Lean HR៖ ឧទាហរណ៍ អត្ថប្រយោជន៍ និងកន្លែងដែលត្រូវចាប់ផ្តើម

នាយកដ្ឋានធនធានមនុស្ស ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដើម្បីធានាបាននូវភាពជោគជ័យនៃអាជីវកម្ម តាមរយៈការអនុវត្តធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ Lean HR អាចជួយឱ្យអង្គការកែលម្អដំណើរការ ដែលនាំទៅដល់ការបង្កើនផលិតភាព និងការអនុវត្តកាន់តែប្រសើរ។ តើអ្វីទៅជា Lean HR និងអត្ថប្រយោជន៍របស់វា ហើយតើអ្នកអាចអនុវត្តវិធីសាស្រ្តនេះនៅអង្គភាពរបស់អ្នកដោយរបៀបណា?

មាតិកា

 • តើវិធីសាស្រ្ត Lean គឺជាអ្វី? (What is lean methodology?)
 • តើអ្វីទៅគឺជា Lean HR? (What is lean HR?)
 • តើអ្វីទៅជាអត្ថប្រយោជន៍នៃ Lean HR? (What are the benefits of lean HR?)
 • ការអនុវត្ត Lean HR នៅក្នុងអង្គភាពរបស់អ្នក (Implementing lean HR at your organization)

១. តើវិធីសាស្រ្ត Lean គឺជាអ្វី? (What is lean methodology?)

វិធីសាស្រ្ត Lean គឺជាវិធីសាស្រ្តគ្រប់គ្រងយ៉ាងសកម្មវាងវៃក្នុងការបង្កើតលទ្ធផលដ៏មានគុណតម្លៃបន្ថែមទៀត ដោយការកែលម្អរំហូរការងារ។ វាលុបបំបាត់សកម្មភាពដែលខ្ជះខ្ជាយ ឬ លែងត្រូវការតទៅទៀត ដោយវាស់គុណភាពនៅជំហាននីមួយៗ ដូច្នេះរាល់មុខងាររបស់អង្គភាពដំណើរការប្រកបដោយប្រសិទ្ធភាព។ ភាគីពាក់ព័ន្ធ មានទំនាក់ទំនងយ៉ាងល្អនៅក្នុងដំណើរការធ្វើការសម្រេចចិត្ត ដើម្បីបង្កើតវប្បធម៌នៃការកែលម្អជាបន្តបន្ទាប់ ដែលសម្រួលដំណើរការ និងប្រើប្រាស់ទេពកោសល្យ។

ទ្រឹស្ដី Lean បានចាប់ផ្តើមជាមួយនឹង “Lean Production”។ ក្រុមហ៊ុនតូយ៉ូតា បានបង្កើតវាឡើង ដើម្បីច្នៃប្រតិដ្ឋដំណើរការផលិតរថយន្តរបស់ខ្លួន។ គោលបំណង គឺដើម្បីរក្សាកម្រិតសារពើភណ្ឌនៅត្រឹមតែអ្វីដែលត្រូវការក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយរៀបចំឡើងវិញតាមការចាំបាច់។ ផលិតកម្ម Lean ក៏ផ្តល់គុណតម្លៃដល់និយោជិតជាធនធានកណ្តាលសម្រាប់វិធីកែលម្អរំហូរការងារ។ អ្នកគ្រប់គ្រង ធ្វើការទំនាក់ទំនងព័ត៌មានអាជីវកម្មជាមួយកម្មករនិយោជិតដោយបើកចំហ និងលើកទឹកចិត្តពួកគេឱ្យបញ្ចេញយោបល់សម្រាប់ការបង្កើនប្រសិទ្ធភាព។

ប្រភេទមួយទៀតនៃទ្រឹស្ដី Lean គឺវិធីសាស្ត្រ “Lean Start Up”។ វាត្រូវបានបង្កើតឡើងសម្រាប់សហគ្រិនក្នុងការផ្សព្វផ្សាយផលិតផល សេវាកម្ម និងគំនិតថ្មីៗ។ វាត្រូវបានផ្អែកលើការបង្កើត “ផលិតផលដែលអាចដំណើរការបានជាអប្បបរមា” (Minimum Variable Product – MVP) ដើម្បីសាកល្បងគំនិតមួយ។ ស៊េរី​នៃ​ការ​ពិសោធន៍​ដែល​បង្កើត​ឡើង​ដោយ​រហ័សយ៉ាងប្រុង​ប្រយ័ត្ន​​ បង្ហាញ​ពី​អ្វី​ដែល​ដំណើរការ ​និង​មិន​ដំណើរការ​មុន​ពេល​បង្កើត​ផលិតផល​ចុងក្រោយ។

ភាពជោគជ័យរបស់ Lean នៅក្នុងឧស្សាហកម្មដំបូងដែលទទួលយកវា បានដឹកនាំវិស័យផ្សេងទៀតជាច្រើនដើម្បីទទួលយកវាដែរ រួមទាំងអង្គភាពរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។ វិធីសាស្រ្ត Lean គឺជាឧបករណ៍មួយដែលរដ្ឋវ៉ាស៊ីនតោន (Washington State) បានប្រើដើម្បីផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន និងបំពេញ ឬលើសពីគោលដៅជាក់លាក់។ ដំណើរការដែលប្រសើរឡើង និងការកែលម្អផ្សេងទៀត នាំឱ្យការផ្តល់សេវាកាន់តែលឿន ការសន្សំថ្លៃដើម និងកាត់បន្ថយការងារឯកសារ។

នៅពេលដែលស្ថាប័នខិតខំកែលម្អដំណើរការជាបន្តបន្ទាប់ ពួកគេអាចធ្វើការកែប្រែបានយ៉ាងឆាប់រហ័ស និងរលូន។ ការកែតម្រូវបន្តិចបន្តួច គឺអាចធ្វើទៅបានដើម្បីអនុម័ត និងអាចអត់ធ្មត់បានដោយនិយោជិត ជាជាងការអនុវត្តន៍ការផ្លាស់ប្តូរ។ ក្រុមហ៊ុនដែលដំណើរការក្នុងរបៀប Lean អាចជំរុញការកែលម្អសំខាន់ៗឱ្យកាន់តែមានភាពច្នៃប្រតិដ្ឋ និងមានប្រសិទ្ធភាព។

ធាតុផ្សំនៃវិធីសាស្រ្ត Lean

មូលដ្ឋាននៃវិធីសាស្រ្ត Lean គឺកំណត់គោលដៅសកម្មភាពដែលមិនមានប្រយោជន៍សម្រាប់ការលុបបំបាត់ចោល។ កាកសំណល់ ត្រូវបានទទួលស្គាល់ថាជានីតិវិធីណាមួយដែលមិនរួមចំណែកដល់គុណតម្លៃនៃផលិតផល ឬ សេវាកម្មចុងក្រោយ។ ការគ្រប់គ្រង Lean តម្រូវឱ្យពិនិត្យឡើងវិញនូវដំណាក់កាលនីមួយៗនៃដំណើរការអាជីវកម្ម ដើម្បីបែងចែករវាងគុណតម្លៃ និងកាកសំណល់ ដោយអនុវត្តធាតុផ្សំបីដូចខាងក្រោម៖

 • ជំហានទាំងឡាយដែលចាំបាច់ និងបន្ថែមគុណតម្លៃ
 • ជំហានទាំងឡាយដែលមិនបន្ថែមគុណតម្លៃ ប៉ុន្តែចាំបាច់ដោយសារតែបទប្បញ្ញត្តិ ច្បាប់ ឬ កត្តាដែលមិនអាចជៀសវាងបានផ្សេងទៀត
 • ជំហានទាំងឡាយដែលមិនផ្តល់គុណតម្លៃ និងមិនចាំបាច់

ដោយឥតសង្ស័យ ការដកចេញនូវជំហានទាំងឡាយណាដែលមិនផ្តល់គុណតម្លៃ គឺជាវិធីសាមញ្ញបំផុតក្នុងការរៀបចំដំណើរការឡើងវិញ និងកែលម្អរំហូរការងារ និងលទ្ធផល។

២. តើអ្វីទៅគឺជា Lean HR? (What is lean HR?)

ប្រភពនៃគុណតម្លៃចម្បងរបស់ស្ថាប័ន គឺបុគ្គលិករបស់ខ្លួន។ ទំនួលខុសត្រូវរបស់ HR គឺរៀបចំប្រព័ន្ធ និងបរិយាកាសដែលមានឥទ្ធិពលលើកម្លាំងការងារដ៏ល្អប្រសើរ ដើម្បីគាំទ្រដល់ដំណើរការអាជីវកម្ម។ គោលដៅចុងក្រោយនៃ Lean HR គឺដើម្បីបន្តធ្វើការឆ្ពោះទៅរកការលុបបំបាត់ភាពមិនដូចគ្នា និងខ្ជះខ្ជាយ នៅក្នុងដំណើរការធនធានមនុស្ស និងការផ្តល់សេវាធនធានមនុស្ស។

នាយកដ្ឋានធនធានមនុស្ស គួរតែចាប់ដៃគូជាមួយភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ផ្នត់គំនិត Lean សម្រាប់អង្គភាពទាំងមូល។ លើសពីនេះ វាត្រូវតែដំណើរការសេវាកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន ដោយខិតខំធ្វើឱ្យដំណើរការបន្តប្រសើរឡើង។

ទោះបីជាសេវាកម្មទាំងនេះមិនចាំបាច់ផ្តល់នូវផលិតផលជាក់ស្តែងក៏ដោយ ការបញ្ជូនឲ្យរបស់ពួកគេ អាចត្រូវបានកែលម្អ ដើម្បីបំពេញតម្រូវការរបស់បុគ្គលិកកាន់តែប្រសើរ។ ដូច្នេះ​សំណួរ​សួរថា តើ​យើង​អាច​អនុវត្ត​វិធីសាស្ត្រ​ Lean ​ចំពោះ​ធនធានមនុស្ស​ដោយ​របៀបណា ដើម្បី​ធានាបាន​នូវ​ជោគជ័យ​រយៈពេល​វែង​?

ការគ្រប់គ្រង Lean HR វាយតម្លៃតម្លៃនៃបរិយាកាសសេវាកម្មរបស់ខ្លួនដោយសួរសំណួរដូចជា៖

 • តើមានដំណើរការសម្រាប់ភារកិច្ចនៃសេវាកម្មនីមួយៗដែរឬទេ?
 • តើដំណើរការត្រូវបានអនុវត្តទេ?
 • តើ​មាន​វិធី​កែប្រែ ឬ​ ជំហាន​ដែល​អាច​ត្រូវ​បាន​លុប​បំបាត់​ ដើម្បី​ធ្វើ​ឱ្យ​វា​កាន់​តែ​មាន​ប្រសិទ្ធភាព​ទេ?

ឧទាហរណ៍ គោលគំនិត Lean អាចត្រូវបានអនុវត្តចំពោះមុខងារដូចខាងក្រោម៖

 • ការជ្រើសរើស និងជួល (Recruitment and hiring) – តើ​ផ្លូវ​ផ្ទាល់​បំផុត​ត្រូវ​បាន​ធ្វើ​តាម​ ដើម្បីចម្រាញ់បេក្ខជន​ និង​ធានា​សុវត្ថិភាព​បុគ្គលិក​ថ្មី​ឬទេ?
 • ការចាប់ផ្តើមការងារ (Onboarding) – តើការងារឯកសារ និងសកម្មភាពតម្រង់ទិស ត្រូវបានសម្រួលដើម្បីឲ្យអ្នកជួលថ្មីត្រៀមរួចជាស្រេចសម្រាប់សកម្មភាពឆាប់ៗទេ?
 • ប្រាក់បំណាច់ និងអត្ថប្រយោជន៍ (Compensation and benefits) – តើនិយោជិតបានដឹងយ៉ាងច្បាស់អំពីអត្ថប្រយោជន៍របស់ពួកគេ និងផ្លូវសម្រាប់ការសម្រេចបាននូវការដំឡើងប្រាក់ឈ្នួល និងប្រាក់រង្វាន់ដែរឬទេ? តើការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាងមុនអាចជួយបញ្ជាក់ពីប្រធានបទនៃរង្វាន់បានទេ?
 • ការគ្រប់គ្រងការអនុវត្ត (Performance management) – តើអ្នកគ្រប់គ្រង និងនិយោជិតតម្រូវឱ្យលះបង់ពេលវេលាច្រើនពេក ដើម្បីកំណត់គោលដៅ ការវាស់វែងវឌ្ឍនភាព និងវាយតម្លៃការអនុវត្តដែរឬទេ? តើយើងអាចបង្រួមដំណើរការនេះបានទេ?

