ចម្លើយ ៣ សំខាន់ៗ អំពីភាពជាអ្នកដឹកនាំ ពីលោក John C. Maxwell

តាមរយៈ​បទពិសោធន៍​របស់​លោក​ John C. Maxwell ក្នុង​ភាព​ជា​អ្នកដឹកនាំ​អស់​ជាង​៤០​ឆ្នាំ​មក​នេះ ពួក​យើង​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ជាច្រើន និងគួរឲ្យស្ងប់ស្ងែង។ ខាងក្រោមនេះ គឺជាចម្លើយ​ចំនួន​ ៣​សំខាន់ៗ​ ដែលដកស្រង់ចេញ​ពី​បទសម្ភាសន៍​មួយ​រវាង​លោក John C. Maxwell និង​ទស្សនាវដ្ដី TwoTen​ ស្តីអំពីភាពជាអ្នកដឹកនាំ៖

  • ១) សំណួរ៖ លោក​បាន​បូជា​ជីវិត​របស់​លោក​ ដើម្បី​ប្រាស្រ័យ​ទាក់ទង​ និង​បង្រៀន​នូវ​គោលការណ៍​ភាព​ជា​អ្នកដឹកនាំ។ វប្បធម៌​ និង​ស្ថានការណ៍​ការងារ​បាន​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​អស់​រយៈកាល​ជាង​៤០​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ តើ​វិធីសាស្ត្រ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​បាន​ផ្លាស់ប្ដូរ​ដែរ​ឬ​ទេ ? ហើយបើ​ដូច្នេះ តើ​វា​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច​ខ្លះ? 

ចម្លើយ៖ វិធីសាស្ត្រ​ពិត​ជា​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​តាម​នោះ​ដែរ។ កាល​ពី​ច្រើនឆ្នាំ​កន្លង​ទៅ ភាព​សំខាន់​បាន​ផ្ដោត​ទៅលើ​របៀប​គ្រប់គ្រង។ ប៉ុន្តែ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០​ និង​១៩៨០ ការ​ផ្ដោត​សំខាន់ ​គឺ​នៅ​លើ​ភាព​ជា​អ្នកដឹកនាំ​វិញ ព្រោះ​មនុស្ស​ចាប់ផ្ដើម​យល់​ដឹង​ថា​ពួកគេ​អាច​គ្រប់គ្រង​ប្រព័ន្ធ​ការងារ​បាន ប៉ុន្តែ​ពួកគេ​ចាំបាច់​ត្រូវ​ចេះ​ដឹកនាំ​មនុស្ស។ ការ​ផ្លាស់ប្ដូរ​មួយ​ទៀត​នោះ គឺ​ពី​ការ​ផ្ដោត​សំខាន់​ទៅលើ​ភាព​ជា​អ្នក​ដឹកនាំ​បែប​បុគ្គល​ ទៅ​ភាព​ជា​អ្នកដឹកនាំ​បែប​ក្រុម​ការងារ​វិញ ព្រោះ​មនុស្ស​ម្នាក់​មិន​អាច​ធ្វើ​គ្រប់​យ៉ាង​បាន​ល្អ​នោះ​ទេ ដូច្នេះ​ពួក​យើង​ត្រូវ​បង្កើត​ក្រុម​ដើម្បី​សម្រេច​គោលដៅ​បាន​ជោគជ័យ។ ពួកគេ​ចាប់ផ្ដើម​ផ្ដល់​ភាព​សំខាន់​ទៅលើ​វប្បធម៌​ការងារ​ ដែល​លើក​ទឹកចិត្ត​លើការ​រួម​ចំណែក​របស់​បុគ្គលិក ហើយ​វា​ជា​កាតព្វកិច្ច​របស់​អ្នក​ដឹកនាំ​ ដោយធ្វើ​បែប​ណា​ដើម្បី​ជម្រុញមនុស្ស​របស់​ខ្លួន​ឲ្យ​ធ្វើការ​រួម​គ្នា​ ដើម្បីសម្រេច​នូវ​គោលដៅ​ដ៏​អស្ចារ្យ​រួម​មួយ។ 

  • ២) សំណួរ៖ តើ​អ្វី​ទៅ​ដែល​ផ្ដល់​ឲ្យ​លោក​នូវ​ភាព​សុទិដ្ឋិនិយម​ចំពោះមនុស្ស​ជំនាន់​ក្រោយ​ជា​អ្នក​ជំនួញ​ និង​អ្នក​ដឹកនាំ? 

