយ គឺបុគ្គលិករបស់ហ៊ានសាកល្បងគំនិតថ្មីៗ។ បើគំនិតណាមួយ អាចប្រើការបាន Google នឹងផ្តល់ប្រាក់ដើម្បីធ្វើឲ្យវាក្លាយជាគម្រោងពិតប្រាកដ។

គាត់គិតថា បើមានវប្បធម៌ បុគ្គលិកទាំងអស់នឹងអាចធ្វើការពេញដៃពេញជើងស្មើគ្នា ព្រោះពួកគេដឹងថា តើក្រុមហ៊ុនចង់បានអ្វីពីពួកគេ។ ខ្ញុំយល់ខ្លះដែរ នៅពេលនោះ ប៉ុន្តែវាពិបាកក្នុងការបង្កើតវប្បធម៌នៅពេលដែលបុគ្គលិកដទៃទៀត មិនព្រមចូលរួម។

ហេតុអ្វីបានជាអ្នកត្រូវការវប្បធម៌ស្ថាប័ន?

វាអាចនឹងមិនសូវសំខាន់សម្រាប់ថ្នាក់លើទេ ប៉ុន្តែវាសំខាន់សម្រាប់បុគ្គលិក។ វាធ្វើឲ្យបុគ្គលិកមានចិត្តរីករាយនៅពេលមកធ្វើការ ក្នុងស្ថាប័នដែលមានវប្បធម៌ត្រូវនឹងអត្ថចរិតរបស់ពួកគេ។

របាយការណ៍ទាក់ទងនឹងការចូលរួមរបស់បុគ្គលិកឆ្នាំ២០១៩ បានបង្ហាញថា កត្តាសំខាន់ទី២ ដែលធ្វើឲ្យបុគ្គលិករីករាយក្នុងការងារ គឺវប្បធម៌ស្ថាប័ន។ ទី១ គឺ ទំនាក់ទំនង ហើយទី៣ គឺបរិយាកាសការងារ។

កត្តាសំខាន់ទី២ ដែលធ្វើឲ្យបុគ្គលិករីករាយក្នុងការងារ គឺវប្បធម៌ស្ថាប័ន

ស្ថាប័នដែលមានវប្បធម៌ ក៏មានភាពងាយស្រួលក្នុងការស្វែងរកបុគ្គលិកថ្មីដែរ។ អ្នកដែលចង់មកធ្វើការ នឹងមើលលើវប្បធម៌របស់ក្រុមហ៊ុន ហើយវាយតម្លៃដោយខ្លួនឯងថាចង់មកធ្វើការ ឬអត់។ អ្នកដែលចូលចិត្តធ្វើការម្នាក់ឯង មិនអាចធ្វើការក្នុងស្ថាប័នដែលមានវប្បធម៌ធ្វើការជាក្រុមបានទេ។

ស្ថាប័នទាំងតូច ទាំងធំ គួរតែចំណាយពេលបង្កើតវប្បធម៌សម្រាប់ខ្លួនឯង ដើម្បីធ្វើឲ្យបុគ្គលិកមានមោទនភាព និងពេញចិត្តក្នុងការងារ។ ទោះបីវាមិននាំយកផលចំណេញមកត្រង់ៗក៏ដោយ ប៉ុន្តែបើបុគ្គលិករីករាយជាមួយការងារហើយ ប្រសិទ្ធផលការងាររបស់ពួកគេ ក៏កើនឡើងដែរ។

Leave a Reply