រឿងខ្លី ៖ ម្ចាស់ក្រុមហ៊ុនម្នាក់ចង់កាត់បន្ថយបុគ្គលិក ប៉ុន្តែគាត់ចង់ឲ្យគេមកបង្វឹកបុគ្គលិករបស់គាត់សិន

ការអាន ធ្វើឲ្យអ្នកដឹងរឿងជាច្រើន ដែលអ្នកគ្មានពេលគ្រប់គ្រាន់ដើម្បីឆ្លងកាត់ដោយខ្លួនឯង។ ក្នុងសៀវភៅ Coaching for Improved Work Performance របស់លោក Ferdinand F. Fournies មានរឿងខ្លីមួយដែលគាត់ចែករំលែកពីបទពិសោធន៍របស់គាត់។

ក្រោយពេលអានរឿងនេះហើយ អ្នកនឹងបានដឹងពីអត្ថប្រយោជន៍មួយទៀត នៃការបង្វឹកបុគ្គលិកក្នុងស្ថាប័ន ជាពិសេសអ្នកគ្រប់គ្រងតែម្តង។

កាលពីប៉ុន្មានឆ្នាំមុនពេលគាត់សរសេរសៀវភៅនោះ មានប្រធានក្រុមហ៊ុនធានារ៉ាប់រងម្នាក់ បានទាក់ទងមកគាត់។ គាត់ប្រាប់ថា គាត់ចង់កាត់បន្ថយបុគ្គលិក១០ភាគរយក្នុងក្រុមហ៊ុនរបស់គាត់។ គាត់ចង់ឲ្យលោក Ferdinand មកបង្វឹកអ្នកគ្រប់គ្រងក្នុងស្ថាប័ននោះ ឲ្យដឹងពីរបៀបកាត់បន្ថយបុគ្គលិកដែលធ្វើការអន់បំផុត។

លោក Ferdinand បានឆ្លើយទៅប្រធានក្រុមហ៊ុននោះថា វាមិនអាចទៅរួចទេ។

គាត់បានឲ្យហេតុផលថា បើសិនជាគាត់ទៅបង្វឹកអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុននោះ ពួកគេនឹងមានលទ្ធផលបណ្តុះបុគ្គលិកដែលធ្វើការអន់ទាំងនោះ ឲ្យក្លាយជាបុគ្គលិកឆ្នើម។ ស្ថាប័ន​ ក៏មិនអាចកាត់បន្ថយបុគ្កលិកបានដែរ បើវាទៅជាបែបនេះ។

គាត់ឲ្យយោបល់ថា កាត់បន្ថយបុគ្គលិកជាមុន ចាំបង្វឹកតាមក្រោយ ទើបអាចធ្វើឲ្យបុគ្គលិកដែលនៅសល់ ក្លាយជាបុគ្គលិកឆ្នើមបាន។

អ្នកគ្រប់គ្រងដែលទទួលបានការបង្វឹកច្បាស់លាស់ អាចដឹងពីរបៀបធ្វើឲ្យបុគ្គលិកធម្មតាម្នាក់ ក្លាយជាបុគ្គលិកឆ្នើម និង​បុគ្គលិកអន់ម្នាក់ ក្លាយជាបុគ្គលិកល្អវិញបាន។

ការចំណាយទៅលើការបង្វឹកអ្នកគ្រប់គ្រង ផ្តល់ផលមកវិញ ក្រោមរូបរាងបែបនេះ។ បើអ្នកបណ្តុះតែបុគ្គលិក តែភ្លេចបណ្តុះអ្នកគ្រប់គ្រង អ្នកនឹងជួបបញ្ហា ពេលបុគ្គលិកចេះជាង ហើយមើលស្រាយថ្នាក់លើ។

បង្វឹកថ្នាក់ បណ្តុះបណ្តាលថ្នាក់ក្រោម ជាវិធីតែមួយគត់ ដែលអាចជួយឲ្សស្ថាប័នរបស់អ្នក មានភាពរីកចម្រើន។

រឿងខ្លី នេះជួយអ្នកឲ្យដឹងថា តើការបង្វឹកអ្នកគ្រប់គ្រង ជារឿងចាំបាច់ប៉ុណ្ណា។ សំណួររបស់ខ្ញុំ គឺ តើអ្នកគ្រប់គ្រងក្នុងស្ថាប័នរបស់អ្នក ទទួលបានការបង្វឹកបន្ថែមដែរឬទេ?

Leave a Reply