ជំនាញជាអាវុធចំនួន១០ ដែលអ្នកត្រូវដាក់ជាប់ខ្លួនក្នុងសតវត្សរ៍ទី២១

នៅ​ក្នុង​យុគសម័យ​ព័ត៌មាន​វិទ្យា​នា​សតវត្ស​​ទី២១នេះ មាន​ចំណេះ​ដឹង​ និងជំនាញ​ជា​ច្រើន​ ដែល​សិស្ស​និស្សិត​​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ និងទន្ទេញ​រាប់​សិប​ឆ្នាំ ​ដើម្បី​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ពូកែ​ ឬប៉ិន​ប្រសព្វ​នៅ​ក្នុង​ការ​ដឹកនាំ​ជីវិត​ខ្លួន​ឯង​ ដឹកនាំ​​គ្រួសារ​​និង​សហគមន៍ និង​ ដឹក​នាំ​សង្គម​ជាតិ​ និងពិភព​លោក​ទាំង​មូល។ ចំណេះ​​ និងជំនាញ​រាប់​រយ​ពាន់​ទាំង​នោះ​ ខ្លះ​មាន​ប្រយោជន៍ ខ្លះ​លែង​មាន​ប្រយោជន៍ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ដោះ​ស្រាយ​បញ្ញា​ជាច្រើន​នៅ​ក្នុង​សង្គម​មនុស្ស។ ចំណេះ​វិជ្ជា​ខ្លះ​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​ក្នុង​គម្ពីរ ឬ​សៀវភៅ​រាប់​លាន​ក្បាល សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រៀនសូត្រ​និង​បន្ត​អនុវត្ត​បន្ត​ទៀត។ ​​ចំណេះ​វិជ្ជា​ខ្លះ ​មិន​ត្រូវ​បាន​មនុស្ស​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ទេ​ ប៉ុន្តែ​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​រក្សា​ទុក​ក្នុង​ខួរក្បាល​ក្រោម​រូបភាព​ជា​ការ​ចងចាំ​ និងបញ្ជូន​បន្ត​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ដោយ​ការ​បង្រៀន​ដោយ​ផ្ទាល់​មាត់។

ខាងក្រោមនេះជា ជំនាញជាអាវុធចំនួន១០ ដែលអ្នកត្រូវដាក់ជាប់ខ្លួនក្នុងសតវត្សរ៍ទី២១៖

. ជំនាញ​ប្រាស្រ័យទាក់ទង

ចង់​ជោគជ័យ មិន​អាចធ្វើ​អ្វីមួយ​តែ​ខ្លួនឯង​បានទេ គឺ​ចាំបាច់​ត្រូវតែមាន​សហ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ក្នុងសង្គម​។ ហេតុនេះ ជំនាញ​ប្រាស្រ័យទាក់ទង គឺជា​ជំនាញ​ដ៏​សំខាន់​ដើម្បី​នាំខ្លួន​របស់​អ្នក​ឲ្យ​សង្គម​ទទួលស្គាល់​។​ បើតាមសម្តី​របស់​អ្នក​ស្រី អែន្នម៉ារី នៀល (Annmarie Neal) អនុប្រធាន​​ផ្នែក​គ្រប់គ្រង​ទេពកោសល្យ​នៃ​ក្រុមហ៊ុន​ Cisco Systems បាននិយាយថា “ជំនាញ​ដ៏​ធំ​បំផុត​ដែល​មនុស្ស​​ជា​ច្រើន​ខ្វះខាត​នោះ​ គឺលទ្ធភាព​ដើម្បី​ទាក់ទង​គ្នា ទាំង​ខាង​ការបង្ហាញ​​គំនិត​ដោយ​ការ​សរសេរ ​និង​ដោយ​ការ​និយាយ។ នោះ​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​របស់​យើង។”