នេះគឺជារូបភាពចំនួនប្រាំបីនៃធាតុផ្សំដែលមិនបន្ថែមគុណតម្លៃ ដែលអ្នកជំនាញធនធានមនុស្សអាចកំណត់អត្តសញ្ញាណ និងដកចេញដោយអនុវត្តវិធីសាស្រ្ត Lean ៖

 • សារពើភ័ណ្ឌ (Inventory)៖ (ការរក្សាទុកទិន្នន័យដែលលែងប្រើ ឬ ហួសម័យ) ចូររកមើលវិធីដើម្បីលុបព័ត៌មានដែលផុតកំណត់ និងកាត់បន្ថយតម្រូវការក្នុងការរក្សាច្បាប់ចម្លងរឹង (hard copies) នៃឯកសារបុគ្គលិក/បេក្ខជន ។ល។
 • កំពុងរង់ចាំ (Waiting)៖ (ការងារត្រូវបានជាប់គាំង ខណៈពេលដែលកំពុងរង់ចាំព័ត៌មានជាក់លាក់ ឬ ព័ត៌មានផ្សេងទៀតដើម្បីបំពេញផ្នែកនៃដំណើរការរបស់ពួកគេ។) ចូរពិនិត្យមើលហត្ថលេខា/ការយល់ព្រមដែលត្រូវការ ដើម្បីធ្វើស្តង់ដារសម្រាប់តែអ្វីដែលចាំបាច់ប៉ុណ្ណោះ។ បុគ្គលិកដែលឆ្លងកាត់ការបណ្តុះបណ្តាល អាចគ្របដណ្តប់គ្នាទៅវិញទៅមកដើម្បីរក្សារំហូរការងារ។
 • ដំណើរការលើស (Excess processing)៖ (ការចាត់ចែងកិច្ចការ ឬ ទិន្នន័យដែលមិនបន្ថែមគុណតម្លៃសម្រាប់អតិថិជន) ចូររកមើលវិធីដើម្បីជៀសវាងស្រទាប់ការយល់ព្រម របាយការណ៍ និងការបញ្ចូលទិន្នន័យឡើងវិញដែលមិនចាំបាច់។
 • ចលនា (Motion)៖ (ចលនាដែលមិនចាំបាច់របស់មនុស្ស ឬ ទំនិញ) ការដាក់ឧបករណ៍ ergonomic, ប្រព័ន្ធផ្គត់ផ្គង់ឯកសារ និងដាក់ឯកសារយោងយ៉ាងងាយស្រួល និងការរក្សាសមាជិកក្រុមឱ្យនៅជិត អាចជួយសន្សំសំចៃពេលវេលារបស់មនុស្សរវាងកិច្ចការទាំងឡាយ។
 • ការដឹកជញ្ជូន (Transportation)៖ (ដំណើរការដែលពាក់ព័ន្ធនឹងការធ្វើដំណើរតាមរយៈការតភ្ជាប់ច្រើនពេក) ក្រុម និងអង្គភាព អាចជៀសវាងការខ្ជះខ្ជាយប្រភេទនេះ ដោយសម្រួលការបញ្ជូនរបាយការណ៍ កាត់បន្ថយឯកសារភ្ជាប់អ៊ីមែល និងលុបចោលការចែកចាយឯកសាររឹង។
 • ទេពកោសល្យ (Talent)៖ (ការប្រើប្រាស់សមត្ថភាពរបស់និយោជិត) ចូរផ្តល់សិទ្ធិអំណាចដល់បុគ្គលិកឱ្យសម្រេចការងារបានកាន់តែច្រើន។ ចូរផ្តល់ឱ្យពួកគេនូវឧបករណ៍ និងការបណ្តុះបណ្តាលគ្រប់គ្រាន់ និងអនុញ្ញាតឱ្យពួកគេអនុវត្តការកែលម្អដំណើរការនៅក្នុងវិសាលភាពនៃការទទួលខុសត្រូវរបស់ពួកគេ។
 • ភាពខ្វះខាត (Defects)៖ (កំហុសក្នុងដំណើរការ ឬ លទ្ធផលអវិជ្ជមានដែលត្រូវការការកែប្រែឡើងវិញ។) ឧទាហរណ៍ កង្វះខាតនៃនីតិវិធីការងារដែលមានស្តង់ដារ ដែលនាំឱ្យមានកំហុសក្នុងការបញ្ចូលទិន្នន័យ ឬ វិធីសាស្ត្រជួលខុស ដែលនាំឲ្យមានការលាឈប់ខ្ពស់ (high turnover) និងត្រូវការដំណើរការឡើងវិញ។
 • ការផលិតហួសហេតុ (Overproduction)៖ (បង្កើតព័ត៌មានដែលមិនត្រូវការ ឬ មិនធ្លាប់ប្រើប្រាស់ ឬ ផ្គត់ផ្គង់អ្វីមួយច្រើនជាងតម្រូវការ ឬ មុនពេលដែលវាត្រូវបានទាមទារ) ការវាយតម្លៃការប្រើប្រាស់ និងគុណតម្លៃនៃព័ត៌មាន និងរបាយការណ៍ទាំងអស់ និងការបង្កើតលំដាប់នៃដំណើរការការងារ ស្តង់ដារ និងសញ្ញា សម្រាប់ដំណើរការនីមួយៗនឹងបញ្ជាក់អំពីប្រភេទនៃការខ្ជះខ្ជាយនេះ។

