វិធីសាស្រ្តសំខាន់ៗចំនួន ៧ ដើម្បីត្រៀមខ្លួនសម្រាប់បទសម្ភាសន៍ការងារ

ក្នុងការដាក់ចូលធ្វើការនៅកន្លែងណាមួយ វគ្គសម្ភាសន៍អាចជាដំណាក់កាលដែលពិបាកជាងគេ ជាពិសេស សម្រាប់អ្នកដាក់ពាក្យលើកទីមួយ។ មានមនុស្សភាគតិចណាស់ ដែលអាចឆ្លងកាត់ដំណាក់សម្ភាសន៍នេះបានដោយជោគជ័យ។​ កុំទាន់អាលអស់សង្ឃឹមអី! ខាងក្រោមនេះ ជាវិធីសាស្រ្តសំខាន់ៗចំនួន ៧ ដើម្បីត្រៀមខ្លួនសម្រាប់បទសម្ភាសន៍ការងារ៖

១. ការវិភាគការងារ

ត្រូវប្រាកដថា អ្នកបានយល់ច្បាស់ពីតំណែងការងារដែលបានដាក់ពាក្យ ហើយគួរសរសេរពីអ្វីដែលអាចនិយាយបានក្នុងបទសម្ភាសន៍ ដួចជាបទពិសោធន៍ការងារ ជំនាញ ឬគុណសម្បត្តិរបស់អ្នកដែលមានន័យសម្រាប់ការងារនោះ។

២. ស្រាវជ្រាវ

អ្នកត្រូវសិក្សាស្វែងយល់ពីក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីដឹងថាអ្នកអាចធ្វើការបានក្នុងក្រុមហ៊ុននោះ ហើយសាកសមនឹងអ្វីដែលអ្នករំពឹងទុកដែរទេ។ ប្រមូលឯកសារ ឬពត៌មានដែលទាក់ទងនឹងក្រុមហ៊ុនឲ្យបានច្រើនតាមដែរអាចធ្វើបាន តាមរយៈមិត្តភក្តិ បណ្តាញសង្គមធំៗ ដួចជា LinkedIn Facebook ឬតាមរយៈ Google ផងដែរ។

៣. ការស្លៀកពាក់

ការស្លៀកពាក់ឲ្យបានសមរម្យ ស្អាត មានរបៀបគឺជាកត្តាដ៏ចាំបាច់ម៉្យាង ដែលវាអាចឆ្លុះបញ្ជាំងថាអ្នកជាបុគ្គលិកបែបណា។ ត្រូវជ្រើសរើសសម្លៀកបំពាក់ទៅតាមស្ថានភាពការងារ។ ឧទាហរណ៍ អ្នកដាក់ពាក្យជាអ្នក fashion​ design ឬcreative អ្នកគួរស្លៀកពាក់ទៅតាមភាពទាន់សម័យ និងច្នៃប្រឌិត។ មួយទៀតអ្នកត្រូវរៀបចំសម្លៀកបំពាក់ឲ្យរួចរាល់ កុំទុកឲ្យគៀកជិតដល់ម៉ោង ទើបរៀបចំ។

៤. ការបញ្ចេញអារម្មណ៍

ការរៀបចំខ្លួន ចម្លើយ និងពត៌មានសម្រាប់ឆ្លើយបានល្អ ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយមានទំនុកចិត្តក្នុងការឆ្លើយជាមួយអ្នកសម្ភាសន៍។ ពូកគេតែងចង់ឃើញអ្នកបញ្ចេញអារម្មណ៍ពិត ដោយទឹកមុខញញឹម ការប្រើក្រសែភ្នែក និងការនិយាយស្តីរបស់អ្នក។ ចំពោះការនិយាយ ឬប្រើកាយវិការ អ្នកគួរបន្ថូរអារម្មណ៍ដោយដកដង្ហើមយឺតៗ ហើយឆ្លើយតបទៅវិញដោយការញរញឹម។ ការធ្វើបែបនេះអាចជួយអ្នកឲ្យបាត់ភាពតាន់តឹងហើយវិលមកមានភាពជិតស្និតក្នុងការឆ្លើយតប។

