ជំនាញទន់សំខាន់ៗ ចំនួន១០ ដែលនយោជកពិចារណានៅពេលជ្រើសរើសបុគ្គលិកមកធ្វើការក្នុងក្រុមហ៊ុនរបស់ពួកគេ

ការងារពិតជាសំខាន់សម្រាប់បុគ្គលម្នាក់ៗ ពីព្រោះពួកគេត្រូវធ្វើការដើម្បីបានថវិកាសម្រាប់ចិញ្ចឹមជីវិតខ្លួន និងគ្រួសារ ឬដើម្បីសម្រេចគោលបំណងអ្វីមួយនៅក្នុងជីវិតរបស់ពួកគេ។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថាចំនួនប្រជាជនកម្ពុជាបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេសមានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ដោយសារតែពួកគាត់មានការយល់ដឹងច្រើនអំពីសារៈសំខាន់នៃការសិក្សា។ ទន្ទឹមនឹងការកើនឡើងនេះ ការប្រកួតប្រជែងក្នុងទីផ្សារការងារក៏កើតមានឡើងផងដែរ។ បេក្ខជនដែលបានដាក់ពាក្យបម្រើការងារសុទ្ធតែមានចំណេះដឹងខ្ពស់ដូចគ្នា ប៉ុន្តែនយោជកត្រូវការបុគ្គលិកតែមួយចំនួនប៉ុណ្ណោះ។ ដូច្នេះ វាទាមទារឲ្យបេក្ខជនទាំងអស់ត្រូវមានអ្វីដែលជាលក្ខណៈពិសេសដែលធ្វើឲ្យពួកគេលេចធ្លោជាងបេក្ខជនដទៃ និងក្លាយជាបេក្ខជនដែលមានសក្តានុពលសម្រាប់នយោជក។

លក្ខណៈពិសេសទាំងនោះអាចនិយាយបានថា វាគឺជំនាញផ្សេងពីជំនាញបច្ចេកទេស និងបទពិសោធន៍ការងាររបស់អ្នក ឬយើងអាចហៅជំនាញនោះបានថាជា ជំនាញទន់ (Soft Skill) ។ ជំនាញទន់ បានដើរតួជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ សម្រាប់សហគ្រិនគ្រប់រូប ដែលកំពុងដឹកនាំអាជីវកម្មក្នុងដៃ។ លើសពីនេះ សហគ្រិន ៩៣% បានទទួលស្គាល់ថា ជំនាញទន់ គឺពិតជាសំខាន់ខ្លាំងណាស់ ហើយវាជាជំនាញចាំបាច់ ដើម្បីធ្វើជាមូលដ្ឋានក្នុងសម្រេចចិត្តជ្រើសរើសបុគ្គលិក។

ខាងក្រោមនេះ គឺជាជំនាញទន់សំខាន់ៗដែលនយោជកពិចារណានៅពេលជ្រើសរើសបុគ្គលិកមកធ្វើការក្នុងក្រុមហ៊ុនរបស់ពួកគេ៖

១. ជំនាញទំនាក់ទំនង (Communication Skills)

ជំនាញទំនាក់ទំនង គឺជាសមត្ថភាពក្នុងបញ្ចេញគំនិត ឬមតិរបស់ខ្លួនតាមរយៈការនិយាយ ឬសរសេរប្រកបដោយភាពច្បាស់លាស់ សង្ខេប និងភាពជឿជាក់ ដែលធ្វើឲ្យអ្នកដទៃងាយយល់ និងមិនមានការយល់ច្រឡំនូវអ្វីដែលពួកគេចង់បង្ហាញ។ ក្នុងបរិបទការងារ បុគ្គលិកដែលមានជំនាញនេះមានសមត្ថភាពខ្ពស់ក្នុងការពន្យល់អតិថិជនយ៉ាងមានប្រសិទ្ធភាព អំពីផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន ងាយស្រួលធ្វើការជាមួយមិត្តរូមការងារ និងអ្នកគ្រប់គ្រងរបស់ពួកគេជាដើម។ 

២. ជំនាញអន្តរបុគ្គល (Interpersonal skills)

