នៅក្នុងជីវិតប្រចាំថ្ងៃ គ្រប់វិនាទី សុទ្ធសឹងតម្រូវឲ្យយើងធ្វើ “ការសម្រេចចិត្ត”។ ការសម្រេចចិត្តមានទាំងតូច ទាំងធំ ទាំងសាមញ្ញដូចជា ព្រឹកឡើងនាឡិការោទិ៍ភ្លាម យើងត្រូវធ្វើការសម្រេចចិត្តថាគួរងើបភ្លាម ឬចុចបិទនាឡិកាហើយគេងបន្តទៀត ឬងើបមកឃើញមេឃខ្មៅងងឺត យើងត្រូវសម្រេចចិត្តថាគួរទៅហាត់ប្រាណឬក៏អត់… ហើយមានការសម្រេចចិត្តបន្តបន្ទាប់ទៀតដូចជាគួររៀនបន្ត ឬបេាះបង់ការសិក្សាហើយរកការងារធ្វើ គួរធ្វើជំនួញ ឬគួរវិនិយោគ រហូតដល់ការសម្រេចចិត្តដែលប៉ះពាល់ដល់អាយុជីវិត ដូចជាពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរអ្វីមួយ គួរទៅមន្ទីរពេទ្យណា គួរវះឬមិនគួរវះ ជាដើម ។ល។ ពេលខ្លះ យើងរវល់នឹងការងារ ឬសប្បាយនឹងមិត្តភក្តិ ភ្លេចឪពុកម្តាយនៅផ្ទះ រហូតដល់គាត់ធ្លាក់ខ្លួនឈឺ ហើយលាចាកលោក ទើបយើងមានវិប្បដិសារី។ ទាំងនេះសុទ្ធតែកើតចេញពីការសម្រេចរបស់យើងម្នាក់ៗ។
យ៉ាងណាមិញ ក្នុងឆាកជីវិតនេះមិនអាចចៀសផុតពីការសម្រេចចិត្តឡើយ ដែលការសម្រេចចិត្តនីមួយៗបានផ្តល់ជាលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន ហើយជានិច្ចជាកាលនៅពេលដែលយើងធ្វើការសម្រេចចិត្តខុស យើងនឹងមានវិប្បដិសារី សោកស្តាយចំពោះការសម្រេចចិត្តនោះ។
ដោយសារតែការសម្រេចចិត្តប្រកបដោយប្រសិទ្ឋភាពមិនមែនជារឿងងាយស្រួល ដូច្នេះហើយទើបយើងគួរសិក្សាទៅលើពាក្យសំខាន់ៗមួយចំនួន ទាក់ទងនឹងការសម្រេចដែលយើងតែងតែឮដូចជា “ការកាត់ក្តី” “ការវិនិច្ឆ័យ” “ការសម្រេចចិត្ត” “កាសម្រេចចិត្តបែបដាច់អហង្ការ” “ការត្រួតពិនិត្យវិនិច្ឆ័យ” “ការពិចារណា” “ការគិតត្រិះរិះ” “ការចង្អុលបង្ហាញ” “ការសម្រេចចិត្តផ្តេសផ្តាស” “ការសម្រេចចិត្តតាមអំពើចិត្ត” ជាដើម។ល។
ស្តាប់ៗទៅ ពាក្យទាំងនេះមានអត្ថន័យមិនសូវខុសគ្នាប៉ុន្មាននោះទេ ប៉ុន្តែពេលយើងសាកល្បងវែកញែកអត្ថន័យពាក្យទាំងនេះជាមុនសិន ដើម្បីការពារកុំឲ្យមានការយល់ច្រលំ។