២. ការ​គិត​ពិចារណា​ដោយស៊ីជម្រៅ និង​ការ​ដោះស្រាយ​បញ្ហា

អ្នក​ត្រូវតែ​ជា​បុគ្គល​ដែលមាន​ភាពឈ្លាសវៃ​ក្នុងការ​ដោះស្រាយ​បញ្ហា។ យោងតាមសម្តី​របស់​អ្នក​ស្រី អែល​ឡឹន កុមាតា (Ellen Kumata) ជា​ទីប្រឹក្សា​របស់​ក្រុមហ៊ុន Fortune 200 បានលើឡើងថា “គំនិត​ដែល​ជឿថា​អ្នក​ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន​មួយ​មាន​គ្រប់​ចម្លើយ​ និងអាច​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​ខ្លួន​គេ​ គឺ​ជា​គំនិត​ហួស​សម័យ​ទៅ​ហើយ។ មនុស្ស​ដែល​ធ្វើការកៀកកិត​​ស្និទ្ធ​នឹង​ការងារ​របស់​គាត់​ ត្រូវ​តែ​មាន​ជំនាញ​ផ្នែក​វិភាគ​យ៉ាង​ល្អល្អះ​។ អ្នក​ត្រូវ​តែ​​ល្អិត​ហ្មត់ចត់ ឧទាហរណ៍​ ការ​ធ្វើ​តេស្ត​ពិសោធន៍​មើល​ការដៅស្មាន​របស់​អ្នក មិន​ត្រូវ​ទទួល​យក​អ្វីៗ​ដូច​ដែល​គេ​បាន​ប្រគល់​មក​ឲ្យ​អ្នក​នោះ​ឡើយ មិន​ត្រូវ​ចូល​ធ្វើ​ការងារ​ដោយ​យក​គំនិត​របស់​ខ្លួន​ទៅ​ជាមួយ​ ថា​អ្នក​កំពុង​ព្យាយាម​បញ្ជាក់អះអាង​ថា​ជា​មនុស្ស​ពូកែ​ឡើយ​​​។”

៣. ជំនាញ​គ្រប់គ្រង​ពេលវេលា

ការគ្រប់គ្រងបុគ្គលិកអោយមានប្រសិទ្ធិភាព គឺជំនាញមួយដែលមានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ។ បើទោះបីជាតារាងកាលវិភាគប្រចាំថ្ងៃ ត្រូវបានបង្កើតឡើងក្ដី វាមិនមានន័យថាយើងអាចធ្វើទៅតាមអ្វីដែលយើងគ្រោងទុកបានទាំងស្រុងនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងពេលវេលាអោយបានត្រឹមត្រូវ ពិតជាអាចឲ្យអ្នកបំពេញការងារប្រកបដោយប្រសិទ្ធិភាព។ ជា​បុគ្គល​ស្គាល់​កាលៈទេសៈ​ហើយ ក៏​ចាំបាច់​ត្រូវតែ​ជា​បុគ្គល​ដែល​ចេះ​គ្រប់គ្រង​ពេលវេលា គ្រប់គ្រង​ឱកាស​ផងដែរ​។ ព្រោះ​បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ក្លាយជា​ជន​បរាជ័យ ​ព្រោះតែ​មិន​ស្គាល់​តម្លៃ​នៃ​ពេល​វា​លា​។​

៤. ជំនាញ​លើ​ការសម្រេចចិត្ត

ការសម្រេចចិត្ត​ដែលមាន​មូលដ្ឋាន​ច្បាស់លាស់​ គឺជា​អំណាច​មួយ ដែល​បញ្ជាក់​ពី​ភាពច្បាស់លាស់​របស់​បុគ្គ​ល​។ ក្នុងសម័យដែលអ្វីគ្រប់យ៉ាងស្រពេចស្រពិលមិនសូវជាច្បាស់លាស់ អ្នកសិក្សា អ្នកធ្វើការ ធុរជន និងអ្នកនយោបាយតែងតែប្រឈមនឹងបញ្ហាស្មុគស្មាញ ហើយបើមិនអាចវិនិច្ឆ័យ និងសម្រេចចិត្តយ៉ាងត្រឹមត្រូវទាន់ពេលទេ នោះអាចនឹងមានផលអាក្រក់ដ៏គួរឲ្យសង្វេគបាន។ ដូច្នេះទើបកាតព្វកិច្ចយើងទាំងអស់គ្នា ជាពិសេស ធុរជន និងអ្នកនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ទៅៗ និងប្រឈមនឹងគ្រោះថ្នាក់ជាខ្លាំង។ ដូច្នេះទើបយើងត្រូវខិតខំ ប្រឹងប្រែង សិក្សារៀនសូត្រ ចម្រើនបញ្ញា ស្មារតី  អត់ធ្មត់វិនិច្ឆ័យដោយមិនភ័យខ្លាច និងអភិវឌ្ឍខ្លួនឯងបន្តបន្ទាប់មិនថាវ័យតិចច្រើនប៉ុណ្ណា ដើម្បីអាចធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ឋផល។