ជំនាញអន្តរបុគ្គល គឹសំដៅលើសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សដទៃ។ នៅក្នុងបរិបទការងារ វាជាជំនាញនៃទំនាក់ទំនងល្អរវាងអ្នក ជាមួយមិត្តរួមការងារ ឬសមាជិកក្រុមការងារ អតិថិជន នយោជក ជាដើម។ បុគ្គលដែលពូកែខាងជំនាញនេះ ធ្វើឲ្យមានបរិយាកាសការងារល្អ និងក្រុមហ៊ុនមានការជោគជ័យច្រើន ដោយសារតែពួកគេមានការចុះសម្រុងល្អជាមួយមិត្តរួមការងារ ឬសមាជិកក្រុម មានទំនាក់ទំនងល្អ និងចរចារយ៉ាងមានប្រសិទ្ធភាពជាមួយអតិថិជន និងមានទំនួលខុសត្រូវ។

៣. ជំនាញដឹកនាំ (Leadership Skills)

ជំនាញដឹកនាំ គឺជាសមត្ថភាពក្នុងការដឹកនាំមនុស្សធ្វើការងារដើម្បីសម្រេចគោលដៅនៃការងារ។បុគ្គលដែលមានជំនាញនេះ គឺជាមនុស្សប្រកបទៅដោយភាពជឿជាក់ សកម្មក្នុងការងារ អាចធ្វើការជាក្រុម មានភាពសហការល្អក្នុងក្រុម ចេះគោរពគំនិតរបស់អ្នកដទៃ និងធ្វើការប្រកបដោយភាពមានទំនួលខុសត្រូវ និងគិតប្រយោជន៍រួមជាធំ។

៤. ការគ្រប់គ្រងពេលវេលា (Time management)

ជំនាញក្នុងការគ្រប់គ្រងពេលវេលា គឺសំដៅលើសមត្ថភាពក្នុងការប្រើប្រាស់ពេលវេលា ធ្វើការយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពដើម្បីសម្រេចការងារយ៉ាងច្រើន។ បុគ្គលដែលមានជំនាញនេះ អាចបែងចែងពេលវេលាសម្រាប់កិច្ចការយ៉ាងច្បាស់លាស់ និងកំណត់អាទិភាពកិច្ចការដែលត្រូវបានផ្តល់ឲ្យបានយ៉ាងល្អ។

៥. ជំនាញត្រិះរិះស៊ីជម្រៅ (Critical Thinking Skills)

ជំនាញត្រិះរិះស៊ីជម្រៅ គឺជាសមត្ថភាពក្នុងការវិភាគបញ្ហាដើម្បីរកដំណោះស្រាយ និងធ្វើការសម្រេចចិត្តយ៉ាងមានប្រសិទ្ធភាព។ បុគ្គលិកដែលមានជំនាញនេះ គឺប្រៀបដូចជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ក្រុមហ៊ុន ពីព្រោះគំនិតឆ្នៃប្រឌិតដ៏សម្បួរបែបរបស់ពួកគេធ្វើឲ្យបរិយាកាសការងារក្នុងក្រុមហ៊ុន មានភាពប្រសើរ បង្កើនប្រសិទ្ធភាពការងារ និងសេវាកម្មរបស់ក្រុមហ៊ុនចំពោះអតិថិជន បង្កើនគុណតម្លៃ និងឧត្តមភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន។ 

៦. ជំនាញធ្វើផែនការ និងរៀបចំចាត់ចែង (Planning and organizing)

ជំនាញធ្វើផែនការ និងរៀបចំចាត់ចែង សំដៅលើសមត្ថភាពក្នុងការរៀបចំចាត់ចែង និងធ្វើផែនការការងារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីសម្រេចគោលដៅការងារដែលត្រូវបានដាក់ឲ្យ និងបញ្ចប់ឲ្យទាន់ពេលវេលាដែលបានកំណត់។ អាស្រ័យហេតុនេះ បុគ្គលបែបនេះ គឺជាមនុស្សដែលមានផលិតភាពខ្ពស់នៅក្នុងគម្រោងការងារ ឬក្រុមហ៊ុន។

៧. ជំនាញធ្វើបទបង្ហាញ (Presentation Skills)