៣. តើអ្វីទៅជាអត្ថប្រយោជន៍នៃ Lean HR? (What are the benefits of lean HR?)

ការអនុវត្តគំរូ Lean HR បង្កើតអត្ថប្រយោជន៍ជាច្រើនសម្រាប់អង្គភាពនៅក្នុងឧស្សាហកម្មណាមួយ ដោយការកែលម្អដំណើរការសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ និងលើកទឹកចិត្តឱ្យមានការកែលម្អជាបន្តបន្ទាប់។ អ្នកអាចកំណត់អត្តសញ្ញាណភាពជាប់គាំង ហើយបន្ទាប់មករៀបចំបែបបទឡើងវិញ ដើម្បីលុបវាចេញ។ នេះនាំឱ្យមានអត្ថប្រយោជន៍យ៉ាងច្រើន រួមទាំង៖

 • ការកាត់បន្ថយថ្លៃដើម (Cost reduction) – ការកាត់បន្ថយការខ្ជះខ្ជាយ ជួយសន្សំសំចៃថវិកា ដូច្នេះការផ្តោតលើ Lean ជួយបង្កើនប្រាក់ចំណេញ។
 • ការលើកកម្ពស់គុណភាព (Quality enhancement) – ផ្នត់គំនិតយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត ធ្វើឱ្យដំណើរការការងារប្រសើរឡើង និងកាត់បន្ថយកំហុស។
 • វប្បធម៌អភិវឌ្ឍន៍ (A development culture)  – នៅពេលដែលមនុស្សផ្តោតការគិតរបស់ពួកគេលើការស្វែងរកការផ្លាស់ប្តូរឱ្យកាន់តែប្រសើរឡើង វាជំរុញបរិយាកាសនៃការបើកចំហរសម្រាប់វឌ្ឍនភាព និងមោទកភាពក្នុងការបន្ថែមគុណតម្លៃជាមួយនឹងការងាររបស់ពួកគេ។
 • ការកែលម្អបទពិសោធន៍បុគ្គលិក (Employee experience improvement) – នៅពេលដែលដំណើរការត្រូវបានកែលម្អ ការងារអាចកាន់តែងាយស្រួល និងរីករាយសម្រាប់បុគ្គលិក។ គោលការណ៍ Lean ដែលលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហ និងផ្តល់ឱ្យបុគ្គលិកនូវសមត្ថភាពក្នុងការស្នើការផ្លាស់ប្តូរ អាចបង្វែរការខកចិត្តនៃបញ្ហាទៅជាឱកាស ដើម្បីបង្កើតដំណោះស្រាយ។ វាលើកកម្ពស់បរិយាកាសការងារដែលលើកទឹកចិត្ត និងពេញចិត្តជាងមុន ដែលជំរុញឱ្យមានសក្តានុពលបុគ្គលិកជាអតិបរមា។

៤. ការអនុវត្ត Lean HR នៅក្នុងអង្គភាពរបស់អ្នក (Implementing lean HR at your organization)

ដូច្នេះ តើ​វា​ត្រូវការ​អ្វី​ពិតប្រាកដ​ ដើម្បី​ដាក់​គំរូ​ Lean HR ចូល​ទៅក្នុង​សកម្មភាព? នេះគឺជាជំហានបី ដែលត្រូវពិចារណាសម្រាប់ការចាប់ផ្តើមវា នៅក្នុងនាយកដ្ឋានរបស់អ្នក៖

១. កំណត់ដំណើរការធនធានមនុស្សសំខាន់ៗ (Identify key HR processes)