៥. ជំនាញ​តស៊ូ​មតិ​ បកស្រាយ ពន្យល់

ការតស៊ូមតិ គឺជាមូលដ្ឋាន នៃការជជែកវែកញែកមួយ។ វាមិនមែនជាការប្រកួតស្រែក ដែលគ្មានវិន័យនោះទេ ហើយធ្វើឡើងរវាងក្រុមពីរ ដែលមានការជឿទុកចិត្តនៅក្នុងទស្សនៈច្បាស់លាស់។ ការតស៊ូមតិមានច្បាប់តឹងរឹង ដើម្បីប្រតិបត្តិ និងពិតជាស្មុគស្មាញក្នុងការវែកញែក ដែលមានរបៀបជាច្រើន ដើម្បីធ្វើហើយជាញឹកញាប់អ្នកនឹងត្រូវជជែកវែកញែកចំពោះប្រធា- នបទដែលផ្ទុយនឹងអ្វីដែលអ្នកជឿទៅលើ។ ចំណុច​នេះ ​គឺជា​កត្តា​សំខាន់​មួយ​ក្នុងចំណោម​ចំណុច​សំខាន់ៗ​ទាំងឡាយ​។ ព្រោះថា​បុគ្គល​ម្នាក់ មាន​សិល្បៈ​នៅក្នុង​ការតស៊ូ​មតិ គឺអាច​ធ្វើ​ឲ្យ​ស្ថានភាព​ក្រឡាប់ចាក់​បាន​។

៦. ជំនាញ​ពង្រីក​កិត្តិសព្ទ​របស់ខ្លួន​ចូលក្នុង​សង្គម សហប្រតិបត្តិការ​ឆ្លង​បណ្តាញ​ និង​ការ​ដឹកនាំ​ដោយ​ប្រើ​ឥទ្ធិពល

ចង់​ជោគជ័យ​ក្នុងសម័យ​សតវត្សរ៍​ទី​២១ អ្នក​ចាំបាច់​ត្រូវតែ​បង្ហាញ​វិសាលភាព​នៃ​កិត្តិយស​របស់​អ្នក​ឲ្យ​គេ​ស្គាល់​ឲ្យ​បាន​ច្រើន​។ កត្តា​នេះ​គឺ​ចង់បង្ហាញ​ពិភព​មនុស្ស​ថា អ្នក​ក៏​ជា​បុគ្គល​ម្នាក់​ដែល​ត្រូវបានគេទទួលស្គាល់ និង​អាច​ជឿទុកចិត្ត​បាន។​ ម៉ាក ឆែន្ត​ល័រ (Mark Chandler) ជា​អនុប្រធាន​ និង​ជា​មេធាវី​របស់​ក្រុមហ៊ុន​ Cisco បានពោលដូច្នេះថា “បញ្ហា​ចម្បង​បំផុត​ដែល​យើង​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​មូល​ គឺ​ការ​រក​បាន​មនុស្ស​ដែល​មាន​សមត្ថភាព​អាច​សម្តែង​ភាពដឹកនាំ​ឆ្លង​បណ្តាញ (គ្រប់​វិស័យ)។ ភាសា​ដែល​យើង​និយាយ​ដដែលៗនោះ​ គឺ​ថា​អ្នក​​ត្រូវ​ដឹកនាំ​ដោយ​ប្រើ​ឥទ្ធិពល ជាជាង​ការ​ប្រើ​​សិទ្ធិអំណាច។”

៧. ជំនាញ​កំ​ព្យូ​ទ័​រ

សម័យ​ប​ច្ចេ​វិទ្យា សម័យ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ជំនាញប្រើប្រាស់កំព្យូទ័រ គឺជា​ត​ម្រូ​វការ​របស់​សង្គម​។ ហេតុនេះ​បុគ្គល​គ្រប់រូប​ត្រូវតែ​សិក្សា​ជំនាញ​កំ​ព្យូ​ទ័​រ​នេះ ឲ្យ​ចេះ​ចាំ អាច​ប្រើការ​បានល្អ​សម្រាប់ធ្វើ​ការងារ​។​

៨. ជំនាញ​វិភាគ​វែកញែក

ជំនាញ​ក្នុង​ការវិភាគ គឺជា​ជំនាញ​មួយ​ដែល​មិនមែន​គ្រប់​បុគ្គល​ណា​ក៏​អាច​ធ្វើបាន​នោះទេ មានតែ​អ្នក​ដែលមាន​មូលដ្ឋាន​ចំណេះដឹង ស្គាល់​កាលៈទេសៈ មាន​យុទ្ធវិធី​ច្បាស់លាស់​ទើប​អាច​វិភាគ​បញ្ហា​អ្វីមួយ​បាន​។​ លោក ម៉ៃឃ៍ សាំម័រស៍ (Mike Summers)​ ជា​អនុប្រធាន​ផ្នែក​គ្រប់គ្រង​ទេពកោសល្យ​ពិភពលោក​របស់ក្រុមហ៊ុន​ Dell បាននិយាយយ៉ាងដូច្នេះថា “​សព្វថ្ងៃ​មាន​ព័ត៌មាន​ច្រើន​លើសលប់ ហើយ​នោះ​ប្រហែល​ជា​ព័ត៌មាន​ដ៏​ច្រើន​សន្ធឹក​ពេក​​ ហើយ​ប្រសិន​បើ​មនុស្ស​ជាច្រើន​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​យក​ព័ត៌មាន​ទាំង​នោះ​មក​រៀនចំ​ដាក់​តាម​លំដាប់លំដោយ​ឲ្យ​មាន​ប្រយោជន៍​ទេ វា​ស្ទើរតែ​​បង្កឲ្យ​មនុស្ស​ទាំង​នោះ​គាំង​ស្ទះ​មិន​អាច​បោះជំហាន​​ដើរ​ទៅ​មុខ​មិន​រួច។​”

៩. ជំនាញក្នុងការ​បង្កើត​ថ្មី​ និង​ការច្នៃ​ប្រ​តិដ្ឋ

បុគ្គល​ដែល​អាច​ដើរ​ទាន់​សង្គម គឺ​ត្រូវតែ​ជា​បុគ្គល​ដែល​អាច​គិត​ឃើញ​អ្វីដែល​ថ្មី បង្កើត​អ្វីដែល​បរិបទ​សង្គម​ត្រូវការ​។ កត្ដា​នេះ​អាច​បញ្ជាក់​ពី​សមត្ថភាព​ប្រកួតប្រជែង​របស់​បុគ្គល​។​​ លោក ម៉ៃឃឹល យុង (Michael Jung) ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន McKinsey and Company បានលើកឡើងយ៉ាងដូច្នេះថា “គំនិត​ចាស់​គំរិល​របស់​ពួក​យើង​ គឺ​ថាការងារ​ទាំងឡាយ​ត្រូវ​បាន​កំណត់​ច្បាស់​លាស់​ដោយ​និយោជក (អ្នក​ជួល​បុគ្គលិក) ហើយ​ចំណែក​ឯ​បុគ្គលិក​វិញ ​ត្រូវ​តែ​ធ្វើការងារ​អ្វី​ក៏​ដោយ​ដែល​និយោជក​ដាក់​ឲ្យ​ធ្វើ… ប៉ុន្តែតាម​ការ​ពិត អ្នក​​មាន​បំណង​ចង់​ឲ្យ​បុគ្គលិក​រក​ឃើញ​ការបកស្រាយ​មួយ​ដែល​អ្នក​ចូលចិត្ត ពោល​គឺ​បុគ្គលិក​នាំ​យក​គំនិត​ផ្ទាល់​ខ្លួន​​ថ្មី​ៗ​មក​បញ្ចូល​បន្ថែម​ដល់​កន្លែង​ធ្វើការងារ នោះ​គឺ​ជា​ធាតុ​ច្នៃ​ប្រតិដ្ឋ​​ដ៏​សំខាន់។​​”

១០. ជំនាញ​ផ្លាស់ប្ដូរ​ខ្លួនឯង​តាម​សភាពការណ៍

លោក​ ខ្លេ ផាកឃ័រ (Clay Parker) ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​សារធាតុគីមី​នៃ​ក្រុមហ៊ុន BOC Edwards បានពោលថា “ខ្ញុំ​បាន​មក​ធ្វើការងារ​ទី​នេះ​អស់​រយៈពេល ៤ឆ្នាំ​​ ហើយ​​រៀងរាល់​ឆ្នាំ​យើង​​បាន​​កែប្រែ​ជា​មូលដ្ឋាន​នូវ​របៀបចាត់ការ​របស់​ក្រុមហ៊ុន​ ព្រោះ​តែ​ការប្រែប្រួល​​ឥតឈប់ឈរ​នៃ​វិធី​ធ្វើ​ជំនួញ។ ខ្ញុំ​អាច​ធានា​អះអាង​ថា​ ការងារ​ដែល​ខ្ញុំ​ត្រូវ​ជួល​បុគ្គល​ណា​ម្នាក់​ឲ្យ​មក​ធ្វើ​នោះ​​នឹង​ត្រូវ​តែ​ផ្លាស់​ប្តូរ​ដែរ ឬ​ក៏​អាច​ថាការងារ​នោះ​ឈប់​​មាន​ទៀត​ហើយ​នៅ​ពេល​អនាគត ដូច្នេះ​នេះ​ហើយ​ជា​ហេតុផល​បញ្ជាក់​ថា​ លទ្ធភាព​បត់បែន និងជំនាញ​ខាង​ការ​រៀនសូត្រ​វិជ្ជា​ថ្មីៗ​ទៀត​​មាន​សារៈ​សំខាន់​ជាង​ជំនាញ​បច្ចេកទេស​ទាំង​ឡាយ។” សត​វត្សរ៍​ទី​២១ នេះ​អ្នក​ត្រូវតែ​ជា​បុគ្គល​ស្គាល់​កាលៈទេសៈ ស្គាល់​ស្ថានភាព ចេះ​បត់បែន​ខ្លួនឯង​ប្រកបដោយ​ភាពឈ្លាសវៃ ដើម្បី​សម្រេច​កិច្ចការ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ក្លាយជា​បុគ្គល​មិន​យល់​ការណ៍​ ដូច​ពាក្យចាស់​លោក​ពោលថា “ផ្លូវវៀច​កុំបោះ​បង់ ផ្លូវត្រង់​កុំចោល​” ពិតជា​មិន​ខុស​ទេ​។

សរុបមក បើចង់​ក្លាយជា​បុគ្គល​ម្នាក់​ដែល​រស់នៅ​ដោយភាពជោគជ័យ​ក្នុង​សតវត្សរ៍​ទី​២១ គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ។ យ៉ាងណាមិញ ​បុគ្គល​គ្រប់រូប​ គួរតែ​យក​ជាប់​ខ្លួន​ជានិច្ច​ នូវជំនាញជាអាវុធចំនួន១០ខាងលើ ដើម្បី​ដើរ​ឲ្យ​ទាន់សម័យ​កាល​នេះ និង​ក្លាយជា​បុគ្គល​មានឱកាស​ពង្រីក​សមត្ថ​ភាព និង​ភាពជោគជ័យ​របស់ខ្លួន​។


អត្ថបទទាក់ទង

តើអ្វីទៅជាការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព?

 

Leave a Reply