ហេតុអ្វីបានជាអ្នកគ្រប់គ្រងត្រូវហ៊ានទទួលស្គាល់កំហុសខ្លួនឯង?

មិនថាអ្នកជាបុគ្គលិកធម្មតា ឬជាអ្នកគ្រប់គ្រងទេ កំហុសក្នុងការងារ ជារឿងដែលគ្មានអ្នកណាជៀសផុត។ បើអ្នកអាងឋានៈខ្លួនឯងជាអ្នកគ្រប់គ្រង ហើយមិនព្រមទទួលស្គាល់កំហុសខ្លួនឯង អ្នកនឹងធ្វើឲ្យខ្លួនឯងបាត់បង់ឥទ្ធិពលជាអ្នកគ្រប់គ្រងបន្តិចម្តងៗ។

ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយកមូលហេតុទាំង៥ដែលអ្នកគួរតែទទួលស្គាល់កំហុសខ្លួនឯង។

មូលហេតុទី១ គឺ ធ្វើឲ្យអ្នកអាចធ្វើការបានជិតស្និទ្ធជាមួយបុគ្គលិកដទៃ

ការដែលហ៊ានទទួលកំហុសខ្លួនឯង ធ្វើឲ្យបុគ្គលិកដទៃចូលចិត្តអ្នកច្រើនជាងមុន។ អ្នកមិនលាក់បាំងពេលដែលខ្លួនធ្វើខុស ហើយហ៊ានលើកយកមកនិយាយទៀត។ បុគ្គលិកផ្សេង ក៏មិនចាំបាច់ខ្លាចអ្នកខឹងពេលដែលគេប្រាប់ពីអ្វីដែលអ្នកធ្វើខុសដែរ។

មូលហេតុទី២ គឺ ធ្វើជាគម្រូដល់បុគ្គលិកដទៃ

បើអ្នកចង់ដឹកនាំគេ អ្នកត្រូវដឹកនាំខ្លួនឯងជាមុនសិន។ អ្នកដែលចេះដឹកនាំខ្លួនឯង មិនគេចវេសពីកំហុសដែលខ្លួនបានធ្វើទេ។ ពួកគេទទួលយកកំហុសនោះ ហើយកែប្រែវាឲ្យទៅជារឿងល្អវិញ។

បុគ្គលិក តែងតែចាំមើលថ្នាក់លើជានិច្ច ហេតុនេះអ្នកមិនគួរធ្វើរឿងណាដែលជះផលអាក្រក់ដល់ការដឹកនាំរបស់អ្នកទេ។ ការធ្វើខុស ហើយមិនព្រមទទួល ជារឿងអាម៉ាស់មួយសម្រាប់អ្នកធ្វើការ។

មូលហេតុទី៣ គឺ បង្ហាញពីរឹងមាំរបស់អ្នក

គេអាចមើលឃើញចរិតពិតរបស់មនុស្សបាន នៅពេលមនុស្សនោះជួបបញ្ហា។ មនុស្សទន់ខ្សោយ មិនហ៊ានទទួលកំហុសខ្លួនឯងនៅចំពោះមុខអ្នកដទៃទេ។ ពួកគេគិតថា ការធ្វើបែបនោះ នឹងធ្វើឲ្យអ្នកមើលស្រាលខ្លួន ប៉ុន្តែការមិនទទួលស្គាល់កំហុសទៅវិញទេ ដែលនាំឲ្យគេគិតបែបនោះ។

មនុស្សរឹងមាំ ធ្វើខុស ហ៊ានទទួល។ មិនមែនទទួលឲ្យតែល្អមើលទេ គឺទទួលដោះស្រាយ និង​ធានាថាមិនឲ្យកំហុសដដែលកើតឡើងបានទៀត។

មូលហេតុទី៤ គឺ បង្ហាញថាអ្នកជាមនុស្សដែលអាចដោះស្រាយបញ្ហាបាន

ស្ថាប័នមានទំហំប៉ុណ្ណា ក៏ត្រូវការអ្នកដោះស្រាយបញ្ហាដែរ។ អ្នកអាចអានអត្ថបទនេះ បានដើម្បីដឹងថា តើអ្នកជាមនុស្សដែលចេះដោះស្រាយបញ្ហា ឬអត់។​

គេទុកចិត្តមនុស្សដែលចេះរកដំណោះស្រាយ។ អ្នកមិនអាចដោះស្រាយអ្វីបានទេ បើអ្នកគិតតែប្រកែកកំហុសដែលខ្លួនបានធ្វើ។​ ការនិយាយថា ខ្ញុំធ្វើខុស ជាជំហានទីមួយនៅក្នុងការស្វែងរកដំណោះស្រាយ។

មូលហេតុទី៥ គឺទទួលជំនួយពីអ្នកដទៃ

បើអ្នកមិនហ៊ានទទួលស្កាល់ថាខ្លួនខុស អ្នកដទៃក៏មិនជួយអ្នកដែរ។​ ភាពរឹងរុះ ឬការស្រលាញ់មុខមាត់របស់អ្នក អាចក្លាយជាអ្នកបំផ្លាញស្មារតីក្រុមក្នុងស្ថាប័នបាន។ អ្នកត្រូវបង្ហាញថា អ្នកមិនអាចធ្វើបានជាមុនសិន ទើបអ្នកដទៃអាចជួយអ្នកបាន។​

អ្នកអាចមិនជឿនោះទេថា បុគ្គលិកដទៃ រង់ចាំជួយអ្នកដើម្បីឲ្យការងារបានទៅមុខទាំងអស់គ្នា។ គេមិនចង់ជួយ មនុស្សគេចវេស តែគេចង់ជួយ អ្នកដែលស្មោះត្រង់ និង​ហ៊ានប្រឈមមុខនឹងកំហុសខ្លួនឯង។

អ្នកគ្រប់គ្រង ដែលគិតថា កំហុស ជារឿងអាក្រក់សម្រាប់កេរ្តិ៍ឈ្មោះ មិនអាចទទួលបានអត្ថប្រយោជន៍ខាងលើនេះទេ។ គ្រាន់តែចំណុចចុងក្រោយមួយ គឺល្មមឲ្យអ្នកគិតឡើងវិញពីការទទួលកំហុសទៅហើយ។ ស្មារតីក្រុមរឹងមាំ ស្ថាប័នរឹងមាំ។ បុគ្គលិកគិតតែពីខ្លួនឯង នាំឲ្យគោលដៅរបស់ស្ថាប័នបរាជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *