សំណួរ​សំខាន់ៗ​ទាំង ​៨ ដែល​អ្នក​ត្រូវ​ឆ្លើយ​ក្នុង​ពេល​សម្ភាស​ន៍ការងារ

ការត្រៀមចម្លើយពីសំណួរទូទៅសម្រាប់ការសម្ភាសន៍ គឺជាការត្រៀមខ្លួនសម្រាប់ការសម្ភាសន៍។ សព្វថ្ងៃ សំភាសន៍ការងារ ត្រូវបានគេយល់ថាវាជាកិច្ចការមួយដែលលំបាក ត្រូវការប្រឹងប្រែងម៉ត់ចត់​ និងទូលំទូលាយ​ណាស់​ ដោយសារតែវាជាសិទ្ធិអ្នកសម្ភាសន៍ក្នុងគោលបំណងជីកសួរអ្នក ដើម្បីពួកគេអាចជ្រើសរើសយកមនុស្សម្នាក់សាកសម​សម្រាប់ការងាររបស់គេ។ សម្ភាសន៍ការងារ គឺមិនត្រឹមតែជាឱកាសមួយសម្រាប់អ្នកដើម្បីទទួល​បាន​​ការងារនោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់ឲ្យអ្នកសំភាសន៍វាស់ស្ទង់នូវដំណើរការគិតរបស់អ្នក និងយល់ដឹងពីក្តីសង្ឃឹម គោលដៅ និងមហិច្ឆតារបស់អ្នកផងដែរ។

មិនថាការសម្ភាសន៍ក្នុងទម្រង់បែបសម្ភាសន៍ផ្ទាល់មុខក្ដី សម្ភាសន៍តាមទូរសព្ទក្តី ឬតាមវីដេអូក្ដី បេក្ខភាពទាំងអស់ត្រូវតែត្រៀមខ្លួនឱ្យបាន​រួចរាល់ ​ព្រមទាំងដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ស្វែងរកការងារ​ថ្មី​ដែល​អ្នក​កំពុង​តែ​ដាក់ពាក្យ​នេះ។ ក្រៅ​ពី​ការ​ត្រៀម​ខ្លួន​ដោយការ​ស្លៀកពាក់​ត្រឹម​ត្រូវ ការ​មក​ដល់​មុន​ម៉ោង​កំណត់ អ្នក​ក៏​ត្រូវ​ដឹង​ខ្លះៗ​អំពីសំណួរ​ដែល​គួរ​ត្រៀម​ក្នុង​ការ​ឆ្លើយតប​ពេល​សម្ភាសន៍​ផង​ដែរ។ ខាង​ក្រោម​នេះ ​គឺ​ជា​សំណួរ​សំខាន់ៗ​ទាំង ​៨ ​ដែល​អ្នក​​ត្រូវ​ឆ្លើយ​ក្នុង​ពេល​សម្ភាស​ន៍ការងារ៖

១. ចូររៀបរាប់អំពីខ្លួនអ្នក

នេះប្រហែលជាសំណួរដំបូងគេក្នុងការចាប់ផ្ដើមការសម្ភាសរបស់បេក្ខជនហើយអ្នកដែលសួរសំណួរនេះក៏មិនមែនដើម្បីកម្សាន្ត ឬលេងសើចដែរ។ អ្វីដែលអ្នក​សួរសំណួរនេះចង់ឱ្យបេក្ខជនបញ្ចូលក្នុងចម្លើយរបស់ពួកគេមានដូចជា៖

  • តើអ្នកមានបទពិសោធន៍អ្វីដែលសមស្របជាមួយការងារដែលអ្នកកំពុងតែដាក់ពាក្យដែរឬក៏អត់?
  • តើអ្នកមានសមត្ថភាពអ្វីពិសេស បើធៀបជាមួយបេក្ខជនដទៃ?
  • តើបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកត្រូវជាមួយការងារដែលអ្នកកំពុងដាក់ពាក្យនេះឬអត់?

គន្លឹះក្នុងការឆ្លើយសំណួរនេះអ្នកអាចចាប់ផ្ដើមដោយនិយាយអំពីអ្វីដែលធ្វើឱ្យអ្នកស្រលាញ់ការងារ ឬអាជីពរបស់អ្នកសមិទ្ធផលដែលអ្នកសម្រេចបានក្នុងអាជីពពីមុន ផែនការការងាររបស់អ្នកបច្ចុប្បន្ន និងហេតុផលនៃការកំណត់ផែនការនេះជាដើម។

២. តើអ្នកស្គាល់ក្រុមហ៊ុនរបស់យើងតាមរយៈអ្វី?

