៥ ចំណុចសំខាន់ៗ ពាក់ព័ន្ឋនឹងការងារផ្នែកគ្រប់គ្រងធនធានមនុស្ស
ការគ្រប់គ្រងធនធានមនុស្ស គឺជាមុខងារមួយនៅក្នុងអង្គភាពដែលជួយសម្រួលដល់ការប្រើប្រាស់មនុស្សយ៉ាងមានប្រសិទ្ឋភាពបំផុត ដើម្បីសម្រេចបានគោលបំណងអង្គភាព និងគោលបំណងផ្ទាល់ខ្លួនរបស់និយោជិកម្នាក់ៗ (Ivancevic និង Konopaske, ២០១៣)។
មានមនុស្សជាច្រើន ចង់ចាប់ផ្ដើមការងារក្នុងផ្នែកធនធានមនុស្ស ដោយសារវាគឺជាផ្នែកមួយដែលអាចឲ្យគេលូតលាស់បានឆាប់រហ័ស។ យ៉ាងណាមិញ បើសិនជាអ្នកចាប់អារម្មណ៍ចង់ចាប់ការងារក្នុងផ្នែកនេះ មានចំណុចសំខាន់ៗ ចំនួន៥ ដែលអ្នកត្រូវដឹងពាក់ព័ន្ឋនឹងការងារផ្នែកគ្រប់គ្រងធនធានមនុស្ស៖
១. ជំនាញប្រាស្រ័យទាក់ទង
ការងារមួយនេះ គឺទាមទារការប្រាស្រ័យទាក់ទងគ្នាខ្លាំង ដោយសារតែអ្នកត្រូវទាក់ទងជាមួយប្រធានផ្នែកទាំងអស់ក្នុងក្រុមហ៊ុន ដើម្បីដឹងថាតើពួកគេត្រូវការអ្វី បន្ទាប់មកទើបធ្វើរបាយការណ៍ជូនទៅថ្នាក់លើ។
២. មានចំណេះដឹងទូលំទូលាយ និងមានបទពិសោធន៍ផ្នែកនេះ
ជាការពិតណាស់ ផ្នែកធនធានមនុស្សនេះ គឺទាមទារអ្នកចេះដឹងខ្លាំង ព្រោះថាអ្នកមានតួនាទីអភិវឌ្ឍក្រុមហ៊ុន ព្រមទាំងបុគ្គលិកជាច្រើនថែមទៀត។ ហេតុនេះ វាចាំបាច់ដែលអ្នកគួរមានបទពិសោធន៍ បូកផ្សំចំណេះដឹងខ្ពស់។
៣. អាចធ្វើការក្រោមសម្ពាធ
ពេលមានបញ្ហា សម្ពាធក៏មានច្រើនដូចគ្នា។ បើអ្នកជាមនុស្ស មិនសូវធន់នឹងសម្ពាធទេ ការងារមួយនេះអាចនឹងពិបាកសម្រាប់អ្នក។ ហើយការងារនេះនឹងមិននៅជាមួយអ្នកបានយូរឡើយ។
៤. អាចដោះស្រាយបញ្ហាបានលឿន
មិនត្រឹមតែឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវតែមានសមត្ថភាពខ្ពស់ក្នុងការគិត និងដោះស្រាយរាល់បញ្ហានៅនឹងមុខ។ មានបញ្ហារាប់ពាន់ជំពូក ពេលអ្នកទទួលខុសត្រូវការងារនេះ។
៥. អាចប្រើប្រាស់ កម្មវិធីតាមកុំព្យូទ័របានល្អ
មានការងារជាច្រើន និងឯកសាររាប់មិនអស់ដែលអ្នកនឹងត្រូវធ្វើ។ ជាពិសេស ឯកសារទាំងនោះ នឹងត្រូវធ្វើឡើងយ៉ាងសំងាត់និងលម្អិតតាមប្រព័ន្ធកុំព្យូទ័រ។ ដូចនេះហើយ អ្នកក៏គួរមានជំនាញអស់ទាំងនេះសិនដែរ។