៥. ស្តាប់ និងសួរ

ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ស្តាប់នូវសំនួរដែលបានសួរ នោះអ្នកប្រាកដជាផ្តល់ចម្លើយមិនបានល្អ ដែលវាជាបញ្ហាចម្បងដល់អ្នក។ អ្នកជ្រើសរើសបុគ្គលិកពេញចិត្តឲ្យអ្នកបញ្ជេញនូវ មតិយោបល់ និងសួរសំនួរខ្លះទៅវិញ។ ប៉ុន្តែត្រូវប្រយ័ត្នសំនួរដែលមិនគួរសួរដួចជា បញ្ហាប្រាក់ខែ និងថ្ងៃឈប់សម្រាក់ គួរតែសួរពីបញ្ហាការងារ និងយោបល់ពីអ្នកសម្ភាសន៍ការងារវិញទើបប្រសើរ។

៦. ទំនុកចិត្ត

ចំពោះការជឿជាក់លើខ្លួនឯងវិញតែងតែមានកំរិត អ្នកត្រូវចាំថា អ្វីដែលបានរៀបរាប់ គឺមានដែនកំនត់ ហើយជាពត៌មានដែលពិត ជៀសវៀងការទុកចិត្តលើខ្លួនឯងខ្លាំងពេក ដល់និយាយវែងឆ្ងាយ និងមិនពិត។ អ្នកជ្រើសរើសបុគ្គលិកអាចមើលដឹងថាអ្នកជាមនុស្សទៀងត្រង់ ឬយ៉ាងណា ដូច្នេះគួរនិយាយអ្វីដែលពិត ហើយបញ្ជាក់ពីចំនុចសំខាន់របស់អ្នក។

៧. តាមដានលទ្ធផល

នៅចុងបញ្ចប់បទសម្ភាសន៍ការងារ អ្នកត្រូវនិយាយថា “ អរគុណសម្រាប់ពេលវេលាសម្ភាសន៍ ”។ អ្នកត្រូវបង្ហាញពីភាពក្លាហាន និងភាពចង់បានរបស់អ្នក សម្រាប់ការងារមួយនោះ។ ១ ឬ ២ថ្ងៃ បន្ទាប់ត្រូវទំនាក់ទំនងតាមទូរស័ព្ទ ឬអ៊ីមែលទៅកាន់ក្រុមហ៊ុន ដើម្បីដឹងពីពត៌មាន ក៏ដួចជាបង្ហាញពីភាពសំខាន់នៃការងារនោះសម្រាប់អ្នក។

សរុបមក ទម្រាំទទួលបានការងារថ្មីមួយ គឺពិបាកខ្លាំងណាស់ ជាពិសេសឆ្លងកាត់បទសម្ភាសន៍ តែសូម្បីអ្នកជំនួញដ៏ពូកែម្នាក់ ក៍ចងចាំនូវភាពអាមាស់ក្នុងបទសម្ភាសន៍ការងារម្តងដែរ។ សម្រាប់បទសម្ភាសន៍ការងារ ការអនុវត្តន៍ច្រើននាំមកនូវភាពជោគជ័យ ហើយយើងសង្ឃឹមថា វិធីសាស្រ្តសំខាន់ៗមួយចំនួនខាងលើ​ នឹងអាចជួយអ្នកដើម្បីត្រៀមខ្លួនសម្រាប់បទសម្ភាសន៍ការងារ និងទទួលបានជោគជ័យ។


 អត្ថបទទាក់ទង

គន្លឹះសំខាន់ៗចំនួន ៧ ដើម្បីដឹងថាខ្លួនឯងចង់ធ្វើការងារអ្វី

 

Leave a Reply

Your email address will not be published. Required fields are marked *