បេក្ខជនភាពច្រើនតែងឆ្ងល់ថា ហេតុអ្វីអ្នកសម្ភាសន៍សួរសំណួរនេះ។ ចម្លើយ គឺក៏ព្រោះពួកគេចង់ដឹងថាតើអ្នកបានស្រាវជ្រាវពីក្រុមហ៊ុនគេ មុននឹងមកសម្ភាសន៍នេះដែរឬទេ។ ពួកគេក៏ចង់ដឹងថា តើអ្នកមានបានស្វែងយល់ថាតើក្រុមហ៊ុនរបស់ពួកគេស័ក្ដិសមសម្រាប់ជាកន្លែងការងារក្នុងក្ដីស្រមៃរបស់អ្នកដែរឬក៏អត់។ 

គន្លឹះដើម្បីឆ្លើយសំណួរនេះឱ្យបានល្អ អ្នកមិនគួរអាន ឬសូត្រឡើងវិញនូវព័ត៌មានដែលមាននៅលើទំព័រមុខរបស់វ៉េបសាយក្រុមហ៊ុនឡើយ ព្រោះវាមិនមែនជាការស្រាវជ្រាវទេ តែវាជាការចាំមាត់ទៅវិញ។ ចូរជ្រើសរើសព័ត៌មានសំខាន់ៗ ១ ឬ ២ ដែលបង្ហាញពីចំណុចខ្លាំងរបស់ក្រុមហ៊ុន ដូចជាបេសកកម្ម ចក្ខុវិស័យ ឬផលិតផល/សេវាកម្មរបស់ក្រុមហ៊ុនជាដើម។ អ្នកអាចពន្យល់ពីអ្វីដែលធ្វើឱ្យអ្នកស្ញប់ស្ញែងទាក់ទងនឹងក្រុមហ៊ុន និងថាតើវាអាចទាក់ទាញអ្នកឱ្យមកដាក់ពាក្យតាមរបៀបណា។

៣. តើ​អ្នក​មាន​ចំណុច​ខ្លាំង​អ្វី​ខ្លះ​?

សូម​ផ្ដោត​ទៅ​លើ​ចំណុច​ទាំង​ឡាយ​ណា​ដែល​អ្នក​ដឹង​ថា​​​ស្ថាប័ន​ចង់​បាន​​ ទោះ​បី​អ្នក​មាន​ចំណុច​ទាំង​នោះ​តិច​តួច​ក៏​ដោយ​។ ចំណុច​ទាំង​នោះ​ អ្នក​អាច​ដឹង​មុន​តាម​រយៈ​តម្រូវ​ការ​ការងារ​ដែល​ស្ថាប័ន​បាន​ចែង​ក្នុង​ពេល​ប្រកាស​រើស​បុគ្គលិក​។​

៤. តើ​អ្វី​ខ្លះ​ជា​ចំណុច​ខ្សោយ​របស់​អ្នក​?

ជ្រើស​រើស​ចំណុច​ខ្វះ​ខាត​ណា​ដែល​ទាក់​ទង​នឹង​ការងារ ប្រសើរ​ជាង​ទាក់​ទង​នឹង​ខ្លួន​អ្នក​ផ្ទាល់​។ ម្យ៉ាង​ទៀត​គួរ​រៀបរាប់​ចំណុច​ខ្សោយ​ដែល​អ្នក​បាន​ធ្វើ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ភាព​ខ្វះ​ខាត​នោះ​បាន​ប្រសើរ​ឡើង​វិញ​ ដូច​ជា​ការ​ដែល​បាន​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ជា​ដើម​។

៥. ហេតុអ្វីបានជាអ្នកលាឈប់ពីការងារមុន?

