គន្លឹះដើម្បីគ្រប់គ្រងដ៏ជោគជ័យម្នាក់

អ្នកគ្រប់គ្រង មានតួនាទីច្រើន ទៅតាមទំហំមនុស្សដែលខ្លួនគ្រប់គ្រង និង​ស្ថាប័នដែលខ្លួនបំពេញការងារ។ អ្នកគ្រប់គ្រង ច្រើនតែរៀនពីរបៀបគ្រប់គ្រងដោយខ្លួនឯង។ ពួកគាត់អាចទិញសៀវភៅអាន មើលវីដេអូ ឬចូលសិក្ខាសាលា ដើម្បីទទួលបានគន្លឹះផ្សេងៗដែលជួយឲ្យគាត់គ្រប់គ្រងអ្នកដទៃបានល្អជាងមុន។

ក្នុងអត្ថបទនេះ ខ្ញុំនឹងឲ្យគន្លឹះមួយដែលអាចជួយឲ្យអ្នកទាំងអស់គ្នាក្លាយជាអ្នកគ្រប់គ្រងដ៏ជោគជ័យម្នាក់។​ មុននឹងចូលដល់គន្លឹះនេះ ខ្ញុំសូមជូនចំណុច៣យ៉ាងដែលធ្វើឲ្យការគ្រប់គ្រងបរាជ័យជាមុនសិន។

ទី១ គឺគ្មានផែនការច្បាស់លាស់។ ទី២ គឺគ្មានអ្នកណាធ្វើតាមផែនការនោះ។ ទី៣ គឺបន្ទោសអ្នកដទៃ។ អ្នកគ្រប់គ្រងដែលមានខ្លួនក្នុងចំណុចទាំង៣នេះ មិនយល់ពីការគ្រប់គ្រងមនុស្សនោះទេ។

ខ្ញុំធ្លាប់ធ្វើការជាមួយអ្នកគ្រប់គ្រងជាច្រើន ក្នុងរយៈពេលជាង ៧ឆ្នាំមកនេះ។ អ្នកគ្រប់គ្រងខ្លះ ដឹងថាខ្លួនឯងកំពុងធ្វើអ្វី ហើយមានមួយចំនួនតូចប៉ុណ្ណោះ ដែលជួយឲ្យខ្ញុំដឹងថាខ្លួនឯងកំពុងធ្វើអ្វី។ ដោយសារតែខ្ញុំចូលចិត្តនិយាយលេងជាមួយអ្នកគ្រប់គ្រង ហេតុនេះខ្ញុំមើលឃើញគន្លឹះសំខាន់ដែលជួយឲ្យពួកគាត់ជោគជ័យក្នុងតួនាទីរបស់គាត់។

ចំណុចនោះ គឺ ការប្រាស្រ័យទាក់ទង។

រាល់ពេលដែលអ្នកធ្វើការប្រាស្រ័យទាក់ទង អ្នកច្បាស់ជាមានបំណងឲ្យអ្នកស្តាប់ ធ្វើអ្វីមួយមិនខាន។

មិនថាគាត់ជាមនុស្សយ៉ាងម៉េចទេ ឲ្យតែពូកែធ្វើទំនាក់ទំនងជាមួយបុគ្គលិក គាត់ដឹងតែក្លាយជាអ្នកគ្រប់គ្រងជោគជ័យមិនខាន។ ការប្រាស្រ័យទាក់ទង អាចធ្វើឲ្យបុគ្គលិកដែលមិនស្គាល់គ្នាសោះ អាចអង្គុយប្រឹងធ្វើការដើម្បីគោលបំណងរួមមួយបាន។ ការប្រាស្រ័យទាក់ទង ក៏អាចជួយឲ្យអ្នកគ្រប់គ្រង ស្វែងយល់ពីបុគ្គលិកក្រោមអំណាចខ្លួនបានច្បាស់ដែរ។

មិនថាអ្នកមានគំនិតល្អយ៉ាងណាទេ បើអ្នកមិនអាចធ្វើឲ្យគេឯកភាពជាមួយគំនិតអ្នកបាន គំនិតនោះក៏មិនអាចចេញជារូបរាងមកដែរ។

ការប្រាស្រ័យទាក់ទង ជាសិល្បៈមួយនៅក្នុងអាជីព និងការងារ។ មិនថាអ្នកមានគំនិតល្អយ៉ាងណាទេ បើអ្នកមិនអាចធ្វើឲ្យគេឯកភាពជាមួយគំនិតអ្នកបាន គំនិតនោះក៏មិនអាចចេញជារូបរាងមកដែរ។ ទំនាក់ទំនង អាចជួយឲ្យអ្នកដទៃយល់ពីអ្នកបានលឿន ដោយពួកគេមិនចាំបាច់ប្រកែកនឹងការគិតរបស់អ្នក។

ពេលធ្វើការជាមួយមនុស្សដែលធ្លាប់សួរនាំគ្នា ការងារក៏មិនសូវពិបាកធ្វើដូចមុនដែរ។ ពេលខ្លះ ការងាររាំងស្ទះ ព្រោះទំនាក់ទំនងមិនសូវល្អ រវល់តែខ្លាចចិត្តខ្លាចថ្លើម ហើយក៏ពន្យាពេលការងារ។

បើសិនជាអ្នកមានតួនាទីជាអ្នកគ្រប់គ្រង កុំរៀនពីវិធីគ្រប់គ្រងតែមួយមុខ ត្រូវតែពីវិធីប្រាស្រ័យទាក់ទងជាមួយអ្នកដទៃផង។ នៅអត្ថបទក្រោយទៀត ខ្ញុំនឹងលើកពីវិធីសាស្ត្រដែលជួយអភិវឌ្ឍការប្រាស្រ័យទាក់ទងរបស់អ្នកទាំងអស់គ្នានៅកន្លែងការងារបាន។

Leave a Reply

Your email address will not be published. Required fields are marked *