អ្នកត្រូវកំណត់គោលដៅដំណើរការធនធានមនុស្ស ដែលការអនុវត្តន៍វិធីសាស្រ្ត Lean គឺអាចគណនាបាន និងសមហេតុផលបំផុត។ ជាធម្មតា ទាំងនេះរួមមានដំណើរការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ការចាប់ផ្តើម (Onboarding) និងការគ្រប់គ្រងការអនុវត្ត។

២. អនុវត្តគំរូដោះស្រាយបញ្ហា

អនុវត្តតាមផែនការដែលមានរចនាសម្ព័ន្ធ ដើម្បីអនុវត្តគោលការណ៍គ Lean។ នេះគឺជាពីរដែលត្រូវបានគេប្រើជាទូទៅ គឺ៖

 • វដ្ដ ផែនការ ធ្វើ សិក្សា សកម្មភាព (Plan Do Study Act – PDSA)
 • កំណត់ វាស់វែង វិភាគ កែលម្អ គ្រប់គ្រង (Define Measure Analyze Improve Control – DMAIC) 

វដ្ដ ផែនការ ធ្វើ សិក្សា សកម្មភាព (Plan Do Study Act – PDSA) – វិធីសាស្រ្តនេះ ពិនិត្យមើលដំណើរការបច្ចុប្បន្នដូចដែលវាឆ្លុះបញ្ចាំងពីខ្លួនវាបន្ថែមទៀត ធ្វើការកែប្រែ និងធ្វើវដ្តនេះឡើងវិញម្តងទៀត។

ផែនការ (Plan)

 • ស្វែងរកបញ្ហា និងវាយតម្លៃអ្វីដែលត្រូវផ្លាស់ប្តូរ
 • គូសបញ្ជាក់គោលដៅ និងគោលបំណង និងយុទ្ធសាស្រ្តសម្រាប់ធ្វើឱ្យការផ្លាស់ប្តូរកើតឡើង
 • កំណត់ថាលទ្ធផលណាមួយនឹងមានន័យថាជោគជ័យ
 • ប្រមូលផ្តុំក្រុមអ្នកលេង (a Team of Key Players) សំខាន់ៗ
 • បង្កើតផែនការសកម្មភាព

ធ្វើ (Do)

 • ចាប់ផ្តើមផែនការសកម្មភាព និងប្រមូលទិន្នន័យ
  រៀបចំឯកសារការសង្កេត និងបញ្ហាផ្សេងៗ
  បង្កើតធនធាន និងឧបករណ៍ត្រឹមត្រូវ ដែលត្រូវការសម្រាប់ការផ្លាស់ប្តូរ

សិក្សា (Study)

 • ឆ្លុះបញ្ចាំងលើទិន្នន័យដែលប្រមូលបាន ក្នុងការរកមើលនិន្នាការ
  វាយតម្លៃថាតើផែនការនេះដំណើរការឬអត់
  ទទួលស្គាល់ផលប៉ះពាល់ដែលមិនចង់បាន
  កំណត់ការកកស្ទះ និងស្វែងរកមធ្យោបាយផ្សេងៗដើម្បីយកវាចេញ

សកម្មភាព (Act)

 • សន្និដ្ឋានថាតើផែនការបានដំណើរការឬអត់
  ប្រសិនបើផែនការជោគជ័យ ធ្វើស្តង់ដារដំណើរការថ្មី ហើយពិចារណាពង្រីកវាទៅសមត្ថភាពផ្សេងទៀត
  ប្រសិនបើផែនការត្រូវការផ្លាស់ប្តូរ សូមត្រឡប់ទៅដំណាក់កាលទីមួយ ហើយធ្វើការកែតម្រូវ ឬ កែទម្រង់
  សូមពិនិត្យមើលដំណើរការឡើងវិញនៅពេលក្រោយ ដើម្បីធ្វើការកែលម្អបន្ថែមទៀត

កំណត់ វាស់វែង វិភាគ កែលម្អ គ្រប់គ្រង (Define Measure Analyze Improve Control – DMAIC) គឺជាយុទ្ធសាស្រ្តមួយផ្សេងទៀតដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Six Sigma ប៉ុន្តែត្រូវបានគេប្រើជាញឹកញាប់នៅក្នុងវិធីសាស្រ្ត Lean ។ ដំណាក់កាលទាំង ៥ របស់វារួមមាន៖

កំណត់ (Define)

