តើអ្វីភាព​ជាអ្នក​មាន​ចិត្ត​រឹង​ប៉ឹងម្ចាស់ការ?

គុណសម្បត្តិ​ដ៏​សំខាន់​បំផុត​ក្នុង​ខ្លួន​កំពូលមេដឹកនាំ វីរបុរស​ ឬ​មហា​បុរស​ គឺ​ភាព​ជាអ្នក​មាន​ភាព​រឹង​ប៉ឹង​​។ “​រឹង​ប៉ឹង​”​ តែ​មិន​រឹង​រួស​ “​ទន់​ភ្លន់​”​ តែ​មិនទន់​ជ្រាយ។ ជន​ដែលមាន​ចិត្ត​រឹង​ប៉ឹង​តែង​ មិន​ឆេវ​ឆាវ​ ឬ​ក្រោធ​ខឹង​ងាយ​ទេ​។ លក្ខណៈ​មនុស្ស​រឹង​ប៉ឹង​មាន​៤​ប្រការ​៖

១. ​មិន​ចេះ​ពោល​ពាក្យ​ថ្ងូរ​
២. ​មិន​ត្រូវ​ការ​ចង់​ដឹង​ថា​ អ្នក​ដទៃ​គិត​ពី​ខ្លួន​ថា​យ៉ាង​ដូច​ម្តេច​
៣. មិន​ប្រាប់​អាថ៌​កំបាំង​របស់​ខ្លួន​ដល់​អ្នក​ដទៃ​ និង​មិន​ត្រូវ​ការ​ចង់​ដឹង​ពីអាថ៌កំបាំង​របស់​អ្នក​ដទៃ​

៤​. មិន​គិត​ថា​ខ្លួន​ជា​មនុស្ស​មាន​គ្រោះ​អាក្រក់​ អាច​នឹង​នាំ​យក​ហេតុការណ៍​ផ្សេង​ៗ​ មក​ធ្វើ​ជាប្រយោជន៍​ ដល់​ខ្លួន​បាន​ទាំង​អស់​។

មនុស្ស​ដែល​មាន​លក្ខណៈ​រឹងប៉ឹង​នោះ​ ក្រៅពី​លក្ខណៈ៤​ប្រការ​នេះ​ មានលក្ខណៈ​ដែល​យើង​អាច​កត់​សំគាល់​បាន​យ៉ាង​ងាយ​ដទៃ​ទៀត​ គឺ​ជា​មនុស្ស​មិន​កញ្អក់​កញ្ឆែង​ ចលនា​គ្រប់​យ៉ាង​របស់​រាង​កាយ​ សូម្បី​តែ​ចលនា​ភ្នែក​មើល​អ្វី​មួយ​ ក៏​សុទ្ធ​តែ​មាន​ការ​ត្រិះ​រិះ​ពិរចារណា ហើយ​ទើប​ធ្វើ​ ឥត​មាន​ធ្វើ​កាយ​វិការ​ក្នុង​ឥរិយាបថ​ដែល​ឥត​ប្រយោជន៍​ទេ​ បើ​ធ្វើ​ចលនា​ឥរិយាបថ​ណាមួយ​ គឺ​ធ្វើ​ទៅ​ដោយ​ប្រយ័ត្ន​ប្រយែង​ បើ​នឹង​ឈរ​ក៏​ឈរ​ដាក់​ទំងន់​ជើង​ទាំង​ពីរ​ស្មើ​គ្នា​ ពុំ​មែន​ធ្ងន់​មួយ​ស្រាល​មួយ​នោះ​ទេ​ ឬក៏​ឈរ​ជើង​តែ​មួយ​ ហើយ​ជើង​មួយទៀត​ផ្អែក​ទៅ​លើ​អ្វី​ឡើយ​ ការនិយាយ​ច្បាស់ៗ​ មិន​ញាប់ខ្លះ​រង្វើល​ខ្លះ​ឡើយ​ បាន​សេចក្តី​ថា​ ឥរិយាបថ​គ្រប់​យ៉ាង​នឹង​ន​ជានិច្ច បើ​យើង​បាន​ឃើញ​ជន​ប្រភេទ​នេះ​ហើយ​ គប្បី​ដឹង​ថា​ជា​មនុស្ស​មាន​លក្ខណៈ​រឹង​ប៉ឹង​។

យើង​គប្បី​សង្កេត​ម្យ៉ាង​ទៀត​ថា​ ក្នុង​កង​ទ័ព​ហេតុ​អ្វី​ទើប​គេ​ត្រូវ​បង្ហាត់​ឲ​ឈរ​ដូច​តុក្កតា​។​ ការធ្វើ​ចលនា​គ្រប់​យ៉ាង​ឲ្យធ្វើ​ដោយ​ស្វា​ហាប់​ ដើរ​ឲ្យត្រូវ​ចង្វាក់​។ ការហាត់​បែប​នេះ គឺ​ដើម្បើ​ឲ្យទាហាន​ ចេះបង្គាប់​រាង​កាយ​ឲ្យនៅ​ក្រោម​ការ​ឃុំ​របស់​ចិត្ត​ ជាសញ្ញាសំគាល់​នៃភាព​មាន​ស្មារតី​ជានិច្ច​ ហើយ​និង​ឲ្យទាហាន​មាន​ចិត្ត​រឹង​ប៉ឹង​។

ក្នុង​ទស្សនវិជ្ជា​អឺរ៉ុប​ក្តី​ លទ្ធិយោគីរបស់​ឥណ្ឌា​ក្តី លក្ខណៈ​មាំ​ទាំ​រឹង​ប៉ឹង​នេះ​ ជា​ប្រការ​ដ៏​សំខាន់​បំផុត​ ដែល​គេ​តែង​ប្រដៅ​ឲ្យ​បណ្តុះ​ឲ្យមាន​ឡើង​ក្នុង​ខ្លួន​។​ វិធី​បណ្តុះ​នេះ ​​គេ​ឲ្យចាប់​ផ្តើម​ដោយការ​បង្គាប់​រាង​កាយ​របស់​ខ្លួន​ជាមុន​ ឲ្យ​ព្យាយាម​មិន​ឲ្យ​រាង​កាយ​ធ្វើ​ចលនា​ដោយ​ប្រាសចាក​ការ​ឃុំ​គ្រង​របស់​ចិត្ត និង​មិន​ឲ្យ​ធ្វើ​ចលនា​ ដោយ​មិន​ចំបាច់។​ ប្រការ​មួយ​ទៀត​ វេលា​ចូល​ដេក​មុន​នឹង​លក់​ គេ​បង្គាប់​ឲ្យ​ធ្វើ​ចិត្ត​ឲ​មាំទាំ​ថា​ ស្អែក​នេះ​ដួង​ចិត្ត​របស់​យើង​ ត្រូវ​រឹង​ប៉ឹង​ក្រៃ​លែង​ឡើង​ជាង​ថ្ងៃ​នេះ ដល់​ភ្ញាក់​ពី​ព្រលឹម​ឡើង​ ក៏​ដាក់​ជំនឿ​ក្នុង​ខ្លូន​ឯង​ថា​យើង​មាន​លក្ខណៈ​រឹង​ប៉ឹង​ និង​ត្រៀម​ជាស្រេច​ ដើម្បី​ប្រឈម​មុខ​ និង​ភាព​លំបាក​តោក​យ៉ាក​ផ្សេង​ៗ​នៃ​ជីវិត។

 

លោកអ្នកអាចស្វែងយល់អំពីគុណសម្បត្តិរបស់អ្នកដឹកនាំដូចខាងក្រោម៖

Leave a Reply