អត្តចរិតអ្នកដែលពូកែដោះស្រាយបញ្ហា

ស្ថាប័នតូចធំតែងតែជួបបញ្ហាជានិច្ច។ ស្ថាប័នដែលជួបបញ្ហាលើសពីសមត្ថភាពដោះស្រាយរបស់ខ្លួន ច្រើនតែបរាជ័យ។ ដំណោះស្រាយមានតែមួយគត់ គឺពឹងលើបុគ្គលិកដែលចេះដោះស្រាយបញ្ហា។
បើសិនជាអ្នកទទួលខុសត្រូវខាងរើសបុគ្គលិកថ្មី អ្នកគួរតែដឹងពីអត្តចរិតបុគ្គលិកដែលអ្នកត្រូវការ។

ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយកអត្តចរិតទាំង៦យ៉ាងរបស់មនុស្សដែលពូកែដោះស្រាយបញ្ហា៖

អត្តចរិតទី១៖ ជាមនុស្សពូកែគិត

បុគ្គលិកភាគច្រើន មកធ្វើការដោយរំពឹងទៅលើការគិតរបស់អ្នកដទៃ។ ពួកគេអាចពឹងលើអ្នកគ្រប់គ្រង ឬក៏ប្រធានក្រុម អោយជួយគិតនូវអ្វីដែលគេគិតមិនចេញ។ ការងារបែបនេះមានភាពងាយស្រួល ប៉ុន្តែវាបង្ហាញថាបុគ្គលិកនោះ មិនចូលចិត្តដោះស្រាយបញ្ហាដោយខ្លួនឯង។

អ្នកត្រូវការបុគ្គលិកដែលស្វះស្វែងគិតដោយខ្លួនឯងពេលជួបបញ្ហា មិនមែនរុញអោយអ្នកដទៃនោះទេ។ អ្នកអាចសួរសំនួរ ដូចជា “ពេលជួបបញ្ហាពិបាកដោះស្រាយ តើអ្នកត្រូវធ្វើដូចម្តេច?” ទៅកាន់ពួកគេ។ អ្នកអាចដឹងចម្លើយ និងរបៀបធ្វើការរបស់ពួកគេ។

ពេលដែលមិនចេះត្រូវសួរ តែមុននឹងសួរ ត្រូវព្យាយាមដោះស្រាយដោយខ្លួនឯងសិន។

អត្តចរិតទី២៖ ជាមនុស្សមិនចូលចិត្តដ្រាម៉ា

ដ្រាម៉ា អាចទាក់ទាញអ្នកដទៃអោយចាប់អារម្មណ៍អ្នកបាន តែមិនជួយដោះស្រាយបញ្ហាក្នុងការងារទេ។ មនុស្សដែលពូកែដ្រាម៉ា គ្មានបំណងដោះស្រាយបញ្ហាទេ ព្រោះបើបញ្ហាដោះស្រាយរួចហើយ ពួកគេគ្មានអ្វីដ្រាម៉ាបន្តទៀត។
ពេលរើសបុគ្គលិក អ្នកអាចតាមមើលបុគ្គលិកនោះនៅលើបណ្តាញសង្គមបាន។ ជាទូទៅពួកគេបញ្ចេញដ្រាម៉ានៅទីនោះ។ វាជារឿងកម្រណាស់ដែលពួកគេមានពេលលុបអ្វីដែលគេដ្រាម៉ានោះចោល មុនពេលគេមកសម្ភាស។
បុគ្គលិកដ្រាម៉ា មើលឃើញបញ្ហាជាឱកាសដែរ តែជាឱកាសទាក់ទាញចំណាប់អារម្មណ៍។

អត្តចរិតទី៣៖ ជាមនុស្សដែលរកមើលឱកាសក្នុងបញ្ហា

គ្រប់បញ្ហាតែងតែមានឱកាសបង្កប់នៅក្នុងនោះ ហេតុនេះត្រូវការអ្នកដែលអាចមើលឃើញ មកជ្រើសរើសបញ្ហាដើម្បីដោះស្រាយ។ ស្ថាប័នមិនអាចដោះស្រាយបញ្ហាទាំងអស់បានទេ។ ស្ថាប័នត្រូវរើសបញ្ហាណាដែលដោះស្រាយរួច មានផលចំណេញត្រឡប់មកវិញ និងត្រូវតាមស្ថានភាពរបស់ស្ថាប័ន។
នៅពេលអ្នករើសបុគ្គលិក អ្នកអាចដាក់ជាសំនួរ ឬលើកពីបញ្ហាណាមួយកំពុងកើតមានក្នុងស្ថាប័ន អោយពួកគេសាកល្បងដោះស្រាយ។ អ្នកដែលមិនចេះដោះស្រាយបញ្ហា នឹងប្រញាប់បញ្ចេញគំនិតរបស់ខ្លួន។ អ្នកដែលចេះ នឹងចំណាយពេលសួរនាំពីឫសគល់ ដើម្បីមើលឃើញឱកាសនៅក្នុងនោះ។ ពួកគេនឹងមិនដោះស្រាយបញ្ហាណា ដែលគ្មានឱកាសទេ។