ពាក្យថា “វិនិច្ឆ័យ” គឺពាក្យកណ្តាលដែលបង្រួមអត្ថន័យនៃពាក្យទាំងអស់ខាងលើ។ យ៉ាងណាមិញ មានរឿងរ៉ាវ និងហេតុការណ៍ជាច្រើន ដែលអាចអធិប្បាយកាត់ន័យបានជាច្រើនផ្សេងៗគ្នា ហើយព្រឹត្តិកម្មដែលយើងចាំបាច់ត្រូវប្រើវិចារណញ្ញាណក្នុងការគិតត្រិះរិះ ពិចារណា និងសម្រេចចិត្តថានឹងជឿឬអត់? គួរទទួលឬអត់? ហើយនិងធ្វើអ្វី? យ៉ាងដូចម្តេច? នោះគេហៅថា “ការវិនិច្ឆ័យ”។
ការវិនិច្ឆ័យពេលខ្លះត្រូវការសម្រេចចិត្តទៅសិន ព្រោះស្ថានការណ៍បង្ខំ បើទោះជាគ្មានបច្ច័យ ឬគ្មានហេតុជាទីអាស្រ័យតគ្នាពិតប្រាកដជាច្រើន ហើយគ្មានពត៌មាន ឬទិន្នន័យដែលពិតប្រាកដគ្រប់គ្រាន់ក៏ដោយ។ ការណ៍ជាទូទៅគេហៅថា “ការសម្រេចចិត្តបែបដាច់អហង្ការ” ការសម្រេចចិត្តក្នុងលក្ខខណ្ឌនេះ គឺជាសមត្ថភាពដ៏ចាំបាច់របស់អ្នកដឹកនាំនៅក្នុងវិស័យធុរកិច្ច និងកិច្ចការយោធាមិនអាចខ្វះបានឡើយ។
ផ្ទុយទៅវិញ អ្នកខ្លះអាចសម្រេចចិត្តត្រូវ ប្រសិនបើគេទទួលយកគំនិត សិក្សាវិភាគឲ្យស៊ីជម្រៅ និងហ្មត់ចត់ឲ្យបានច្រើន ជាជាងការសម្រេចចិត្តបែបរឹងត្អឹង ឬមានគំនិតអវិជ្ជមាន ដែលទង្វើដូច្នេះគេហៅថា “ការសម្រេចចិត្តតាមតែអំពើចិត្ត” ឬ “ការសម្រេចចិត្តតែម្នាក់ឯង”។
សម្រេចចិត្តតាមតែអំពើចិត្ត ឬការសម្រេចចិត្តតែម្នាក់ឯងនេះ ពេលវិវឌ្ឍន៍ដល់ថ្នាក់កំពូលហើយ នោះនឹងក្លាយជាការសម្រេចចិត្តបែបភ្លាំងភ្លាត់ខុសផ្លូវ។ ការណ៍ដូច្នេះគេហៅថា “ការសម្រេចចិត្តឲ្យតែផុតៗទៅ”។
ម្នាលសាសនា និងអ្នកនយោបាយមួយចំនួន តែងតែសន្និដ្ឋាន ឬវិនិច្ឆ័យហេតុការណ៍អ្វីមួយ ទាំងដែលនៅមិនទាន់ដឹងច្បាស់លាស់តាមតែអំពើចិត្តខ្លួនឯង។ ឧទាហរណ៍ដូចជា “ចក្រពត្តិនិយមជិតវិនាសហើយ!” “ឆ្នាំក្រោយនឹងកើតមានបដិវត្តន៍!” “ពិភពលោកនឹងរលាយនៅឆ្នាំ ២០០០ ហើយអ្នកដែលមិនជឿលើព្រះជាម្ចាស់នឹងត្រូវដាក់ទោសឲ្យវិនាសសូន្យ!” ជាដើម ។ល។ ការសន្និដ្ឋានទាំងអស់នេះ ស្តាប់ៗទៅស្រដៀងនឹងការបញ្ចេញមតិ ឬការវិនិច្ឆ័យផ្តេសផ្តាស់ តែក៏ពុំមែនត្រូវចំដែរ។ នៅទីនេះសូមហៅថា ការបញ្ចេញមតិ ការវិនិច្ឆ័យបែបផ្ទាល់ខ្លួន ឬបែបទំនាយ ឬក៏ជាទូទៅគេហៅថា “ការព្យាករ”។