ត្រូវចាំ​ថា ពេលអ្នកសម្ភាស​ន៍សួរ​សំណួរ​នេះ មិន​មែន​បាន​ន័យ​ថា​ពួក​គេ​ចង់​ដឹង​រឿ​ង​ផ្ទាល់​ខ្លួន​របស់​អ្នក​ពេក​នោះ​ទេ តែ​គឺ​ពួក​គេ​ចង់​ដឹង​អំពី​មូល​ហេតុ​ដែល​អ្នក​ឈប់​ពី​ការងារ​មុន និង​ដើម្បី​ចង់​ដឹង​ថា​តើ​អ្នក​អាច​នឹង​ជួប​ជាមួយ​ស្ថានការណ៍​ដែល​អ្នក​បាន​ជួប​កាល​ពី​មុន​ដែរ​ឬ​ក៏​អត់។ ប្រសិន​បើ​ស្ថានការណ៍​ដែល​អ្នក​បាន​ជួប​ដូច​គ្នា​នឹង​អ្វី​ដែល​នឹង​មាន​នៅ​កន្លែង​ការងារ​ថ្មី​នេះ នោះ​អ្នក​សម្ភាសន៍​អាច​នឹង​គិត​ថា​អ្នក​ប្រហែល​ជា​មិន​សូវ​ស័ក្ដិសម​សម្រាប់​ប្រឈម​ជាមួយ​ការងារ​ថ្មី​នេះ​ឡើយ។

គន្លឹះ​ដើម្បីឆ្លើយ​សំណួរ​នេះ ត្រូវ​តែ​និយាយ​ដោយ​បង្ហាញ​ភាព​ស្មោះ​ត្រង់​អំពី​អ្វី​ដែល​បាន​កើត​ឡើងដោយ​ពាក្យ​សម្ដី​បង្ហាញ​ការ​គោរព និង​បង្ហាញ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​របស់​អ្នក​ក្នុង​អំឡុង​ពេល​ការងារ​មុន។ មួយ​វិញ​ទៀត ប្រសិន​បើ​ហេតុផល​នៃ​ការឈប់​របស់​អ្នក​អាច​មិន​មែន​ជា​រឿង​ល្អ អ្នក​ក៏​មិនគួរ​ជ្រើស​រើស​យក​ការ​និយាយ​អាក្រក់​ពី​កន្លែង​ ឬ​មេ​ចាស់​របស់​អ្នក​ដែរ ព្រោះ​វា​បង្ហាញ​ពី​អាកប្បកិរិយាមិនល្អ។ អ្នក​អាច​ប្ដូរ​ទៅ​ជា​និយាយ​ពី​អ្វី​ដែល​អ្នក​ចង់​ស្វែង​រក​នៅ​កន្លែង​ថ្មី​ដើម្បី​សម្រេច​គោលដៅ​ការងារ​វិញ​ទើប​ជាការ​ប្រសើរ។

៦. ហេតុ​អ្វី​អ្នក​ចង់​ធ្វើ​ការ​នៅទីនេះ?

អ្នក​សម្ភាសន៍​សួរ​សំណួរ​នេះ ​ព្រោះ​ពួក​គេ​ចង់​ដឹង​អំពី​គោលដៅអាជីព​ការងារ​របស់​អ្នក និងចង់​ដឹង​ថា​តើ​ផែនការ​របស់​អ្នក​ស័ក្ដិសម​ជាមួយ​តួនាទី​ដែល​អ្នក​កំពុង​តែ​ដាក់​ពាក្យ​កម្រិត​ណា។ ធម្មតា​និយោជក​ចង់​បាន​បុគ្គលិក​ដែល​មាន​ឆន្ទៈ​ធ្វើការងារ។ ដូច្នេះហេតុផលដែល​អ្នក​ដាក់​ពាក្យមក​ធ្វើ​ការ​នៅ​កន្លែង​ពួក​គេ ​គឺ​ជា​ឧបករណ៍​ដើម្បី​វាស់ស្ទង់​អំពី​ទឹក​ចិត្ត​ស្រលាញ់​ការងារ និង​ឆន្ទៈ​របស់​អ្នក​នេះ​ហើយ។

គន្លឹះដើម្បីឆ្លើយសំណួរនេះ ចូរប្រាប់អ្នកសម្ភាសន៍នូវអ្វីដែលអ្នកចាប់អារម្មណ៍ទាក់ទងនឹងក្រុមហ៊ុន បរិយាកាសការងារនៅទីនោះ ក៏ដូចជាតួនាទីដែលអ្នកកំពុងដាក់ពាក្យ។ មិនខុសពីសំណួរទី២ ការស្រាវជ្រាវអំពីក្រុមហ៊ុន អាចជួយអ្នកឱ្យត្រៀមខ្លួនឆ្លើយសំណួរទាំងនេះបានយ៉ាងមានទំនុកចិត្ត។

៧. តើអ្នកសង្ឃឹមថានឹងរៀនសូត្រអ្វីខ្លះពីតួនាទីនេះ?

សំណួរនេះ អ្នកសម្ភាសន៍នៅតែចង់ដឹងពីឆន្ទៈការងាររបស់អ្នក។ ក្រៅពីនេះ ពួកគេក៏ចង់ដឹងថា តើអ្នកគឺជាមនុស្សដែលចូលចិត្តរៀនសូត្រពីការងារ ពីមនុស្សជុំវិញខ្លួនដើម្បីរីកចម្រើនដែរឬអត់ផងដែរ។

គន្លឹះដើម្បីឆ្លើយសំណួរនេះ អ្នកគួរតែផ្ដោតអារម្មណ៍លើបទពិពណ៌នាការងារ (JD) ដែលអ្នកកំពុងដាក់ពាក្យពេលនេះ ហើយមើលថាតើមានចំណុចណាខ្លះដែលអាចឱ្យអ្នកបានរៀនសូត្របន្ថែមបាន។

៨. តើអ្នករំពឹងប្រាក់ខែប៉ុន្មានពីតួនាទីនេះ?

សំណួរនេះច្រើនតែត្រូវបានចោទសួរមុនពេលឈានទៅដល់សំណួរ “តើអ្នកមានអ្វីចង់សួរមកពួកយើងវិញឬអត់?” ។ ជាទូទៅ អ្នកសម្ភាសចង់ដឹងថាតើក្រុមហ៊ុនអាចផ្ដល់ប្រាក់ខែដល់អ្នកស្របទៅនឹងការរំពឹងទុករបស់អ្នកដែរឬក៏អត់។ និយាយម្យ៉ាងទៀត អ្នកសម្ភាសន៍តែងប្រើសំណួរនេះដើម្បីចម្រាញ់ចំនួនបេក្ខជនដែលកំពុងដាក់ពាក្យក្នុងតួនាទីជាក់លាក់មួយផងដែរ។

សំណួរនេះ អាចមានការលំបាកតិចតួចដល់បេក្ខជន ព្រោះពួកគេមិនសូវហ៊ានឆ្លើយក្នុងចំនួនជាក់លាក់ អាចគិតថាតិចពេក ឬច្រើនពេកដែលមិនសមនឹងតួនាទីនេះ។ ដូច្នេះគន្លឹះដើម្បីឆ្លើយសំណួរនេះ អ្នកគួរតែស្រាវជ្រាវជាមុនថាតើតួនាទីប្រហាក់ប្រហែលនេះនៅក្រុមហ៊ុនផ្សេងៗប៉ុន្មាន (តម្លៃចន្លោះ) ដើម្បីអាចយកមកថ្លឹងថ្លែងជាមួយអ្វីដែលអ្នកនឹងឆ្លើយតបទៅគេនោះ។

សរុបមកវិញ ចម្លើយរបស់អ្នកគួរតែបង្ហាញពីតម្រូវការនៃមុខតំណែងដែលអ្នកបានស្នើសុំ (Apply) នោះ។ អ្នកពុំចាំបាច់ចងចាំចម្លើយណាមួយឡើយ ប៉ុន្តែអ្នកត្រូវឆ្លើយទៅតាមការយល់ដឹងរបស់អ្នក ដើម្បីចៀសផុតពីការជាប់គាំឆ្លើយពុំរួច។
ពេលខ្លះអ្នកសម្ភាសន៍សួរអ្នកនូវសំណួរធម្មតា ប៉ុន្តែពេលមួយគេអាចសួរនូវសំណួរដែលពិបាកឆ្លើយ និងមិនបានត្រៀម
ទុក​ដែលបង្ខំចិត្តឲ្យអ្នកឆ្លើយភ្លាមៗទៅតាមការនឹកឃើញ។ មានសំនួរជាច្រើនផ្សេងៗគ្នាដែលអ្នកសម្ភាសន៍អាចសួរ
មកកាន់អ្នកដូចជា សំណួរទាក់ទងនឹងសមត្ថភាព ប្រវត្តិ​ផ្ទាល់ខ្លួន ប្រវត្តិការងារ ចរិកលក្ខណៈ ជំនាញទំនាក់ទំនង និងប្រាក់ខែជាដើម។ របៀបនៃការឆ្លើយសំណួររបស់អ្នក​នឹងបង្ហាញប្រាប់អ្នកសម្ភាសន៍ថាអ្នកមានចំណេះដឹងប៉ុណ្ណា។


អត្ថបទទាក់ទង

ក្រោយពីសម្ភាសន៍ការងាររួច អ្នកគួរចៀសវាងធ្វើរឿងទាំងនេះ

Leave a Reply