អត្តចរិតទី៤៖ ជាមនុស្សដែលពូកែសួរនាំ

ការសួរនាំជាជំហានដំបូង នៃការស្វែងរកដំណោះស្រាយ។ ទាល់តែយល់ច្បាស់ ពីបញ្ហាជាមុនសិន ទើបអាចរកឃើញដំណោះស្រាយដែលត្រូវបាន។ ស្ថាប័នខ្លះ ចំណាយធនធាន និងពេលវេលា ទៅលើបញ្ហាដែលមិនមែនជាបញ្ហាពិតប្រាកដ។

អ្នកគ្រប់គ្រងដែលមានបទពិសោធន៍ច្រើនឆ្នាំ មានសមត្ថភាពសួរដេញដោលរកព័ត៌មានលម្អិតល្អជាងអ្នកដែលទើបនឹងចាប់ផ្តើម។ បុគ្គលិកដែលមិនចូលចិត្តសួរ គ្មានភាពជាអ្នកគ្រប់គ្រងនៅក្នុងខ្លួនទេ ហើយពេលខ្លះមិនអាចបណ្តុះបានទៀត។

ពេលសម្ភាស បើបុគ្គលិកមិនចេះសួរនាំ វាអាចជាសញ្ញាអាក្រក់នៅក្នុងរបៀបដោះស្រាយបញ្ហារបស់ពួកគេ។

អត្តចរិតទី៥៖ ជាមនុស្សដែលពូកែប្រើពាក្យសម្តី

បញ្ហាមួយរបស់បុគ្គលិកជំនាញ គឺពួកគេច្រើនតែមិនពូកែនិយាយឬពន្យល់ពីអ្វីដែលពួកគេធ្វើ។ ពេលខ្លះដំណោះស្រាយរបស់ពួកគេល្អ តែពួកគេមិនចេះប្រើពាក្យសម្តីទើបធ្វើអោយគេមើលមិនឃើញ ដំណោះស្រាយនោះ។
នេះមិនបញ្ជាក់ថា អ្នកដែលពូកែនិយាយជាមនុស្សមានសមត្ថភាពដោះស្រាយបញ្ហាទេ។ វាបញ្ជាក់ថា ការចេះនិយាយ ជាអ្នកសម្រួលអោយដំណោះស្រាយអាចចាប់ផ្តើមបាន
ពេលខ្លះគេអាចនិយាយថា អ្នកដែលចេះប្រើពាក្យសម្តីជាមនុស្សដែលចេះធ្វើការជាមួយមនុស្ស។

អត្តចរិតទី៦៖ ជាមនុស្សដែលអាចគ្រប់គ្រងភាពខ្លាចរបស់ខ្លួនឯងបាន

បុគ្គលិកដែលខ្លាចច្រើន តែងតែរត់គេច ឬធ្វើជាមើលមិនឃើញចំពោះបញ្ហា។ ពួកគេគិតថាក្នុងស្ថាប័ន នឹងមានអ្នកដទៃដោះស្រាយជំនួស។
ដោយសារតែខ្លាច ពួកគេបង្កើតលេសគ្រប់យ៉ាងដើម្បីរួចពីទំនួលខុសត្រូវក្នុងការរកដំណោះស្រាយ។ បុគ្គលិកទាំងអស់ដែលយកប្រាក់ខែពីស្ថាប័ន មានតួនាទីដោះស្រាយបញ្ហាដូចគ្នា មិនមែនតែអ្នកគ្រប់គ្រងឬក៏ប្រធានក្រុមទេ។

ដោយសារតែការដេញបុគ្គលិកជារឿងពិបាក ហេតុនេះស្ថាប័នត្រូវប្រយ័ត្នពេលយកបុគ្គលិកមកចូលធ្វើការ។ បើអាចចៀសបានកុំយកអ្នកដែលមិនចូលចិត្តដោះស្រាយបញ្ហាមកធ្វើការ។ ស្ថាប័នរបស់អ្នកអាចឈរជើងបាន ដរាបណាអ្នកនៅតែអាចផ្តល់ដំណោះស្រាយទៅអោយអ្នកដទៃ។ គ្មានដំណោះស្រាយ គ្មានស្ថាប័ន។

One thought on “អត្តចរិតអ្នកដែលពូកែដោះស្រាយបញ្ហា

Leave a Reply

Your email address will not be published. Required fields are marked *