តើធ្វើយ៉ាងណាដើម្បីបំបាត់ភាពភ័យខ្លាចពេលសម្ភាសន៍ការងារ?

នៅពេល​​ទៅ​សម្ភាសន៍​ការងារ​​អ្នក​ត្រូវ​ប្រាកដ​ថា​ អ្នក​បាន​រៀបចំ​ខ្លួន​យ៉ាង​ល្អ​ជាមុន​ ព្រោះ​នេះ​ទំនង​ជា​ឱកាស​តែមួយគត់​របស់​អ្នក​ដើម្បី​បញ្ចុះបញ្ចូល​និយោជក​ថា​ អ្នក​ជា​បេក្ខជន​ល្អ​បំផុត​សម្រាប់​ការងារ​​នោះ​។ រូបរាង​ អាកប្បកិរិយា និង​ចម្លើយ​របស់​អ្នក​​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​បាន​ចោទសួរ ​សុទ្ធតែ​ជា​កត្តា​សំខាន់​ក្នុង​ការ​កំណត់​ថា​ តើ​អ្នក​នឹង​ទទួល​បាន​ការងារ​នោះ​ឬ​យ៉ាងណា?

ប៉ុន្តែ អាការៈបបូរមាត់ស្ងួត បេះដូងលោតញាប់ បែកញើសបាតដៃ ឬត្រជាក់ចុងដៃចុងជើង… ទាំងអស់នេះមិនមែនជាសញ្ញាល្អសម្រាប់ការសម្ភាសន៍ឡើយ។ ជាធម្មតាទេ ការភ័យខ្លាចប្រាកដជាកើតមាននៅពេលដែលអ្នកជួបសម្ភាសន៍ការងារ។ សម្រាប់អ្នកខ្លះ មិនមែនភ័យនៅពេលសម្ភាសន៍ការងារនោះទេ គឺភ័យតាំងពីបានទទួលទូរស័ព្ទអញ្ជើញឲ្យទៅសម្ភាសន៍ម្លេះ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងពិតជាមិនអាចបណ្តោយឲ្យការភ័យខ្លាច ឬ អារម្មណ៍បែបនេះរំខានដល់ឱកាសការងាររបស់អ្នកឡើយ។

ការភ័យខ្លាចអាចបង្ហាញថា ជំនឿចិត្ត បទពិសោធន៍ និងការគ្រប់គ្រងខ្លួនរបស់អ្នកនៅមានកម្រិត ដែលទាំងនេះ អាចធ្វើឲ្យនិយោជកវាយតម្លៃពីការងារទូទៅរបស់អ្នកផងដែរ។ ខាងក្រោមនេះ ជាវិធីសាស្រ្តចំនួន ៨ ដើម្បីបំបាត់ភាពភ័យខ្លាចពេលសម្ភាសន៍ការងារបាន៖

១. ការរៀបចំមុនបានល្អ

ការរៀបចំខ្លួនបានល្អ គឺជួយអ្នកឲ្យមានជំនឿជាក់លើខ្លួនឯងកាន់តែច្រើន ហើយជំនឿជាក់លើខ្លួនឯងកាន់តែខ្លាំងនេះហើយដែលធ្វើឲ្យអ្នកអាចបន្ថយភាពភ័យខ្លាចរបស់ខ្លួនបាន។ ភ័យពីព្រោះបាត់ជំនឿ បាត់ជំនឿពីព្រោះគ្មានការរៀបចំខ្លួនជាមុន។

២. បរិភោគអាហារត្រឹមត្រូវ

សូមប្រយ័ត្នប្រយែងបន្តិចអំពីអាហារដែលត្រូវ បរិភោគ ដោយចៀសវៀងឲ្យបានអាហារដែលអាចបង្កឲ្យឈឺពោះ និងក្អូតចង្អោរក្នុងពេលសម្ភាសន៍។ ពេលខ្លះកត្តាទាំងនេះ នឹងបង្កឲ្យអារម្មណ៍មិនល្អ និងភាពភ័យខ្លាច។ លើសពីនេះ ក៏គួរចៀសវាងអាហារដែលធ្វើឲ្យមាន ក្លិនមាត់មិនល្អ ដែលអាចធ្វើឲ្យមានអារម្មណ៍មិនសូវស្រួលដែរ។

៣. ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ

សូមចូលគេងពីព្រលប់បន្តិច ដើម្បីទទួលបានកំលាំងគ្រប់គ្រាន់សម្រាប់ថ្ងៃស្អែក។ លើសពីនេះសូមងូតទឹកឲ្យស្អាត រួចទស្សនាវីដេអូ ឬស្តាប់បទចម្រៀង ដែលអ្នកពេញចិត្តបំផុត ពិសេសធ្វើអ្វីដែលធ្វើឲ្យអារម្មណ៍របស់អ្នកបានរីករាយ។ ប៉ុន្តែសូមចៀសឲ្យបាន នូវការសេពគ្រឿងស្រវឹង ឬការគិតច្រើនពេក ដែលជាហេតុនាំឲ្យគេងមិនលក់។

