៣ ជំហានសំខាន់ៗ ដើម្បីក្លាយជាអ្នកគ្រប់គ្រងឆ្នើម ឬបុគ្គលិកឆ្នើម

ក្នុងកម្រិតអង្គភាព ឬក្រុម ក៏ដូចជាក្នុងកម្រិតបុគ្គលជាបុគ្គលិក មានលទ្ធផលការងារជាច្រើនដែលអង្គភាព ឬក្រុម ក៏ដូចជាបុគ្គលិកសម្រេចបានក្នុងរយៈពេលកំណត់ណាមួយដែលជាទូទៅក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែការវាយតម្លៃអង្គភាព ឬក្រុម ក៏ដូចជាបុគ្គលិកម្នាក់ថាល្អ ឬមិនល្អ ឆ្នើម ឬមិនឆ្នើម គឺផ្អែកលើលទ្ធផលការងារសំខាន់ៗមួយចំនួនតូចប៉ុណ្ណោះ។ ហេតុដូចនេះហើយ ទើបយើងតែងឮពាក្យរអ៊ូរទាំពីបុគ្គលិកថា ពួកគាត់ខិតខំបំពេញការងារ និងសម្រេចបានលទ្ធផលការងារជាច្រើន ប៉ុន្តែអ្នកគ្រប់គ្រងរបស់ពួកគាត់បែរជាមើលមិនឃើញ និងវាយតម្លៃលទ្ធផលការងាររបស់ពួកគាត់ថាមិនល្អទៅវិញ។

ដើម្បីក្លាយជាអ្នកគ្រប់គ្រងឆ្នើម ឬបុគ្គលិកឆ្នើម អ្នកត្រូវយល់ដឹង ថាតើអ្វីទៅជាសូចនាករសមិទ្ធិកម្មការងារគន្លឹះ (KPI)។ សូចនាករសមិទ្ធិកម្មការងារគន្លឹះ កើតចេញពីការបូកបញ្ចូលគ្នានៃវាក្យស័ព្ទចំនួន ៣ គឺសូចនាករ សមិទ្ធិកម្មការងារ និងគន្លឹះ។ សូចនាករ គឺជាខ្នាត ឬរង្វាស់សម្រាប់វាស់វែងអ្វីមួយ។ សមិទ្ធិកម្មការងារ គឺជាលទ្ធផល ឬស្នាដៃ ឬសមិទ្ធិផលនៃភារកិច្ចការងារណាមួយ។ គន្លឹះ សំដៅដល់ភាពជាសំខាន់ ឬជាគោល។ ដូចនេះ សូចនាករសមិទ្ធិកម្មការងារគន្លឹះ គឺជាខ្នាត ឬរង្វាស់សម្រាប់វាស់វែងលទ្ធផល ឬស្នាដៃការងារសំខាន់ៗ។

អញ្ចឹងហើយ អ្នកត្រូវមានភាពឈ្លាសវៃនៅក្នុងការបំពេញការងារ និងគប្បីអនុវត្តតាមជំហានចំនួន ៣ ដូចខាងក្រោម៖

  • ជំហានទី១ ៖ នៅដើមឆ្នាំអ្នកត្រូវពិភាក្សា ព្រមព្រៀង និងយល់អោយបានច្បាស់អំពីគោលដៅការងារ និងសូចនាករសមិទ្ធិកម្មការងារគន្លឹះរបស់អ្នកជាមួយប្រធានរបស់អ្នក។
  • ជំហានទី២ ៖ ពេញ៣៦៥ថ្ងៃ រៀបចំអាទិភាពការងារអោយបានល្អ លៃលកយ៉ាងណាអោយ លទ្ធផលការងារសម្រេចបានលើសពីគោលដៅដែលបានព្រមព្រៀងក្នុងជំហានទី១។
  • ជំហានទី៣ ៖ កត់ត្រាជាប្រចាំ និងរាយការណ៍អំពីលទ្ធផលការងាររបស់អ្នកជូនប្រធានរបស់អ្នក ដោយត្រូវចេះរំលេច និងបង្ហាញថា អ្នកបានសម្រេចនូវលទ្ធផលការងារសំខាន់ៗលើសពីគោលដៅដែលបានព្រមព្រៀងគ្នាក្នុងជំហានទី១។

សរុបមក ដើម្បីក្លាយជាបុគ្គលឆ្នើម គឺទាមទារឱ្យ​មានការលះបង់ខ្ពស់ចំពោះបុព្វហេតុការងារ ​ពោល​គឺ​ទាំងពេលវេលា​ និង​កម្លាំងកាយចិត្ត ​​ដើម្បី​ធ្វើយ៉ាងណាដើម្បីឱ្យការងារនោះទទួលបានលទ្ធផលជាផ្លែផ្កា ឯក្រុមហ៊ុនក៏ទទួលបានភាពរីកចម្រើន ហើយបុគ្គលខ្លួនឯងក៏ក្លាយជាមនុស្សដែលគេកោតសសើរ ​ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ផ្ដល់​នូវ​​ការ​លើក​ទឹក​ចិត្ត ឬ​អត្ថប្រយោជន៍​ផ្សេងៗ។


អត្ថបទទាក់ទង

តើធ្វើដូចម្ដេចដើម្បីវាស់វែងការអនុវត្តការងារបុគ្គលិកប្រកបដោយប្រសិទ្ធភាព?

 

Leave a Reply

Your email address will not be published. Required fields are marked *