ចម្លើយ៖ រឿង​ម្យ៉ាង​ដែល​ខ្ញុំ​មើល​ឃើញ​នៅ​ខាងក្នុង​ក្មេងៗ​ជា​អ្នក​ដឹកនាំ​បច្ចុប្បន្ន​នេះ គឺជា​ចំណង់​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​ការ​បង្កើត​ការ​ផ្លាស់ប្ដូរ។ ស្រប​ពេល​ដែល​លក្ខណៈ​បែប​នេះ​ធ្វើឲ្យ​ពួកគេ​ទទួល​បាន​ការ​រិះគន់ ​នូវ​ការ​ងប់ងុល​ចំពោះ​ខ្លួនឯង ខ្ញុំ​បែរ​ជា​មើល​ឃើញ​ថា​វា​ផ្ទុយ​ពី​បែប​នេះ​ទៅវិញ។ ខ្ញុំ​មើល​ឃើញ​នូវ​ស្មារតី​ម្យ៉ាង​ដែល​ពួកគេ​ចង់​បង្កើត​ផ្លាស់ប្ដូរ​ដ៏​ធំធេង ​ចំពោះ​ពិភពលោក​នេះ និង​បង្កើត​នូវ​តម្លៃ​បម្រើ​ជា​ប្រយោជន៍​សម្រាប់​អ្នកដទៃ។ 

  • ៣) សំណួរ៖ តើ​អ្វីខ្លះ​ជា​ឧបសគ្គ​ដ៏​ធំ​បំផុត​ដែល​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ប្រឈម​មុខ​ក្នុង​ការ​គ្រប់គ្រង​ស្ថាប័ន​ការងារ​របស់​ពួកគេ? 

ចម្លើយ៖ ទំនោរ​នៃ​ការ​ប្រកប​មុខ​ជំនួញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជំនួញ​តូចៗ​ជា​ច្រើន​ គឺជា​អ្នក​ជំរុញ​សេដ្ឋកិច្ច។ វា​ជា​ដំណឹង​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ពី​ស្មារតី​ធ្វើ​ជំនួញ​របស់​ក្មេង​ៗជំនាន់​ក្រោយ​នេះ។ ដូច្នេះ នៅ​ពេល​ទំនោរ​នៃ​ការ​ប្រកប​មុខ​ជំនួញ​មាន​កាន់តែ​ខ្លាំង​ទៅ បុគ្គលិក​នឹង​មិន​នៅ​ធ្វើការ​ឲ្យ​អ្នក​តែ​មួយ​កន្លែង​ច្រើន​ជាង​៣០​ឆ្នាំ​ដូច​ពី​មុន​ទៀត​នោះទេ ពួកគេ​នឹង​ឆាប់​ផ្លាស់ប្ដូរ​ទី​កន្លែង​ការងារ ជាពិសេស​នោះ​ គឺ​អាជីព​ការងារ​របស់​ពួកគេ​ផងដែរ។ បើ​អ្នក​គិត​ថា​អ្នក​មិន​ចាំបាច់​អភិវឌ្ឍ​បុគ្គលិក​ ដោយសារ​តែ​មិន​ដឹង​ថា​អាច​រក្សា​ពួកគេ​ទុក​ឬ​អត់នោះ ​វាគឺ​ជា​គំនិត​ដ៏​អាក្រក់​បំផុត​មួយ។ ការ​អភិវឌ្ឍ​បុគ្គលិក​ហើយ​ចុងក្រោយ​ត្រូវ​បាត់បង់​ពួកគេ​នឹង​មិន​អាក្រក់​ដូច​ដែល​ការ​មិន​អភិវឌ្ឍ​បុគ្គលិក​ ហើយ​រក្សា​ពួកគេ​ទុក​នោះ​ឡើយ។

Leave a Reply