៤. គិតវិជ្ជមាន

ស្រមៃថាខ្លួនអាចគ្រប់គ្រងលើការសម្ភាសន៍នេះបានទាំងស្រុង ដោយអាចឆ្លើយសំណួរបានយ៉ាងល្អ។ ស្តាប់ទៅវិធីសាស្រ្តនេះដូចជា មិនសូវប្រាកដនិយម ប៉ុន្តែចូរសាកល្បង។ ព្យាយាមញញឹមដោយក្តីសង្ឃឹម និងភាពវិជ្ជមាន ពីព្រោះវានឹងធ្វើឲ្យខួរក្បាលរបស់យើងមានដំណើរការល្អ។

៥. គិតពីមធ្យោបាយធ្វើដំណើរ

ត្រូវប្រាកដពីកន្លែងដែលអ្នកត្រូវទៅសម្ភាសន៍ការងារ ពីព្រោះវាអាចធ្វើឲ្យភ័យកាន់តែខ្លាំងនៅពេលអ្នកមិនទាន់ ដល់កន្លែងនោះ ស្របពេលដែលនាឡិកាចេះតែដើរទៅមុខ។ សូមកុំភ្លេចគិតគូរឲ្យបានមុនវេលាដែលអាចត្រូវបានពន្យាដោយសារករណីផ្សេងៗ ដូចជាស្ទះចរាចរណ៍ ជាដើម។

៦. ដកដង្ហើមឲ្យវែងៗ

សម្រាកដោយដាក់ដៃលើពោះ ហើយដកដង្ហើមចូលតាមច្រមុះវែងៗឲ្យបានបួនដង រួចដង្ហើមចេញវែងៗដោយរាប់ឲ្យបានប្រាំដង។ យើងនឹងមានអារម្មណ៍ប្រសើរឡើង។ ប៉ុន្តែសូមប្រយ័ត្នកុំបង្ហាញការដកដង្ហើមវែងៗខ្លាំងៗ នៅពីមុខអ្នកសម្ភាសន៍ឲ្យសោះ។

៧. ស្គាល់ និងប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន

បើអ្នកស្គាល់ភាពខ្លាំងរបស់ខ្លួនកាន់តែច្បាស់ ពិសេសចំនុចខ្លាំងដែលទាក់ទងនឹងការងារដែលអ្នកកំពុងសម្ភាសន៍នោះ អ្នកពិតជាមានអារម្មណ៍កក់ក្តៅក្នុងចិត្តជាខ្លាំងពន់ពេក។ ស្គាល់ភាពខ្លាំងរបស់ខ្លួននឹងធ្វើឲ្យអ្នកមានជំនឿជាក់កាន់តែខ្លាំងឡើងដែរ។

៨. សុំព័ត៌មានត្រលប់ក្រោយសម្ភាសន៍

ទោះជាប់ឬមិនជាប់ការងារក្តី រឿងដ៏សំខាន់បំផុតមួយ គឺត្រូវសុំព័ត៌មាន ឬមតិអំពីការសម្ភាសន៍របស់ខ្លួន។ ព័ត៌មានត្រលប់ពិតប្រាកដ អាចផ្តល់ឲ្យអ្នកនូវការកែតម្រូវ និងធ្វើឲ្យប្រសើរ ឡើងនៅកិច្ចសម្ភាសន៍ក្រោយៗទៀត។ ទាំងអស់នេះ អាចផ្តល់ឲ្យអ្នកអាច ធ្វើខ្លួនឲ្យបានល្អបំផុត និងអាចកាត់បន្ថយភាពភ័យខ្លាចសម្រាប់កិច្ចសម្ភាសន៍លើកក្រោយ។

សរុបមកវិញ សំភាសន៍ការងារ ត្រូវបានគេយល់ថាវាជាកិច្ចការមួយដែលលំបាក ត្រូវការប្រឹងប្រែងម៉ត់ចត់​ និងទូលំទូលាយ​ណាស់​ ដោយសារតែវាជាសិទ្ធិអ្នកសម្ភាសន៍ក្នុងគោលបំណងជីកសួរអ្នក ដើម្បីពួកគេអាចជ្រើសរើសយកមនុស្សម្នាក់សាកសម​សម្រាប់ការងាររបស់គេ។ សំភាសន៍ការងារ គឺមិនត្រឹមតែជាឱកាសមួយសម្រាប់អ្នកដើម្បីទទួល​បាន​​ការងារនោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់ឲ្យអ្នកសំភាសន៍វាស់ស្ទង់នូវដំណើរការគិតរបស់អ្នក និងយល់ដឹងពីក្តីសង្ឃឹម គោលដៅ និងមហិច្ឆតារបស់អ្នកផងដែរ។

ទំនាក់ទំនង៖ 096 270 6565

អត្ថបទទាក់ទង

សំណួរ​សំខាន់ៗ​ទាំង ​៨ ដែល​អ្នក​ត្រូវ​ឆ្លើយ​ក្នុង​ពេល​សម្ភាស​ន៍ការងារ

Leave a Reply

Your email address will not be published. Required fields are marked *