ច្បាប់មួយដ៏ល្អក្នុងការរើសបុគ្គលិកចូលធ្វើការ
ដោយសារក្រុមហ៊ុនរបស់ខ្ញុំកំពុងប្រកាសរកបុគ្គលិកចូលមកធ្វើការបន្ថែម ខ្ញុំក៏មានចម្ងល់មួយក្នុងចិត្ត។ តើមានច្បាប់អ្វីដែលអាចធានាថា ការរើសបុគ្គលិករបស់ស្ថាប័នមួយ អាចមានប្រសិទ្ធភាព?
ចៃដន្យ ខ្ញុំក៏បានរកប៉ះការណែនាំរបស់លោក Brian Tracy នៅក្នុងសៀវភៅមួយក្បាលដែលបានបកប្រែជាភាសាខ្មែរ ក្រោមចំណងជើង “យុទ្ធសាស្ត្រដើម្បីបង្កើនទ្រព្យសម្បត្តិ”។

ច្បាប់នៃការជ្រើសរើសបុគ្គលិករបស់គាត់ គឺ “ជ្រើសរើសដោយសន្សឹមៗ និងបញ្ឈប់ការងារឲ្យឆាប់”។
ការពិចារណាឲ្យបានម៉ត់ចត់ មុនពេលរើសយកបុគ្គលិកថ្មី អាចជួយសម្រាលបញ្ហាដែលនឹងកើតឡើងក្រោយពេលបុគ្គលិកចូលរួមក្នុងស្ថាប័ន។ បើអ្នករើសយកបុគ្កលិកខុស អ្នកខាតបង់កាន់តែច្រើនជាងការពន្យារពេលរើសបុគ្គលិកទៅទៀត។
បុគ្គលិកខុស ត្រូវតែបញ្ឈប់ឲ្យទាន់ពេលវេលា មុនពេលបុគ្គលិកនោះ បង្កការខូចខាតច្រើនឡើង។ បើសិនជាខូចខាតតែខាងក្នុង អ្នកអាចដោះស្រាយបាន តែបើបុគ្គលិកនោះធ្វើឲ្យខូចដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនខាងក្រៅទៀត អ្នកនឹងមានទំនួលខុសត្រូវកាន់តែច្រើន។
លោក Brian Tracy បានរៀបរាប់ពីបទពិសោធន៍របស់គាត់ដែលរើសបុគ្គលិកមួយថ្ងៃ ហើយដេញចោលវិញថ្ងៃបន្ទាប់ក៏មានដែរ។ ការសម្រេចចិត្តមិនល្អ មិនត្រូវទុកឲ្យខ្លាចជារឿងស្មុគ្រស្មាញក្នុងស្ថាប័នទេ។
បើអ្នកទុកបុគ្គលិកមិនល្អ បុគ្គលិកល្អនឹងអស់ទឹកចិត្តដើម្បីធ្វើការជាមួយអ្នក។
ស្ថាប័នពូកែ មានវិធីសាស្ត្ររើសបុគ្គលិកល្អជាងស្ថាប័នដែលមិនសូវមានបទពិសោធន៍។ វិធីសាស្ត្រអាចខុសគ្នាទៅតាមវិស័យផ្សេងគ្នា ឬតាមបទពិសោធន៍របស់អ្នកគ្រប់គ្រងធនធានមនុស្ស។ បើអ្នកមិនទាន់មានច្បាប់ផ្ទាល់ខ្លួនទេ អាចប្រើច្បាប់ដែលលោក Brian Tracy លើកមកនេះបាន។