តើការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្រៅ រាំងស្ទះ ឬជម្រុញភាពច្នៃប្រឌិត?

ការលើកទឹកចិត្ត ឬគ្រឿងជម្រុញលើកទឹកចិត្ត (Motivation) ត្រូវបានគេបែងចែកជាពីរ គឺ គ្រឿងលើកទឹកចិត្តខាងក្រៅ និង គ្រឿងលើកទឹកចិត្តខាងក្នុង។ គ្រឿងលើកទឹកចិត្តខាងក្រៅ សំដៅដល់កម្លាំងចលករទាំងឡាយដែលនៅជុំវិញខ្លួនបុគ្គលម្នាក់ រីឯគ្រឿងលើកទឹកចិត្តខាងក្នុងវិញ សំដៅដល់កម្លាំងចលករដែលមានក្នុងខ្លួនមនុស្ស ដូចជាកម្លាំងចិត្តជាដើម។ មានសំណួរមួយបានចោទសួរថា តើការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្រៅរាំងស្ទះ ឬជម្រុញភាពច្នៃប្រឌិត? មានការស្រាវជ្រាវជាច្រើនបានធ្វើឡើង ទាក់ទងទៅនឹងកម្លាំងចលករខាងក្រៅគ្រប់គ្រងបញ្ជាលើគ្រឿងលើកទឹកចិត្តខាងក្រៅ ទីនេះយើងនឹងផ្តោតលើតែគ្រឿងលើកទឹកចិត្តខាងក្រៅឯករាជ្យ (ពុំមានឥទ្ធិពលពីកម្លាំងចលករខាងក្រៅ) ដែលបានកើតឡើងពីបុគ្គលដែលប្រកាន់ជំនឿអ្វីមួយជាក់លាក់ (Core Value)

ប្រមាណជា ៦០ ឆ្នាំកន្លងមក អ្នកស្រាវជ្រាវ Crutchfield (1961, 1962) បានស្នើរថា ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្នុង ជួយជម្រុញការគិតច្នៃប្រឌិត ផ្ទុយមកវិញការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្រៅ បានរារាំងដល់ការគិតច្នៃប្រឌិត។ ក្រោយពីនោះមក ក៏មានការស្រាវជ្រាវជាច្រើនបានធ្វើឡើងដោយយោងទៅតាមការលើកឡើងរបស់ Crutchfield ដោយគេតាំងសម្មតិកម្មថា ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្នុង ជំនួយដល់ការគិតច្នៃប្រឌិត ហើយការស្រាវជ្រាវទាំងអស់នោះ ត្រូវបានគេទទួលស្គាល់ជាច្រើន (ដូចជា Koestner, Ryan, Bernieri, & Holt, 1984; Kruglanski, Friedman, & Zeevi, 1971; សម្រាប់ការសរសេរបញ្ចេញយោបល់សូមអាន Amabile, 1996)។ មានការស្រាវជ្រាវតិចតួចណាស់ ផ្តោតសំខាន់ទៅលើសម្មតិកម្មដែលលើកឡើងថា ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្រៅ បានបំផ្លាញដល់ការគិតច្នៃប្រឌិត។ លើសពីនេះក៏មានការស្រាវជ្រាវផ្សេងទៀត ផ្តោតលើការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្រៅ តែរបកគំហើញមានភាពឡូកឡំគ្នា ពោលគឺអ្នកស្រាវជ្រាវខ្លះថា ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្រៅ មានភាពអវិជ្ជមានដល់ការគិតច្នៃប្រឌិត (ឧទាហរណ៏ Amabile, 1985) ឯអ្នកស្រាវជ្រាវខ្លះទៀតរកឃើញថាការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្រៅ មានភាពវិជ្ជមានដល់ការគិតច្នៃប្រឌិត (ឧទាហរណ៏ Boice, 1983; Eisenberger & Rhoades, 2001) តែក៏នៅមានអ្នកស្រាវជ្រាវខ្លះលើកឡើងពីរបកគំហើញដែលលាយឡំគ្នា (Baer, Oldham, & Cummings, 2003)។