ជំនាញធ្វើបទបង្ហាញ គឺសំដៅលើសមត្ថភាពក្នុងការបង្ហាញពីព័ត៌មាន គំនិត ឬរបកគំហើញ​អ្វីមួយ​យ៉ាង​ច្បាស់​លាស់ ​និងមានប្រសិទ្ធភាពទៅកាន់មនុស្យដទៃ ដូចជាមិត្តរួមការងារ អ្នកគ្រប់គ្រង ឬអ្នកវិនិយោគជាដើម។ នៅក្នុងបរិបទការងារ ការធ្វើបទបង្ហាញអាចជាការបង្ហាញអំពី គម្រោងអាជីវកម្ម ការវិភាគលើហានិភ័យ និងយុទ្ធសាស្ត្រ ការសិក្សា​ស្រាវ​ជ្រាវ និងរបកគំហើញដែលទាក់ទងនឹងអាជីរវកម្មរបស់ក្រុមហ៊ុនជាដើម។ 

៨. ជំនាញបច្ចេកវិទ្យា (Digital Skills)

ជំនាញបច្ចេកវិទ្យាក្នុងបរិបទនេះ គឺសំដៅទៅលើចំនេះដឹងមូលដ្ឋានក្នុងការប្រើប្រាស់កុំព្យូទ័រ និងអ៊ីនធឺណេតដូចជា ការចេះប្រើប្រាស់កម្មវិធី Microsoft Office (Word, Excel, PowerPoint, PDF) សរសេរ និងឆ្លើយអ៊ីមែល និងស្រាវជ្រាវព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេត ជាដើម។

៩. ការជម្រុញទឹកចិត្តខ្លួនឯង (Self-motivation)

ជំនាញនេះ គឹសំដៅលើការមានទំនួលខុសត្រូវក្នុងការបំពេញការងារដូចជា ការខិតខំបំពេញការងារ ការមានគំនិតឆ្នៃប្រឌិត និងកំណត់អាទិភាពក្នុងការងារដោយមិនចាំបាច់មានការដាស់តឿន ឬក្រើនរំលឹក ឬតាមដានពីប្រធានរបស់ខ្លួន។

១០. ភាពបត់បែន (Flexibility)

ភាពបត់បែន សំដៅលើសមត្ថភាព និងឆន្ទៈក្នុងការសម្របតាមកាលៈទេសៈ និងអាចដោះស្រាយនូវបញ្ហាប្រឈមដែលកើតឡើងភ្លាមៗនៅកន្លែងធ្វើការ។ នយោជក ពិតជាត្រូវការបុគ្គលិកដែលមានលក្ខណៈសម្បត្តិបែបនេះ ពីព្រោះពួកគេអាចកាត់បន្ថយនូវការរាំងស្ទះ ឬឧបសគ្គក្នុងការងារដែលបង្កដោយបញ្ហានានាដែលកើតឡើងដោយឥតរំពឹងទុក។ 

សរុបសេចក្តីមក ក្រៅពីជំនាញដែលមានរៀបរាប់ខាងលើ គឺនៅមានជំនាញផ្សេងៗជាច្រើនទៀតដែលបុគ្គលិកគួរពិចារណា ដើម្បីបង្កើននូវសក្តានុពលរបស់ខ្លួននៅកន្លែងការងារ។ នៅពេលពួកគេអាចអនុវត្តចំនុចទាំងអស់នេះ ពួកគេមិនត្រឹមក្លាយជាបុគ្គលិកឆ្នើមនោះទេ ពួកគេក៏នឹងអាចមានឳកាសរីកចម្រើនច្រើនក្នុងអាជីពរបស់ពួកគេ និងអាចបង្កើនឳកាសសម្រាប់ខ្លួនឯងផងដែរ។ 

ឯកសារយោង៖

Skills You Need, Employability Skills: The Skills You Need to Get a Job

Learn Direct, The Top Ten Employee Skills to Look for


 អត្ថបទទាក់ទង

យោងតាមការស្រាវជ្រាវរបស់ Linkedin មានជំនាញ ចំនួន៥ ដែលបុគ្គលិកចង់បានបំផុតពីអ្នកគ្រប់គ្រងរបស់ខ្លួន

One thought on “ជំនាញទន់សំខាន់ៗ ចំនួន១០ ដែលនយោជកពិចារណានៅពេលជ្រើសរើសបុគ្គលិកមកធ្វើការក្នុងក្រុមហ៊ុនរបស់ពួកគេ

Leave a Reply