វិធីសាស្រ្ត៣យ៉ាងដើម្បីរក្សាបុគ្គលិកឆ្នើមក្នុងស្ថាប័នរបស់អ្នក

បុគ្គលិកឆ្នើម មិនមែនជាដងើ្ហមរបស់ក្រុមហ៊ុនទេ ប៉ុន្តែជាអ្នកធានាថាក្រុមហ៊ុនអាចដកដង្ហើមបានស្រួល ក្នុងពេលប្រកួតប្រជែងលើទីផ្សារ។ បុគ្កលិកធម្មតា ទើបជាដង្ហើមរបស់ក្រុមហ៊ុន។ ស្ថាប័នដែលមិនសូវមានបុគ្គលិកពូកែៗ ច្រើនតែពិបាកក្នុងការប្រជែងជាមួយគេ ឬធ្វើរឿងអស្ចារ្យណាមួយ។

អ្នកគ្រប់គ្រង ឬអ្នកដឹកនាំស្ថាប័ន តែងតែចង់រក្សាទុកបុគ្គលិកឆ្នើមឲ្យនៅជួយស្ថាប័នបានយូរអង្វែង។ ពួកគាត់ត្រូវដឹងពីវិធីយកចិត្តបុគ្គលិកប្រភេទនេះ។

ខ្ញុំនឹងលើកយកវិធីសាស្ត្រ៣យ៉ាង ដែលអាចជួយឲ្យអ្នកសម្រេចរឿងនេះបាន។

វិធីទី១ គឺ ផ្តល់ប្រាក់ខែឲ្យសមនឹងតម្លៃដែលគេផ្តល់ឲ្យស្ថាប័ន

ប្រាក់ខែបុគ្គលិក

ស្ថាប័នខ្លះ គិតតែពីរឿងចំណេញ ហេតុនេះមិនចង់ចំណាយទៅលើបុគ្គលិកច្រើនពេកទេ។ ពួកគេប្រើទ្រឹស្តីថា ឲ្យប្រាក់ខែល្មមកុំឲ្យតែបុគ្គលិកសុំឈប់បានហើយ ប៉ុន្តែមិនបាច់ឲ្យច្រើនពេកទេ។ ការគិតបែបនេះ ប្រើការបានលើតែបុគ្គលិកធម្មតាប៉ុណ្ណោះ។

បុគ្គលិកឆ្នើម មានជម្រើស និងហ៊ានសម្រេចចិត្តប្តូរការងារលឿនជាងបុគ្គលិកធម្មតា។ បើពួកគេចេញហើយ អ្នកនឹងបាត់ធនធានមនុស្សដែលអ្នកខំបណ្តុះ ឬបាត់បុគ្គលិកបង្គោលក្នុងស្ថាប័នក៏ថាបាន។

បុគ្គលិក ទោះបីជាស្រលាញ់ស្ថាប័នក៏ដោយ ក៏នៅតែត្រូវការប្រាក់ខែទៅទ្រទ្រង់គ្រួសាររបស់ពួកគេដែរ។ អ្នកត្រូវយល់ពីរឿងនេះ ហើយមិនត្រូវប្រើពាក្យថា បុគ្គលិកមុខលុយ ទៅបន្ទាបតម្លៃរបស់គេ ព្រោះតែអ្នកមិនចង់ចំណាយច្រើនឡើយ។

ការចំណាយលើបុគ្គលិក ជាការវិនិយោគទៅលើដំណើរការរបស់ស្ថាប័នអ្នក។

វិធីទី២ គឺ​ ផ្តល់ឱកាសការងារថ្មីៗ

បុគ្គលិកឆ្នើម មានចំណូលចិត្តប្រកួតប្រជែងជាមួយនឹងសមត្ថភាពខ្លួនឯង។ ពួកគេមិនធ្វើការក្នុងក្រុមហ៊ុនដែលមិនអាចជួយឲ្យពួកគេរីកចម្រើននោះទេ។​ ពួកគេដឹងថា ការធ្វើអ្វីដដែលៗ មិនមែនជាការរៀនសូត្រក្នុងកន្លែងការងារទេ។

អ្នកត្រូវមានកិច្ចការថ្មី ឬបញ្ហាថ្មីៗឲ្យពួកគេដោះស្រាយជានិច្ច។ ម្យ៉ាងទៀត បើអ្នកគ្មានបញ្ហាលំបាកអ្វីផង តើទុកបុគ្គលិកឆ្នើមនៅក្នុងស្ថាប័នដើម្បីអ្វី? បុគ្គលិកប្រភេទនេះ មិនមែនមកធ្វើការឲ្យតែល្អមើលទេ។ ពួកគេមានគោលបំណងក្នុងការងារខ្លួនឯង។

វិធីទី៣ គឺ បកស្រាយឲ្យច្បាស់ពីគោលដៅរបស់ស្ថាប័ន

បុគ្គលិកធម្មតា មិនខ្វល់ថាស្ថាប័នចង់ធ្វើអ្វីបន្តទៀតទេ។ អ្វីដែលពួកគេខ្វល់ គឺពួកគេមានការងារធ្វើប៉ុណ្ណោះ។ បុគ្គលិកឆ្នើម គិតខុសពីនេះ។ ពួកគេចង់ដឹងពីអនាគតរបស់ស្ថាប័ន ដើម្បីប្រាកដក្នុងចិត្តថា អ្វីដែលពួកគេខំប្រឹងធ្វើ អាចមានលទ្ធផលអ្វីមួយនៅថ្ងៃក្រោយ។

បើអ្នកលាក់ពីគោលបំណងរបស់ស្ថាប័ន ពួកគេនឹងលាក់អ្នកវិញពីការដាក់ពាក្យទៅធ្វើការកន្លែងផ្សេង។ បុគ្គលិកឆ្នើម ចង់មើលឃើញពីផែនការរបស់អ្នកគ្រប់គ្រង ដើម្បីពួកគេអាចបញ្ចេញយោបល់ខ្លះបាន។

បុគ្គលិកឆ្នើម មិនធ្វើការបិទភ្នែក តាមអ្នកដទៃទេ។

អ្នកធ្វើរឿងទាំង៣នេះបានត្រឹមត្រូវ អ្នកនឹងអាចរក្សាបុគ្គលិកឆ្នើមនៅក្នុងស្ថាប័នកាន់តែច្រើន។ បុគ្គលិកឆ្នើម ក៏អាចបណ្តុះបុគ្គលិកឆ្នើមឲ្យអ្នកបន្ថែមទៀតដែរ។ អ្នកគួរតែគិតគូរពីរឿងនេះផង។

Leave a Reply