វិធីអនុវត្តន៍ការធ្វើការពីចម្ងាយ ឬនៅផ្ទះសម្រាប់អង្គភាព/អាជីវកម្ម

ការណែនាំសម្រាប់អង្គភាពអាចយកទៅអនុវត្តន៍ការធ្វើការពីចម្ងាយ ឬនៅផ្ទះមានដូចខាងក្រោម៖

អង្គភាព/អាជីវកម្ម

 • ធ្វើការកំណត់នូវសមាជិកបុគ្គលិក ឬតួនាទីដែលអាចមានលទ្ធភាពធ្វើការពីចម្ងាយ ហើយសម្រាប់អ្នកដែលមិនអាចធ្វើការពីចម្ងាយបាន និងអ្នកដែលអាចធ្វើបានតែតម្រូវការឱ្យមានការផ្លាស់ប្តូរខ្លះ
 • ប្រឹក្សាជាមួយម្ចាស់អង្គភាព ឬអាជីវកម្ម ដើម្បីកំណត់ថាការងារ និងប្រតិបត្តិការអ្វីខ្លះដែលសំខាន់សម្រាប់ដំណើរការរបស់ប្រចាំថ្ងៃរបស់អង្គភាព/អាជីវកម្ម វាអាចរួមបញ្ចូលទាំងតម្រូវការក្នុងការប្រើប្រាស់អុីមែលជាដើម
 • ធ្វើការស្ទង់មតិ (survey) ដើម្បីកំណត់លទ្ធភាពរបស់កុំព្យូទ័រដែលអាចត្រូវបានប្រើសម្រាប់ការងារ ក៏ដូចជាលទ្ធភាពនៃការប្រើប្រាស់អុីនធឺណែតល្បឿនលឿន
 • រៀបចំគោលការណ៍ណែនាំសម្រាប់បុគ្គលិកដែលធ្វើការពីចម្ងាយ ដោយរួមមានទាំងការប្រើប្រាស់ និងការភ្ជាប់មកកាន់ប្រព័ន្ធរបស់ក្រុមហ៊ុន និងគោលការណ៍ណែនាំអំពីសុវត្ថិភាពក្នុងការប្រើប្រាស់
 • រៀបចំ និងបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើការងារពីចម្ងាយ ឬនៅផ្ទះ” ដើម្បីឱ្យបុគ្គលិកដឹងពីរបៀបរបបនៃការភ្ជាប់មកប្រព័ន្ធពីចម្ងាយ តាមរយៈការប្រើប្រាស់កម្មវិធីផ្សេងៗ និងការអនុវត្តល្អៗដែល បុគ្គលិកគួរអនុវត្តន៍
 • ប្រើប្រាស់នូវប្រភេទសេវាកម្មដែលអាចធ្វើការប្រជុំអនឡាញ (video conferencing) និងប្រភេទសេវាកម្មផ្សេងៗទៀតដូជា Zoom, Cisco WebEx ឬ Google Hangouts ដោយទិញអាជ្ញាប័ណ្ណឱ្យបានត្រឹមត្រូវផងដែរ
 • បង្កើតផែនការទំនាក់ទំនង ដើម្បីឱ្យបុគ្គលិកដែលធ្វើការពីចម្ងាយអាចប្រត្តិការការក្នុងសកម្មភាពការងារប្រចាំថ្ងៃរបស់អង្គភាព/អាជីវកម្ម ដូចជាការប្រើប្រាស់នូវសេវាកម្ម Zoom conference ដែលអាចជួយឱ្យការធ្វើការដូចជួបមុខគ្នាផ្ទាល់ៗ

សន្តិសុខព័ត៌មាន

 • ត្រូវប្រាកដថាឧបករណ៍ទាំងអស់​ ដែលត្រូវប្រើប្រាស់ភ្ជាប់ពីចម្ងាយមានកំណែចុងក្រោយបំផុតនៃកម្មវិធីប្រព័ន្ធប្រតិបត្តិការ កម្មវិធីសុវត្ថិភាព និងកម្មវិធីផ្សេងៗទៀត
 • ត្រូវប្រាកដថាបុគ្គលិកធ្វើការពីចម្ងាយទាំងអស់អាចភ្ជាប់ និងប្រើប្រាស់ Virtual Private Network (VPN) សម្រាប់ប្រភេទសម្រាប់មុខជំនួញ ​ហើយមានអាជ្ញាប័ណ្ណគ្រប់គ្រាន់សម្រាប់បុគ្គលិកទាំងអស់ដែលធ្វើការពីចម្ងាយ
 • ធ្វើការណែនាំបុគ្គលិកអំពីការគំរាមកំហែងថ្មីលើអុីនធឺណែតដែលបានប្រើប្រាស់ស្ថានភាពនៃករណីជំងឺកូវីដ១៩ ជាប្រធានបទ អាចមានទាំងការវាយប្រហារបោកបញ្ឆោតថ្មីៗ និងការប៉ុនប៉ងលួចយកព័ត៌មានគណនី VPN ជាដើម
 • រៀបចំ និងអនុវត្តគោលការណ៍សន្តិសុខសម្រាប់បុគ្គលិកដែលធ្វើការពីចម្ងាយ ដែលអាចមានទាំងគោលការណ៍នៃការចាក់សោកុំព្យូទ័រនៅពេលដែលពួកគេមិនប្រើប្រាស់
 • ប្រើប្រាស់មុខងារផ្ទៀងផ្ទាត់សោរពីរជាន់ ឬច្រើនជាន់ (two-factor ឬ multi-factor authentication)​ដោយការផ្ទៀងផ្ទាត់ជា smart card ឬសោសុវត្ថិភាព (security keys)។

បុគ្គលិក

 • ប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាពជាមួយបុគ្គលិករបស់អ្នក និងទំនាក់ទំនងគ្នាឱ្យបានញឹកញាប់
 • ធ្វើការត្រួតពិនិត្យមើលបុគ្គលិកជារៀងរាល់ថ្ងៃប្រសិនបើអាចធ្វើបាន ដើម្បីបញ្ជាក់ថាពួកគេមានមិនមានបញ្ហា ឬការទើសទាល់ណាមួយក្នុងការធ្វើការពីចម្ងាយ ប្រសិនបើមានត្រូវដោះស្រាយជូនពួកគេតាមការសមស្រប
 • ត្រូវប្រាកដថាបុគ្គលិកទាំងអស់អាចប្រើប្រាស់មធ្យោបាយជាសម្លេង (voice communication) ដែលអាចប្រើការបាន ហើយពេលខ្លះទាមទារឱ្យមានការចំណាយទៅលើតម្លៃនៃមធ្យោបាយទំនាក់ទំនងនោះ ដើម្បីទទួលបានសម្លេងដែលលឺច្បាស់ចំពោះការប្រើប្រាស់សេវាកម្ម voice over IP​ ជាដើម
 • មិនគួរគ្រប់គ្រងបុគ្គលិកបែប micro-manage នោះទេ ព្រោះអាចឱ្យពួកគេមានការភ័យខ្លាច និងនាំធ្វើឱ្យលក្ខខណ្ឌដែលធ្វើការពីចម្ងាយ ឬនៅនៅផ្ទះមិនមានភាពល្អប្រសើរ ហើយពួកគេចាំបាច់ត្រូវធ្វើការតាមគំរូការងាររបស់ពួកគេ
 • រៀបចំឱ្យមាននូវលេខទូរស័ព្ទ និងអាស័យដ្ឋានអុីមែល សម្រាប់បុគ្គលិកអាចទំនាក់ទំនង និងបញ្ចេញមតិអំពីការព្រួយបារម្ភរបស់ពួកគេអំពី ក្រុមហ៊ុន ការធ្វើការងារនៅផ្ទះ ឬសូម្បីតែស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ១៩

ហេដ្ឋារចនាសម្ព័ន្ធ

 • គួរពិនិត្យឱ្យបានច្បាស់ថាប្រព័ន្ធបណ្តាញរបស់អ្នកមានកម្រិត bandwidth គ្រប់គ្រាប់សម្រាប់បុគ្គលិកអាចភ្ជាប់ចូលបាន ឬអ្នកគួរបន្ថែមទំហំឱ្យធំជាងនេះ
 • គួរពិនិត្យថាបុគ្គលិករបស់អ្នកអាចប្រើប្រាស់កម្មវិធីនៅលើក្លោដ (cloud) បានដែរឬទេ ដោយមិនចាំបាច់ឆ្លងកាត់បណ្តាញក្រុមហ៊ុន
 • គួររៀបចំឱ្យមាននូវការបម្រុងទុកសេវាកម្មរបស់អ្នកបន្ថែម ដើម្បីការពារនៅពេលមានបញ្ហាគាំង ឬមិនដំណើរការ បុគ្គលិកនៅតែអាចបន្តធ្វើការបាន
 • អ្នកគួរកែប្រែ និងរៀបចំការណែនាំនេះឱ្យត្រូវនឹងតម្រូវការជាក់ស្តែងរបស់អង្គភាព/អាជីវកម្ម និងលក្ខខណ្ឌដែលប៉ះពាល់ដល់អង្គភាព/អាជីវកម្មរបស់អ្នក ហើយចំណុចទាំងអស់ខាងលើនេះអាចគ្រប់គ្រាន់សម្រាប់អ្នកយកធ្វើជាគោលក្នុងការចាប់ផ្តើម និងសម្រួលការគិតរបស់អ្នកដើម្បីបន្ថែមតម្រូវការផ្សេងទៀតដែលអ្នកត្រូវធ្វើ។ ហើយត្រូវចាំថាការអនុវត្តនេះវាមិនមែនសម្រាប់អនុវត្តន៍យូរអង្វែងនោះទេ លុះត្រាតែបុគ្គលិករបស់អ្នកចូលចិត្តការអនុវត្តនូវគោលការណ៍នេះហើយវាមិនប៉ះពាល់ដល់ផលិតភាព និងប្រសិទ្ធភាពការងារអ្នកអាចពិចារណាក្នុងការអនុវត្តបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *