ការនិយាយពាក្យថា អរគុណ មានន័យច្រើនជាងការសមគួរ

ដើម្បីសំដែងការសមគួរ យើងត្រូវនិយាយថា អរគុណ រាល់ពេលដែលអ្នកដទៃជួយធ្វើកិច្ចការអ្វីមួយឲ្យយើង។ ការសមគួរនេះ ជាតម្លៃរបស់យើងផងដែរនៅកន្លែងធ្វើការ។ បុគ្គលិកដែលមិនចេះអរគុណ ច្រើនតែត្រូវគេចាត់ទុកថាមនុស្សឈ្លើយ ឬមិនចេះធ្វើការ។

តាមពិត នៅមានចំណុចមួយទៀតដែលយើងត្រូវដឹងទាំងអស់គ្នា។ ការនិយាយពាក្យថា អរគុណ អាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថា ខ្លួនឯងមានតម្លៃក្នុងភ្នែករបស់អ្នកដទៃ។

យើងមិនអាចដឹងបានទេថា តើអ្នកណាម្នាក់ដែលគិតថាខ្លួនគាត់គ្មានតម្លៃអ្វីសោះ។ យើងក៏មិនអាចដឹងដែរថា តើអ្នកណាម្នាក់ដែលចង់ឲ្យអ្នកដទៃមើលឃើញពីអ្វីដែលខ្លួនបានធ្វើ។ ពាក្យអរគុណរបស់យើង អាចផ្លាស់ប្តូរការគិតរបស់ពួកគេបាន។ ពួកគេនឹងមានអារម្មណ៍ថាខ្លួនឯងមានប្រយោជន៍ ព្រោះអាចជួយអ្នកដទៃបាន។

ខ្ញុំមានគន្លឹះ ៣សម្រាប់ជួយឲ្យការអរគុណរបស់អ្នក កាន់តែមានភាពស្មោះត្រង់ និង​ស្តាប់ទៅលើសពីការគួរសម។

ទី១ គឺប្រាប់ពីអ្វីមូលហេតុដែលយើងអរគុណគេ។ ត្រូវឲ្យគេដឹងអ្វីដែលគេបានជួយយើង មានទំហំប៉ុណ្ណា។ ត្រូវនិយាយទៅតាមការពិត ដើម្បីជៀសវាងអ្នកដទៃគិតថា យើងគ្រាន់តែបោកគេលេង។

ទី២ គឺប្រើប្រាស់បណ្តាញសង្គមដើម្បីអរគុណ។ យើងមិនអាចមើលស្រាលបណ្តាញសង្គមបានទេ។ បើវាន័យសម្រាប់យើង វាក៏មានន័យសម្រាប់អ្នកដទៃ។ សាកស្រមៃទៅមើល ក្រោយពេលចេញពីធ្វើការ ស្រាប់តែបើកបណ្តាញសង្គមមកឃើញ គេផុសអរគុណខ្លួន តើយើងនឹងមានអារម្មណ៍បែបណា។

ទី៣ គឺធ្វើអ្វីតបស្នងគេវិញ។ គ្រាន់តែកាហ្វេមួយកែវ ឬបាយថ្ងៃមួយពេល មិនមែនជារឿងពិបាកណាស់ណាទេ។ ការអរគុណ ត្រូវតែមានសកម្មភាពខ្លះ ដើម្បីធ្វើឲ្យវាមានន័យពិតប្រាកដ។

ជាចុងក្រោយ ខ្ញុំគ្រាន់តែចង់ឲ្យអ្នកអានទាំងអស់ ប្រើពាក្យអរគុណ ឲ្យត្រូវតាមកាលៈទេសៈ និង​ប្រើដោយស្មោះអស់ពីចិត្ត។ កុំអរគុណចោល ហើយកុំរំលងអ្វីដែលគេជួយយើង។​ ការអរគុណ ជាការឲ្យតម្លៃទៅលើអ្វីដែលគេជួយយើង។​ តូច ឬធំមិនសំខាន់ទេ អ្វីដែលសំខាន់ គឺគេបានជួយយើង។

Leave a Reply