គន្លឹះនៃការសម្រេចចិត្តមានលក្ខណៈច្រើនសំបូរបែប តែការសម្រេចចិត្តដ៏ល្អដែលយើងគួរប្រកាន់ខ្ជាប់នោះ គឺគួរឈរលើមូលដ្ឋាននៃការប្រើសតិសម្បជញ្ញៈ និងមនសិការនៃការត្រិះរិះពិចារណាដោយហ្មត់ចត់ និងត្រឹមត្រូវតាមដែលអាចធ្វើទៅបាន ពោលគឺជាបញ្ហាដែលយើងគួរយល់ដឹងឲ្យច្បាស់លាស់ជាមុនសិន។
ជាការពិតការសម្រេចចិត្តជារឿងគួរឲ្យឈឺក្បាលខ្លាំងណាស់ ហេតុដូចច្នេះទើបមនុស្សទន់ជ្រាយ ឬគ្មានទំនុកចិត្តលើខ្លួនឯង មិនសូវជាហ៊ានសម្រេចចិត្តទេ ដោយតែងតែឲ្យអ្នកដទៃសម្រេចចិត្តជំនួស។ ចំណែកអ្នកខ្លះចូលចិត្តសម្រេចចិត្តដោយពឹងលើពាក្យចចាមអារ៉ាម ប្រជាមតិ ទំនៀមទម្លាប់ប្រពៃណី ឬតាមទម្លាប់ដើម្បីជាជំនួយ ជាដើម….។ល។ ដែលទាំងនេះ គឺជាទម្លាប់ដែលគេមិនទទួលស្គាល់ជាលាយលក្ខណ៍អក្សរ ឬបែបវិទ្យាសាស្រ្ត ព្រោះថាវាងាយស្រួល មិនសាំញ៉ាំច្រើន និងមិនបាច់ភ្នាល់ដោយចក្ខុវិស័យ ហើយបើថ្ងៃខាងមុខមានបញ្ហាអ្វីកើតឡើង នោះនឹងមានលេសដោះសារសម្រាប់បដិសេធក្នុងការទទួលខុសត្រូវ។
មកទល់ត្រឹមនេះ តើអ្វីទៅការសម្រេចចិត្តដ៏ល្អ? តើវាទាមទារនូវលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបាននូវការសម្រេចចិត្តដ៏ល្អមួយ? ខាងក្រោមនេះ គឺជាចំណុចគន្លឹះដើម្បីសិក្សាពិចារណាទាំងអស់គ្នា៖
១. ការសម្រេចចិត្តល្អដែលជះឥទ្ធិពលជាវិជ្ជមានដល់អ្នកដទៃ
ការសម្រេចចិត្តតែងតែជះឥទ្ធិពលដល់ខ្លួនអ្នកផ្ទាល់ និងអ្នកដែលនៅជុំវិញខ្លួនអ្នកជាមិនខាន ប៉ុន្តែអ្វីដែលសំខាន់ អ្នកត្រូវច្បាស់ថាការសម្រេចចិត្តនោះប៉ះពាល់ជាវិជ្ជមានដល់អ្នកដទៃ និងនាំមកនូវការរីកចម្រើនដល់អ្នកនិងពួកគេ។
២. ការសម្រេចចិត្តល្អដើម្បីបង្កើតឱកាស៖ ការសម្រេចចិត្តដ៏មានប្រសិទ្ធភាព គឺជាការសម្រេចចិត្ដដែលពង្រឹងអ្នកដទៃក្នុងការអនុវត្តការងាររបស់ពួកគេឱ្យមានភាពប្រសើរឡើង។
៣. ការសម្រេចចិត្តល្អតែងតែរាប់បញ្ចូលអ្នកដទៃ៖ ដូចជាការសម្រេចចិត្តនៅក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយជាដើម គឺត្រូវតែយកមកគិតពិចារណានូវអ្នកពាក់ព័ន្ធទាំងឡាយ ទើបការសម្រេចចិត្តនោះឆ្លុះបញ្ចាំងអំពីស្មារតីការងាររួមរបស់អង្គភាព។