 • កំណត់បញ្ហាដែលត្រូវដោះស្រាយ ក៏ដូចជាអតិថិជន និងអ្វីដែលពួកគេរំពឹងទុក
  កំណត់ការឈប់ ចាប់ផ្តើម និងវិសាលភាពនៃដំណើរការ
  បង្កើតផែនទីនៃរំហូរដំណើរការជាមួយនឹងធាតុចូល និងលទ្ធផលទាំងអស់

វាស់វែង (Measure)

 • ស្វែងរករង្វាស់រសម្រាប់វាស់វឌ្ឍនភាព
  ប្រមូលទិន្នន័យដែលពាក់ព័ន្ធ ដើម្បីបង្ហាញពីរបៀបដែលវឌ្ឍនភាពកំពុងដំណើរការ និងបង្ហាញពីភាពខ្វះខាត

វិភាគ (Analyse)

 • រកឲ្យឃើញភាពខុសគ្នារវាងការអនុវត្តបច្ចុប្បន្ន និងគោលដៅ
  កំណត់បញ្ហាដែលអាចកើតមាន និងឱកាសសម្រាប់ការកែលម្អ
  ស្វែងរកមូលហេតុនៃបញ្ហា

កែលម្អ (Improve)

 • ស្វែងរកវិធីដើម្បីកំណត់រចនាសម្ព័ន្ធដំណើរការឡើងវិញ ដើម្បីដោះស្រាយបញ្ហា និងស្វែងរកវិធីបង្ការ
  សាកល្បង និងអនុវត្តផែនការសម្រាប់ដំណោះស្រាយ

គ្រប់គ្រង (Control)

 • ចងក្រងឯកសារដំណោះស្រាយ
  បង្កើតប្រព័ន្ធមួយ ដើម្បីត្រួតពិនិត្យដំណើរការដែលបានធ្វើបច្ចុប្បន្នភាព និងរក្សាវាឱ្យដំណើរការ

ពិចារណាក្នុងការជួលអ្នកប្រឹក្សា Lean HR (Consider hiring a lean HR consultant)

ការអនុវត្តគំនិតផ្តួចផ្តើម Lean នៅក្នុងនាយកដ្ឋានរបស់អ្នក អាចមានភាពស្មុគស្មាញ។ នោះហើយជាមូលហេតុដែលអ្នកអាចទទួលបានអត្ថប្រយោជន៍ពីការជួលអ្នកប្រឹក្សាដែលអាចមើលការខុសត្រូវ ឬ ជួយអ្នកបង្កើតផែនការ។

អ្នកប្រឹក្សាបែបនេះ អាចជួយណែនាំការផ្លាស់ប្តូរ Lean នៅក្នុងមុខងារធនធានមនុស្សនៃអង្គភាពរបស់អ្នក និងជួយបុគ្គលិកធនធានមនុស្សរបស់អ្នកក្នុងការអភិវឌ្ឍអាកប្បកិរិយា និងសមត្ថភាពដែលចាំបាច់ ដើម្បីរុករកបរិយាកាស Lean ។

ផល​ប៉ះពាល់

ការផ្តល់គុណតម្លៃ គឺមានសារៈសំខាន់ជាងពេលណាទាំងអស់នៅក្នុងទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ ហើយការជំរុញវិធីសាស្រ្ត Lean HR នៅក្នុងស្ថាប័នរបស់អ្នក អាចជួយអ្នកធ្វើកិច្ចការនេះ។ វាពិតជាការខិតខំប្រឹងប្រែងដ៏លំបាកដែលទាមទារការប្តេជ្ញាចិត្ត ពេលវេលា និងធនធាន។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើឱ្យដំណើរការធនធានមនុស្សសំខាន់ៗរបស់អ្នកកាន់តែសាមញ្ញ និងមានប្រសិទ្ធភាពជាងនេះ គឺសមនឹងការខិតខំប្រឹងប្រែង។

ទោះបីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ មិនទាន់បានអនុវត្តគោលការណ៍ Lean ក៏ដោយ ក៏ផ្នែកធនធានមនុស្សអាចដឹកនាំផ្លូវធ្វើជាគំរូសម្រាប់អង្គភាពទាំងមូល។


អត្ថបទទាក់ទង

បទពិពណ៍នាការងារដៃគូអាជីវកម្មធនធានមនុស្ស (HRBP)៖ រឿងសំខាន់ៗដែលអ្នកចាំបាច់ត្រូវដឹង

Leave a Reply

Your email address will not be published.