បញ្ហាចម្រូងចម្រាស់នេះ បានបណ្តាលឲ្យកើតមានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ជាចុងក្រោយពុំមានដំណោះស្រាយណាមួយជាក់លាក់ត្រូវបានលើកឡើង (Collins & Amabile, 1999; Eisenberger & Shanock, 2003)។ នៅក្នុងអំឡុងពេលជជែកវែកញែកគ្នានេះ មានបញ្ហាមួយត្រូវបានគេរកឃើញ ពេលធ្វើការស្វែងរកលទ្ធផលការស្រាវជ្រាវ ហើយដែលត្រូវបានគេមើលរំលង គឺសេចក្តីសន្និដ្ឋានអម ដែលលើកឡើងថា ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្រៅ ជានិច្ចកាលពឹងផ្អែកលើយថាភាពខាងក្រៅ (ភាពដែលអាចកើតឡើងបានដោយឥតព្រាងទុក) នៃការអោយរង្វាន់ ឬការដាក់ទោស។ ការពិតទៅការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្រៅ មិនសុទ្ឋតែពឹងផ្អែកលើយថាភាពនោះទេ។ Deci និង Ryan (1991) បានធ្វើការបែងចែក ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្រៅ ជា៣ផ្នែក លើកម្រិតដែលបុគ្គលធ្វើសកម្មភាព បង្កើតការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តពីខាងក្រៅ (ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តដែលបានគ្រប់គ្រង) ទល់នឹងខាងក្នុង (ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តឯករាជ្យ) របស់ខ្លួន។ ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តទាំងពីរនេះ ត្រូវបានគ្រប់គ្រងពីខាងក្រៅ ឬគេអាចជឿថា វាកើតឡើងដោយហេតុការណ៍ខាងក្រៅ។

ផ្នែកទី១ ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តពីក្រៅ (External Motivation) កើតមានឡើងដោយមានមូលដ្ឋានគ្រិះលើ យថាហេតុខាងក្រៅដូចជា រង្វាន់ប្រាក់លើកទឹកចិត្ត កេរ្តិ៏ឈ្មោះ ការទទួលស្គាល់ពីសង្គម ។ល។ ហើយវាជាចំណុចសំខាន់ដែលអ្នកស្រាវជ្រាវចាប់អារម្មណ៏ធ្វើការស្រាវជ្រាវ ពីទំនាក់ទំនងរវាង ការលើកទឹកចិត្ត និង គំនិតច្នៃប្រឌិត។

ផ្នែកទី២ ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តចម្លងពីខាងក្រៅ (Introjected Motivation) ជាទម្រង់មួយទៀតនៃការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តពីខាងក្រៅ មានមូលដ្ឋានលើសំពាធពីវិន័យបទបញ្ជា ជម្រុញឲ្យបង្កើតបានជាឥរិយាបទមួយផ្នែក គឺបទពិសោធន៏នៃអារម្មណ៏ទទួលខុសត្រូវ ឬកាតព្វកិច្ច ឧទាហរណ៏ ធ្វើឥរិយាបទណាមួយ មនុស្សមានអារម្មណ៏ត្រូវធ្វើឬគួរធ្វើ។ នៅក្នុងបទបញ្ញត្តិរបស់ Deci និង Ryan មានតែការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តខាងក្រៅមួយប្រភេទប៉ុណ្ណោះ ដែលកើតមកដោយឯកឯង ពោលគឺកើតមកពី អត្តា (Self)។ ការលើកទឹកចិត្ត ឬគ្រឿងលើកទឹកចិត្តពីការកំណត់សំគាល់ (Identified Motivation) ជាពាក្យដែល Deci និង Ryan បានដាក់សំដៅដល់ គ្រឿងលើកទឹកចិត្តខាងក្រៅឯករាជ្យ ដែលមានមូលដ្ឋានគ្រឹះលើជំនឿដែលជម្រុញឲ្យបង្កើតបានជាឥរិយាបទពេញលេញមួយ ទាក់ទងនឹងជំនឿជាក់លាក់រ៉ាប់រងដោយខ្លួនបុគ្គលម្នាក់ (ឧទាហរណ៏ ធ្វើឥរិយាបទណាមួយ ពីព្រោះគេជឿថា វានឹងនាំដល់លទ្ធផលមួយដែលគេចាត់ទុកថាមានសារៈសំខាន់យ៉ាងជ្រាលជ្រៅ)។


អត្ថបទទាក់ទង

តើអ្វីទៅជាគំនិតច្នៃប្រឌិត?

 

Leave a Reply

Your email address will not be published. Required fields are marked *