៤. ការសម្រេចចិត្តដ៏ល្អអាចអនុវត្តបាន៖ ការសម្រេចចិត្តខ្លះជាការសម្រេចចិត្តដ៏ល្អ ប៉ុន្តែវាមិនអាចអនុវត្តបានឡើយ។ ដូច្នេះក្នុងនាមជាអ្នកធ្វើការសម្រេចចិត្តអ្នកត្រូវតែប្រាកដនិយម ហើយរាល់ការសម្រេចចិត្តរបស់អ្នក អ្នកត្រូវតែសួរខ្លួនឯងថាតើវាអាចអនុវត្តបានឬក៍យ៉ាងណា។
៥. ការសម្រេចចិត្តល្អ គឺមានលក្ខណៈជាប្រព័ន្ធ៖ ការសម្រេចចិត្តមួយដ៏ល្អត្រូវការពេលវេលា ធនធានជាក់ស្ដែង និងការយល់ដឹងយ៉ាងច្បាស់លាស់ ដើម្បីឈានទៅរកគោលដៅមួយសម្រាប់អត្ថប្រយោជន៍រួម។
៦. ការសម្រេចចិត្តល្អ គឺមានគណនេយ្យភាព៖ ភាពច្បាស់លាស់នឹងក្លាយទៅជាគណនេយ្យភាពនៅក្នុងការសម្រេចចិត្តព្រោះបើការសម្រេចចិត្តពាក់ព័ន្ធនឹងផលប្រយោជន៍អ្នកដទៃដែរនោះ អ្នកមិនត្រូវមានការលាក់បាំងឡើយ។
៧. ការសម្រេចចិត្តល្អអាចដោះស្រាយបញ្ហានៅក្នុងស្ថានភាពជាក់ស្ដែង៖ រាល់ការសម្រេចចិត្តមិនមែនសុទ្ធតែអាចដោះស្រាយបញ្ហាបានឡើយ ដូច្នេះការសម្រេចចិត្តដ៍ល្ អគឺជាការសម្រេចចិត្តដែលតែងតែអាចផ្ដល់ដំណោះស្រាយជាក់ស្ដែងក្នុងស្ថានភាពដ៏លំបាកណាមួយ។
សរុបមក ក្នុងសម័យដែលអ្វីគ្រប់យ៉ាងស្រពេចស្រពិលមិនសូវជាច្បាស់លាស់ អ្នកសិក្សា អ្នកធ្វើការ ធុរជន និងអ្នកនយោបាយតែងតែប្រឈមនឹងបញ្ហាស្មុគស្មាញ ហើយបើមិនអាចវិនិច្ឆ័យ និងសម្រេចចិត្តយ៉ាងត្រឹមត្រូវទាន់ពេលទេ នោះអាចនឹងមានផលអាក្រក់ដ៏គួរឲ្យសង្វេគបាន។ ដូច្នេះទើបកាតព្វកិច្ចយើងទាំងអស់គ្នា ជាពិសេស ធុរជន និងអ្នកនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ទៅៗ និងប្រឈមនឹងគ្រោះថ្នាក់ជាខ្លាំង។ ដូច្នេះទើបយើងត្រូវខិតខំ ប្រឹងប្រែង សិក្សារៀនសូត្រ ចម្រើនបញ្ញា ស្មារតី អត់ធ្មត់វិនិច្ឆ័យដោយមិនភ័យខ្លាច និងអភិវឌ្ឍខ្លួនឯងបន្តបន្ទាប់មិនថាវ័យតិចច្រើនប៉ុណ្ណា ដើម្បីអាចធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ឋផល