ដំណោះស្រាយសម្រាប់បុគ្គលិកដែលមិនចូលចិត្តការប្រថុយ

នៅក្នុងការវិនិយោគ អ្នកដែលមិនហ៊ានប្រថុយ មិនអាចទទួលបានផលចំណេញធំដុំទេ។ នៅក្នុងការងារ ក៏មិនខុសគ្នា​បុគ្គលិកដែលមិនហ៊ានប្រថុយ មិនអាចធ្វើការងារធំដុំបានទេ។ អ្នកគ្រប់គ្រង ដែលចេះសម្លឹងមើលសមត្ថភាពបុគ្គលិកក្រោមបង្គាប់ ត្រូវមានវិធីសាស្រ្តធ្វើយ៉ាងណាឲ្យពួកគេហ៊ានប្រថុយ ឬចូលចិត្តការប្រថុយក្នុងការងារ។

បញ្ជាក់ថា​ ការប្រថុយដែលត្រឹមត្រូវ ពឹងទៅលើទិន្នន័យ និងការវិភាគច្បាស់លាស់ មិនមែនបិទភ្នែកប្រថុយទេ។

បុគ្គលិក ស្ទើរតែទាំងអស់ មិនចូលចិត្តធ្វើអី្វដែលប្រថុយទេ។ សូម្បីតែនិយាយពាក្យពិតនៅមុខថ្នាក់លើ ក៏មិនហ៊ានដែរ ព្រោះពួកគេខ្លាចនិយាយរួច នាំទុក្ខដាក់ខ្លួន។ ការខ្លាច ធ្វើឲ្យបុគ្គលិកជាច្រើន ធ្វើការងាប់ក្រឡា និងសម្ងំនៅមុខដំណែងដដែលរាប់ឆ្នាំ។

អ្នកគ្រប់គ្រង មិនគួរធ្វើពើចំពោះរឿងនេះទេ។ អ្នកគ្រប់គ្រង ត្រូវជួយបុគ្គលិកដែលមានសមត្ថភាព តែមិនហ៊ានបញ្ចេញ។ ខ្ញុំមានដំណោះស្រាយសម្រាប់ការមិនហ៊ានប្រថុយនៅក្នុងការងារ។​

អ្នកអាចហៅវាថា ជំហានកូនង៉ែត។

ដូចការបង្រៀនវិនិយោគដែរ អ្នកត្រុវរៀនប្រថុយពីដំណាក់កាលតូចៗទៅ។ ទោះបីជាការប្រថុយធំ អាចនាំផលច្រើនក៏ដោយ ប៉ុន្តែបើភ្លាត់ នឹងធ្វើឲ្យមនុស្សបាក់ស្បាតមិនខាន។​

បើអ្នកចង់ឲ្យបុគ្គលិកហ៊ានប្រថុយ អ្នកគ្រប់គ្រងត្រូវប្រគល់ការងារពីតូចៗទៅមុន។ កុំចាប់ផ្តើមឡើង ដោយប្រគល់គម្រោងទាំងមូលឲ្យរ៉ាប់រង។ អ្នកអាចរកផ្នែកណាមួយនៃគម្រោងឲ្យពួកគេជាអ្នកសម្រេចចិត្ត ដើម្បីឲ្យពួកគេមានឱកាសរៀនពីរបៀបគ្រប់គ្រងដោយខ្លួនឯង។

ជោគជ័យបន្តិចបន្តួច នឹងបណ្តុះទំនុកចិត្តរបស់បុគ្គលិក ហើយធ្វើឲ្យពួកគេយល់ការប្រថុយនៅក្នុងការងារ មិនមែនជារឿងអាក្រក់នោះទេ។ ពួកគេអាចនឹងបង្កើតកំហុសនៅពេលជួបរឿងពិបាក ឬមិនបានគិតទុក ប៉ុន្តែពួកគេអាចសាកល្បងម្តងទៀតបាន។ បទពិសោធន៍ បង្រៀនបុគ្គលិក ឲ្យប្រើសមត្ថភាពរបស់ខ្លួន។

ជោគជ័យបន្តិចបន្តួច នឹងបណ្តុះទំនុកចិត្តរបស់បុគ្គលិក។

បុគ្គលិកដែលមិនហ៊ាន ជាបញ្ហារបស់ស្ថាប័ន ព្រោះស្ថាប័នចង់បានមនុស្សដែលចូលមកដើម្បីបញ្ចេញអ្វីដែលខ្លួនមានឲ្យអស់។ បើគ្មានអ្នកណាហ៊ានបញ្ចេញផង តើស្ថាប័នអាចសង្ឃឹមលើអ្វី? ការគ្រប់គ្រងបុគ្គលិក ជាចំណុចស្លាប់រស់របស់ស្ថាប័ន ហើយជាតួនាទីរបស់អ្នកគ្រប់គ្រង។

Leave a Reply

Your email address will not be published. Required fields are marked *